សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី​ខេត្ត​ក្រចេះ​ថា មង​នៅ​តែ​​ជា​បញ្ហា​ធ្វើ​ឱ្យ​សត្វ​ផ្សោត​ងាប់​​ញឹកញាប់

ដោយ សុជីវី
2019-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូន​ផ្សោត​មាន​អាយុ​ទើប​តែ ១១ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​លើ​ទឹក​ចម្ងាយ ៧គីឡូម៉ែត្រ​ ពី​អន្លង់​ផ្សោត​កាំ​ពី ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​អ្នក​នេសាទ កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។
កូន​ផ្សោត​មាន​អាយុ​ទើប​តែ ១១ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​លើ​ទឹក​ចម្ងាយ ៧គីឡូម៉ែត្រ​ ពី​អន្លង់​ផ្សោត​កាំ​ពី ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​អ្នក​នេសាទ កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ សហគមន៍​អភិរក្ស​សត្វ​ផ្សោត

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំ​ពី ខេត្ត​ក្រចេះ​ អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នេសាទ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ និង​ម៉ឺងម៉ាត់​ ជាពិសេស​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​ ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត​ និង​មច្ឆាជាតិ​ក្នុង​អាង​ទន្លេ​មេគង្គ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ជា​ថ្មី គឺ​បន្ទាប់​ពី​កូន​ផ្សោត​មួយ​ក្បាល​ទៀត ងាប់​ដោយសារ​ជាប់​មង​អ្នក​នេសាទ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំ​ពី​ រស់នៅ​ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី​ និង​មន្ត្រី​សង្គម​ស៊ីវិល​មាន​កង្វល់​ជាថ្មី​ទៀត​ ពី​ជោគវាសនា​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​ និង​ត្រី​កម្រ​ក្នុង​តំបន់​ កំពុង​ប្រឈម​ការបាត់បង់​អស់​ជាបន្តបន្ទាប់​ដោយសារ​ ការ​នេសាទ​ខុសច្បាប់​ អំពើ​ពុក​រលួយ​ និង​ខ្វះ​កិច្ចសហការ​បង្ក្រាប​បទល្មើស​នេសាទ​ជាដើម។

កាលពី​ថ្ងៃទី២២ ខែ​ធ្នូ​កន្លង​ទៅ​ កូន​ផ្សោត​មាន​អាយុ​ទើប​តែ ១១ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​អណ្ដែត​លើ​ទឹក​ចម្ងាយ ៧គីឡូម៉ែត្រ​ ពី​អន្លង់​ផ្សោត​កាំ​ពី​ ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​ក្រចេះ។ មន្ត្រី​ជំនាញ​អះអាង​ថា មូល​ហេតុ​ងាប់​កូន​ផ្សោត​នេះ​ ដោយសារ​ជាប់​មង​អ្នក​នេសាទ។

អង្ក​ការ​មូលនិធិ​សាកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ ហៅ​កាត់​ថា WWF បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ការ​បណ្ដែត​មង​ ក្នុង​តំបន់​ផ្សោត​រស់នៅ​ និង​ឆ្លង​កាត់​ គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ដល់​ជីវិត​សត្វ​ផ្សោត​ក្នុង​អាង​ទន្លេ​មេគង្គ។ អង្គការ​នេះ​ ស្នើ​ឱ្យ​ឆ្មាំ​ទន្លេ​ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ​ និង​ស្ទឹងត្រែង​ សហការ​គ្នា​តាមដាន​ និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុស​ច្បាប់​គ្រប់​ប្រភេទ ជាពិសេស ត្រូវ​បង្ក្រាប​ការ​ពង្រាយ​មង​ ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​ក្នុង​អាងទន្លេ​មេគង្គ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំ​ពីរ​ ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ ធ្នូ​ថា សកម្មភាព​ឆក់​ត្រី និង​ការ​ពង្រាយ​មង​ខុស​ច្បាប់ ក្នុង​អន្លង់​អភិរក្ស និង​តំបន់​ ដែល​ផ្សោត​ឆ្លង​កាត់ នៅ​តែ​កើត​មាន​ច្រើន ក្នុង​អាងទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ហើយ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ។ លោក​ថា មន្ត្រី​ពាក់ព័ន្ធ​មិន​បាន​សហការ​ល្អ​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​នោះ​ទេ ហើយ​អំពើ​ពុក​រលួយ​ រឿង​បទ​ល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង​ដដែលៗ គ្មាន​ការ​លុប​បំបាត់។ លោក​ថា ក្នុង​ឆ្នាំ២០១៩ នេះ សត្វ​ផ្សោត​យ៉ាង​ហោច​ណាស់ ៣ក្បាល​ងាប់​ ដោយសារ​សកម្មភាព​នេសាទ​ខុសច្បាប់៖ «ឥឡូវ​នេះ​នៅ​តែ​ឆក់​ហ្នឹង នៅ​តែ​ឆក់ ត្រី​រក​បាន​ហ្នឹង​មិន​មែន​ត្រី​អី​ទេ? គឺ​ត្រី​ឆក់ ដែល​រក​បាន ដាក់​លក់​កន្លែង​កាំពី។ នៅ​តែ​ធូរ​រលុង​ ចេះ​តែ​របេះរបោច​កូន​ផ្សោត​កើត ហើយ​ងាប់ ថ្ងៃ​មុន​ងាប់​មួយ​ទៀត​ជាង ១០គីឡូ​ក្រាម»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អនុប្រធាន​រដ្ឋបាល​ជល​ផល​ខេត្ត​ក្រចេះ​ និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​ លោក ម៉ុក ពន្លក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ តែ​ទូរ​សព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ទី២៧ ធ្នូ។

ចំណែក​មេឃុំ​សំបុក លោក ទុយ សុវណ្ណា ក៏​មិន​លើក​ទូរ​សព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាងណា​ លោក​ ម៉ុ​ក ពន្លក​ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ឆ្មាំ​អភិរក្ស​ ប្រជា​ការពារ​ភូមិ​ និង​សមត្ថកិច្ច​បាន​សហការ​គ្នា​យ៉ាង​ល្អ​ ចុះ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នេសាទ។ លោក​បញ្ជាក់​ថា​ មន្ត្រី​ជំនាញ​នឹង​មិន​យោគយល់​ជា​ដាច់ខាត​ ចំពោះ​ជន​ណា ​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុស​ច្បាប់៖ «នៅ​មាន​អ្នក​មិន​យល់​ពី​សារ​សំខាន់ ទាក់ទិន​តម្លៃ​សារ​ប្រយោជន៍​របស់​ផ្សោត​ហ្នឹង គាត់​នៅតែ​លួច​លាក់​ធ្វើ​នេសាទ ដាក់​មង​តាម​អន្លង់។ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​យើង​ចុះ​ទៅ​ដាក់​យុថ្កា បោះ​កាវ ដើម្បី​រាវ​រក​មង ក្រែង​លោ​គាត់​បង្កប់​យ៉ាង​ណា បើ​យើង​ប្រហែស​បន្តិច ក៏​យើង​នឹង​ជួប​ការ​លួចលាក់​ហ្នឹង​បន្ត​ទៀត​ដែរ។ ដូច្នេះ​មិន​អាច​អនុគ្រោះ និង​មិន​អាច​យោគយល់​បាន​ទេ»

កាលពីដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​ សត្វ​ផ្សោត​ញី​មួយ​ក្បាល​បាន​ស្លាប់​នៅ​អន្លង់​ព្រះសង្ឃ​ ក្នុង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​ ដោយសារ​ជាប់​មង​អ្នក​នេសាទ​ ហើយ​កាល​ពី​ចុង​ខែ​មិថុនា​ ឆ្នាំ២០១៨ សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ទៀត​ ទម្ងន់​ប្រមាណ​ ៩២គីឡូ​ក្រាម​ ក៏​បាន​ងាប់​នៅ​តំបន់​អន្លង់​កាំ​ពី​ក្នុង​ខេត្ត​ក្រចេះ​ ដោយសារ​ជាប់​មង​អ្នក​នេសាទ​ដូច​គ្នា​នេះ​ដែរ។

នាយ​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី​ លោក​ លាង​ ប៊ុ​នលាភ​ សង្កេត​ឃើញ​ថា ផ្សោត​ងាប់​ដោយសារ​ជាប់​មង​អ្នក​នេសាទ​ ជា​រឿង​នៅ​មាន​ដដែលៗ កើត​មាន​ជា​ច្រើន​ករណី​មក​ ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​ថា​ អន្លង់​អភិរក្ស​ផ្សោត​ គឺ​ជា​តំបន់​អភិរក្ស​ស្នូល​ មិន​អនុញ្ញាត​ឱ្យ​ធ្វើ​នេសាទ​គ្រប់​ប្រភេទ​ ហើយ​បើ​មាន​បុគ្គល​ណា​ធ្វើ​នេសាទ​នៅ​តំបន់​នោះ​ គឺ​ជា​ទង្វើ​ល្មើស​ច្បាប់។ លោក​ផ្ដល់​ទស្សន​ថា​ សហគមន៍​នេសាទ​ ឆ្មាំ​អភិរក្ស​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ពង្រឹង​កិច្ច​សហការ​គ្នា​ ទប់​ស្កាត់​បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ពី​អត្ថ​ប្រយោជន៍​សត្វ​ផ្សោត​ និង​ត្រី​មេ​ពូជ​៖ «សហគមន៍​គាត់​ខំ​ការពារ​ហូរហែ​ទៅ តែ​បែរ​ជា​កន្លែង​ខ្លះ​មួយ​ចំនួន​អាជ្ញាធរ​ស៊ុមគ្រលុំ​ជា​មួយ​ជន​ខិល​ខូច។ បើក​ឱកាស​ឱ្យ​ជន​ខិល​ដូច​ទៅ​ប្រព្រឹត្ត​បទ​ល្មើស ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ល្មើស​មាន​ឱកាស​បំផ្លិចបំផ្លាញ​ហ្នឹង កាន់​តែ​កើន​ឡើង»

មក​ទល់​ពេល​នេះ ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​ មាន​សត្វ​ផ្សោត​រស់​នៅ​ ចន្លោះ​ពី ៥៥​ ទៅ ៦០ក្បាល។ សត្វ​ផ្សោត​ទាំង​អស់​នោះ កំពុង​តែ​រស់​នៅ​ក្នុង​អន្លង់​អភិរក្ស ៥ទីតាំង​ផ្សេង​គ្នា រួម​មាន អន្លង់​ខ្សាច់​ម្កាក់​ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្ដៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​ក្នុង​អាង​ទន្លេ​មេគង្គ៕

(កូន​ផ្សោត​មាន​អាយុ​ទើប​តែ ១១ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​លើ​ទឹក​ចម្ងាយ ៧គីឡូម៉ែត្រ​ ពី​អន្លង់​ផ្សោត​កាំ​ពី ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​អ្នក​នេសាទ កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ អង្គការ WWF)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល