សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជាប់​ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ

ដោយ ទីន ហ្សាការីយ៉ា
2019-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរឈើឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៩។
គំនរឈើឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៩។
រូប៖ សកម្មជនបរិស្ថាន

សកម្មជន​បរិស្ថាន​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal) មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទេ​។ ការ​លើកឡើង​នេះ ក្រោយពី​ពួកគេ​បាន​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ និង​រក​ឃើញ​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បាន​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​ជាច្រើន​ឆ្នាំ​មក​ហើយ។

សកម្មជន​បរិស្ថាន​រក​ឃើញ​ឈើ​រាប់ពាន់​កំណាត់ ឋិត​ក្នុង​បរិវេណ​ដី​ក្រុម​ហ៊ុម លឹម រ៉ូយ៉ាល់ ត្រូវ​បាន​ដាក់​ពង្រាយ​ជាច្រើន​ទីតាំង​ផ្សេងគ្នា និង​មាន​កម្មករ​ជាច្រើន​ក្រុម រួម​ទាំង​ជនជាតិ​ចិន​ផង កំពុង​អារ​​ច្រៀក​ឈើ​ក្នុង​ទីតាំង​ក្រុមហ៊ុន​នោះ។

សកម្មជន​បរិស្ថាន​មួយ​ក្រុម បាន​ចុះទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ កាលពី​ថ្ងៃ​ទី​២៦ និង​២៧ កក្កដា និង​បាន​ប្រទះឃើញ​ឈើ​នៅ​រាយប៉ាយ​ពាសពេញ បរិវេណ​ដី​ក្រុមហ៊ុន។ ក្រុម​សកម្មជន​យល់ថា ក្រុមហ៊ុន​ធ្វើ​បែប​នេះ​ទំនងជា​លេស​ដោះសា​យករួចខ្លួន នៅ​គ្រា​ដែល​គណៈកម្មការ​ជាតិ​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​នោះ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ។ ពួកគេ​សង្ស័យ​ថា មាន​ឈើ​រាប់​រយ​ម៉ែត្រ​គូប​ផ្សេងទៀត ទំនង​ត្រូវ​បាន​ដឹក​ចេញ និង​លាក់​ទុក មុន​ពេល​ដែល​គណៈកម្មការ​ជាតិ​ចុះ​បង្ក្រាប។

សកម្មជន​បរិស្ថាន​ដែល​ចុះ​អង្កេត​រឿង​នេះ លោក ហេង ស្រស់ ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ​ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​បង្ហាញ​ភស្តុតាង ដោយ​ភ្ជាប់​របាយការណ៍​លម្អិត​ដល់​សាធារណជន។ លោក​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជា​របស់ ឧកញ៉ា លឹម ប៊ុណ្ណា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដែល​គេ​កាប់​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច ដោយ​ខុសច្បាប់​ជា​យូរ​មក​ហើយ។

លោក​ឆ្ងល់​ថា ហេតុអ្វី​បានជា​គណៈកម្មការ​ជាតិ មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ ខណៈ​ដែល​ពួកគេ​រក​ឃើញ​ថា មាន​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​រួម​ចំណែក​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ។ លោក​អះអាង​ថា កន្លងទៅ មាន​ក្បួន​រថយន្ត​យី​ឌុប រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ឆ្លងកាត់​ភូមិ​សំពោច ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​លក់​នៅ​វៀតណាម៖ «»

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ឋិត​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន​ទៀត​មាន​រឿង​អាស្រូវ​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​នៅ​ជាប់​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ។ លោក​រក​ឃើញ​ថា វត្តមាន​ក្រុមហ៊ុន​ទាំងនេះ មិន​ផ្ដល់​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​ទេ ផ្ទុយទៅវិញ​ធ្វើ​ឱ្យ​ហិនហោច​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ។ ហេតុនេះ លោក​ទាមទារ​ឱ្យ​គណៈកម្មការ​ជាតិ​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​ជាបន្ទាន់៖ «»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​នាយក​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ លោក​ឧកញ៉ា លឹម ប៊ុណ្ណា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ថា យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ កក្កដា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

តែ​ទោះ​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ ធ្លាប់​លើកឡើង​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទេ ក្រោយពី​គណៈកម្មការ​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ ដល់​ទីតាំង​ក្រុមហ៊ុន​។ លោក​ថា មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ចំនួន ៥ ទៀត​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុងស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នឹង​ត្រូវ​ដក​អាជ្ញាប័ណ្ណ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា កត់សម្គាល់​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ធ្លាប់​មាន​រឿងអាស្រូវ​ច្រើន ទាក់ទិន​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ និង​ព្រៃ​សហគមន៍​ដែល​ជនជាតិ​ដើម​ភាគតិច ស្នាក់អាស្រ័យ។ លោក​ថា ពលរដ្ឋ​តែង​រអ៊ូរទាំ​ថា ក្រុមហ៊ុន​នេះ​បាន​គែន​ពលរដ្ឋ​ឱ្យ​ចូល​ព្រៃ​អភិរក្ស ដើម្បី​កាប់​ឈើ​ដឹកជញ្ជូន​ចូល​ក្រុមហ៊ុន ហេតុ​ដូចនេះ លោក​ចង់​ឱ្យ​គណៈកម្មការ​ជាតិ​ត្រូវ​ស៊ើបអង្កេត និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ៖ «»

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល បន្ថែម​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ជាច្រើន​ឆ្នាំ​មក​ហើយ បណ្ដាល​ឱ្យ ដែន​ជម្រក​សត្វព្រៃ​ស្នូល​មាន​ភូមិសាស្ត្រ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ក្នុងស្រុក​កោះ​ញែក ដែល​មាន​ផ្ទៃដី​ជាច្រើន​ម៉ឺន​ហិកតារ បាន​រលាយ​ហិនហោច​អស់ទាំង​ស្រុង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ការបាត់បង់​ទំហំ​ព្រៃឈើ​រាប់​សែន​ហិកតារ​ទាំងនេះ ដោយសារ ក្រុមហ៊ុន​ឯកជន​ទាំងនោះ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន បន្លំ​កាប់​ឈើ​ធំៗ លក់​នៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល