"រដ្ឋ​គួរ​ឈប់​អនុញ្ញាត​នាំ​ចេញ​ឈើ ហើយ​បិទ​រោងចក្រ និង​សិប្បកម្ម​កែ​ឆ្នៃ​ឈើ​នៅ​ទូទាំង​ប្រទេស"

ដោយ សេក បណ្ឌិត
2019-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​ការពារ​ព្រៃឈើ និង​និស្សិត​មួយ​ចំនួន បញ្ចេញ​ទស្សនៈ​រួមគ្នា​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ទោះបីជា​របប​ក្រុងភ្នំពេញ ចាត់​វិធានការ​បង្ក្រាប បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​ក្ដី។ ពួកគេ​មើល​ឃើញ​ថា របប​ក្រុងភ្នំពេញ នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅឡើយ។

មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​ការពារ​ព្រៃឈើ និង​និស្សិត ដែល​ស្រលាញ់​ធនធានធម្មជាតិ បញ្ចេញ​ទស្សនៈ និង​សំណូមពរ​មួយ​ចំនួន​ទៅ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព។

លិខិត​បញ្ចេញ​ទស្សនៈ​រួម ដែល​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា បង្ហាញ​ថា ពួកគេ​គ្មាន បំណង​រិះគន់​រដ្ឋាភិបាល ដើម្បី​ប្រយោជន៍​អ្វីមួយ​ទេ ប៉ុន្តែ​បន្ទាប់ពី​តាមដាន​យ៉ាង​ហ្មត់ចត់​ទៅ​លើ វិធានការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៩ នេះ គឺ​រដ្ឋាភិបាល​នៅ​មាន​ឆន្ទៈ ស្ទាក់ស្ទើរ​ក្នុង​ការ​អភិរក្ស​ព្រៃឈើ​នៅឡើយ។

លិខិត​ដដែល​លើក​ហេតុផល​ថា រដ្ឋាភិបាល​មិនទាន់​បិទ​រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។ រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ តែងតែ​ប្រមូល និង​ពង្រាយ កម្មករ​កាប់​ឈើ​នៅ​តាម​តំបន់​ការពារ​នានា។ រីឯ​លិខិតអនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ (PC LP) ក៏​នៅ​មិនទាន់​លុបចោល​ទាំងស្រុង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​រត់ពន្ធ​ឈើ​ឆ្លងដែន​នៅតែ​កើតមាន។ ចំពោះ​ការ​បើក​រោង​សន្និធិ​ស្តុក​ឈើ​នៅ​តាម​តំបន់ តាម​រូបភាព​ច្រក​ចេញ​ចូល​តែមួយ ក៏​ជា​ចំណែក​ជួយ​សម្រួល​មធ្យោបាយ​ដឹកជញ្ជូន​ឈើ និង​ជួយ​រត់​ការ​ធានា​ឯកសារ​ផ្លូវច្បាប់​ដល់​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុសច្បាប់​ថែមទៀត ហើយ​វា​ក៏​ជា​ឱកាស​ដែល​មន្ត្រី និង​អ្នក​រកស៊ី​ឈើ​សមគំនិត​គ្នា​ដែរ​។

លិខិត​បន្ត​ថា រដ្ឋាភិបាល​ត្រូវតែ​បិទ​អាជីវកម្ម​ឈើ ដែល​ចេញពី​តំបន់​ការពារ​ទាំងអស់ ពីព្រោះ​ចំណូល​ថវិកាជាតិ ដែល​បាន​ពី​ពាណិជ​កម្ម​ឈើ និង​ការ​នាំ​ឈើ​ចេញ​កន្លងមក គឺ​មាន​ចំនួន​តិច​ជាង​ថវិកា ដែល​ម្ចាស់​ជំនួយ​ផ្ដល់​សម្រាប់​ការពារ​ព្រៃឈើ និង​បរិស្ថាន​នានា ព្រមទាំង​ថវិកា ដែល​បាន​ពី​ការ​លក់​កាបូន​ពី​ព្រៃឈើ​ធម្មជាតិ និង​អេកូ​ទេសចរណ៍​ធម្មជាតិ​ទៅ​ទៀត។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ដែល​ចូលរួម​ចុះហត្ថលេខា​គាំទ្រ​លើ​លិខិត នេះ លើកឡើង​ថា ថ្វី​ដ្បិត​តែ​កន្លងមក​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ខ្លះ​ក្តី ប៉ុន្តែ​មិន​ទាន់​ចំ​គោលដៅ ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​វិធានការ​ទាំងនោះ​ធ្វើឡើង​ដោយ​កន្លែង និង​ចំពោះតែ​បុគ្គល​ដែល​គួរ​ធ្វើ​តែប៉ុណ្ណោះ រីឯ​កន្លែង​ផ្សេងៗ និង​ក្រុម​ឧកញ៉ា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ទៀត មិន​ទាន់​ត្រូវ​បាន​ចាត់វិធានការ​នៅឡើយ៖ «ក្នុងឱកាស​ដែល​រដ្ឋាភិបាល​កំពុង​មាន​ចំណាត់ការ​ទៅលើ​បញ្ហា​ទាំង​អស់នេះ យើង​ក៏​នាំគ្នា​បង្ហាញ​នូវ​ការ​មើល​ឃើញ​របស់​យើង ដែល​ជា​ចំណុច​សំខាន់ៗ ដាក់​ទៅ​រដ្ឋាភិបាល ដែល​មាន​កាតព្វកិច្ច និង​តួនាទី​ការពារ​ទប់ស្កាត់ ឬ​លុបបំបាត់​បទល្មើស​ព្រៃឈើ​ទាំងស្រុង គឺ​មានតែ​រដ្ឋាភិបាល ដូច្នេះ​យើង​បង្ហាញ​តម្រុយ​ទាំងអស់​នេះ​។ ខ្ញុំ​យល់ថា ប្រសិនបើ​រដ្ឋាភិបាល អនុវត្ត​ទៅ​តាម​សេចក្ដី​ថ្លែងការណ៍​ទៅ​តាម​អ្វី ដែល​យើង​ខ្ញុំ​លើកឡើង​ទាំងអស់​នេះ ខ្ញុំ​គិត​ថា យើង​មាន​សង្ឃឹម​ក្នុង​ការ​ថែរក្សា​ព្រៃឈើ​របស់​យើង​ដល់​ក្មេង​ជំនាន់​ក្រោយ​ទៀត។

កាល​ពី​ពេល​ថ្មីៗ​នេះ របប​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត​ទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃឈើ ដូចជា ការលុបចោល​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ឈើ​ចេញពី​ដី​សម្បទាន ការ​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​ច្បាប់ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ព្រមទាំង​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំង​ថ្មដា​ជាដើម។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា សំណូមពរ​ក្នុង​លិខិត​បញ្ចេញ​ទស្សនៈ​រួមគ្នា​របស់​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន ព្រៃឈើ និង​និស្សិត​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច ឬ​កិច្ចការ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឡើយ​។ លោក​បញ្ជាក់​ថា គណៈកម្មការ​របស់​លោក មាន​តួនាទី​បង្ក្រាប​តែ​លើ​បុគ្គល ឬ​ក្រុមហ៊ុន​ប្រព្រឹត្ត​ខុសច្បាប់​តែប៉ុណ្ណោះ៖ «សមត្ថកិច្ច​របស់​គណៈកម្មការ​យើង គឺ​ទប់ស្កាត់ និង​បង្ក្រាប​តែ​បទល្មើស។ ដូច្នេះ​អ្វី​ដែល​គេ​ស្របច្បាប់​របស់​គេ​គឺ​មិន​មាន​សិទ្ធិ​ទេ។ អ៊ីចឹង​សូម​ឱ្យ​ខាង​គាត់​ស្នើ​ទៅ អាជ្ញាធរ​ដែនដី ឬ​ក្រសួង​ពាក់ព័ន្ធ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ទាំង​អស់​មិន​អាច​ទាក់ទង​បាន។

មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​ការពារ​ព្រៃឈើ និង​និស្សិត លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​ការពារ​ព្រៃឈើ​ពិតប្រាកដ​មែន​នោះ ត្រូវ​បញ្ឈប់​អាជីវកម្ម​ឈើ​ចេញពី​ព្រៃ​ធម្មជាតិ​រាល់​គ្រប់​រូបភាព​ទាំងអស់ បញ្ឈប់​ការ​ចេញ​លិខិត​ដឹកជញ្ជូន​ឈើ (PC និង​LP) បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ ជាពិសេស​ត្រូវ​បិទ​រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​កែ​ឆ្នៃ​ឈើ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល