ជនជាតិ​ទំពួន​នៅ​រតនគិរី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​រត្ន​សុខន​បញ្ឈប់​ឈូស​ឆាយ​ព្រៃ​ឈើ

ដោយ រដ្ឋា វិសាល
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សហគមន៍​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នាំ​គ្នា​តវ៉ា​នៅ​សាលា​ឃុំ​រឿង​ក្រុមហ៊ុន រត្ន សុខន ឈូស​ឆាយ​ព្រៃ​ឈើ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
ក្រុម​សហគមន៍​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នាំ​គ្នា​តវ៉ា​នៅ​សាលា​ឃុំ​រឿង​ក្រុមហ៊ុន រត្ន សុខន ឈូស​ឆាយ​ព្រៃ​ឈើ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo Adhoc

អ្នក​ភូមិ​ជាង ២០​នាក់ បាន​លើក​គ្នា​មក​តវ៉ា​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ ដើម្បី​រក្សា​ទុក​ព្រៃ​ឈើ​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​ជា​ព្រៃ​បម្រុង​ទុក។ ចំណែក​ភាគី​ក្រុមហ៊ុន​សំអាង​ថា ព្រៃ​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ ឋិត​ក្នុង​ដី​សម្បទាន​ដែល​រដ្ឋ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ទំពួន រស់នៅ​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ឲ្យ​ដឹង​ថា ព្រៃ​ស្រោង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ៣០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ រត្ន សុខន (Roth Sokhorn) ឈូស​ឆាយ​យក​ដី​ដាំ​កៅស៊ូ។ ចំណែក​អ្នក​ភូមិ​មិន​យល់​ស្រប​ទៅ​នឹង​គម្រោង​ឈូស​ឆាយ​ព្រៃ​យក​ដី​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​ភូមិ​រៀបចំ​ឯកសារ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ដោះស្រាយ​បញ្ហា ពីព្រោះ​អ្នក​ភូមិ​ចាត់​ទុក​ថា ការ​ឈូស​ឆាយ​ព្រៃ​របស់​ក្រុមហ៊ុន បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ព្រៃ​ត្រៀម​បម្រុង​របស់​អ្នក​ភូមិ។

មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​មាន​ក្នុង​ការ​តវ៉ា​នេះ​ទេ ក៏ប៉ុន្តែ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​បាន​សម្រប​សម្រួល​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​សាលា​ឃុំ​រវាង​អ្នក​តវ៉ា និង​តំណាង​ក្រុមហ៊ុន ដើម្បី​ស្តាប់​សំណូមពរ​ពលរដ្ឋ។

ប្រធាន​សហគមន៍ លោក ទុយ ញ៉េប ថ្លែង​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ រក្សា​ទុក​ព្រៃ ២​ពាន់​ហិកតារ ចាប់​ពី​ចំណុច​ជើង​ភ្នំ​យ៉ាក់ មក​ទល់​នឹង​ភូមិ សម្រាប់​អ្នក​ភូមិ​អភិរក្ស៖ «មិន​មែន​ទៅ​បាតុកម្ម​ជាមួយ​ក្រុមហ៊ុន​ទេ គ្រាន់​តែ​ទៅ​ចរចា​ជាមួយ​ក្រុមហ៊ុន សុំ​ឲ្យ​ក្រុមហ៊ុន​មាន​លិខិត​អនុញ្ញាត​មក​ពី​ណា​ឈូស​ឆាយ​ដី សហគមន៍​ក៏​មាន​លិខិត​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ»

ក្រុមហ៊ុន រត្ន សុខន បាន​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច ៩​ពាន់​ហិកតារ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន តាំង​ពី​ឆ្នាំ​២០១២។ បន្ទាប់​មក ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ព្រៃ​អស់​ប្រមាណ ១០០​ហិកតារ ដើម្បី​យក​ដី​ដាំ​កៅស៊ូ​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សេដា លោក ធូន សុវណ្ណ ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​ព្រៃ​របស់​ក្រុមហ៊ុន ថា​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​បំផ្លាញ​ធនធាន​ព្រៃ​ឈើ។ លោក​គាំទ្រ​ការ​តវ៉ា​របស់​ពលរដ្ឋ ពីព្រោះ​ក្រុមហ៊ុន​នេះ​មិន​បាន​បង្ហាញ​ឯកសារ​ទាក់ទិន​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​នោះ​ឡើយ៖ «សុំ​ឲ្យ​ក្រុមហ៊ុន​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ ដើម្បី​ឲ្យ​ប្រជាជន​រស់នៅ។ ចំពោះ​មុខ​អនាគត​ហ្នឹង​អត់​មាន​ដី​ហើយ សុំ​ឲ្យ​ក្រុមហ៊ុន​ខិត​ទៅ​មុខ ដី​មាន​ច្រើន​រហូត​ដល់​អូរលាវ អូរតាង នៅ​មាន​ដី»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន រត្ន សុខន សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

យ៉ាង​នេះ​ក្តី តំណាង​អ្នក​ភូមិ​ដដែល​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​យល់​ព្រម​ផ្អាក​ការ​ឈូស​ឆាយ​រយៈពេល ៧​ថ្ងៃ តាម​សំណូមពរ​អ្នក​ភូមិ។

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​សេដា លោក អង្គ ប៊ុនធៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​នៅ​តំបន់​នោះ មន្ត្រី​ជំនាញ​មិន​បាន​សិក្សា​ផល​ប៉ះពាល់ និង​ពិភាក្សា​ជាមួយ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​ឡើយ ដោយសារ​តែ​មន្ត្រី​ជំនាញ​សំអាង​ថា ដី​តំបន់​នោះ​ជា​តំបន់​ជម្រក​សត្វ​ព្រៃ។ ដូច្នេះ អ្នក​ភូមិ និង​មន្ត្រី​អាជ្ញាធរ មិន​មាន​សិទ្ធិ​ចាត់​ចែង​លើ​ដី​នោះ​ទេ។ លោក​ថា អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ជា​លក្ខណៈ​ប្រពៃណី​ច្រើន​ជំនាន់​មក​ហើយ។ បច្ចុប្បន្ន ក្រុមហ៊ុន​ចំនួន​បី​ទទួល​ដី​សម្បទាន​នៅ​តំបន់​នោះ ហើយ​ឈូស​ឆាយ​ព្រៃ​សហគមន៍​ប្រើប្រាស់​អស់​ស្ទើរ​គ្មាន​សល់៖ «ក្រុមហ៊ុន​ឈូស​ឆាយ​ជិត​ភូមិ​នោះ​យើង​ឃើញ​ហើយ បើ​ក្រុមហ៊ុន​ចូល​នោះ​ក្រុមហ៊ុន​ឈូស​ឆាយ​អស់​អត់​មាន​ឈើ​ធ្វើ​ផ្ទះ​សម្បែង​ទេ។ ឃាត់​ឈូស​ឆាយ​ព្រៃ​ដូចជា​វាល​អ៊ីចឹង»

ជនជាតិ​ដើម​ភាគ​តិច​ទំពួន ភូមិ​សមុទ្រលើ មាន​សមាជិក ២១៥​គ្រួសារ បាន​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវ​ការ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ និង​បាន​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៤។ គោលការណ៍​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព សហគមន៍​មាន​សិទ្ធិ​ទទួល​បាន​ដី​កប់​សព​មិន​លើស​ពី ៧​ហិកតារ ដី​ព្រៃ​សក្ការៈ​មិន​លើស​ពី ៧​ហិកតារ និង​ដី​ត្រៀម​បម្រុង​មួយ​ផ្នែក​ទៀត​សម្រាប់​បម្រើ​ជីវភាព​អនាគត​កូន​ចៅ​សហគមន៍។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​ប្រពៃណី​រស់​អាស្រ័យ​ព្រៃ​ឈើ។ ចំណែក​ច្បាប់​ព្រៃ​ឈើ ធានា​សិទ្ធិ​ប្រើប្រាស់​ព្រៃ​ឈើ​សម្រាប់​គោល​បំណង​ទំនៀមទម្លាប់ ជំនឿ​សាសនា និង​ការ​រស់នៅ​របស់​សហគមន៍​ក្បែរ​តំបន់​ព្រៃ​ឈើ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​ផង​ដែរ។ លោក​បន្ត​ថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​រវាង​សហគមន៍​ភូមិ​សមុទ្រលើ និង​ក្រុមហ៊ុន​ឲ្យ​បាន​ប្រសើរ ចៀសវាង​អូស​បន្លាយ​ពេល​ធ្វើ​ឲ្យ​បាតុភាព​រីក​ធំ​ឡើង៖ «សហគមន៍​មាន​ឯកសារ​សំអាង​គាត់​បាន​ស្នើ​កន្លង​មក ហើយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហត្ថលេខា។ អ៊ីចឹង​សហគមន៍​គាត់​ចាត់​ទុក​ដី​នោះ​ថា​ជា​ដី​សហគមន៍ ដើម្បី​ចុះ​បញ្ជី​ដី​ជា​សមូហភាព»

របាយការណ៍​អាជ្ញាធរ​ស្រុក​លំផាត់ ឲ្យ​ដឹង​ថា ក្រុមហ៊ុន រត្ន សុខន បាន​ការ​អនុញ្ញាត​ឈូស​ឆាយ​ដី​អនុ​តំបន់​១ និង​អនុ​តំបន់​២ សម្រាប់​ឆ្នាំ​២០១៤ ចំនួន ៣​ពាន់​ហិកតារ ក្នុង​ដី​សម្បទាន​ដែល​ក្រុមហ៊ុន​បាន​ស្នើសុំ​សម្រាប់​គម្រោង​ដាំ​កៅស៊ូ ឬ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ទៀត។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្ត​រតនគិរី ជុំវិញ​បាតុភាព​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន​បាន​ដូច​គ្នា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន ថ្លែង​ថា ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន បាន​យល់​ស្រប​គ្នា​ថា​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ លោក​កត់​សម្គាល់​ថា មន្ត្រី​ជំនាញ​បរិស្ថាន​គ្រោង​ផ្តល់​ដី​ប្រមាណ ២​ពាន់​ហិកតារ សម្រាប់​ជា​ដី​បម្រុង​ទុក​សហគមន៍​ភូមិ​សមុទ្រលើ ក៏ប៉ុន្តែ​ដី​នោះ​មិន​ឋិត​ក្នុង​តំបន់​ព្រៃ​ដែល​អ្នក​ភូមិ​ទាមទារ​នោះ​ឡើយ៖ «បាន​អញ្ជើញ​តំណាង​ក្រុមហ៊ុន តំណាង​ប្រជាពលរដ្ឋ​ចាស់​ទុំ​ប្រមាណ​ជាង ១០​នាក់ និង​អាជ្ញាធរ​ភូមិ​ឃុំ​ដោះស្រាយ​មួយ​ជំហាន​សិន តើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចង់​បាន​កន្លែង​ហ្នឹង ហើយ​ក្រុមហ៊ុន​គេ​ឆ្លើយ​តប​យ៉ាង​ម៉េច»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​សហគមន៍​ភូមិ​សមុទ្រលើ លោក ទុយ ញ៉េប បារម្ភ​ថា កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​យឺតយ៉ាវ ជា​កត្តា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បាន​ឱកាស​បន្ត​ឈូស​ឆាយ​ព្រៃ​ត​ទៅ​ទៀត។ លោក​ព្រមាន​ថា អ្នក​ភូមិ​នឹង​នាំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត ប្រសិន​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល