"ក្រុមហ៊ុន​ទ្រី ភាព និង​ម៉េង អ៊ាង បើក​ទីតាំង​អាជីវកម្ម​ឈើ​ខ្នាត​យក្ស​នៅ​ភ្នំ​ឱរ៉ាល់ និង​ភ្នំ​ក្រវាញ"

ដោយ ហេង រស្មី
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំក្រវ៉ាញ កាល​ពី​ដើម​ខែ មេសា ២០១៩។
ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំក្រវ៉ាញ កាល​ពី​ដើម​ខែ មេសា ២០១៩។
Photo Provided

សកម្មជន​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន ២ បាន​បើក​ទីតាំង​អាជីវកម្ម​ឈើ​ខ្នាត​យក្ស​ក្នុងស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ អាជីវកម្ម​ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​មូល​ធំៗ ចេញពី​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន ៣ រួមមាន ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ បង្ហាញ​អារម្មណ៍​សោកស្ដាយ ពី​វិនាសកម្ម​ព្រៃឈើ​បន្សល់​ចុងក្រោយ នៅ​គ្រា​ដែល​ឈើ​ធំៗ​ដែល​មានមុខ​ចាប់​ពី កន្លះ​ម៉ែត្រ ឡើង​ទៅ ត្រូវ​បាន​គេ​កាប់ និង​ដឹកជញ្ជូន​ចេញ ពី​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ដោយ​រថយន្ត​ប៉ាកុង និង​គោយន្ត​កន្ត្រៃ រាប់សិប​គ្រឿង​ទាំង​យប់ និង​ថ្ងៃ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ដែល​អង្កេត​រឿង​នេះ ឱ្យ​ដឹង​នៅ​ថ្ងៃទី១ ឧសភា​ថា កម្មករ​រាប់​រយ​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ចូល​អារ​រំលំ​ឈើ​មូល​ធំៗ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដោយ​ពុំ​មាន​ការ​ហាមឃាត់ ពី​មន្ត្រី​ឧទ្យានុរក្ស​ដែល​ឈរជើង​នៅ​តំបន់​នោះ​ទេ​។ លោក​ថា ឈើ​ទាំង​នោះ គេ​ដឹកជញ្ជូន​ចូល​ការដ្ឋាន ក្រុមហ៊ុន ទ្រី ភាព និង ក្រុមហ៊ុន តាំង អ៊ាង រួច​អារ​ច្រៀក​ជា​ឈើ​ជ្រុង ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​កំពត៖ «កម្មករ​ដូច​ក្នុង​ទីផ្សារ​អីចឹង គឺ​រាប់រយ​នាក់ បន្ទាប់ពី​ការ​រំលំ​ដោយ​ម៉ាស៊ីន​ត្រង់​សឺន័រ​ហើយ មាន​ម៉ាស៊ីន​រ៉ៃ។ ម៉ាស៊ីន​រ៉ៃ​អារ​ប្រភេទ​ជា​គ្រឿងផ្ទះ និង​អារ​ប្រភេទ​នាំចេញ​ទៅ​វៀតណាម គេ​ឡាំង ៤​ជ្រុង ឈើ​គេ​ហៅថា ម៉ៃ​តាប់​នាំទៅ​វៀតណាម​។ រីឯ​ឈើ​ពុំ​មែន​ជា​ប្រណិត មិន​នាំទៅ​វៀតណាម គឺ​គ្រឿងផ្ទះ អាហ្នឹង​លក់​នៅ​ស្រុក​ខ្មែរ​ទេ។ សកម្មភាព​វា​មាន​គ្រប់​រូបភាព​ទាំងអស់​។ ជូន​អី​តំបន់​ព្រៃ​គេ​ជួល​គោយន្ត ឱ្យ​ពលរដ្ឋ​ដឹក​ជា​គោយន្ត ចូល​ដាក់​ដល់​ក្នុង​ក្រុមហ៊ុន ហើយ​បាន​មាន​ម៉ាស៊ីន​រ៉ៃ អា​ក្នុង​ក្រុមហ៊ុន​ខ្លះ និង​មាន​មួយ​ផ្នែក​ទៀត អារ​ក្នុង​តំបន់​អភិរក្ស​តែម្ដង»

លោក ជា ហ៊ាន បន្ថែម​ថា ក្រុម​ឈ្មួញ បាន​កែនពលរដ្ឋ​ឱ្យ​ចូល​ព្រៃ​កាប់​ឈើ និង​ដឹកជញ្ជូន​តាម​គោយន្ត​លក់​ឱ្យ​ខ្លួន​។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​មន្ត្រី​បរិស្ថាន ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅ​តំបន់​នោះ បាន​អង្គុយ​សំកុក​ចាំ​ទទួល​ប្រាក់​ពី​អ្នក​ដឹក​ឈើ​តាម​ដង​ផ្លូវ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា ឈើទាល បេង សុក្រំ និង​ផ្ចឹក​ជាដើម ដែល​ដុះ​តាម​ជ្រលង​ភ្នំ និង​តំបន់​ជ្រោះ ហ៊ុមព័ទ្ធ​ជុំវិញ​ភ្នំ​ក្រវាញ និង​ភ្នំ​ឱរ៉ាល់ កំពុង​ត្រូវ​បាន​គេ​កាប់ យ៉ាង​រង្គាល ដោយ​ក្នុង​មួយ​ថ្ងៃៗ មាន​រថយន្ត​ប៉ាកុង​មិន​ក្រោម ៣០​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​៖ «សមត្ថកិច្ច​ទាំងអស់​ហ្នឹង ទាំង​បរិស្ថាន ទាំង​សមត្ថកិច្ច​អាវុធហត្ថ​គឺ ទទួល​ផល​ប្រយោជន៍​ពី​បទ​ល្មើស ក្នុង​មួយ​គោយន្ត បើ​មន្ត្រី​បរិស្ថាន គេ​យក ៨​ម៉ឺន​មួយ​គោយន្ត ហើយ​ប៉ូលិស មាន​ប៉ូលិស យក ៥​ម៉ឺន ទាហាន​យក ៣​ម៉ឺន អាវុធហត្ថ​ដាក់​ប៉ុស្តិ៍​នៅ​ហ្នឹង យក ៥​ម៉ឺន​អីចឹង​ទៅ​។ នេះ​បន្ទាប់ពី​ខ្ញុំ ក្លែងខ្លួន អ្នក​រកស៊ី​កាប់​ឈើ ជិះ​តាម​គោយន្ត​ហ្នឹង​មក សុំ​គោយន្ត​គេ​ជិះ​មក​។ ពួក​ហ្នឹង​ចូល​បង់លុយ​តាម​ផ្លូវ ដល់​ក្នុង​គោយន្ត​តែម្ដង​បាន​គេ​ទូទាត់​ឱ្យ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភត្រា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១ ឧសភា។ ចំណែក​អភិបាល​ខេត្ត​កោះកុង មិន​លើក​ទូរស័ព្ទ។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ប្រាប់ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បញ្ជូន​ក្រុមការងារ ចុះ​ធ្វើ​កិច្ចការ​ងារ​នេះ​ហើយ​។ លោក​ផ្ដាំ​ឱ្យ​សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ទាំងនោះ ទៅ​ក្រុមការងារ​លោក និង​អភិបាលខេត្ត​សាមី ដែល​ទទួលខុសត្រូវ​រឿង​នេះ​។ លោក​បដិសេធ​​បញ្ជាក់​លម្អិត​ពី​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​ទេ ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​បូកសរុប​របាយការណ៍​ជាក់លាក់៖ «មាន​ក្រុមការងារ​គេ​ចុះ​ធ្វើ​ហើយ អីចឹង​ឱ្យ​សកម្មជន​ទាំងអស់​ហ្នឹង​គាត់ គាត់​រាយការណ៍​ទៅ​ខាង​ក្រុមការងារ​ទទួល​ទិស​ហ្នឹង​ទៅ គឺ​គេ​នឹង​ធ្វើ​ហើយ តែ​ការងារ​នេះ​គេ​ធ្វើ​ហើយ​។ អីចឹង​សូម​ឱ្យ​រាយការណ៍​ផ្ទាល់ ជាពិសេស​គឺ រាយការណ៍​ផ្ទាល់​ទៅ​អភិបាលខេត្ត កន្លែង​តំបន់​ណា ឱ្យ​អ្នក​ឃើញ សូម​ឱ្យ​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី​ហ្នឹង​តែម្ដង»

ចំណែក​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បដិសេធ​ថា ពុំ​មាន​ការដ្ឋាន​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ​ទេ ហើយ​លោក បាន​បើក​ចំហ​ទូរស័ព្ទ ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​ដែល​លោក​គ្រប់គ្រង សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា អាច​ទូរស័ព្ទ​រាយការណ៍ មក​លោក​ផ្ទាល់​៖ «ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត បេះ​ដូង​បើក​ទូរស័ព្ទ​ក៏​បើក ឱ្យ​តែ​បងប្អូន​ឃើញ បទល្មើស​ព្រៃឈើ​ឆ្លងកាត់​មក សូម​រាយការណ៍​មក​ត្រង់ ព្រោះ​យើងខ្ញុំ​មាន​កម្លាំង​គ្រប់គ្រាន់ រង់ចាំ​អន្តរាគមន៍ បទល្មើស​ទាំងឡាយ​ណា​ដែល​ទាក់ទង​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ទាំងមូល»

លេខ​ទូរស័ព្ទ​របស់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ 016 787 877

តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱវ៉ាល់ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហនុ ចេញ​ព្រះរាជក្រឹត្យ​កំណត់​ជា​ព្រៃ​អភិរក្ស កាលពី​ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣ ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ​។ របាយការណ៍​របស់​អង្គការ​ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បង្ហាញ​ថា ព្រៃ​អភិរក្ស​ទាំងនេះ ទទួលរង​ការ​កាប់​បំផ្លាញ ដោយ​ក្រុមហ៊ុន​ទ្រី ភាព និង​ក្រុមហ៊ុន ឧកញ៉ា តាំង អ៊ាង បាន​ប្រើ​រូបភាព​ដឹក​ឈើ​ចូល បន្លំ​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ទៅ​លក់​ទៅ​វៀតណាម កើតមាន​ជាង ៣​ឆ្នាំ​មក​ហើយ​។ អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន ទ្រី ភាព និង​ក្រុមហ៊ុន តាំង អ៊ាង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​បានទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល