សកម្មជន​ស្នើ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​ឡធ្យូង​រាប់រយ​កន្លែង​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ

ដោយ វ៉ែន សុមេធ
2020-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​រាប់​សិប​ម៉ែត្រគូប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ចាប់​រឹបអូស នៅ​ភ្នំ​ក្រវាញ​កណ្ដាល នៅ​ថ្ងៃ​ទី ១៥ មិថុនា ២០១៩។
គំនរ​ឈើ​រាប់​សិប​ម៉ែត្រគូប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ចាប់​រឹបអូស នៅ​ភ្នំ​ក្រវាញ​កណ្ដាល នៅ​ថ្ងៃ​ទី ១៥ មិថុនា ២០១៩។
រូប​ពី​លោក ជា ហ៊ាន

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ និង​អ្នកឃ្លាំមើល​បរិស្ថាន អះអាង​ថា សកម្មភាព​កាប់​ឈើ​ទាំង​តូច​/​ធំ ដុត​ធ្វើ​ធ្យូង​លក់ កំពុង​កើតមាន​យ៉ាង​ពេញទំហឹង ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ឋិត​នៅ​ចន្លោះ​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​កោះកុង។ អ្នកភូមិ​ថា អាជីវកម្ម​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​លក់​នេះ បណ្ដាល​ឱ្យ​ឈើ​ប្រណិត​មានមុខ​កាត់​ចាប់ពី ១​តឹក​ឡើង​ទៅ និង​ឈើ​មិនទាន់​គ្រប់​អាយុ វិនាស​មហន្តរាយ​នៅ​ថ្ងៃ​ខាងមុខ។

អ្នកឃ្លាំមើល​បរិស្ថាន និង​ពលរដ្ឋ​រស់នៅ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បង្ហាញ​ការ​សោកស្តាយ ពី​អាជីវកម្ម​កាប់​ឈើ ដុត​ធ្វើ​ធ្យូង​លក់​កំពុង​កើតមាន​ជាច្រើន​កន្លែង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​។ ពួកគេ​អះអាង​ថា ថ្វី​ត្បិត​មួយរយៈ​នេះ បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ស្ងប់ស្ងាត់​បន្តិច​ក្ដី ក៏ប៉ុន្តែ​សកម្មភាព​អារ​ឈើ​ក្នុង​ព្រៃ និង​ការ​ដឹក​ជញ្ជូន​ឈើ ចេញពី​ព្រៃ​អភិរក្ស​នៅ​ពេល​យប់ នៅតែ​កើត​មាន​ជា​ហូរហែ រីឯ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​តិច​តូច និង​ធ្វើឡើង​ម្ដងម្កាល​ប៉ុណ្ណោះ​។​

ពលរដ្ឋ​រស់នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​នៅ​ថ្ងៃទី ២២ មករា​ថា សកម្មភាព​កាប់​ឈើ​ទាំង​តូច​ទាំង​ធំ ដុត​ធ្វើ​ធ្យូង​លក់ ក្នុង​ព្រៃ​អភិរក្ស កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​បង្ក្រាប​។ លោក​ថា ឈើ​ប្រណិត​ដូចជា ផ្ចឹក សុក្រំ បេង ចំបក់ ឈើទាល និង​នាងនួន​ជាដើម ដែល​មាន​ទំហំ​ចាប់ពី​១​តឹក​ឡើង​ទៅ ត្រូវ​បាន​គេ​កាប់​ដុត​ធ្វើ​ធ្យូង​ដោយ​គ្មាន​ការទប់ស្កាត់​។ លោក​ថា ការ​បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឡធ្យូង​រាប់​រយ​កន្លែង​ក្នុង​ព្រៃ​អភិរក្ស​បែប​នេះ គឺ​នាំ​ឱ្យ​វិនាស​ហិនហោច​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ បន្ទាប់ពី​ឈើ​មូល​ធំៗ ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​ស្ទើរ​គ្មាន​សល់៖ «មានការ​ព្រួយបារម្ភ​ណាស់​ឡធ្យូង​អី​ហ្នឹង ចុង​សំអាត​បណ្ដោយ ប៉ុន​កដៃ​កជើង​វា​កម្ទេច​ចោល​ចុងក្រោយ​តែម្ដង រឿង​ឡធ្យូង​ហ្នឹង​។ ក្នុង​ព្រៃ​អភិរក្ស​បើ​និយាយ​ទៅ វា​រាប់​រយ​រាប់ពាន់​។ វា​នៅ​មួយ​ក្រុមៗ ៥០ ទៅ ៦០​ឡ​អ៊ីចឹង​ទៅ ១០​ឡ​អ៊ីចឹង​ទៅ កន្លែង​ណា​ផ្ដុំ​ទៅ​វា​ច្រើន​អ៊ីចឹងទៅ ។ ឡធ្យូង​បើ​និយាយ​ឱ្យ​ចំ​ទៅ ឋិត​ក្នុង​ដែន​ជម្រក​ទាំងអស់»

បុរស​ដដែល​បន្ថែម​ថា អ្នកភូមិ​មួយ​ចំនួន​រស់នៅ​ឃុំ​តាសាល និង​ឃុំ​ត្រពាំងជោរ បាន​ចាប់​យក អាជីវកម្ម​ដុត​ធ្យូង​លក់​ក្នុង​ព្រៃ​អភិរក្ស​ជា​មុខរបរ​អាជីព​ចិញ្ចឹម​ជីវិត ហើយ​ពួកគេ​ត្រូវ​បង់លុយ​ជាប្រចាំ ឱ្យ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ ទើប​អាច​ដំណើរការ​អាជីវកម្ម​នេះ​បាន​។ លោក​បារម្ភ​ថា បើ​អាជ្ញាធរ​មិន​ទប់ស្កាត់​អាជីវកម្ម​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​ក្នុង​ព្រៃ​អភិរក្ស​នេះ​ទេ នោះ​កូនឈើ​ប្រណិត​ដែល​មាន​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​នឹង​ប្រឈម​ការបាត់បង់​ទាំងស្រុង​នៅ​ពេល​អនាគត៖ «ខ្ញុំ​ក៏​ដូច​ប្រជាពលរដ្ឋ​ដែរ​ក៏​ព្រួយបារម្ភ​រឿង​ឡធ្យូង​ហ្នឹង បើសិនជា​កាប់​ត្រឹម​គ្រឿងផ្ទះ​វា​មិនសូវ​ហិនហោច​ប៉ុន្មាន​ទេ ប៉ុន្តែ​សំខាន់​ពលរដ្ឋ​បារម្ភ​បំផុត​រឿង​ឡ​ហ្នឹង​ហ្មង​។ ពួក​ឡ​ហ្នឹង​ដាក់​ខែ ដូច​ថា​ឡ​ធំ​ប៉ុន្មាន ២០​ម៉ឺន ទៅ ១០០​ដុល្លារ ទាំង​ម៉ាស៊ីន​អីចឹង​ទៅ​។ ប្រសិន​ថា អត់​មានការ​បង់លុយ​អ៊ីចឹង​ទេ គឺ​ធ្វើ​អត់​បានទេ»

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​លោក ជា ហ៊ាន អះអាង​ថា ក្រុម​ពលរដ្ឋ​ដែល​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​លក់ ក្នុង​ព្រៃ សុទ្ធសឹងតែ​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ទើប​អាច​ប្រកប​របរ​នេះ​បាន​។ លោក​បារម្ភ​ថា ប្រសិនបើ​ក្រសួង​បរិស្ថាន​មិន​អនុវត្ត​ច្បាប់ លើ​អាជីវកម្ម​ដុត​ធ្យូង​លក់​នេះ​ទេ ព្រៃឈើ​ទាំង​តូច​ទាំង​ធំ នឹង​រលាយ​ហិនហោច​នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ លើស​ពី​នេះ ក្រុម​ពលរដ្ឋ​រាប់​រយ​គ្រួសារ​បាន​បោះតង់​ក្នុង​ព្រៃ កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​លក់ ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​បណ្ដាល​ឱ្យ​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ​បាត់បង់​បន្តិច​ម្តងៗ​៖ «ឈើ​គឺ​គ្រប់​ប្រភេទ តាំង​ពី ផ្ចឹក សុក្រំ រាំង ហើយ​ចំបក់ ឈើទាល​គឺ​គេ​កាប់ យក​ទៅ​ធ្វើជា​ឡធ្យូង ចាប់​ប៉ុន​កំភួនជើង​ទៅ នៅ​ពេល​អស់​ឡធ្យូង​ហើយ អស់​ព្រៃឈើ​។ អស់​ព្រៃឈើ​ហើយ បន្ត​កាប់​រានទន្ទ្រាន​ដី តំបន់​ការពារ​លក់​ជា​បន្តបន្ទាប់»

អាស៊ីសេរី​បាន​បាន​ព្យាយាម​ទាក់ទង នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល លោក ជា យុទ្ធា និង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ឯម សុ​គុណ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​មិន​អាច​ទាក់ទង​បានទេ​នៅ​ថ្ងៃ​ទី២២ មករា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ពុំ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម ឡធ្យូង​នៅ​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​តំបន់​អភិរក្ស និង​កូនឈើ​តូចៗ​។ លោក​ថា ពលរដ្ឋ​ដែល​ដឹង​រឿង​រាវ​នេះ អាច​រាយការណ៍​ទៅ​មន្ទីរ​បរិស្ថាន និង​ក្រសួងបរិស្ថាន ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​រឿង​នេះ ប្រសើរ​ជាង​ផ្តល់​ដំណឹង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ «និយាយ​រួម​គាត់​មិន​មាន​សិទ្ធិ​ធ្វើ​ឡធ្យូង​នៅ​កន្លែង​ហ្នឹង​ទេ ដោយសារតែ​វា​ប៉ះពាល់​ដល់​តំបន់​អភិរក្ស ហើយ​តំបន់​ការពារ​។ អ៊ីចឹង​បើសិនជា​គាត់ ដាក់​ឡធ្យូង​នៅ​តំបន់​នោះ​តែងតែ​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​ការពារ​ធម្មជាតិ ជាពិសេស​គឺ ការ​កាប់​ឈើ ឬមួយ​ក៏​កាប់​កូនឈើ​នៅ​កន្លែង​ហ្នឹង​ធ្វើជា​ធ្យូង»

ឆ្លើយ​តប​រឿង​នេះ ពលរដ្ឋ​អះអាង​ថា អ្នកភូមិ​តែងតែ​រាយការណ៍ ពី​អាជីវកម្ម​ឡធ្យូង​ទាំងនេះ​ទៅ​មន្ត្រី​បរិស្ថាន ដែល​ឈរជើង​នៅ​តំបន់​នោះ ជា​ញឹកញាប់ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ព្រោះ​ម្ចាស់​អាជីវកម្ម​ឡធ្យូង​ភាគច្រើន សុទ្ធ​សឹង​បង់លុយ​ប្រចាំខែ ឱ្យ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​តំបន់​នោះ​។ អ្នកភូមិ​ថា ប្រសិនបើ​ពលរដ្ឋ​មិន​បង់លុយ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទេ ពួកគាត់​មិន​អាច​ធ្វើ​អាជីវកម្ម​ដុត​ឡធ្យូង​ក្នុង​ព្រៃ​បានទេ​៖ «គាត់​បាន​ត្រឹម​តែ​រាយការណ៍ ប៉ុន្តែ​ក្នុង​ដែន​ជម្រក​អ៊ីចឹង​គាត់​បាន​សំណូមពរ​ទៅ​ខាង​បរិស្ថាន​ដែរ តែ​មើល​ទៅ​វា​នៅតែ​ធម្មតា​ដដែល​។ ឧស​កូរ៉េ និង​ឡធ្យូង​វា​កាប់ ប៉ុន​កជើង ប៉ុន​ភ្លៅ​អីហ្នឹង សុ​ក្រំ ស្អីៗ​សុទ្ធ​កាប់​ទាំងអស់​។ និយាយឱ្យ​ចំ​ទៅ វា​ដាក់​ខែ​ឡធ្យូង​អ៊ីចឹង​ទៅ ដល់​អ៊ីចឹង​គេ​អត់​បង្ក្រាប​ទេ។ លុះត្រា​ណា​តែ​កម្លាំង​ខាង​ណា ខាង​ណី ចូល​អ៊ីចឹង​ទៅ គេ​បិទ​មួយ​ប្រាវ​អ៊ីចឹង​ទៅ»

តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​ឋិត​នៅ​ចន្លោះ​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់ ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ មាន​ផ្ទៃដី​រាប់​សែន​ហិកតារ។ ព្រៃ​អភិរក្ស​មួយ​នេះ ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ និង​កាប់​រាន​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​ចម្ការ ជាច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំក្រវ៉ាញ កាល​ពី​ដើម​ខែ មេសា ២០១៩។
ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំក្រវ៉ាញ កាល​ពី​ដើម​ខែ មេសា ២០១៩។ Photo Provided

លោក ជា ហ៊ាន បន្ថែម​ថា ដើមឈើ​ទាំង​តូច​ទាំង​ធំ​នៅ​ក្នុង​ព្រៃ​អភិរក្ស​នេះ គឺជា​វត្ថុធាតុដើម ដែល​ពលរដ្ឋ​កាប់​ដុត​ធ្វើ​ធ្យូង យក​ទៅ​លក់​នៅ​ទីផ្សារ​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ។ លោក​ថា ថ្វី​ត្បិត​តែ​អាជីវកម្ម​នេះ មើល​ពី​ខាងក្រៅ​ទ្រង់ទ្រាយ​តូច​ក្តី ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ ឃុំ​ត្រពាំងជោរ និង​ឃុំ​តាសាល បាន​ចាប់​យក​មុខ​របប​នេះ ចិញ្ចឹមជីវិត ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​នាំ​ឱ្យ​វិនាស​ហិនហោច​កូនឈើ​តូចៗ និង​ឈើ​មិនទាន់​គ្រប់​អាយុ​នៅ​ក្នុង​តំបន់​នោះ៖ «យើង​មានការ​សោកស្ដាយ ប៉ុន្តែ​អ្នក​បំផ្លាញ និង​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍ គឺ​គេ​អត់​មាន​ស្ដាយ​ស្រឡោះ អ្វី​ដែល​ធនធានធម្មជាតិ​របស់​យើង​ដែល​មាន​។ តាម​គោលដៅ មន្ត្រី​បរិស្ថាន ក៏ដូចជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ លោក​អត់​ខ្វល់​ពី​ការបាត់បង់​ព្រៃឈើ​ទេ គាត់​ចង​អង្រឹង​យក​តែ​លុយ​ប៉ុណ្ណោះ និង​ប្រព្រឹត្ត​អំពើពុករលួយ ទទួល​សំណូក​សូកប៉ាន់​ពី​បទ​ល្មើស​ព្រៃឈើ ទើប​ធ្វើ​ឱ្យ​ជនល្មើស​មិន​ខ្លាច»

លោក ជា ហ៊ាន បន្ថែម​ថា មិន​ត្រឹមតែ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ទេ ដែល​មាន​អាជីវកម្ម​កាប់​ឈើ ដុត​ធ្វើ​ធ្យូង​លក់​រាប់​រយ​កន្លែង​បែបនេះ នៅ​ឯ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ឯណោះ​វិញ ក៏​មាន​អាជីវកម្ម​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​លក់​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល