"ព្រៃ​សហគមន៍​១​ពាន់​ហិកតារ​នៅ​រតនគិរី​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​គ្មាន​ការ​ស៊ើបអង្កេត"

ដោយ ហេង រស្មី
2018-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

អង្គការ​ចលនា​មាតា​ធម្មជាតិ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី និង​របប​លោក ហ៊ុន សែន បន្ត​ធ្វើ​ព្រងើយ​ចំពោះ​វីដេអូ ដែល​បាន​លាតត្រដាង​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​របស់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អស់​ជាង ១​ពាន់​ហិកតារ កាល​ពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​អង្គការ​នេះ បាន​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្មែរ និង​យុវជន នាំគ្នា​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ខ្លួនឯង ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន អសមត្ថភាព។

អង្គការ​មាតា​ធម្មជាតិ សន្និដ្ឋាន​ថា ដំណោះស្រាយ​បញ្ហា​ព្រៃឈើ គឺ​មាន​តែ​ក្រុម​យុវជន និង​ប្រជាជន​ខ្លួនឯង​ទេ ត្រូវ​បង្កើត​កម្លាំង​សាមគ្គី​គ្នា​ការពារ​ធនធានធម្មជាតិ​ដោយ​ខ្លួនឯង ប្រសិនបើ​ជឿជាក់​របប​លោក ហ៊ុន សែន និង​ក្រសួងបរិស្ថាន មិន​យូរ​ទេ​ព្រៃឈើ​នៅ​កម្ពុជា​នឹង​រលាយ​ទាំងស្រុង។ ការ​លើកឡើង​បែបនេះ ក្រោយពី​ពួកគេ​បាន​បង្ហាញ​វីដេអូ​ជា​សាធារណៈ​រកឃើញ​ថា ឈើ​មូល​ធំៗ​ជាង ១ ពាន់​ហិកតារ (.២០០) ឋិត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន ប្រព្រឹត្ត​អំពើពុករលួយ លក់​ព្រៃឈើ​ទាំងមូល​ឲ្យ​ឈ្មួញ​វៀតណាម​ខុសច្បាប់។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson ) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ វិច្ឆិកា ថា របប​ក្រុងភ្នំពេញ​គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ទេ មានតែ គំរាមកំហែង​ដល់​សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​ចេញមុខ​រិះគន់​បទល្មើស​ព្រៃឈើ និង​ភាព​អសកម្ម របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា របប​ក្រុងភ្នំពេញ​តែង​ឆ្លើយ​ដោះ​សារ យករួចខ្លួន ប្រសិនបើ​អង្គការ និង​សកម្មជន​បរិស្ថាន រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម។ លោក​គ្មាន​ជំនឿ​សោះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អាជ្ញាធរ​របប​ក្រុងភ្នំពេញ នឹង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់ ព្រោះ​អ្នក​ដែល​ឃុបឃិត​គ្នា​លក់​ព្រៃ​សហគមន៍ គឺជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អាជ្ញាធរ​មូលដ្ឋាន៖ «យើង​កុំ​អស់សង្ឃឹម ហើយ​កុំ​នៅ​ស្ងៀម​បើសិនជា​យើង​ចង់​ឲ្យ​ព្រៃឈើ ឬ​ធនធានធម្មជាតិ​ដែល​សេសសល់​អាច​ការពារ​បាន​ហ្នឹង។ ខ្ញុំ​ថា​គ្មាន​ដំណោះស្រាយ​ណាមួយ​ក្រៅពី​យើង​លូកដៃ​ហើយ​ជួយ​ការពារ​ខ្លួនឯង​ទេ។ បើ​យើង​នៅតែ​ជឿជាក់​តែ​សម្ដី​របស់​រដ្ឋាភិបាល របស់​ក្រសួង​ពាក់ព័ន្ធ​អាហ្នឹង​គឺ​ចប់​ហើយ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង តែ​លោក​បាន​ចាត់​ឲ្យ​ជំនួយការ​របស់​លោក​ទទួល​ទូរស័ព្ទ​រួច​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា មក​ទល់​ពេល​នេះ ព្រៃ​បម្រុង​ទុក និង​ព្រៃ​ជំនឿ​របស់​សហគមន៍​ភូមិ​ប៉ាដល់​ជាង ១ ពាន់ ២ រយ​ហិកតារ ដែល​ពួកគាត់ ថែរក្សា​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​បាន​កាប់​បំផ្លាញ​អស់ទាំង​ស្រុង នៅ​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ។ ចំណែក​សហគមន៍​ដែល​ហ៊ាន​លាតត្រដាង​រឿង​នេះ ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិទ្យុ​អាស៊ីសេរី បំណង​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ត្រូវ​បាន​សមត្ថកិច្ច​គំរាម​ចាប់​ដាក់គុក។ លោក​សោកស្ដាយ​យ៉ាង​ខ្លាំង នៅ​គ្រា​ដែល​ប្រទះឃើញ ដើមឈើ​ធំៗ ផ្ដល់​ម្លប់​បៃតង ដែល​អ្នកភូមិ​តែង​គោរព​បូជា​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​គ្មាន​សល់ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​ដើមឈើ​តូចៗ​គ្មាន​តម្លៃ​លើ​ទីផ្សារ​អាច​ប្រើប្រាស់​បាន៖ «បាទ​បាន​បាត់បង់​អស់រលីង​ហើយ​ព្រៃ​កន្លែង​សម្រាប់​បម្រុង​ទុក​សម្រាប់​ធ្វើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ អាហ្នឹង​ក៏​អស់​ដែរ ហើយ​ព្រៃ​អារក្ស​បី​កន្លែង ក៏​អស់​ខ្ទេចខ្ទី​ដែរ​សុទ្ធតែ​ឈើ​លេខ​មួយៗ​ទាំងអស់ ហើយ​គគីរ ពពេល កកោះ អស់រលីង​តែ​ម្តង បាទៗ​គេ​ដឹក​ទៅ​អស់ហើយ​ឈើ​ធំៗ​នោះ»

មេឃុំ​សេសាន លោក សេវ ស្វែន ទទួល​ស្គាល់​ថា ព្រៃ​សហគមន៍​ពិតជា​ទទួលរង​ការ​កាប់បំផ្លាញ​អស់ទាំង​ស្រុង​មែន តែ​សកម្មភាព​កាប់​ទាំងនេះ​ធ្វើឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួនឯង តែង​លួច​កាប់​នៅ​ពេល​យប់។ លោក​បដិសេធ​ថា អាជ្ញាធរ​ឃុំ​មិន​ពាក់ព័ន្ធ​ការទិញ​លក់​ឈើ​មូល​ក្នុង​ព្រៃ​នោះ​ទេ ហើយ​កន្លងមក​លោក​តែង​អប់រំ​ពលរដ្ឋ​ឲ្យ​នាំគ្នា​អភិរក្ស​ព្រៃឈើ។ លោក​ថា កន្លងទៅ​ពលរដ្ឋ​ជាង មួយ​រយ​គ្រួសារ​ធ្លាប់​គំរាមកំហែង​លោក នៅ​គ្រា​ដែល​លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ឈប់​ស្កាត់​បទល្មើស​ព្រៃឈើ៖ «អ្នកភូមិ​កាប់​អស់ហើយ​ខ្ញុំ​ក៏​ហៅ​អ្នកស្រុក អភិបាលស្រុក រង​ស្រុក​ហើយ​នឹង​កងរាជអាវុធហត្ថ ប៉ូលិស​ទៅ​ហាមឃាត់​ហើយ។ ពេល​យើង​ចេញទៅ គេ​ទៅ​កាប់​យប់​ទៀត​ខ្ទេចខ្ទី​អស់ហើយ​គេ​ចេះតែ​ចោទ​ហ្នឹង។ អ្នកភូមិ​ចេះ​តែ​ធ្វើ​អ៊ីចឹង ខ្ញុំ​ហាម​ប៉ុណ្ណឹង​ហើយ​ឥឡូវ​គេ​ថា​មក​ដុត​ផ្ទះ​ខ្ញុំ​ទៀត មិនធម្មតា​ទេ»

ជុំវិញ​ការ​លើកឡើង​របស់​មេឃុំ​រូប​នេះ ត្រូវ​បាន​សហគមន៍​ច្រានចោល ដោយ​អះអាង​ថា ជា​លេស​ឆ្លើយ​យករួចខ្លួន​។ ពួកគេ​អះអាង​ថា បើ​គ្មាន​ការ​ឃុបឃិត​គ្នា​រវៀង​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ឈ្មួញ​ជនជាតិ​វៀតណាម​មិន​អាច​ចូល​មក​អារ​ឈើ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​សេរី​បាន​នោះ​ទេ។ លោក​បារម្ភ​ថា ឈ្មួញ​វៀតណាម នឹង​រក​មធ្យោបាយ សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ កាប់​ឈើ​មានតម្លៃ​នៅ​ភូមិ​ចំនួន​២ ផ្សេងទៀត ឋិត​ក្នុង​ឃុំ​ញ៉ាង នៃ​ស្រុក​អូរយ៉ាដាវ៖ «អត់​ទេ រឿង​នោះ​អត់​មាន​អ្នកភូមិ​កាប់​បំផ្លាញ​ទេ មុនដំបូង​មកពី​អាជ្ញាធរ​គេ​អត់​ជួយ​ថែរក្សា​ជាមួយ​សហគមន៍​បានជា​គេ​ជម្រះ​ចេញ​ឲ្យ​អស់។ ទំហំ​ធំ​ណាស់ ទំហំ​ព្រៃ​រាប់ពាន់​ហិចតារ​គេ​កាប់​អស់រលីង»

សកម្មជន​បរិស្ថាន​ដែល​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ អះអាង​ថា អាជ្ញាធរ​ខ្មែរ និង​សមត្ថកិច្ច​កម្ពុជា គឺជា​ចោរ​ស្របច្បាប់ ដែល​មាន​គំនិត​ទុច្ចរិត​បំផ្លាញ​ព្រៃឈើ​ទាំងមូល ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ដោយ​មិន​គិត​ពី​តម្លៃ​ព្រៃឈើ។ លោក​ថា ចោរ​ស្របច្បាប់​ទាំងនេះ ទទួល​បាន​ប្រាក់ខែ​ពី​ពលរដ្ឋ​ផង និង​ទទួល​ចំណូល​ពី​ជនល្មើស​ផង ធ្វើ​ឲ្យ​ធនធានធម្មជាតិ​របស់​កម្ពុជា​វិនាស​មហន្តរាយ។ លោក​គ្មាន​ជំនឿ​ថា អាជ្ញាធរ​ជាតិ​នឹង​ស៊ើបអង្កេត​ករណី​នេះ​ទេ ព្រោះ​របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ ដែល​ច្បាប់​បាន​កំណត់​នោះ​ឡើយ៖ «ក្រសួងបរិស្ថាន​គាត់​បង្កើត​មក​ឲ្យ​ស៊ី​តែ​ប្រាក់ខែ​រដ្ឋ​ហ្នឹង​មិន​មាន​ធ្វើការ ឬ​ក៏​មិន​មាន​ឥទ្ធិពល​ណាមួយ​ដើម្បី​ទប់ស្កាត់​ទៅលើ​បទល្មើស​ព្រៃឈើ​មិន​ថា​ស្រុក​អូរយ៉ាដាវ​ទេ គឺ​ទូទាំង​ប្រទេស​តែម្ដង​បាន​ន័យ​ថា ដូច​បាយឡុកបាយឡ អ៊ីចឹង​វា​ពិបាក​មែនទែន»

ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ មាន​ផ្ទៃដី​ជាង ១ ពាន់​ហិកតារ ឋិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម។ ព្រៃ​នេះ​សំបូរ​ដោយ​ដើមឈើ​មូល​ធំៗ ស្រស់បំព្រង ដែល​សហគមន៍​ធ្លាប់​ស្នើ ឲ្យ​អាជ្ញាធរ​បង្កើត​តំបន់​អេកូ​ទេសចរ​ធម្មជាតិ បំណង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍ និង​ពង្រឹង​យន្តការ​អភិរក្ស​ជីវចម្រុះ។ តែ​មក​ទល់​ពេល​នេះ​ដើមឈើ​ធំៗ ត្រូវ​គេ​កាប់​រំលំ​អស់ទាំង​ស្រុង ធ្វើ​ឲ្យ​ព្រៃ​នៅ​តំបន់​នោះ​បាត់បង់​សោភ័ណភាព មិន​អាច​បង្កើត​តំបន់​អេកូ​ទេសចរ​បាន។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ កាលពី​អំឡុង​ខែ វិច្ឆិកា​កន្លង​ទៅ លោក ហេង ស្រស់ ប្រាប់​ថា បើ​ទោះ​បី​ជា​ពួកគេ​រក​ឃើញ​ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​ព្រៃឈើ​ទទួលរង​ការ​កាប់​បំផ្លាញ​យ៉ាង​គំហុក ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ដែល។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​បង្ក្រាប​បានតែ​អ្នក​រកស៊ី​តូចតាច ដឹក​តាម​ម៉ូតូ។ រីឯ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ អាជ្ញាធរ​មិន​អើពើ​នោះ​ទេ និង​ថែមទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ដោយ​សេរី។ លោក​រក​ឃើញ​ថា អំពើពុករលួយ​គឺជា​ដើមចម នាំ​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា​ថយ​ចុះ​ខ្លាំង ហើយ​លំហូរ​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម អាច​ធ្វើ​ទៅ​បាន ដោយសារ​ឈ្មួញ​សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ៖ «អង្គការ​នានា​ក៏​បាន​លាត​ត្រដាង​ដែរ​ថា មានការ​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម តែ​សួរ​ថា ហេតុអ្វី​បានជា​អាជ្ញាធរ​កម្ពុជា​មិន​មាន​ការ​បង្ក្រាប។ នេះ​ស​បញ្ជាក់​ថា អាជ្ញាធរ​របស់​កម្ពុជា​គឺ​បាន​ទទួល​សំណូក​ពី​ឈ្មួញ​របស់​វៀតណាម​ដែល​បាន​សូកប៉ាន់​មក​លើ​អាជ្ញាធរ​កម្ពុជា​ហ្នឹង»

ជនជាតិ​ដើម​ភាគតិច​បន្ថែម​ថា កន្លងទៅ​ឈ្មួញ​ជនជាតិ​វៀតណាម បាន​ផ្តល់​លុយ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ជាង ១រយ​គ្រួសារ ( ១៨០ ) ដោយ​ក្នុង​មួយ​គ្រួសារ ៥០ ម៉ឺន​រៀល ទៅ ១​លាន​រៀល ជា​ថ្នូរ​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​តំបន់​នោះ​ដែរ។ លើស​ពី​នេះ កាលពី​ឆ្នាំ២០១៧ មន្ត្រី​សង្គម​ស៊ីវិល រក​ឃើញ​ឯកសារ​មួយ​ច្បាប់ ដែល​ឈ្មួញ​ខ្ចី​ដៃ​ពលរដ្ឋ ស្នើសុំ​អភិបាលស្រុក​អូរយ៉ាដាវ កសាង​ផ្លូវ​មួយ​ខ្សែ ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។ លិខិត​នោះ​អ្នកភូមិ​ចោទ​ថា ការស្ថាបនា​ផ្លូវ​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ការ​លក់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ ឲ្យ​ឈ្មួញ​វៀតណាម អាច​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ។

សេចក្តី​រាយការណ៍​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ បន្ថែម​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​កាប់​រំលំ​នោះ​មាន ស្រឡៅ កកោះ គគីរ និង ផ្សឹក​ជាដើម បង្ក​ឲ្យ​ប៉ះពាល់​ព្រៃ​គោរព​បូជា និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅ​ក្បែរ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល