ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ស្វែងរក​អន្តរាគមន៍​ដើម្បី​អាច​លក់​ដូរ​នៅ​ទីនេះ​បន្ត​

ដោយ សុជីវី
2020-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២០ នាំ​គ្នា​តវ៉ា​រក​អន្តរាគមន៍ ដើម្បី​ឱ្យ​ពួក​គាត់​អាច​លក់​ដូរ​នៅ​ទីនេះ​បន្ត​ទៀត។
ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២០ នាំ​គ្នា​តវ៉ា​រក​អន្តរាគមន៍ ដើម្បី​ឱ្យ​ពួក​គាត់​អាច​លក់​ដូរ​នៅ​ទីនេះ​បន្ត​ទៀត។
រូប៖ អាដហុក ខេត្ត​ព្រះសីហនុ

អាជីវករ​លក់​ដូរ​នៅ​តាម​ឆ្នេរ​អូរ​ត្រេះ​ជាង ៧០នាក់​បាន​នាំ​គ្នា​ស្រែក​ទាមទារ​ស្នើសុំ​អភិបាល​ខេត្ត​នេះ អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​បន្ត​លក់​ដូរ​នៅ​ទី​នេះ​បន្ត​ទៀត។ សំណើ​របស់​ក្រុម​អាជីវករ​ធ្វើ​ឡើង ខណៈ​រដ្ឋបាល​ខេត្ត​នេះ​គ្រោង​ចាត់​វិធានការ​រុះរើ​តូប​របស់​ពួកគេ ។

ក្រុម​អាជីវករទាំង៦២តូប​ដែល​ប្រឈម​ការ​នឹង​ការ​រុះរើ​តូប​បាន​នាំ​គ្នា​ជួប​ជុំ​តវ៉ា​នៅ​ឆ្នេរ​អូរ​ត្រេះ ក្នុង​សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ ស្នើសុំ​ជួប​អភិបាល​ខេត្ត លោក គួច ចំរើន ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ​ដែល​មិនមែន​ជា​វិធានការ​រុះរើ​តូប​របស់​ពួក​គេ។ ការ​ទាមទារ​របស់​អាជីវករ នៅ​ថ្ងៃ​ទី៨ ខែ​មករា បាន​កាន់​រូប​ថត លោក ហ៊ុន សែន និង​អ្នក​ស្រី ប៊ុនរ៉ាន់នី ហ៊ុន សែន ព្រម​ទាំង​សរសេរ​បដា​ថា អរគុណ​សន្តិភាព និង​រៀបរាប់​ទៀត​ថា ពួក​គេ​ជំពាក់​លុយ​ធនាគារ ព្រោះ​ខ្ចី​លុយ​យក​មក​ធ្វើ​តូប​នេះ។

តំណាង​អាជីវករ​ម្នាក់ លោក ឯក វិធាន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​អាជីវករ​បាន​ទៅ​លក់​នៅ​ទី​នោះ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក ស្បោង សារ៉ាត់ ដែល​កាល​ណោះ​លោក​ធ្វើ​ជា​អភិបាល​ខេត្ត។ លោក​ឲ្យ​ដឹង​ទៀត​ថា អាជីវករ​ម្នាក់ៗ ចំណាយ​ថវិកា​យ៉ាង​តិច​ជាង ១០ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​តូប​លក់​ដូរ​នៅ​ទី​នេះ ហើយ​ភាគ​ច្រើន គឺ​អាជីវការ​បាន​ខ្ចី​លុយ​ពី​ធនាគារ។ ដូច្នេះ បើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​អាច​លក់​បាន​ទេ​នោះ ពួក​មិន​ដឹង​បាន​លុយ​ពី​ណា ដើម្បី​សង​ធនាគារ​ឡើយ៖ «យើង​ត្រូវ​ការ​ដំណោះ​ស្រាយ ដែល​អាច​ទទួល​យក​បាន យើង​ជំពាក់​ធនាគារ។ យើង​ចង់​បាន​កន្លែង​លក់​ដូរ​ដូច​នៅ​អូរ​ឈើ​ទាល​អ៊ីចឹង។ បាន​ន័យ​ថា មិន​បាន​ធ្វើ​ដូច​អូរ​ឈើ​ទាល​ទេ គឺ​ចង់​ធ្វើ​កន្លែង​លក់​ដូរ​អាស្រ័យ​ផល​ដូច​អូរ​ឈើ​ទាល ហេតុ​អី​គេ​លក់​ដូរ​បាន​តំបន់​ឆ្នេរ​ដូច​គ្នា»

ជុំវិញ​សំណើ​របស់​អាជីវករ​នេះ អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​ព្រះ​សីហនុ លោក គួច ចំរើន ប៉ុន្តែ​ត្រូវ​ជំនួយ​ការ​របស់​លោក​លើក​ទូរស័ព្ទ និង​ប្រាប់​ថា លោក​អភិបាល​កំពុង​ជាប់​រវល់​។ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចុះ​កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ចោទ​ប្រកាន់​ថា ការ​លក់​ដូរ​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅ​លើ​ឆ្នេរ​អូរ​ឈើ​ទាល និង​ឆ្នេរ​អូរ​ត្រេះ ដែលមានទីតាំងនៅភូមិ៤ និង​ភូមិ៦ ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ដូច​ជា ការ​សង់​តូប ស្តង់ រោង ឬ​ការ​ដាក់​លក់​ដូរ នៅ​តាម​ឆ្នេរ​បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ របៀប​រៀបរយ គ្មាន​សោភ័ណភាព និង​ប៉ះពាល់  អនាម័យ បរិស្ថាន​នៅ​តំបន់​ឆ្នេរ។ សេចក្ដី​ជូន​ដំណឹង​បន្ត​ថា ដើម្បី​រៀបចំ​ឆ្នេរ​ឲ្យ​មាន​របៀបរៀបរយ សោភ័ណភាព និង​អនាម័យ បរិស្ថាន​ល្អ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​សូម​ឲ្យ​អាជីវករ​រុះរើ​តូប ស្តង់ រោង ឬ​ការ​ដាក់​តាំង​លក់​ដូរ​ផ្សេងៗ ដែល​គ្មាន​សណ្ដាប់ធ្នាប់​ចេញ​វិញ​ទាំង​អស់ ក្នុង​រយៈ ៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង។ រដ្ឋបាល​ខេត្ត​ព្រមាន​ថា ក្នុង​ករណី​អាជីវករ​មិន​រុះរើ​រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​សម្ភារៈ ឬ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ លោកស្រី ជៀប សុធារី ដែល​បាន​អង្កេត​លើ​រឿង​នេះ​ប្រាប់​ថា ក្រុម​អាជីវករ​លក់​ដូរ​នៅ​ទី​នេះ​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ខេត្ត និង​បាន​ចូលរួម​បំពេញ​លក្ខណ​ផ្លូវ​ច្បាប់​បាន​ត្រឹមត្រូវ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា រដ្ឋបាល​ខេត្ត​គួរ​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​អាច​ជួប​ជជែក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ដែល​សមរម្យ​ជា​ជាង​ការ​រុះរើ​តូប​របស់​ក្រុម​អាជីវករ៖ «អាជ្ញាធរ​គួរ​ផ្តល់​ការ​លក់​ដូរ​ឲ្យ​គាត់​នៅ​ទី​នេះ​ហើយ​បើ​យើង​ថា កន្លែង​ហ្នឹង​ប៉ះពាល់​ទឹក​កខ្វក់​ទឹក​ស្អាត​អី​រៀបចំ​ប្រព័ន្ធ​ទឹក ឆ្នេរ​ជា​ព្រទ្យ​សម្បត្តិ​របស់​រដ្ឋ​ខ្ញុំ​ទទួល​ស្គាល់ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់ អាស្រ័យ​តំបន់​ឆ្នេរ​ហ្នឹង ដើម្បី​ជីវិត ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​ជា​ច្រើន​កន្លែង ដែល​រដ្ឋាភិបាល​ផ្តល់​អ្នក​វិយោគ​បរទេស»

តំណាង​អាជីវករ លោក ឯក វិធាន អះអាង​ទៀត​ថា ក្រុម​អាជីវករ​ត្រៀម​ខ្លួន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្នុង​ករណី​អាជ្ញាធរ​ចង់​រៀបចំ​សណ្ដាប់ធ្នាប់​និង​សោភ័ណភាព​តំបន់​ឆ្នេរ​អូរ​ត្រេះ​នេះ។ លោក​បន្ត​ថា ក្រុម​អាជីវករ​ចង់​ជួប​អភិបាល​ខេត្ត ដើម្បី​ជជែក​ពី​ការ​កែ​លម្អ​គុណភាព​តូប ឬ​ការ​រៀបចំ​ប្រព័ន្ធ​លូ​ជៀសវាង​ការ​បំពុល​បរិស្ថាន​នៅ​ទី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល