សហជីព​អះអាង​ថា កម្ពុជា​នឹង​កើត​កលិយុគ បើ​សិន​ជា​បាត់បង់ EBA

ដោយ ទីន ហ្សាការីយ៉ា
2019-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

តំណាង​សហជីព​លើក​ឡើង​ថា កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ បើ​សិន​ជា​រដ្ឋាភិបាល​មិន​គោរព​លក្ខខណ្ឌ​របស់​ខ្លួន​ជា​មួយ​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ត EBA ទេ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​អំពី​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា បន្ទាប់​ពី​បាន​ដាក់​របាយការណ៍​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​គណៈកម្មការ​អឺរ៉ុប​ជុំវិញ​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAកាល​ពី​ថ្ងៃ​ទី១២ ធ្នូ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់ គ..ប អះអាង​ថា បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដែល​ទាមទារ​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឲ្យ​ល្អ​ប្រសើរ​វិញ​នោះ គឺ​រដ្ឋាភិបាល​អាច​រក្សា​និរន្តរភាព​អំណាច​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត ផ្ទុយទៅវិញ បើ​សិន​ជា​រដ្ឋាភិបាល​មិន​អនុវត្ត​តាម​ការ​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​ទេ គឺ​របប​ក្រុង​ភ្នំពេញ​ប្រឈម​នឹង​វិបត្តិ​សង្គម​ជា​ច្រើន។

(លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា)


លោក រ៉ុង ឈុន សង្កត់​ធ្ងន់​ថា បើ​សិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA នោះ មិន​ត្រឹម​តែ​បាត់​បង់​ប្រាក់​ចំណូល​ប្រមាណ ៧០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​ជា​ប្រព័ន្ធ ដូច​ជា ការ​ប៉ះពាល់​លើ​កម្មករ​ផ្ទាល់ ដែល​គ្មាន​ការងារ​ធ្វើ ឪពុក​ម្ដាយ​បង​ប្អូន​របស់​កម្មករ និង​អ្នក​វិនិយោគ ជាដើម ហើយ​នៅ​ពេល​នោះ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ អស្ថិរភាព​សង្គម និង​អាច​មាន​កលិយុគ​ជា​ច្រើន​កើត​ឡើង៖ «»

សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្ត​ជា​ចុងក្រោយ​ថា តើ​ត្រូវ​រក្សាទុក ឬ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ ក៏ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​រំលឹក​ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ច្រើន​ដង​រួច​ហើយ​ថា មានតែ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ ទើប​ជា​លក្ខខណ្ឌ​ដែល​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៅ​ទៀត។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន សរសេរ​ក្នុង​បណ្ដាញ​សង្គម Facebook ដោយ​នៅ​តែ​អះអាង​ថា កម្ពុជា​ប្រមូល​ពន្ធ​បាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ហើយ​មាន​ទុន​បម្រុង​ផ្សេង​ទៀត​ដែល​អាច​ប្រើប្រាស់​បាន។ លោក​បញ្ជាក់​ថា គិត​ត្រឹម​ដើម​ខែ​ធ្នូ រដ្ឋាភិបាល​តាម​រយៈ​អគ្គនាយកដ្ឋាន​គយ និង​ពន្ធដារ ប្រមូល​ចំណូល​បាន​ជាង ៥ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​លើស​ផែនការ​ជាង ១ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​មាន​សាច់​ប្រាក់​ប្រមាណ ៣ពាន់ ៥រយ​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ និង​ទុន​បម្រុង​អន្តរជាតិ​ប្រមាណ ១៥ពាន់​លាន​ដុល្លារ ព្រមទាំង​មាស​សុទ្ធ ៣០តោន​ថែម​ទៀត។ សារ​របស់​លោក ហ៊ុន សែន ត្រង់​ចំណុច​នេះ ទំនងជា​លោក​ចង់​បញ្ជាក់​ជាថ្មី​ទៀត​ថា លោក​មិន​បារម្ភ​រឿង EBA ឡើយ ព្រោះ​កន្លង​ទៅ លោក​ធ្លាប់​អះអាង​ថា កម្ពុជា​មាន​ធនធាន​ទាំងអស់​នេះ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​កាត់​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភព​លោក ដូចជា ធនាគារ​ពិភព​លោក​ជា​ដើម បាន​ព្រមាន​រួច​ហើយ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧ភាគ​រយ ក្នុង​ឆ្នាំ២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA

របប​លោក​ ហ៊ុន​ សែន​ បាន​គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ឬ FTA ជា​មួយ​ប្រទេស​ពាក់ព័ន្ធ​ ជា​ពិសេស ​​ប្រទេស​ចិន​ កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អឺរ៉ុប។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​ចង់​ធ្វើ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​ជប៉ុន​ និង​ប្រទេសជិតខាង​ គឺ​ថៃ​ និង​វៀតណាម​ដែរ ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​ចង់​ទប់ទល់​ជាមួយEBA

មន្ត្រី​ជាន់​ខ្ពស់​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ឬ​ប្រទេស​នៅ​ក្នុង​តំបន់​មិន​អាច​ទៅ​រួច​ទេ ពិសេស​ទៅ​ទៀត លោក​អះអាង​ថា ចិន​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ដោយសារ​តែ​ចិន​ក៏​វិនិយោគ​ច្រើន​នៅ​កម្ពុជា​លើ​វិស័យ​កាត់​ដេរ​នេះ៖ «»

លោក រ៉ុង ឈុន អះអាង​ថា បើ​សិន​ជា​កម្ពុជា​មិន​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ត​ទេ គឺ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នឹង​អត់​ការងារ​ធ្វើ ហើយ​នៅ​ពេល​នោះ ទោះ​បី​ជា​រដ្ឋាភិបាល​បញ្ចេញ​កម្លាំង​មក​ទប់​ទល់​ក៏​មិន​អាច​បង្ក្រាប​បាន​ដែរ៖ «»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក រ៉ុង ឈុន សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​គោរព​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ត ពី​ព្រោះ​ថា ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នោះ មិនមែន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​បាត់បង់​អំណាច​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​សង្គម​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល