សហភាព​សហជីព​កម្ពុជា​របស់​លោក រ៉ុង ឈុន គ្រោង​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​យុទ្ធនាការ​រក្សា EBA

ដោយ សុជីវី
2020-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
Photo: RFA

សហភាព​សហជីព​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន គ្រោង​នឹង​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ស្ដីពី ''យុទ្ធនាការ​ដើម្បី​រក្សា EBA''។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែ​មករា បង្ហាញ​ថា ក្នុង​ការ​ឱកាស​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នោះ ក៏​មាន​ការ​ជម្រាប​ជូន​អំពី​លទ្ធផល​នៃ​ការ​ប្រមូល​ស្នាម​មេ​ដៃ​របស់​កម្មករ-កម្មការិនី​ ក្នុង​គោល​បំណង​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ប្រឹងប្រែង​ដោះ​ស្រាយ​យ៉ាង​ណា ដើម្បី​រក្សា​ទុក្ខ EBA ផង​ដែរ សម្រាប់​ទ្រទ្រង់​ស្ថិរភាព​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ។

សន្និសីទ​នេះ​នឹង​រៀបចំ​នៅ​វេលា​ម៉ោង ៩ព្រឹក​ថ្ងៃ​ទី៣ ខែ​មករា នៅ​ទីស្នាក់ការ​សមាគម ស្ថិត​ក្នុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ។

សហភាព​អឺរ៉ុប ​បាន​ព្រមាន​ដក​ហូត​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ​ហៅ​កាត់​ថា EBA ពី​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​ថា​ត្រូវ​ព្យួរ EBA ឬ​យ៉ាង​ណា​នោះ នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ២០២០។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ធ្លាប់​អះអាង​ថា ការ​ដក​​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣លាន​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​កាត់​ដេរ។ ចំណែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​ព្រមាន​ដែរ​ថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ ព្រម​ទាំង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី។

ជា​មួយ​គ្នា​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក​ បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧ភាគ​រយ ក្នុង​ឆ្នាំ២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ក្នុង​ន័យ​នេះ កម្ពុជា​នឹង​ត្រូវ​ខាត​បង់​យ៉ាង​ហោច​ណាស់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ស្នើ​ជិត ២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន។ នេះ​មិន​ទាន់​រាប់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា​ក្តី រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែង​តែ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា មិន​ខ្វល់​ពី​រឿង​បាត់បង់ EBAនោះ​ទេ ព្រោះ​រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ សម្រាប់​ពេល​វេលា​នៃ​ការ​បាត់​បង់ EBA នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល