"របាយការណ៍​កំណើន​ភ្ញៀវ​ទេសចរ​របស់​ក្រសួង​មាន​តែ​តួលេខ ប៉ុន្តែ​មិន​បាន​ផល​ដល់​ពលរដ្ឋ"

ដោយ យន់ សាមៀន
2019-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរ។
ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរ។
RFA

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​មួយ​ចំនួន​ចង់​បោះបង់ចោល​អាជីព​ពី​វិស័យ​ទេសចរណ៍​ហើយ។ មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប​ប្រតិកម្ម​នឹង​ក្រសួង​ទេសចរណ៍​ចេញ​របាយការណ៍​អំពី​កំណើន​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​កើន​ឡើង​ថា គ្រាន់តែ​ជា​ការ​បង្ហាញ​តួលេខ​ដើម្បី​អួតអាង​គេឯង​ឱ្យ​ល្អមើល​ប៉ុណ្ណោះ តែ​ជាក់ស្ដែង​មិន​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​បម្រើការ​ក្នុង​វិស័យ​ទេសចរ​នោះ​ទេ។

ក្រុម​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប​លើកឡើង​ថា សព្វថ្ងៃ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​នៅ​តំបន់​អង្គរ​ខេត្ត​នេះ ចាប់ផ្ដើម​បិទទ្វារ​បណ្ដើរៗ​ហើយ ដោយសារ​លក់​មិន​ដាច់​និង​គ្មាន​ភ្ញៀវ​ចូល​ស្នាក់នៅ។

មគ្គទេសក៍​ទេសចរ​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប​ម្នាក់ ឈ្មោះ តុងហាន់ ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ថា ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរ​លោក​ខាង​លិច​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​មិន​ធ្លាប់​ជួបប្រទះ​ពី​មុន​មក​នោះ​ទេ។ លោក​បន្ត​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​ទេសចរ ដូចជា​ផ្ទះសំណាក់ ភោជនីយដ្ឋាន អ្នក​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​និង​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ជាដើម។ លោក​បន្ត​ថា ចាប់​តាំង​ពី​ដើម​២០១៩ មក​ពួកគាត់​រក​ចំណូល​មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ទេ៖ «យើង​មិន​ចាត់​ទៅ​មើល​ច្រើន​ក៏​បាន ទៅ​តែ​ផ្សារ​ចាស់​ទៅ​ដឹង​ហើយ សួរ​អ្នកលក់​នៅ​ផ្សារ​ចាស់​ទៅ ហើយ​សួរ​អ្នកលក់​ដូច​នៅ​តំបន់​អង្គរ​ទៅ​តូប​បិទ​ខ្លះ​ហើយ ហើយ​ម្ចាស់​សណ្ឋាគារ​កំពុងតែ​ពិបាកចិត្ត សណ្ឋាគារ​នៅ​តំបន់​អង្គរ​បិទទ្វារ រឿង​អី​ដែល​យើង​ផ្សព្វផ្សាយ​ភ្ញៀវ​ទេសចរ​តំបន់​អង្គរ​កើន​ច្រើន ប្រហែលជា​គេ​គិត​ទូទាំង​ប្រទេស​យ៉ាង​មិច​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​នៅ​តំបន់​អង្គរ​យើង​នេះ មិន​អាច​ដាក់​ព័ត៌មាន​អីចឹង​បានទេ»

ចំណែក​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប​ម្នាក់ លោក ប៊ុន លីម ថ្លែង​ថា លោក​ប្រកប​អាជីព​ជា​អ្នក​នាំ​ភ្ញៀវ​នៅ​សៀមរាប​ជាង ១០​ឆ្នាំ​ហើយ ដោយ​មិន​ធ្លាប់​ជួបប្រទះ​បញ្ហា​ពិបាក​រក​ប្រាក់​ចំណូល​ដូច​ពេល​នេះ​ទេ ហើយ​លោក​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​១០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដោយសារ​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ ជាពិសេស​លោក​ខាង​លិច៖ «ហើយ​ខ្ញុំ​អត់​សូវ​មានការ​ងារ​ធ្វើ ព្រោះ​ខ្ញុំ​ឯកទេស​ភាសា​អង់គ្លេស​ដោយសារ​ភ្ញៀវ​អឺរ៉ុប​អត់​សូវ​មក​ខេត្ត​សៀមរាប។ ខ្ញុំ​ខ្ចី​លុយ​ធនាគារ​ពឹង​លើ​របរ​ដើរ​ភ្ញៀវ​អីចឹង ខ្ញុំ​ជំពាក់​លុយ​ធនាគារ​ពិបាក​រកលុយ​សង​គេ​ដែរ។ បើ​គិត​កាល​ពី​ឆ្នាំ​២០១៨ ក្នុង​ខែ​នេះ​ដូចគ្នា​ក្នុង​មួយ​ខែ ខ្ញុំ​អាច​ដើរ​ភ្ញៀវ​បាន​១០​ថ្ងៃ ទៅ​ជាង ១០​ថ្ងៃ និង​បាន​ចំណូល​ជាង​៣០០​ដុល្លារ​អាមេរិក ប៉ុន្តែ​ឆ្នាំ​នេះ​ក្នុង​នេះ ខ្ញុំ​ទើប​ដើរ​ភ្ញៀវ​បាន ៣​ថ្ងៃ​ទេ និង​បាន​ចំណូល​៩០​ដុល្លារ​ដល់​អីចឹង​វា​អត់​គ្រប់​សម្រាប់​ប្រើប្រាស់​ទេ»

មគ្គទេសក៍​ទាំងនេះ​ប្រតិកម្ម​នឹង​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​អះអាង​ថា កំណើន​ទេសចរ​មក​ទស្សនា​កម្ពុជា​ឆ្នាំនេះ​កើន​ឡើង​គឺជា​រឿង​មិន​ពិត និង​គ្រាន់តែ​ជា​តួលេខ​សំញែង​ឱ្យ​គេឯង​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ បន្ទាប់ពី​ក្រសួង​ទេសចរណ៍​បាន​ចេញ​របាយ​ការណ៍​កំណើន​ភ្ញៀវ​ទេសចរ​ទស្សនា​មក​កម្ពុជា​កើន​ឡើង។

គេហទំព័រ​ក្រសួង​ទេសចរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ឱ្យ​ដឹង​ថា រយៈពេល ៥​ខែ​ដើមឆ្​១៩​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត ៣​លាន​នាក់ (.៨៨៨.៤៦១) គឺ​កើន​ជាង ១១​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មានការ​ធ្លាក់​ចុះ​ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​។​

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា លោក​មិន​យល់​អំពី​របាយការណ៍​របស់​ក្រសួង​បាន​តួលេខ​ពី​ណា​មក​នោះ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ធ្លាក់​ចុះ​ច្រើន រហូត​មានការ​រអ៊ូរទាំ​ពី​អ្នក​ធ្វើអាជីវកម្ម​វិស័យ​ទេសចរ​ទៀត​ផង។ បន្ថែម​ពី​នេះ​លោក​ថា នៅ​តំបន់​ទេសចរ​នៅ​អង្គរវត្ត​សព្វថ្ងៃ​សំបូរ​តែ​ទេសចរ​ចិន វៀតណាម និង​កូរ៉េ ចំណែក​ទេសចរ​មកពី​ប្រទេស​លោក​ខាងលិច​មាន​ចំនួន​តិចតួច៖ «អីចឹង​ការ​នាំ​ភ្ញៀវ​គេ​មាន​ក្រុមហ៊ុន​របស់​គេ​នាំ​ផ្ដាច់មុខ​ទាំងអស់ គេ​មិន​ឱ្យ​របូត​មក​ខ្មែរ​ដូច​លើក​មុន​ទេ អ្នក​លក់​អី​ភ្ញៀវ​ដើរ​ចេញ​មក​ប្រសេចប្រសាច ទាំង​តាក់ស៊ី​និង​អ្នក​រត់​ម៉ក​ម៉ូតូ​អី​រក​អត់​បានទេ គឺ​ខាង​ក្រុមហ៊ុន​ទេសចរ​គេ​ក្រសោប​យក​អស់។ ម្យ៉ាងទៀត​ការចាយវាយ​អត់​មាន​ដូច​អ្នក​មកពី​ខាង​តំបន់​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ទេ ការចាយវាយ​មានការ​ត្បិតត្បៀត និយាយ​ឱ្យ​អស់​ទៅ​សូម្បី​លុយ​ធីប​ក៏​មិន​ដូច​អ្នក​ទេសចរ​មកពី​ខាង​អឺរ៉ុប​ដែរ»

មន្ត្រី​សហជីព​រូប​នេះ​បន្ត​ថា ទេសចរ​លោក​ខាងលិច​ថយ​ចុះ​នេះ​អាច​បណ្ដាល​មក​បញ្ហា​នយោបាយ​នៅ​កម្ពុជា​មិន​មាន​ស្ថិរភាព ធ្វើ​ឱ្យ​អ្នកទេសចរ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការ​ដើរ​កម្សាន្ត និង​ខ្វះ​ការ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរ​ទៅដល់​ប្រទេស​ទាំងនោះ​ឱ្យ​បាន​ទូលំទូលាយ។ លោក​ថា បញ្ហា​ទាំងនេះ​ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ទេ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​សេវាកម្ម​ទេសចរ បោះបង់​មុខរបរ​របស់​ខ្លួន​ចោល ហើយ​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល