ពលរដ្ឋ​រិះគន់​ការ​ផ្អាក​ដំណើរការ​រថភ្លើង​ពី​ប៉ោយប៉ែត ទៅ​ភ្នំពេញ ធ្វើ​ឱ្យ​ហិនហោច​សម្បត្តិ​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦។
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦។
RFA

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្អាក​ដំណើរ​រថភ្លើង​ពី​ប៉ោយប៉ែត​ទៅ​រាជធានី​ភ្នំពេញ​ថា ជា​ការ​ធ្វើការ​ខ្ជីខ្ជា និង​ធ្វើ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្តិ​ជាតិ​។ ពលរដ្ឋ​បញ្ជាក់​ថា អាជ្ញាធរ​បាន​ផ្អាក​ដំណើរ​រថភ្លើង​មួយ​ខ្សែ​នេះ​ជាង ២​ខែ​ហើយ ដោយ​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត ទៅ​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​ដល់​ពលករ​ខ្មែរ​ធ្វើដំណើរ​តាម​រថភ្លើង​កុំ​ឱ្យ​កកស្ទះ​នាំ​ឱ្យ​ខាត​ពេលវេលា​នៅ​ពេល​បុណ្យទាន។

ពលរដ្ឋ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត លោក សេង អឿន ថ្លែង​ថា រថភ្លើង​ពី​ប៉ោយប៉ែត​ភ្នំពេញ​បាន​ផ្អាក​ដំណើរការ​តាំងពី​ចុងខែ​កញ្ញា​មក ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​សោកស្ដាយ​ដែល​អាជ្ញាធរ​ចំណាយ​ថវិកាជាតិ​ធ្វើ​ផ្លូវ​រថភ្លើង​អស់​រាប់​លាន​ដុល្លារ ទុកចោល​ទុកចោល​ឥតប្រយោជន៍ ហើយ​អាច​នឹង​ច្រេះ​ខូច​មិន​អាច​ប្រើការ​បាន ប្រសិនបើ​ផ្លូវដែក​មួយ​ខ្សែ​នេះ​នៅតែ​មិន​ដំណើរការ​នោះ។ ពលរដ្ឋ​រូប​នេះ កត់សំគាល់​ថា កាល​ពី​បើក​ដំណើរ​សាក​ដំបូង អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​នាយករដ្ឋមន្ត្រី បាន​នាំ​ប្រជាពលរដ្ឋ​ជិះ​រថភ្លើង​សើច​សប្បាយ​ក្អាកក្អាយ ដោយ​បាន​ផ្លូវ​រថភ្លើង​ថ្មី៖ «បើ​នៅ​ប្រទេស​ថៃ​ពេល​សម្ពោធ​ហើយ គេ​រត់​រាល់ថ្ងៃ​ទៅមក ហើយ​ឃើញ​ពលករ​ខ្មែរ​ឆ្លងដែន​តាម​ច្រក​ប៉ោយប៉ែត និយាយ​បើ​ជិះ​រថភ្លើង​អស់​លុយ​តិច បើ​ជិះ​ឡាន​អស់​លុយ​ច្រើន អីចឹង​គាត់​ជិះ​ពី​បាងកក​មក​ព្រំដែន​កម្ពុជា​តែម្ដង​។ ខ្ញុំ​សួរ​គាត់​និយាយ​រថភ្លើង​គេ​រត់​រហូត ហើយ​គាត់​ឆ្ងល់​រថភ្លើង​ខ្មែរ​ម៉េច​បាន​មិន​រត់។ របស់​យើង​មាន យើង​ទុក​មិន​ប្រើ​ប្រៀប​ដូច​លុយ​រដ្ឋ​កប់​ទុក​មិន​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ»

លោក​បន្ត​ថា ការ​ផ្អាក​ដំណើរការ​ផ្លូវដែក​មួយ​ខ្សែ​នេះ អាជ្ញាធរ​មិនបាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ដឹង​ជា​មុខ​នោះ​ទេ ធ្វើ​ឱ្យ​ពលករ​ជាច្រើន​នាក់​មិន​មាន​រថភ្លើង​ជិះ​ទៅ​ត្រឡប់​ស្រុកកំណើត​។​

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់ទៀត លោក គាត រ៉ាវុទ្ធ ថ្លែង​ថា ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​មាន​សារសំខាន់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ក្រីក្រ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​មិន​មាន​ប្រាក់​ជិះ​ឡាន​ទៅផ្ទះ អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ចំណាយ​ថវិកា​តិច​។​លោក​បញ្ជាក់​ថា ក្រោយពី​អាជ្ញាធរ​បានការ​ផ្អាក​ដំណើរការ​រថភ្លើង​ប្រមាណ​២​ខែ​មក ធ្វើ​ឱ្យ​ផ្លូវដែក​កន្លែង​ខ្លះ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ចត​ឡាន​ម៉ូតូ​របស់​ប្រជាពលរដ្ឋ និង​មាន​ស្មៅ​ដុះ​ក្រប​លើ​ផ្លូវ​រថភ្លើង​ទៀត​ផង៖ «ខ្ញុំ​សោកស្ដាយ​មែនទែន​ចំពោះ​ការ​ធ្វើដំណើរ​តាម​រថភ្លើង​អត់​ដំណើរការ ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​រថភ្លើង​ធ្វើដំណើរ​ដើម្បី​កាត់បន្ថយ​ថវិកា​ខ្លះ។ បើកាលណា​រថភ្លើង​ដំណើរការ​វា​មាន​ផល​ចំណេញ​ច្រើន និង​មាន​សុវត្ថិភាព​ក្នុង​ធ្វើដំណើរ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​កម្ពុជា លោក អ៊ុក អ៊ួក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៥ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

ប៉ុន្តែ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​លោក គឹម សុវណ្ណ ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិនបាន​ទុក​ផ្លូវ​រថភ្លើង​ឱ្យ​ទំនេរ​ចោល​នោះ​ទេ គឺ​មិនបាន​ដំណើរ​ដោយសារ​ខូច​ផ្លូវទឹក​លិច​ខូច​ផ្លូវ​រថភ្លើង​កាលពី​រដូវវស្សា​ធ្វើ​ឱ្យ​មិន​អាច​ដំណើរការ​បាន។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ជួសជុល​ផ្លូវ​ហើយ​នឹង​បើក​ដំណើរការ​វិញ៖ «មិន​ផ្អាក​ទេ​ដោយសារ​កន្លងមក​ទឹកជំនន់​មួយ​ដាច់​ផ្លូវ​រថភ្លើង កន្លងមក​កំពុងតែ​ជួសជុល​មិន​ដឹង​ខាង​ជំនាញ​គាត់​ធ្វើ​រួច​នៅ​ទេ ខ្ញុំ​អត់​ដឹង​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​(Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​បើក​ដំណើរ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​កាលពី​ឆ្នាំ​២០១៨ មិនមែន​ជា​ការ​អភិវឌ្ឍ ដើម្បី​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​នោះ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​ធ្វើឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​ស្រលាញ់​ពលរដ្ឋ​មែន​នោះ គឺ​អាជ្ញាធរ​និង​សង់​ផ្លូវដែក​គុណភាព​ល្អ និង​បើក​ដំណើរការ​ដឹក​អ្នកដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​នៅ​ប្រទេស​ថៃ​ហើយ។ លោក​បន្ត​ថា រថភ្លើង​មួយ​ខ្សែ​នេះ​គ្មាន​គុណភាព ហើយ​រត់​ក្នុង​ល្បឿន​យឺត​ធ្វើ​ឱ្យ​អ្នកដំណើរ​ធុញទ្រាន់ ដោយសារ​ត្រូវ​ចំណាយ​ពេល​ជាច្រើន​យូរ​នៅ​លើ​រថភ្លើង៖ «អីចឹង​គិត​ថា កុំ​ធ្វើ​ដើម្បី​អំណាច​កុំ​ធ្វើ​ដើម្បី​បង្ហាញ​សាច់ដុំ គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ អាណិត​ដល់​ប្រជាពលរដ្ឋ​យើង ដោយសារតែ​លុយ​ដែល​ធ្វើ​ផ្លូវ​រថភ្លើង គឺ​ខ្ចី​លុយ​គេ​មក​ទេ។ យើង​ឃើញ​ច្រើន​មុន​បោះឆ្នោត​មួយ​ប្រាវ​អីចឹង​យក​តែ​បរិមាណ​តែ​គ្មាន​គុណភាព។ ហើយ​នាំគ្នា​ទះដៃ​លើ​រថភ្លើង​អ្នកខ្លះ​ដេញ​ហ្គីតា ខ្លះ​ច្រៀង​ខ្លះ​អី​ហាក់​ដូចជា​ពួក​ក្រុម​ខូវប៊ូ​យ ប៉ុន្តែ​ក្រោយ​បន្តិច​មក​គ្មាន​ឃើញ​គុណភាព​អី»

ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ។រដ្ឋាភិបាល​ចាប់ផ្ដើម​កសាង​ផ្លូវដែក​មួយ​ខ្សែ​នេះ​នៅ​ឆ្នាំ​២០០៩ និង​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​ឡើងវិញ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៨។

កាល​ពី​ថ្ងៃ​ទី​៤ មេសា ដល់​ខែ​កក្កដា​ឆ្នាំ​២០១៨ អាជ្ញាធរ​បើក​ដំណើរការ​សាកល្បង​រថ​ភ្លើង​ដំបូង គឺ​ដឹក​អ្នក​ដំណើរ​ដោយ​ឥតគិតថ្លៃ​ពី​ប៉ោយប៉ែត ទៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ។

កាល​ពី​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១៨ មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan O-cha) បាន​ជិះ​រថភ្លើង​រួមគ្នា​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជា​-​ថៃ​។

កន្លងទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ចាត់​ទុក​ការ​តភ្ជាប់​ផ្លូវដែក​កម្ពុជា និង​ថៃ​នេះ​ថា ជា​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​ទាំងពីរ អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កម្ពុជា និង ថៃ បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​រួមគ្នា​អំពី​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​មិន​បញ្ជាក់​ពីមុខ​ទំនិញ​ដែល​បាន​ឯកភាព​គ្នា មាន​អ្វីខ្លះ​នោះ​ទេ។ កាលណោះ រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​បាន​អះអាង​ថា ភាគី​ថៃ​នឹង​បន្ត​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន​ឱ្យ​បាន​លឿន ដើម្បី​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ អាច​កំណត់​កាលបរិច្ឆេទ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ឆាប់។

កម្ពុជា​-​ថៃ បាន​អាក់ខាន​ដំណើរ​ផ្លូវ​រថភ្លើង​តាំង​ពី​ឆ្នាំ​១៩៧៣ មក ដោយសារ​សង្គ្រាម​ដែល​បណ្ដាល​ឱ្យ​ផ្លូវ​រថភ្លើង​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ​ប្រវែង ៤៨​គីឡូម៉ែត្រ​ដាច់​ខូចខាត។

ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ចំណាយ​អស់​ថវិកា​សាងសង់​ជាង ៩៦​លាន​ដុល្លារ​អាមេរិក (៩៦.៦០០.០០០)​។ លោក ស៊ុន ចាន់ថុល ធ្លាប់​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ​.​ឌី​.​ប៊ី (ADB) ប្រមាណ ១៣​លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជាង ៨៣​លាន​ដុល្លារ (៨៣.០០០.០០០) អាមេរិក។

មន្ត្រី​សង្គម​ស៊ីវិល​និង ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ លើកឡើង​ថា ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​អាច​នឹង​ច្រេះ​ចាប់​ខូច​ប្រើ​ការ​មិនបាន​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​រដ្ឋាភិបាល​មិន​បើក​ដំណើរ​ឱ្យ​បាន​ឆាប់ ព្រោះ​គ្មាន​អ្នក​ថែទាំ​ដែល​ធ្វើ​ឱ្យ​ព្រៃ​ដុះ​ជិត​ផ្លូវ​មិន​អាច​ដំណើរការ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល