ការ​សាងសង់​វាល​យន្តហោះ​ថ្មី នៅ​ខេត្ត​កោះកុង នឹង​អាច​ចប់​ជា​ស្ថាពរ​នៅ​ដើម​ឆ្នាំ២០២១

ដោយ ឡេង ម៉ាលី
2020-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជ្ញាធរ​ឱ្យ​ដឹង​ថា វាល​យន្តហោះ​ថ្មី ដ៏​ចម្រូងចម្រាស​នៅ​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង នឹង​អាច​អូស​បន្លាយ​ពេល​បញ្ចប់​ការ​សាងសង់ រហូត​ដល់​ដើម​ឆ្នាំ២០២១។

អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី១១ មិថុនា​ថា មូលហេតុ​នៃ​ការ​ពន្យារ​ពេល​បញ្ចប់​ការ​សាង​សង់​វាល​យន្តហោះ​ថ្មី​នេះ គឺ​ក្រុមហ៊ុន​សាងសង់​គ្រោង​សម្រាប់​បញ្ហា​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ អ្នកស្រី​ក៏​បញ្ជាក់​ជា​ថ្មី​ថា វាល​យន្តហោះ​នេះ មិន​មែន​សម្រាប់​យោធា​ទេ៖ «តំបន់​យោធា​ជា​ធម្មតា​ជា​តំបន់​ហាម​ឃាត់ ជា​តំបន់​សន្តិសុខ​ជាតិ។ អ៊ីចឹង​គឺ​ជា​តំបន់​ដែល​ការពារ មិន​អាច​ឱ្យ​ទេសចរ ឬ​ពាណិជ្ជកម្ម​អី​ទៅ​កម្សាន្ត​លេង​បាន​ទេ។ អ៊ីចឹង​ខ្ញុំ​សុំ​បញ្ជាក់​ថា គឺ​មិន​ពិត​ទេ ហើយ​តំបន់​ហ្នឹង​មាន​ការ​រៀបចំ ដើម្បី​បម្រើ​ទៅ​លើ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ផ្នែក​ដឹក​ជញ្ជូន តំបន់​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ឯង ហើយ​សម្រាប់​ការ​កសាង​ឥឡូវ​នេះ យើង​កសាង​ដល់​រ៉ាន់វ៉េ (runway) ផ្លូវ​ហើយ ហើយ​កំណត់​ថា​មុន​នេះ យើង​អត់​ទាន់​មាន​ផល​ប៉ះពាល់​ក្នុង​ដំណាក់​កាល​កូវីដ​ហ្នឹង គឺ​ថា​ឱ្យ​ចប់​ក្នុង​ឆ្នាំ២០២០ នេះ​តែ​ម្ដង។ តែ​ក្នុង​ដំណាក់កាល​នេះ ក្រុមហ៊ុន គាត់​ព្យាយាម​ឱ្យ​ចប់​នៅ​ចុង​ឆ្នាំ តែ​បើ​មាន​អី​ជា​យថាហេតុ អាច​ដើម​ឆ្នាំ២០២១»

អ្នកស្រី មិថុនា ភូថង បញ្ជាក់​ថា វាល​យន្តហោះ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​នេះ សាងសង់​បាន​ពី ៥០ ទៅ ៦០ភាគ​រយ​ហើយ។ វាល​យន្តហោះ​ថ្មី​នេះ កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌិវែឡុបមិន (Union Development Group) ហៅ​កាត់​ថា UDG ហើយ​ពលរដ្ឋ​នៅ​ទីនោះ​ជា​ច្រើន​គ្រួសារ​តវ៉ា​រាប់​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​បាន​ប៉ះពាល់​ដីធ្លី​របស់​ពួក​គាត់ ហើយ​មិន​ផ្ដល់​សំណង​សមរម្យ។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​គ្រោង​សាងសង់​វាលយន្តហោះ​ក្នុង​ខេត្ត​នេះ​មួយ​ទៀត ប៉ុន្តែ​គ្រោង​នេះ​ កំពុង​រង់ចាំ​ការ​សិក្សា​ប្លង់​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល