លោក ហ៊ុន សែន សុំ​ឱ្យ​វៀតណាម​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា

ដោយ អូន ភាព
2019-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទ្រិញ ឌិញស៊ុង (Trinh Dinh Dung) ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក​នាយក​រដ្នមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៩។
លោក ទ្រិញ ឌិញស៊ុង (Trinh Dinh Dung) ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក​នាយក​រដ្នមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

រដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម​ គ្រោង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ នៅ​ក្នុង​ខេត្ត​ចំនួន ២ទៀត គឺ​ខេត្ត​ស្វាយរៀង​ និង​ខេត្ត​កំពត​ បន្ទាប់ពី​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផ្សារ​គំរូ​​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២៤ ធ្នូ។ មន្ត្រី​សង្គម​ស៊ីវិល​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព​ និង​ផ្ទុក​សារធាតុគីមី​លើសកម្រិត​ នាំចូល​ពី​ប្រទេស​វៀតណាម។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បា​ន​ស្នើសុំ​យ៉ាង​ទទូច​​ឱ្យ​ភាគី​​វៀតណាម​បង្កើន​​ការ​ទិញ​​ទំនិញ​ពី​កម្ពុជា ដោយសារ​ទំនិញ​​ដែល​កម្ពុជា​នាំ​ទៅ​វៀតណាម​មិន​សមាមាត្រ​នឹង​​ទំនិញ​ដែល​វៀតណាម​​នាំចូល​​មក​កម្ពុជា។ លោក​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​​ជាង ៤ពាន់ ៧រយ​លាន​​ដុល្លារ តាម​ការ​កត់​​ត្រា​របស់​ភ្នាក់ងារ​គយ ប៉ុន្តែ​លោក​​ជឿ​ថា ទំហំ​ពាណិជ្ជកម្ម​ក្រៅ​ផ្លូវ​ការ​អាច​មាន​លើស​ពី​ជាង ៥ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ៖ «ដូច្នេះ​ខ្ញុំ​ស្នើ​យ៉ាង​ទទូច​ឱ្យ​វៀតណាម​បង្កើន​នូវ​ចំនួន ដែល​ត្រូវ​ទិញ​ពី​កម្ពុជា ក្នុង​ហ្នឹង​វៀតណាម បាន​កំពុង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៣០ម៉ឺន​តោន និង​មាន​ការ​ទិញ​នូវ​ផលិតផល​មួយ​ចំនួន​ទៀត។ ខ្ញុំ​ស្នើ​ឱ្យ​វៀតណាម​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល ការ​ទិញ​នូវ​ទំនិញ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​កម្ពុជា»

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​​ទៅ​កាន់​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ទ្រីង ឌួងដុង (Trinh Dinh Dung) ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ថា​រី​ត្បូងឃ្មុំ​ ក្នុង​ឃុំ​ដារ​ ស្រុក​មេមត់​។ ផ្សារ​គំរូ​ព្រំដែន​នេះ​ សាងសង់​លើ​ផ្ទៃដី​ ២ហិកតារ ចម្ងាយ ៣០០ម៉ែត្រ​ពី​ព្រំ​ប្រទល់​កម្ពុជា និង​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម។ ផ្សារ​នេះ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ២០១៨ ដោយ​ចំណាយ​ថវិកា​ជិត ២លាន​ដុល្លារ​ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល​វៀតណាម​។ ទន្ទឹម​នឹង​នេះ​ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​តែ​ផលិតផល​របស់​កម្ពុជា​ និង​វៀតណាម​តែ​ប៉ុណ្ណោះ។

លោក​​ ហ៊ុន​ សែន​ ថ្លែង​ថា​ កម្ពុជា​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ រួចរាល់​ហើយ​ ដើម្បី​ឱ្យ​ជួយ​កសាង​ផ្សារ​គំរូ​ព្រំដែន​ ចំនួន២ទៀត​ ឋិតនៅ​ខេត្ត​កំពត និង​ខេត្ត​ស្វាយរៀង ក្នុង​បំណង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ពលរដ្ឋ​តាម​ព្រំដែន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន ៥ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំៗ។ លោក​បញ្ជាក់​ថា​ ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម​ មិន​ឯកភាព​តាម​​​សំណើ​នេះ​ទេ​ រដ្ឋាភិបាល​របស់​លោក​​​អាច ​នឹង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ទាំង​ពីរ​ដោយខ្លួនឯង​ ដោយ​ត្រូវ​ចំណាយ​ថវិកា​ យ៉ាងហោចណាស់​ ២លាន​ដុល្លារ​ សម្រាប់​ផ្សារ​នី​មួយៗ៖ «អ៊ីចឹង​យើង​ធ្វើ​នៅ​កន្លែង​ហ្នឹង​បង្កើត​ផ្សារ ដើម្បី​បង្កើត​កម្លាំង​ទំនិញ​របស់​យើង​នាំ​ចេញ​ទៅ​វៀតណាម​ដោយ ប្រើ​ថវិកា​ជាតិ​របស់​កម្ពុជា​សម្រាប់​ធ្វើ​ផ្សារ ២បន្ថែមទៀត គឺ​ជា​ការ​ជំរុញ​បន្ថែម​ជា​មួយ​គោលដៅ នៃ​ការ​ប្រែ​ក្លាយ​ខ្សែ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ទាំង​អស់ ឱ្យ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព មាន​ការ​អភិវឌ្ឍ»

ពលរដ្ឋ​រស់នៅ​ ខេត្ត​ត្បូងឃ្មុំ​ លោក​ កាន​ ឈាង​ រំពឹង​ថា​ ផ្សារ​គំរូ​ព្រំដែន​នេះ​ នឹង​ជួយ​កសិករ​កម្ពុជា​ ឱ្យ​មាន​ទីផ្សារ​លក់​​​ផលិតផល​កសិកម្ម​ ខណៈ​កន្លងទៅ​ ប្រជាកសិករ​ខ្មែរ​តែង​រអ៊ូរទាំ​រឿង​ទំនិញ​គ្មាន​ទីផ្សារ​ និង​មានតម្លៃ​ថោក​ខ្លាំង​។ លោក​ថា​ កសិផល​គ្មាន​ទីផ្សារ​ និង​តម្លៃ​ថោក​ គឺជា​បញ្ហា​ប្រឈម​កើតមាន​ជាច្រើន​ឆ្នាំ​មក​ហើយ​ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ផុងខ្លួន​ ជំពាក់​បំណុល​ធនាគារ៖ «ពលរដ្ឋ​នៅ​ជាយ​ដែន​ហ្នឹង គឺ​ដោះ​ដូរ​ទំនិញ​អ្វី​ដែល​កសិករ​ធ្វើ​បាន ទៅ​លក់​នៅ​វៀតណាម​ហ្នឹង​ហើយ តែ​គ្មាន​ទីផ្សារ​ណា​មួយ កម្រិត ហើយ​ថេរ​ទេ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​ យង់​ គិម​អេង​ ថ្លែង​ថា​ ការ​ផ្លាស់​ប្ដូរ​ទំនិញ​ គឺជា​រឿង​មួយ​ប្រសើរ​ ក៏ប៉ុន្តែ​លោក​បារម្ភ​ថា​ ប្រសិនបើ​អាជ្ញាធរ​កម្ពុជា​ គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ទំនិញ​ខូចគុណភាព​ និង​ផ្ទុក​សារធាតុគីមី​ ឱ្យ​ច្បាស់លាស់​ទេ​ នោះ​នឹង​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ដល់​សុខភាព​អ្នកប្រើ​ប្រាស់។ លោក​សង្កេតឃើញ​ថា​ វៀតណាម​មានលទ្ធភាព​នាំចូល​ទំនិញ​មក​កម្ពុជា​ច្រើន​ជាង​កម្ពុជា​នាំទៅ​វៀតណាម ​ជាពិសេស​គ្រឿង​ហូប​ចុក​ បន្លែ​ ផ្លែឈើ​ និង​ភេសជ្ជៈ​ជាដើម។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​នាំ​ទំនិញ​ពី​ប្រទេសជិតខាង ដោយ​​ត្រូវ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ច្បាស់លាស់​ ៖ «បន្ថែម​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​គេ​ច្រើន ជាពិសេស​គ្រឿង​ហូប គឺ​វៀតណាម នាំ​ចូល​មក​កម្ពុជា​ច្រើន។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ កម្ពុជា​កាល​ណា យើង​មាន​គម្រោង​បង្កើត​ផ្សារ​អ៊ីចឹង យើង​ត្រូវ​តែ​មើល​សក្ដានុពល តើ​យើង​ជំរុញ​កសិករ​ដាំ​ដុះ​យ៉ាងម៉េច? បន្លែ​វៀតណាម​គេ​មើល​ទៅ មាន​គីមី​ច្រើន អ៊ីចឹង​ខ្មែរ​យើង​កុំ​ដាក់​គីមី​ច្រើន ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព ទៅ​យើង​អាច​ឈ្នះ​គេ​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា​ ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ភាគច្រើន​ផ្ទុក​សារធាតុ​គីមី​លើសកម្រិត​ ហើយ​មន្ត្រី​ជំនាញ​កម្ពុជា​នៅ​ពុំ​ទាន់​មានលទ្ធភាព​ទប់ស្កាត់​បញ្ហា​នេះ​ ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ​។ លើស​ទីនេះ​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​កសាង​ប្រព័ន្ធ​ធារា​ស្ដ្រឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​កសិករ​កម្ពុជា​ មានលទ្ធភាព​ធ្វើ​កសិកម្ម​ និង​ត្រូវ​មាន​យន្តការ​រក្សា​ស្ថិរ​ភាព​តម្លៃ​ទីផ្សារ​កសិកម្ម​ឱ្យ​មានប្រសិទ្ធភាព៕

 

 

 


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល