កសិករ​នៅ​ស្រុក​បវេល​ប្រតិកម្ម​នឹង​ក្រសួង​កសិកម្ម​ ដែល​មិន​ជឿ​​ថា​ពួក​គាត់​ប្រឈម​ដាច់​បាយ​

ដោយ ថន ថារ៉ូ
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​ពលរដ្ឋ​ដែល​ខ្វះទឹក​ប្រើប្រាស់​ជួបជុំ​គ្នា​នៅ​ភូមិ​ស្ថាពរ២​ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង។ រូប​ថត​ពី​ថ្ងៃ​ទី២៣ ធ្នូ ២០១៩។
ប្រជា​ពលរដ្ឋ​ដែល​ខ្វះទឹក​ប្រើប្រាស់​ជួបជុំ​គ្នា​នៅ​ភូមិ​ស្ថាពរ២​ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង។ រូប​ថត​ពី​ថ្ងៃ​ទី២៣ ធ្នូ ២០១៩។
Photo Provided

ប្រជាកសិករ​នៅ​មួយ​ចំនួន​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង​សោក​ស្ដាយ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​នឹង​នេសាទ ដែល​ជឿ​ទៅ​លើ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់​ក្រោម​ថា ពលរដ្ឋ​មិន​រង​ផល​ប៉ះ​ពាល់​ដោយសារ​តែ​កង្វះ​ខាត​ទឹក​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម។ កសិករ​ទាំង​នេះ ​នៅ​តែ​អះអាង​ថា​ ពួកគាត់​ជា​ច្រើន​គ្រួសារ​ប្រឈម​នឹង​ដាច់​ស្បៀង និង​បារម្ភ​គ្មាន​ប្រាក់​សង​ធនាគារ​ដោយសារ​ធ្វើ​ស្រែ​ខាត។

ប្រជាកសិករ​នៅ​​ភូមិ​ស្ថាពរ​២​ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​បវេល​លោក ឆេង វើន ថ្លែង​នៅ​ថ្ងៃ​ទី២៨ ធ្នូ​ថា លោក​ធ្វើ​ស្រូវ ១០ហិកតារ ប៉ុន្តែ​ស្រូវ​ទាំង​នោះ​ត្រូវ​ខូច​ស្ទើរ​ទាំង​ស្រុង ដោយ​ប្រមូល​ផល​បាន​ប្រមាណ​៨០០​គីឡូក្រាម។ លោក​អះអាង​ថា លោក​លក់​គោ​អស់ ៣ក្បាល ហើយ​នៅ​តែ​រក​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​គេ​មក​ធ្វើ​ដើម​ទុន​ដាំដុះ​កាល​ពី​ដើម​រដូវ​មិន​ទាន់​គ្រប់​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល​ប្រាំង​ដើម ឃុំ​បឹង​ប្រាំ និង​ឃុំ​ព្រៃ​ខ្ពស់ រាប់​រយ​គ្រួសារ​មិន​អាច​រក​ប្រាក់​សង​ធនាគារ​បាន​ឡើយ ហើយ​បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៖ «ដូច​មិន​ត្រឹមត្រូវ​ទេ​ គាត់​ធ្វើ​អីចឹង​កាន់​តែ​រឹតក​ពួក​ខ្ញុំ​ទៀត​ហើយ​។​បើ​ក្រសួង​មិន​ជឿ​ទេ​ប្លង់​ដី​ខ្ញុំ​នៅ​ធនាគារ​​ ​ខ្ញុំ​អត់​មាន​ថា​និយាយ​មួលបង្កាច់​ក្រសួង​ទេ​ ពិត​បាន​ប្រជាជន​ហ៊ាន​និយាយ​ បើ​មិន​ពិត​មិន​ដឹង​ថា​ស្រែ​ធ្វើ​អី​បើ​មាន​ទៅ​ហើយ​ ព្រោះ​ថា​អត់​ហ្នឹង​ហើយ​បាន​ជា​ពួក​ខ្ញុំ​ស្រែ​យំ​ ដើម្បី​ឱ្យ​ថ្នាក់​លើ​បាន​ដឹង​ ដល់​តែ​គ្នា​ស្រែ​ទៅ​ធ្វើ​របាយការណ៍​ថា​ប្រជាជន​ខ្ចី​លុយ​មួយ​រយ​ពីរ​រយ​ដុល្លារ​ មិន​មែន​ទេ​ កុំ​ធ្វើ​របាយការណ៍​ទៅ​តាម​ថ្នល់​អត់​កើត​ទេ»

លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​កសិកម្ម​ចុះ​ទៅ​ជួយ​ពួក​គាត់​ជា​បន្ទាន់ ពី​ព្រោះ​មិន​មាន​មុខ​របរ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​នោះ​ទេ។

រីឯ​កសិករ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​បឹង​រ៉ូង ឃុំ​ព្រៃ​ខ្ពស់ ​ស្រុក​បវេល លោកស្រី ឈន សឿន មាន​ប្រសាសន៍​ថា លោក​ស្រី​ធ្វើ​ស្រែ ១០ហិកតារ គឺ​ខូច​ទាំង​អស់ ដោយសារ​គ្មាន​ទឹក​ស្រោចស្រព។លោក​ស្រី ព្រួយបារម្ភ​ខ្លាច​រក​ប្រាក់​សង​ធនាគារ​​មិនបាន​ ហើយ​រឹបអូស​យក​ដីធ្លី​ដែល​បាន​ដាក់​បញ្ចាំ​ខ្ចី​ប្រាក់​គេ​ធ្វើ​ស្រែ​។លោកស្រី​បញ្ជាក់​ថា​ សព្វ​ថ្ងៃ​លោក​ស្រី​ខ្ចី​ប្រាក់​ពី​ប្រជាពលរដ្ឋ​យក​ទៅ​បង្វិល​សង​ធនាគារ ដែល​បាន​ខ្ចី​គេ​ជាង​២ពាន់​ដុល្លារ​អាមេរិក​ធ្វើ​ដើម​ទុន​ដាំដុះ​កាល​ពី​ពេល​កន្លង​ទៅ៖ «និយាយ​ចុះ​មក​ថា​មិន​ជំពាក់​គេ​ខ្លាច​តែ​គាត់​ចុះ​ត្រឹម​តែ​តាម​ថ្នល់​កៅស៊ូ​ ដែល​មាន​ជា​តំបន់​មាន​ទឹក​អាច​មិន​ជំពាក់​គេ​មែន​ តែ​នៅ​តំបន់​ខ្ញុំ​វិញ​គ្មាន​ស្រូវ​មួយ​គួរ​ទេ​។គាត់​មក​ឱ្យ​ដល់​តំបន់​ខ្ញុំ​មក​ បើ​គាត់​រាយការណ៍​មិន​បាន​ឃើញ​ផ្ទាល់​ផង​នោះ​ ព្រោះ​ពួក​ខ្ញុំ​នៅ​ទី​នេះ​អត់​ឃើញ​មន្ត្រី​ណា​មួយ​ ចុះ​មក​អត់​មាន​ឃើញ​ទេ​។ប្លង់​ដី​ខ្ញុំ​ដាក់​អស់​៣​ប្លង់​ មុន​ដំបូង​យក​មក​តិច​ពេល​វា​អត់​គ្រប់​ ដល់​អត់​គ្រប់​យក​ថែម​ទៀត»

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ​ បន្ទាប់​ពី​ក្រសួងកសិកម្ម​បាន​ចេញ​សេចក្ដីប្រកាស​បដិសេធ​ថា ​នៅ​ស្រុក​បវេល​តំបន់​ដែល​ជួប​គ្រោះ​រាំងស្ងួត​នោះ​ គឺ​ពុំ​មាន​ពលរដ្ឋ​ជំពាក់​ប្រាក់​ធនាគារ​ដោយសារ​ធ្វើ​ស្រូវ​ខាត​នោះ​ទេ។ក្រសួង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​បញ្ជូន​ប្រធាន​ អនុប្រធាន និង​ការិយាល័យ​កសិកម្ម​ស្រុក​បវេល ចុះ​ទៅ​ជួប​កសិករ និង​អាជ្ញាធរ​ឃុំ​នៅ​តំបន់​នោះ គឺ​មិន​មាន​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ដាច់​ស្បៀងអាហារ​ឡើយ ហើយ​​ក៏​មិន​ពលរដ្ឋ​យក​ប្លង់​ដី​ដាក់​បញ្ចាំ​ធនាគារ​ដែរ គឺ​ដោយ​​តែ​ខ្ចី​ប្រាក់​ពី​​បុគ្គល​ឯកជន​តិចតួច​ប៉ុណ្ណោះ។ចំពោះ​ស្រូវ​ស្កក​វិញ គឺ​ដោយសារ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ពេល​យូរ ហើយ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ ដែល​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ប៉ុន្តែ​ពលរដ្ឋ​បាន​ដាំ​ដំឡូង​មី​លើ​ដី​ដែល​ធ្វើ​ស្រូវ​ខូច​នោះ​ជំនួស​វិញ។ ប៉ុន្តែ​កសិករ​អះអាង​ថា របាយការណ៍​មិន​មាន​ការ​ពិត​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ចុះ​ទៅ​ដល់​ផ្ទះ ឬ​តំបន់​ដែល​ពួកគាត់​កំពុង​ខ្វះខាត​ពិតប្រាកដ​ឡើយ។

មេ​ឃុំ​ព្រៃ​ខ្ពស់​ លោក ហាច ហាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដំណាំ​ស្រូវ​វស្សា​របស់​កសិករ​ក្នុង​ឃុំ ដែល​លោក​គ្រប់​គ្រង​​មាន​ជាង ២ពាន់​ហិកតារ (.០០០) ខូច​ខាត​ទាំង​ស្រុង ដោយសារ​​គ្មាន​ទឹក​ស្រោចស្រព។ លោ​ក​ជឿ​ថា ប្រជាពលរដ្ឋ​ជាង​មួយ​រយ​គ្រួសារ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​នោះ អាច​​​ប្រឈម​នឹង​ការ​ដាច់​ស្បៀង​នៅ​ពេល​ខាង​មុខ។ លោក បន្ត​ថា​ ដំណាំ​ស្រូវ​ដែល​ខូច​ខាត​មាន​រាប់​ម៉ឺន​ហិកតារ​នៅ​ក្នុង​ឃុំ​អំពិល​ប្រាំ​ដើម ឃុំ​ក្ដុល​តាហែន និង​ឃុំ​បឹង​ប្រាំ ហើយ​លោក​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​ដឹង​​ពី​ការ​ខូច​ខាត​​របស់​​កសិករ​​នេះ​ហើយ៖ «ហើយ​បឹង​ប្រាំ​ដូច​ទូទាំង​ឃុំ​បាទ​! ខ្លះ​មក​ធ្វើ​លិខិត​បញ្ជាក់​ដី​ធ្លី​ដើម្បី​ខ្ចី​ប្រាក់​យក​ទៅ​ថ្លៃ​ជី​ដែល​បាន​ទិញ​ដាក់​ស្រូវ​ ព្រោះ​កន្លង​មក​មាន​ភ្លៀង​ខ្លះ​ហើយ​កសិករ​ទៅ​ទិញ​ជី​ដាក់​ស្រែ​ ដល់​វា​រាំង​វិញ​ស្រូវ​ងាប់​អស់​។អ្នក​ខ្លះ​៥​ហិកតារ​គ្មាន​បាន​តិច​ទេ​ ចំពោះ​ស្រូវ​ស្រង៉ែ​។បើ​ស្រូវ​សែន​ក្រអូប​ ៦​ហិកតារ​គាត់​បាន​៤០​បាវ​ បើ​ស្រូវ​ស្រង៉ែ​អត់​មាន​មួយ​គ្រាប់​ទេ​ បាន​ថា​វា​លំបាក»

ប្រធាន​សមាគម​កសិករ​ដើម្បី​អភិវឌ្ឍ​ជីវភាព លោក ស៊ុម ម៉ាណែត ថ្លែង​ថា ប្រជាកសិករ​​​ទាំង​នោះ​ប្រឈម​មុខ​នឹង​​ធនាគារ​រឹបអូស​ដីធ្លី​​នៅ​ពេល​ខាង​មុខ ពី​ព្រោះ​អ្នក​ភូមិ​ភាគ​ច្រើន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ស្រែ ដោយ​សន្យា​នឹង​សង​គេ​វិញ​នៅ​ពេល​ប្រមូល​ផល​ស្រូវ​រួច។ លោក​ចាត់​ទុក​សេចក្ដី​ប្រកាស​របស់​ក្រសួង​កសិកម្ម​នេះ​ថា គ្រាន់​តែ​ជា​លេស​ដោះសា​យក​រួច​ខ្លួន​ ដោយ​មិន​បាន​ទៅ​ជួយ​ដល់​កសិករ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នោះ​ឡើយ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​នឹង​ក្លាយ​ទៅ​វិបត្តិ​សង្គម​​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​មិន​ជួយ​កែច្នៃ​ឱ្យ​ពួកគាត់​ដាំ​បន្លែ​បង្ការ​លក់ ​រក​ប្រាក់​ចំណូល​បន្ថែម​​នោះ៖ «រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គួរ​តែ​បញ្ជូន​ឬ​ក៏​បង្កើត​ជា​គណៈកម្មការ​មួយ ដើម្បី​ចុះ​អង្កេត​រឿង​ហ្នឹង​ឱ្យ​បាន​ច្បាស់​លាស់​ កុំ​ជឿ​ទៅ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​ពេល​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង​ និង​នៅ​ខេត្ត​ផ្សេង​ដែល​ធ្វើ​ស្រែ​ខាត​ ប្រហែល​ពួក​គាត់​ប្រឈម​មុខ​នឹង​ការ​ដាច់​ស្បៀង​ជា​មិន​ខាន​ទេ»

មន្ត្រី​​សង្គម​ស៊ីវិល​​រូប​នេះ​សង្កេត​ឃើញ​ថា កសិករ​នៅ​ខេត្ត​ផ្សេង​ទៀត​ក៏​ជួប​គ្រោះ​រាំង​ស្ងួត​នេះ​ដែរ ដូច​ជា​ខេត្ត​តាកែវ ខេត្ត​បន្ទាយ​មានជ័យ ស្វាយរៀង និង​ខេត្ត​កំពង់ចាម​ជា​ដើម ហើយ​ពួក​គាត់​កំពុង​តែ​ប្រឈម​នឹង​ខ្វះ​ស្បៀង​ដោយសារ​ គ្មាន​របរ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ លោក​ពន្យល់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​​កុំ​ឱ្យ​កើត​មាន​ទៅ​ថ្ងៃ​​ខាង​មុខ​ទៀត រដ្ឋាភិបាល​ត្រូវ​ធ្វើ​ប្រឡាយ​នៅ​តំបន់ ដែល​គ្មាន​ទឹក​ស្រោចស្រព​ផល​ដំណាំ​ឱ្យ​បាន​ច្រើន​កន្លែង ដើម្បី​កុំ​​ឱ្យ​កសិករ​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ភ្លៀង​តែ​មួយ​មុខ​ដូច​សព្វ​ថ្ងៃ និង​អាច​មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​ដាំដុះ​បាន ២ដង​ក្នុង​ឆ្នាំ​មួយ។ បន្ថែម​ពី​នេះ លោក​ថា អាជ្ញាធរ​ក៏​ត្រូវ​ទប់​ស្កាត់​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដែល​ប្រជាពលរដ្ឋ​អាច​ដាំដុះ​បាន​ដោយ​ខ្លួន​ឯង ដើម្បី​ជួយ​ដល់​កសិករ​លក់​កសិផល​បាន​តម្លៃ​សមរម្យ​ជាង​ពេល​បច្ចុប្បន្ន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល