អ្នក​ជំនាញ​បារម្ភ​ថា វិស័យ​ទេសចរណ៍​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​នៅ​ឆ្នាំ​២០២០ ក្រោយពេល​សណ្ឋាគារ​តូច​ធំ​បិទ​ទ្វារ

ដោយ សុ ជីវី
2020-01-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) តវ៉ា ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ បុគ្គលិក​សណ្ឋាគារ​​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ ផ្ដល់​ឱ្យ

ក្រុម​អ្នក​ជំនាញ​​ ព្រួយ​បារម្ភ​ថា វិស័យ​ទេសចរណ៍ នឹង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​បន្ត​ទៀត​ នៅ​ឆ្នាំ​២០២០ ក្រោយ​ពេល​ដែល​សណ្ឋាគារ​ធំៗ ចំនួន២ សារ​មន្ទីរ 3D ឯកជន​មួយ​ នៅ​ខេត្ត​សៀមរាប និង​​សណ្ឋាគារ​តូចៗ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន​មួយ​ចំនួន បាន​បិទ​ទ្វារ​ កាល​​ចុង​ឆ្នាំ​២០១៩ និង​​បន្ត​បិទ​ទ្វារ​នៅ​ដើម​ឆ្នាំ​២០២០។

បុគ្គល​ក្នុង​វិស័យ​សណ្ឋាគារ ឲ្យ​ដឹង​ថា ពួកគាត់​ចាប់​ផ្ដើម​ជួប​ផល​លំបាក ក្នុង​ការ​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​នេះ ដោយសារ​សណ្ឋាគារ​ធំ​តូច មួយ​ចំនួន ចាប់​ផ្ដើម​បិទ​ទ្វារ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍។

ប្រធាន​​សហព័ន្ធ​សហជីព​ កម្មករ​និយោជក ​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច ​កុសល ប្រាប់​ថា ក្រោយ​ទទួល​បាន​ការ​ប្រកាស​ក្ស័យធន​ នៃ​សណ្ឋាគារ​ឌឹ ហ្គ្រេត ឌូក (The Great Duke) តំណាង​កម្មករ​កំពុង​ចរចា​សំណង​ជាមួយ​មេធាវី តំណាង​​ឲ្យ​ថៅកែ​សណ្ឋាគារ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ។ លោក​ថា កម្មករ​ទាមទារ​​​​លក្ខខណ្ឌ ​៦​ចំណុច​ ដោយ​អះអាង​ថា ​ជា​ប្រាក់​ឈ្នួល​ត្រូវ​ទទួល​បាន។ ទោះ​ជា​យ៉ាង​ណា លោក​ថា កម្មករ និង​បុគ្គលិក​សណ្ឋាគារ​នេះ បាន​ត្អូញត្អែរ​ពី​លទ្ធភាព​ពិបាក​រក​ការងារ​ផ្នែក​​សណ្ឋាគារ​ ធ្វើ​​បន្ត​ទៀត ព្រោះ​ស្ថានភាព​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ​ខ្លាំង​ពេក ធ្វើ​ឲ្យ​សណ្ឋាគារ​មួយ​ចំនួន កាត់​បន្ថយ​បុគ្គលិក និង​ត្រៀម​លក្ខណៈ​បិទ​ទ្វារ៖ «យើង​មាន​ក្ដី​កង្វល់​ដែរ ថា វា​នឹង​អាច​មាន​ការ​បិទ​បន្ត​បន្ទាប់​ទៀត​ណា អូតែល​ផ្សេងៗ​ណា ព្រោះ​ឃើញ មាន​អូតែល​២​បិទ​ហើយ​។ អ៊ីចឹង យើង​គិត​ថា ក្រែង​លោ អាច​មាន​ការ​បិទ​អូតែល​បន្ត​បន្ទាប់​ទៀត ព្រោះ​ភ្ញៀវ​មាន​ការ​ធ្លាក់​ចុះ​អ៊ីចឹង​ទៅ​ណា»

សណ្ឋាគារ​លំដាប់​អន្តរជាតិ​​ផ្កាយ​៥The Great Duke ​Intercontinental បាន​ប្រកាស​បិទ​ទ្វារ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០ ត​ទៅ​​ ដោយសារ​ក្ស័យ​ធន។ សណ្ឋាគារ​​​​​ផ្កាយ​៥ ចំណាស់​ជាង​គេ​​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​ បាន​បើក​ដំណើរ​ការ បាន​​ជាង ​២០​ឆ្នាំ​ហើយ និង​ធ្លាប់​ជា​ទីតាំង​​កិច្ច​ប្រជុំ​អាស៊ាន​​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដំបូង កាល​ពី​ឆ្នាំ២០០២។

ស្រប​ពេល​ មាន​ការ​ប្រកាស​បិទ​សណ្ឋាគារ The Great Duke ​នៅ​ភ្នំពេញ​នេះ ម្ចាស់​សណ្ឋាគារ​អប្សរា​អង្គរ នៅ​ខេត្ត​សៀមរាប​ ក៏​បាន​ប្រកាស​ថា សណ្ឋាគារ​ ដែល​បើក​ដំណើរ​​ជាង​ ១៨​ឆ្នាំ​មួយ​នេះ ក៏​​ត្រូវ​ផ្អាក​ដំណើរ​ការ​ជា​បន្ទាន់​ នៅ​ដើម​ឆ្នាំ២០២០ នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ បញ្ជាក់​តាម​សារព័ត៌មាន​ក្នុង​ស្រុក (ថ្មីៗ) ថា សណ្ឋាគារ​អប្សរា​អង្គរ ផ្អាក​អាជីវកម្ម​ ដើម្បី​ជួស​ជុល​កែ​លម្អ​សោភ័ណ​ភាព។

សណ្ឋាគារ​អប្សរា​អង្គរ​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ មិន​ចាញ់​សណ្ឋាគារ​​ Intercontinental​ ដែល​ក្ស័យ​​ធន​ នៅ​ភ្នំពេញ​ទេ ហើយ​សណ្ឋាគារ​អប្សរា​អង្គរ​ ធ្លាប់​បាន​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ តាម​រយៈ​ការ​ទទួល​ពាន​រង្វាន់​ជាច្រើន ដូចជា សណ្ឋាគារ​​បែប​ធម្មជាតិ​ប្រណិត​លំដាប់​​អាស៊ាន (ASEAN Green Hotel Standard) ចំនួន​ ២​លើក និង​ជា​សណ្ឋាគារ​ឆ្នើម​គ្មាន​ផ្សែង​បារី។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​ សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ឲ្យ​ដឹង​ថា នៅ​មុន​ពេល​​សណ្ឋាគារ​ធំៗ ទាំង​ ២​នេះ បិទទ្វារ មាន​​សណ្ឋាគារ​តូចៗ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន​ រង្គសាល ក្លឹប​រាត្រី​មួយ​ចំនួន​ទៀត បាន​បិទ​ទ្វារ​​​រួច​​ស្រេច​ទៅ​ហើយ ដោយសារ​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ។ លោក​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ទាំង​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​មួយ​ចំនួន បាន​ធ្លាក់​ចុះ​ជា​គំហុក បាន​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្នែក​សេវាកម្ម និង​សណ្ឋាគារ​ បង្ខំ​ចិត្ត​បិទ​ទ្វារ​ ឈប់​រក​ស៊ី។

លោក ម៉ម រិទ្ធី ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ការ​ផ្សព្វផ្សាយ​នៃ​វិស័យ​ទេសចរណ៍​ មិន​បាន​ល្អ​ប្រសើរ ហើយ​​ជា​ពិសេស​គឺ​ ស្ថានភាព​នយោបាយ​​​កម្ពុជា ប្រេះឆា​គ្នា ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​​មិន​ហ៊ាន​មក​លេង​កម្ពុជា។ អ្នក​ឃ្លាំមើល​ផ្នែក​ទេសចរណ៍​រូប​នេះ ព្យាករ​ថា ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរណ៍ នឹង​បន្ត​ធ្លាក់​ចុះ​​ជាង​ឆ្នាំ២០១៩ ​​ទៅ​ទៀត ព្រោះ​តែ​ស្ថានភាព​នយោបាយ​គ្មាន​ភាព​ប្រសើរ និង​ការ​ផ្សព្វផ្សាយ​មាន​ភាព​ចង្អៀត៖ «រដ្ឋាភិបាល​ត្រូវ​ធ្វើ​មុន​គេ រឿង​បរិបទ​នយោបាយ។ បើ​សិន​ជា​មិន​មាន​ការ​ផ្សះ​ផ្សារ​ជាតិ​រវាង​គណបក្ស​កំពុង​តែ​មាន​ទំនាស់​ហ្នឹង​ទេ បរិបទ​នយោបាយ​នៅ​តែ​បែប​ហ្នឹង​ទេ វា​ជា​រឿង​មួយ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ហើយ ទៅ​ថ្ងៃ​អនាគត​នោះ​ណា ហើយ​ក៏​វា​ពាក់ព័ន្ធ​មួយ​ទៅ​ នឹង EBA ហ្នឹង​ដែរ។ ដូច​ខ្ញុំ​បញ្ជាក់​ថា មិន​មែន​ប៉ះពាល់​តែ​វិស័យ​កាត់​ដេរ​​មួយ​ទេ។ នៅ​តំបន់​​អឺរ៉ុប ឬ​ក៏​អាមេរិក ឬ​នៅ​ប្រទេស​ជឿនលឿន​នៅ​​តំបន់​អាស៊ី ក៏​គេ​ពិនិត្យ​មើល​អា​ហ្នឹង​ដែរ។ បើ​សិន​ជា​រដ្ឋាភិបាល​គេ មាន​ទំនាស់ ជាមួយ​រដ្ឋាភិបាល​ណា​មួយ ឬ​ក៏​​មិន​ពេញ​ចិត្ត ជាមួយ​រដ្ឋាភិបាល​មួយ​ណា ក៏​ប្រជាជន​គេ​មាន​ការ​ពិចារណា​ដែរ ក្នុង​ការ​ដើរ​ទស្សនៈ​កិច្ច​ណា»

ភ្ញៀវ​ទេសចរណ៍​ទស្សនា​ខេត្ត​សៀមរាប នៅ​ឆ្នាំ​២០១៩ បាន​ធ្លាក់​ចុះ​ជិត ១៥ (១៤,៨៦) ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ២០១៨។ សេចក្ដីប្រកាស​ព័ត៌មាន​ របស់​គ្រឹះស្ថាន​អង្គរ ​ចេញ​ផ្សាយ​ថា អំឡុង​ឆ្នាំ២០១៩ កន្លង​ទៅ​នេះ​ថា មាន​ភ្ញៀវ​ទេសចរ​បរទេស​ ជាង ២​លាន ២​សែន​នាក់ (.២០៥.៦៩៧បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ទទួល​បាន​ចំណូល​ប្រមាណ ជិត ១០០ (៩៩.០៨៨.៨៩៤​ដុល្លារ) លាន​ដុល្លារ​អាមេរិក។ ប្រាក់​ចំណូល​​នេះ បើ​ធៀប​នឹង​ឆ្នាំ២០១៨ ធ្លាក់​ចុះ​ជាង​ដប់​ប្រាំ (១៥,០៥) ភាគរយ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី៣ មករា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ ​​លោក​អះអាង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ (ថ្មីៗ) ថា ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ​ តែ​នៅ​ខេត្ត​សៀមរាប​ទេ នៅ​ឯ​ខេត្ត​ផ្សេង​ទៀត គ្មាន​​ធ្លាក់​ចុះ​ឡើយ។

ចំណែក​ការ​បិទ​ទ្វារ​របស់​សណ្ឋាគារ​ The Great Duke អតីត​សណ្ឋាគារ​ Intercontinental ​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​ យល់​​ឃើញ​ថា ដោយសារ​​កត្តា​ច្រើន គឺ​អាច​​​មក​ពី​ការ​គ្រប់គ្រង​មិន​ល្អ ឬ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​សណ្ឋាគារ​ ជាដើម។ លោក​ថា ក្រសួង​ទេសចរណ៍ នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ផលិតផល​ទេសចរណ៍ ឬ​កន្លែង​កម្សាន្ត​សម្រាក​លម្ហែ​បន្ថែម​ទៀត នៅ​ខេត្ត​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង និង​សម្រាក​បាន​យូរ ក្រៅពី​​ការ​ទស្សនា​ប្រាសាទ​បុរាណ៖ «សៀមរាប គឺ​យើង​ទទួល​ស្គាល់​ថា មាន​ការ​ថយ​ចុះ។ ប៉ុន្តែ ​ជា​រួម​ នៅ​ទូទាំង​ប្រទេស​អត់​មាន​ការ​ថយ​ចុះ​ទេ។ ទេសចរណ៍ អន្តរជាតិ​នៅ​តែ​មាន​កំណើន គ្រាន់​តែ​កំណើន​មាន​តិច​ជា​ឆ្នាំ​មុន»

នៅ​ខេត្ត​សៀមរាប ក្រៅពី​សណ្ឋាគារ​អប្សរា​អង្គរ​ ដែល​បាន​ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន នៅ​មាន​សារមន្ទីរ 3D ឬ សារមន្ទីរ​សព្វទស្សន៍​អង្គរ ឬសារ​មន្ទីរ​ប៉ាណូរ៉ាម៉ា (Panorama) ដែល​វិនិយោគ​ដោយ​ ក្រុម​ហ៊ុន​របស់​​ប្រទេស​កូរ៉េខាងជើង​មានតម្លៃ ២៤លាន​ដុល្លារ​អាមេរិក ក៏​ត្រូវ​បាន​ប្រកាស​ជា​បន្ទាន់​ ឲ្យ​​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ដែរ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ឡុង ប៉ុណ្ណសេរីវឌ្ឍន៍ ប្រាប់​អាស៊ី​សេរី​ថា ការ​ផ្អាក​សារមន្ទីរ​សព្វទស្សន៍​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​​អ្នក​​​ចូល​មើល​ ឬ​ក្រុមហ៊ុន​ក្ស័យ​ធន​ទេ គឺ​ដោយ​សារ​មាន​សេចក្ដី​សម្រេច​​​​​​ពី​អង្គការ​សហប្រជាជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម លើ​អាជីវកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ ដូច្នេះ អាជ្ញាធរ​កម្ពុជា បាន​អនុវត្ត​សេចក្ដី​សម្រេច​នេះ ដោយ​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន រង់​ចាំ​សេចក្ដី​សម្រេច​ពី​អង្គ​ការ​សហប្រជាជាតិ លើក​លែង​ទណ្ឌកម្ម​វិញ៖ «អ្វី​ដែល​ចង់​បញ្ជាក់​ហ្នឹង ខ្ញុំ​សួរ​ទៅ​អាជ្ញាធរ​អប្សរា​ ថា គេ​អនុលោម​ទៅ​តាម​សេចក្ដី​ថ្លែង​របស់​អង្គការ​សហប្រជាជាតិ ហើយ​​មាន​ការ​សម្រេច​ពី​ក្រសួង​ការបរទេស​​ដែរ ឲ្យ​បិទ​សកម្មភាព​ជា​បណ្ដោះ​អាសន្ន»

សារមន្ទីរ 3D ប៉ាណូរ៉ាម៉ា ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៥ ក្រោម​ការ​សាងសង់​របស់​ក្រុមហ៊ុន​ប្រទេស​កូរ៉េ​ខាង​ជើង និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​អប្សរា។ សារមន្ទីរ​នេះ ជា​សារមន្ទីរ 3D ដំបូង​បង្អស់​ នៅ​ប្រទេស​កម្ពុជា និង​មាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ ដែល​អាច​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ប្រាសាទ​បុរាណ និង​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ តាម​ជំនាន់​នី​មួយៗ តាមរយៈ​រូបភាព និង​វីដេអូ​ជា​ប្រភេទ 3D។ សហជីព​វិស័យ​ទេសចរណ៍​ យល់​ថា ​​សារមន្ទីរ 3D នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការ​ស្រូប​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ខេត្ត​សៀមរាប​ដែរ។

រី​ឯ​សណ្ឋាគារ​ធំៗ ពីរ​វិញ ត្រូវ​បាន​ប្រធាន​​សហព័ន្ធ​សហជីព​ កម្មករ​និយោជក ​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច ​កុសល យល់​​ថា មូលហេតុ​នៃ​ការ​ក្ស័យ​ធន និង​ការ​​ផ្អាក​អាជីវកម្ម​ជា​បន្ទាន់ គឺ​មក​ពី​បញ្ហា​​ភ្ញៀវ​ធ្លាក់​ចុះ។ លោក ទូច​ កុសល ប្រាប់​ថា សម្រាប់​សណ្ឋាគារ​ ឌឺហ្គ្រេតឌូក The Great Duke គឺ ភ្ញៀវ​ធ្លាក់​ចុះ​តាំង​ពី​ជាង​មួយ​រយ (១០០) បន្ទប់ រហូត​ដល់​គ្មាន​ភ្ញៀវ​សោះ​ ទើប​ថៅកែ​សម្រេច​ចិត្ត​ប្រកាស​បិទ​ ចាប់​ពី​ដើម​ឆ្នាំ២០២០ ត​ទៅ។

សហជីព​រូប​នេះ បង្ហាញ​កង្វល់​ថា ​វិស័យ​ទេសចរណ៍​អាច​នឹង​បន្ត​បន្ទាប់ ដោយសារ​ការ​បន្ត​ធ្លាក់​ចុះ​ទៀត ហើយ​លោក​ផ្ដល់​យោបល់​ថា ក្រសួង​ទេសចរណ៍ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​សេវា​កម្ម កំណត់​តម្លៃ​សមរម្យ​លើ​បន្ទប់​ស្នាក់​នៅ ម្ហូប​អាហារ អនាម័យ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​​ វិញ។

ក្រុម​​មគ្គុទ្ទេសក៍ និង​សហជីព​វិស័យ​ទេសចរណ៍ ​បង្ហើប​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ ​អឺរ៉ុប កូរ៉េ និង​ជប៉ុន ធ្លាក់​ចុះ​ច្រើន នៅ​ឆ្នាំ២០១៩ តែ​សំបូរ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​វៀតណាម។ ភ្ញៀវ​ទេសចរ​អឺរ៉ុប​​មួយ​ចំនួន​ បាន​បង្វែរ​ទិសដៅ​ទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​វិញ ក៏​ជា​មូល​ហេតុ ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល