ដំណាំ​ស្រូវ​រាប់​ពាន់​ហិកតារ​របស់​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​បន្ត​ខ្វះ​ទឹក​ស្រោច​ស្រព

ដោយ ស្ងួន អមរា
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រូវ​នៅ​ឃុំ​ថ្មី ស្រុក​ថ្មពួក ក្រៀមស្វិត ដោយសារ​គ្មាន​ទឹក។
ស្រូវ​នៅ​ឃុំ​ថ្មី ស្រុក​ថ្មពួក ក្រៀមស្វិត ដោយសារ​គ្មាន​ទឹក។
រូប៖ ហ្វេសប៊ុក Chhuy Win Win

ដំណាំស្រូវ​រាប់​ពាន់​ហិកតារ​របស់​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខូច​ខាត ដោយសារ​គ្រោះ​រាំង​ស្ងួត និង​ខ្វះ​ទឹក​ស្រោចស្រព។ កសិករ​លើក​ឡើង​ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ឆ្នាំ​នេះ​ប្រហែល​មិន​បាន​ប្រមូល​ផល​ទេ ព្រោះ​​ជិត​ផុត​រដូវ​ដាំដុះ​​​ហើយ​គ្មាន​ទឹក​ស្រោចស្រព​គ្រប់​គ្រាន់។

កសិករ​ម្នាក់​រស់​នៅ​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ អ្នក​ស្រី​ ភិន សុភ័ណ​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​២៦​ សីហា​ថា ដំណាំ​ស្រូវ​របស់​អ្នក​ស្រី​ចំនួន​ ១០ហិកតារ​ ជា​ប្រភេទ​ស្រូវ​វស្សា​ ដែល​បាន​ដាំដុះ​ជាង​៣ខែ​មក​ហើយ​នោះ ​មិន​សង្ឃឹម​ថា​ បាន​ប្រមូល​ផល​ឡើយ។ អ្នកស្រី​បន្ថែម​ថា ដើម​ស្រូវ​ឡើង​ក្រហម​ក្រៀម​ស្វិត​រក​ងាប់​ជា​បណ្ដើរៗ ហើយ ពី​ព្រោះ​ចាប់​តាំងពី​ដាំដុះ​មក ​មិន​មាន​ភ្លៀង​ជោគ ជាំ​នៅ​ឡើយ​​ទេ ហើយ​បច្ចុប្បន្ន​ស្រែ​ខ្លះ​ ដី​បែក​ក្រហែង​ មិន​មាន​ទឹក​ស្រោចស្រព​នោះ​ទេ៖ «បើ​សិន​តែ​នៅ​តែ​អត់​ទឹក​ទៀត​ ស្រូវ​វា​នឹង​ស្កក​ ដោយសារ​ស្រូវ​អត់​មាន​កម្លាំង​លូត​លាស់​ ដោយសារ​នៅ​ក្រុង​សិរីសោភ័ណ​វា​អត់​មាន​ប្រឡាយ​ទឹក​ អីចឹង​មិន​​ថា​ស្រូវ​អី​ទេ​ គឺ​ងាប់​ទាំង​អស់​។សូម្បី​តែ​ស្រូវ​ប្រាំង​ដែល​ពួកគេ​ធ្វើ​នៅ​ម្ដុំ​​ភូមិ​កណ្ដោល​គឺ​មាន​ភាគ​ចិត្ត​ណាស់​ដែល​គាត់​បាន​ច្រូត​ ដោយសារ​ពី​ដើម​ដៃ​មាន​ភ្លៀង​ ហើយ​កសិករ​បូម​ទឹក​ចេញ​ពី​បឹង​មក​ដាក់​ស្រែ​ រហូត​មក​ដល់​ខែ​នេះ​រីង​អស់​ហើយ​​ សូម្បី​តែ​បឹង​ក៏​គ្មាន​ទឹក​ដែរ»

កសិករ​រូប​នេះ​បន្ត​ថា ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រឈម​ការ​ខូច​ខាត​ មាន​ផ្ទៃ​ដី​រាប់ពាន់​ហិកតារ​ នៅ​ស្រុក​ ព្រះនេត្រព្រះ អូរជ្រៅ ម៉ាឡៃ មង្គលបូរី និង​ក្រុង​សិរីសោភ័ណ។អ្នក​ស្រី​បន្ថែម​ថា កសិករ​កំពុង​ភ័យ​ព្រួយ​ខ្លាច​ស្រូវ​ខូច​អស់ ហើយ​មិន​បាន​ប្រមូល​ផល​ ធ្វើ​ឱ្យ​ពួក​គាត់​គ្មាន​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើម​​ទុន​ដាំ​ដុះ​កាល​ពី​ដើម​រដូវ​នោះ។

មិនមែន​តែ​កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​នោះ​ទេ ជួប​គ្រោះ​រាំង​ស្ងួត កសិករ​នៅ​ខេត្ត​ពោធិ៍សាត់ ​ប៉ៃលិន ​បាត់ដំបង និង​​ខេត្ត​សៀមរាប​ ក៏​បារម្ភ​ពី​បញ្ហា​គ្រោះ​រាំង​ស្ងួត​ខូចខាត​ដំណាំ​ស្រូវ​របស់​ពួក​គាត់​ដែរ។

កសិករ​ម្នាក់ទៀត​នៅ​ភូមិ​ដូន​ទាវ ឃុំ​រលួស​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប លោក វន ភារម្យ ថ្លែង​ថា ស្រូវ​ប្រាំង​របស់​កសិករ​នៅ​ស្រុក​របស់​លោក​រាប់​ពាន់​ហិកតារ ប្រឈម​នឹង​ការ​ខូច​ខាត​ ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​ជា​ច្រើន​ខែ ធ្វើ​ឱ្យ​ដើម​ស្រូវ​ឡើង​ក្រហម ​ ស្រប​ពេល​ដែល​ដើម​ស្រូវ​ក៏​គ្រប់​អាយុ​​ចេញ​ផ្លែ​ហើយ នៅ​តែ​មិន​មាន​ទឹក​គ្រប់គ្រាន់​ដដែល៖ «ស្រូវ​ប្រាំង​មាន​តែ​៣​ខែ​ទេ​គេ​ព្រូស​ ដល់​ពេល​រាំង​ស្ងួត​វា​យូរ​ដែរ​ ដល់​ពេល​ស្រូវ​ផើម​ទៅ​ជា​រាំង​ស្ងួត​ សូម្បី​តែ​មាន​ទឹក​ក៏​ពិបាក​ ព្រោះ​ដល់​រដូវ​កាល​ហើយ​។ព្រួយបារម្ភ​គ្រប់​តែ​គ្នា​ខ្លះ​យក​លុយ​ធនាគារ​ ហើយ​ដល់​ពេល​បង់​ការ​ប្រាក់​ឱ្យ​គេ​ គឺ​ប្រឈម​រក​ប្រាក់​មិន​ឱ្យ​គេ»

ចំណែក​នៅ​ខេត្ត​បាត់ដំបង​ឯ​ណោះ​វិញ ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ស្រុក​មោងឬស្សី រុក្ខគិរី និង​មួយ​ផ្នែក​នៅ​ស្រុក​សង្កែ ក៏​ប្រឈម​នឹង​ខូចខាត​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​ដែរ។

អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ប្រាប់​អាស៊ី​សេរី​ថា នៅ​ខេត្ត​របស់​លោក​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ភ្លៀង​ធ្លាក់​គ្រប់​ស្រុក​ និង​ជួយ​ឱ្យ​ដំណាំ​ស្រូវ​របស់​កសិករ​ក្នុង​ស្រុក​ដែល​ខ្វះ​ទឹក​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា កសិករ​នៅ​ផ្នែក​ខ្លះ​ក្នុង​ស្រុក​មោង​ឫស្សី និង​ស្រុក​សង្កែ​បន្ត​ខ្វះ​ទឹក​បញ្ចូល​ស្រែ ចំណែក​តំបន់​ផ្សេង​ទៀត ​គឺ​ស្រូវ​រស់​ឡើង​វិញ​ជា​ធម្មតា​ហើយ៖ «បាទ! វា​ម្សិល​មិញ​បាន​ភ្លៀង​ច្រើន​ ភ្លៀង​ដល់​ កន្លែង​ខ្លះ​ទឹក​ភ្លៀង​កម្ពស់​ទឹក​ ២០​មិល្លីម៉ែត្រ​ វា​អត់​អី​ទេ​ ព្រោះ​តាម​ការ​ព្យាករ​ស្អែក​ហ្នឹង ខាន​ស្អែក​មាន​ភ្លៀង​ខ្លាំង​ហើយ។ អ៊ីចឹង​ចាំ​មើល​ស្អែក​ខាន​ស្អែក​ទៀត បាទ! វា​មិន​ទាន់​ដល់​គ្រោះ​មហន្តរាយ​ទេ​ គ្រាន់​តែ​វា​អត់​ និង​រង​ផល​ប៉ះពាល់​នែ​ការ​លូតលាស់​អី​បន្តិច​បន្តួច»

គេហទំព័រ​ក្រសួង​ធនធាន​ទឹក ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ សីហា​ថា បញ្ហា​រាំងស្ងួត​នឹង​បន្ត​អូស​បន្លាយ​នៅ​ខេត្ត​ប៉ៃលិន។ មន្ទីរ​ធនធាន​ទឹក​ខេត្ត​ប៉ៃលិន​បាន​ជីក​ប្រឡាយ ២ខ្សែ ប្រវែង​ជាង ៣គីឡូ​ម៉ែត្រ (.៦៥០)​ដើម្បី​យក​ទឹក​ស្រោចស្រព​ស្រូវ​របស់​កសិករ​​ជាង ៨០០​ហិកតារ​ ដែល​ប្រឈម​និង​ការខូចខាត ​នៅ​ឃុំ​សាលា​ក្រៅ ស្រុក​សាលាក្រៅ។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៦ សីហា​ថា​ ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ចំនួន​៣ស្រុក​​​ដែល​ខ្វះ​ទឹក ដោយ​សារ​គ្រោះ​រាំងស្ងួត​ រួម​មាន​ស្រុក​​តា​លោ​សែន​ជ័យ បាកាន និង​ស្រុក​កណ្ដៀង ​ដែល​មាន​ផ្ទៃ​ដី​ជិត ៥ម៉ឺន​ហិកតារ (៤៧.០០០)។ អាជ្ញាធរ​បានបូម​ទឹក​ជួយ​សង្គ្រោះ និង​បង្វែរ​ទឹក​ពី​ស្ទឹង​ពោធិ៍សាត់​តាម​ប្រព័ន្ធ​ប្រឡាយ​ដំណាក់អំពិល​បាន ២ម៉ឺន ៦ពាន់​ហិកតារ (២៦.០០០)។ រីឯ​ផ្ទៃ​ដី ២ម៉ឺន​ហិកតារ​ទៀត (១៧.៥០០) ត្រូវ​ការ​រយៈ​ពេល​ប្រហែល ២០ថ្ងៃ​ទៀត ទើប​ជួយ​សង្គ្រោះ​បាន ​ដែល​អាច​​ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​ ជាង​ ៣ពាន់​ហិកតារ (.៥០០) ត្រូវ​ខូច​ខាត​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល