ក្រសួង​សាធារណការ​កម្ពុជា និង​វៀតណាម​ ពិនិត្យ​ទីតាំង​ត្រួត​ពិនិត្យ​ទំនិញ​រួមគ្នា​មួយ នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង

ដោយ ហេង រស្មី
2019-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រក​ព្រំដែន​ក្រុង​បាវិត ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង ឈម​នឹង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ២០១២។
ច្រក​ព្រំដែន​ក្រុង​បាវិត ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង ឈម​នឹង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ២០១២។
RFA

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក ស៊ុន​ ចាន់​ថុល​ ថ្លែង​ថា​ កម្ពុជា​ និង​វៀតណាម​ គ្រោង​រៀបចំ​ទីតាំង​ ត្រួត​ពិនិត្យ​ទំនិញ​រួមគ្នា​មួយ​ ឋិត​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត។ ទន្ទឹម​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ ចង់​ឃើញ​អាជ្ញាធរ​ មាន​ប្រព័ន្ធ​លុប​បំបាត់​អំពើ​ពុក​រលួយ​ រឿង​នាំ​ទំនិញ​ខូច​គុណភាព​ និង​ផ្ទុក​សារធាតុ​ជាតិ​គីមី​ចូល​មក​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក​ ស៊ុន​ ចាន់​ថុល​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី១៩ ធ្នូ​ថា កម្ពុជា និង​វៀតណាម នឹង​រៀបចំ​ទីតាំង​ ត្រួតពិនិត្យ​ទំនិញ​រួម​គ្នា​មួយ​ លើ​ផ្ទៃដី ៥០ហិកតារ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​ ក្នុង​ខេត្ត​ស្វាយរៀង។ លោក​បន្ថែម​ថា ការ​បង្កើត​កន្លែង​ត្រួតពិនិត្យ​ទំនិញ​រួមគ្នា​នេះ​ ជា​ទិសដៅ​រួម​របស់​អាស៊ាន និង​ជា​ការ​អនុវត្ត​ផែនការ​មហា​អនុ​តំបន់​មេគង្គ (GMS) ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដឹក​ទំនិញ​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ និង​វៀតណាម«៥០ហិកតារ អាច​បង្កើត​ជា​តំបន់​ត្រួត​ពិនិត្យ​រួមគ្នា ដែល​ជា​គោល​បំណង​របស់ GMS មហា​អនុ​តំបន់​មេគង្គ និង​គោល​បំណង​អាស៊ាន​ដែរ។ ចង់​ឱ្យ​តំបន់​ត្រួត​ពិនិត្យ​រួម​គ្នា​ទៅ ងាយ​ស្រួល​ដឹក​ទំនិញ​ឆ្លង​កាត់​រវាង​ប្រទេស​ទាំង​ពីរ​នេះ»

លោក​ ស៊ុន​ ចាន់​ថុល​ បន្ថែម​ថា​  ​បញ្ហា​នេះ ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ មុន​នឹង​ធ្វើ​បាយ​ការណ៍​ជូន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច។ លោក​បញ្ជាក់​ថា​ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​វៀតណាម​ លោក ង្វៀង វ៉ាន់​ថេ (NGUYEN​ VAN​ THE) និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ របស់​វៀតណាម​ បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​ នៅ​តំបន់​ដែល​ត្រូវ​រៀបចំ​ទី​តាំង​ត្រួត​ពិនិត្យ​ទំនិញ​រួម​គ្នា​នេះ​ដែរ។ លោក​ថា បច្ចុប្បន្ន​នេះ​ក្នុង​មួយ​ថ្ងៃៗ មាន​កុងតឺន័រ​ប្រមាណ​ ៤០០​គ្រឿង​ បាន​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត។

ពលរដ្ឋ​រស់នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ លោក​ ឯម​ សុខ​សុវណ្ណ​ សង្កេតឃើញ​ថា​ ការ​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម​ មក​កម្ពុជា​ ពោរពេញ​ដោយ​អំពើពុករលួយ​ និង​បង្កប់​ដោយ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ ដែល​សមត្ថកិច្ច​ខ្មែរ​ តែងតែ​បើកដៃ​ឱ្យ​ឈ្មួញ​វៀតណាម​នាំ​ទំនិញ​ចូល​កម្ពុជា​ដោយ​សេរី។ លោក​ថា ទំនិញ​នាំចូល​មក​ខ្មែរ​ភាគច្រើន​ គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ ដូចជា​ ផ្លែឈើ​ បន្លែ​ ត្រី​សាច់​ អាហារ និង​ភេសជ្ជៈ​ជា​ដើម។ លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គួរ​មាន​ប្រព័ន្ធ​លុប​បំបាត់​អំពើ​ពុករលួយ​ និង​ត្រូវ​មាន​យន្តការ​ប្ដូរ​វេន​ មន្ត្រី​ប្រចាំការ​តាម​ព្រំដែន​ រយៈពេល​ ៣ខែ​ម្ដ​ង ដើម្បី​កាត់បន្ថយ​អំពើ​ពុក​រលួយ៖ «មាន​ន័យ​ថា គ្រប់​រូបភាព​ទាំង​អស់​មាន​ការ​បន្លំ​ទាំង​អស់ ត្រូត​ពិនិត្យ​ក៏​មិន​មែន​ថា សុចរិត​ភាព​ដែរ មាន​ពេល​ខ្លះ ដាក់​ពី​ក្រោម និង​ដាក់​ពី​លើ​អ៊ីចឹង។ ទំនិញ​ខ្លះ​ដាក់​ក្រោម​បន្លែ ពេល​ខ្លះ​មាន​ន័យ​ថា ចោរ​សុទ្ធ​តែ​ពាក់​ឯក​សណ្ឋាន​ទាំង​អស់​ហ្នឹង»

ប្រធាន​ក្រុមការងារ​ ១០០រាត្រី​ និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មួង​ សូ​នី​ យល់​ឃើញ​ថា​ ការ​បង្កើត​ទី​តាំង​ត្រួត​ពិនិត្យ​ទំនិញ​នេះ​ នឹង​មិន​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ រឿង​នាំ​ទំនិញ​គ្មាន​គុណភាព​ចូល​កម្ពុជា​បាន​នោះ​ទេ។ លោក​ថា​ មាន​ច្រក​របៀង​តូចៗ ជា​ច្រើន​នៅ​ខេត្ត​ស្វាយរៀង​ ដែល​សមត្ថកិច្ច​ខ្មែរ ប​បណ្ដោយ​ឱ្យ​ពាណិជ្ជករ​វៀតណាម​ នាំ​ទំនិញ​ខូចគុណភាព​ និង​ផ្ទុក​សារធាតុគីមី​មក​លក់​ចែកចាយ​ នៅ​កម្ពុជា​ បង្ក​ហានិភ័យ​ខ្ពស់​ដល់​អាយុ​ជីវិត​អ្នកប្រើ​ប្រាស់​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ បិទ​ច្រក​របៀង​តូចៗ ទាំង​អស់​ និង​ត្រូវ​មាន​ការ​ត្រួតពិនិត្យ​ទំនិញ​ច្បាស់លាស់​មុន​អនុញ្ញាត​ឱ្យ​នាំ​ចូល៖ «វា​ពិបាក​ណាស់​រឿង​អំពើ​ពុក​រលួយ​តាម​ព្រំដែន។ កត្តាទី១ មន្ត្រី​ភាគ​ច្រើន​គាត់​ពុក​រលួយ​ហ្មង  ទម្លាប់ ខ្ជិល ពុករលួយ និង​គ្មាន​គុណភាព។ ទម្លាប់ទី២ គឺ​យើង​អត់​ឆន្ទៈ​ដោះ​ស្រាយ បើ​ទោះ​ជា​យើង​រក​ឃើញ​ក៏​យើង អាច​ដក​អត់​មេ​ប៉ុស្តិ៍​តាម​តាម​ច្រក​របៀង​ជា​ដើម ហើយ​អំពើ​ពុក​រលួយ​ខ្លះ មិន​ត្រឹម​នាំ​ទំនិញ​ចេញ គឺ​ឱ្យ​បរទេស​ចូល ជា​ថ្នូរ​នឹង​យក​លុយ។ អា​នេះ​ជា​បញ្ហា ដែល​ប៉ះ​ពាល់​ទំនិញ​ទេ គឺ​ប៉ះ​ពាល់​ដល់​អធិបតេយ្យ​ទឹក​ដី​ហ្មង»

លោក មួង សូនី បន្ថែម​ថា អំពើពុករលួយ​ក្នុង​រឿង​នាំ​ទំនិញ​ចូល​កម្ពុជា​ ជា​ករណី​ធ្ងន់ធ្ងរ​មួយ ដែល​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទាល់​តែ​សោះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល