ក្រសួង​កសិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​បារម្ភ​រឿង​បាត់ EBA ដែល​ប៉ះ​ពាល់​ដល់​កសិករ​ខ្មែរ

ដោយ វ៉ែន សុមេធ
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។
រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ

ក្រសួងកសិកម្ម​ប្រតិកម្ម​ចំពោះ​ការ​ព្រួយ​បារម្ភ​រឿង​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​កសិករ​ជាង​កន្លះ​លាន​គ្រួសារ។ ក្រសួង​កសិកម្ម​អះអាង​ថា រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ចាំបាច់​រួច​ហើយ ចំពោះ​ការ​យក​ពន្ធ​អង្ករ​ទៅ​ចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។ រីឯ​សង្គម​ស៊ីវិល​យល់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បែប​ណា​ក្តី ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គឺ​នៅ​តែ​ធ្លាក់​ចុះ ប៉ះ​ពាល់​ដល់​កសិករ​ខ្មែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​សហភាព​អឺរ៉ុប ចាប់​ផ្តើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​ធុរកិច្ច​ស្រូវ​អង្ករ ដូច​ជា ជួយ​អន្តរាគមន៍​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត កែឆ្នៃ និង​វេច​ខ្ចប់​ជា​ដើម ដើម្បី​ឲ្យ​អង្ករ​កម្ពុជា អាច​ប្រគួត​ប្រជែង​ទីផ្សារ​បាន។

ក្រសួង​កសិកម្ម​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៦ សីហា​ថា ក្រសួង​បានដាក់​ចេញ​វិធានការ​បច្ចេកទេស​ផលិតកម្ម ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច។ ជាមួយ​គ្នា​នេះ ក្រសួង​បញ្ជាក់​ទៀត​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​សមាគមន៍​ម៉ាស៊ីន​កិន​ស្រូវ​ខិតខំ​សមត្ថភាព​កែឆ្នៃ​អង្ករ​ឲ្យ​មាន​គុណភាព​បន្ថែម​ទៀត​សម្រាប់​បម្រើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។

ក្រៅពី​បញ្ជាក់​ពី​វិធាន​ការ​ទាំង​នេះ ក្រសួង​កសិកម្ម​ក៏​បាន​ប្រតិកម្ម​ចំពោះ​អគ្គលេខាធិការសម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ដែល​បាន​និយាយ​ក្នុង​វិទ្យុ​អាស៊ី​សេរី អំពីក្តី​បារម្ភ​របស់​លោក​ជុំវិញ​ផល​ប៉ះពាល់​លើ​កសិករ ក្នុង​ករណី​សហភាព​អឺរ៉ុប​ដក EBA ពី​កម្ពុជា​ដែរ។ ក្រសួង​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​លោក ថេង សាវឿន មិន​មែន​ការ​យល់​ឃើញ​របស់​សហគមន៍​កសិកម្ម​ឡើយ ហើយ​លោក ថេង សាវឿន ក៏​មិន​មែន​តំណាង​ឲ្យ​សហគមន៍​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ​ស្រី វុឌ្ឍី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ឆ្លើយ​តប​ថា លោក​មិន​ដែល​អះអាង​ថា លោក​ជា​តំណាង​ឲ្យ​សហគមន៍​កសិកម្ម​ទូទាំង​ប្រទេស​ម្ដង​ណា​ឡើយ ហើយ​អ្វី​ដែល​លោក​បញ្ចេញ​មតិ គឺ​ក្នុង​ក្រប​ខណ្ឌ​របស់​សមាជិក​នៅ​តាម​តំបន់​គោលដៅ ដែល​សមាគម​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​បញ្ចេញ​មតិ​ព្រួយ​បារម្ភ​របស់​លោក​នេះ គឺ​គ្រាន់​តែ​ដើម្បី​ជួយ​វិភាគទាន​បែប​ស្ថាបនា​ក្នុង​ការ​ចូល​រួម​ចំណែក​រក​វិធីសាស្រ្ត​ដោះ​ស្រាយ និង​ទប់​ស្កាត់​ផល​ប៉ះពាល់ ឬ​ការ​បាត់បង់​អត្ថប្រយោជន៍​របស់​កសិករ ដែល​ធ្លាប់​ទទួល​បាន​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ទៀត​ថា លោក​ទទួល​ស្គាល់​អំពី​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​លើ​វិស័យ​ស្រូវ​អង្ករ​ដែរ ប៉ុន្តែ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​មក គឺ​ការ​នាំ​អង្ករ​ទៅ​ទី​ផ្សារ​អឺរ៉ុប​ក្នុង​ឆមាស​ទី១ បាន​ធ្លាក់​ចុះ​អស់ ៥០ភាគ​រយ៖ «អ្វីដែលខ្ញុំព្រួយបារម្ភ​បំផុត គឺ​ក្នុង​ករណី​នៅ​ពេល​មាន​ការព្យូរ EBA គឺ​អាច​ប៉ះពាល់​ដល់​ផលិតភាព​នៃ​ផលិតផល​កសិកម្ម​ផ្សេងៗ ទៀត ដែល​អាច​នាំ​ចេញ ខណៈ​សហភាព​អឺរ៉ុប​យក​ពន្ធ​ទៅ​លើ​វិស័យ​ផ្សេងៗ មិន​មែន​តែ​ស្រូវ​អង្ករ​ទេ នោះ គឺ​វា​បង្ក​ឲ្យ​មាន​ផល​វិបាក និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​អត្ថ​ប្រយោជន៍​របស់​កសិករ​ទាំង​អ្នក​វិនយោគ​ទុន​ទាំង​អ្នក​រក​ស៊ី​ដែរ»

លោក បន្តថា ការជួយអន្តរាគមន៍របស់រដ្ឋាភិបាលនេះ គឺជាកាតព្វកិច្ចនិងការ​ទទួលខុសត្រូវរបស់ រដ្ឋាភិបាល ហើយអ្វីដែលសង្គមស៊ីវិលចង់បាននោះ គឺដំណោះស្រាយ ដែល​កម្ពុជាអាច​រក្សា​បាន​​នូវប្រពន្ធអនុគ្រោះពន្ធ EBA បន្ត​ទៅទៀត។

កាល​ពី​ចុង​សប្តាហ៍​មុន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ថា គ្រាន់​តែ​សហភាព​អឺរ៉ុប​យក​ពន្ធ​អង្ករ​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ឈឺ​ចាប់​រួច​ទៅ​ហើយ ទម្រាំ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ថែម​ទៀត គឺ​កសិករ​ខ្មែរ​នឹង​កាន់​តែ​ឈឺ​ចាប់​បន្ថែម​ទៀត ព្រោះ​ថា​ឧស្សាហកម្ម​ស្រូវ​អង្ករ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ថា គ្រាន់​តែ​នៅ​ដើម​ឆមាស​ទី១ ក្នុង​ឆ្នាំ២០១៩ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៨ ដោយសារ​តែ​សហគមន៍​អឺរ៉ុប​បាន​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើសុំ​សហភាព​អឺរ៉ុប ឱ្យ​បន្ត​​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី ''អ្វីៗ ទាំង​អស់ លើក​លែង​តែ​អាវុធ ឬ EBA'' ដល់​កម្ពុជា​ត​ទៅ​ទៀត ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ និង​រក្សា​នូវ​កិច្ច​ប្រឹងប្រែង​កន្លង​មក ក្នុង​ការ​ពង្រីក​ការ​ផលិត​ស្រូវ​អង្ករ ដែល​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល