សហភាព​អឺរ៉ុប​ពន្យារ​នាំ​ចូល​អង្ករ​ផ្ទុក​សារធាតុ Tricyclazole លើស​កម្រិត​ទៅ​ចុង​ខែ​កញ្ញា

ដោយ វ៉ាន វណ្ណដេត
2017-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្ករ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។
អង្ករ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។
Photo: RFA

សហភាព​អឺរ៉ុប ពន្យារ​ពេល​ការ​ចូល​ជា​ធរមាន​នៃ​បទប្បញ្ញត្តិ​ថ្មី ដែល​ប្រកាស​ឈប់​ទិញ​អង្ករ​ដែល​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) លើស​កម្រិត ពី​ខែ​កក្កដា ទៅ​ចុង​ខែ​កញ្ញា វិញ។ ការ​ប្រកាស​ពន្យារ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ជំនួប​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ជាមួយ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ កាល​ពី​ថ្ងៃ​ទី​២ ឧសភា។

សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ សហភាព​អឺរ៉ុប បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន គឺ​ពន្យារ​ការ​នាំ​ចូល​ជា​ធរមាន​ក្នុង​ការ​អនុវត្ត​បទប្បញ្ញត្តិ​ថ្មី​របស់​សហភាព​អឺរ៉ុប ដែល​បាន​ប្រកាស​ហាមឃាត់​ការ​នាំ​ចូល​អង្ករ​ដែល​មាន​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​មាន​ផ្ទុក​សារធាតុ​សកម្ម​ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) លើស​ពី ០,០១​មិល្លីក្រាម​ក្នុង​អង្ករ​មួយ​គីឡូក្រាម។

កាល​ពី​ដើម​ឆ្នាំ​២០១៧ សហភាព​អឺរ៉ុប បាន​ប្រកាស​ថា ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ តទៅ សហភាព​អឺរ៉ុប នឹង​ហាមឃាត់​ការ​នាំ​ចូល​អង្ករ​ពី​គ្រប់​ប្រទេស​អាស៊ាន ដែល​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​ទ្រីហ្ស៊ីក្លាហ្សូល លើស​កម្រិត។

ក្រោយ​ពី​សហភាព​អឺរ៉ុប ប្រកាស​ឈប់​ទិញ​អង្ករ​ពី​បណ្ដា​ប្រទេស​ណា​ដែល​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​ទ្រីហ្ស៊ីក្លាហ្សូល លើស​កម្រិត អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម បាន​ចេញ​វិធានការ​ត្រួត​ពិនិត្យ ឬ​ស្កែន (Scan) គ្រប់​ឃ្លាំង​ស្រូវ​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ម្ចាស់​ឃ្លាំង​ស្រូវ​ណា​ដែល​មាន​ស្រូវ​ស្ដុក​សារធាតុ​ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) លើស​ពី ០,០១​មិល្លីក្រាម​ក្នុង​អង្ករ​មួយ​គីឡូក្រាម មិន​អនុញ្ញាត​ឲ្យ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ទេ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម យល់​ថា ចំណាត់ការ​របស់​ក្រសួង ត្រួត​ពិនិត្យ​ស្រូវ​អង្ករ​រក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) គឺ​ជា​មធ្យោបាយ​ដែល​នឹង​ជួយ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ឆ្នាំ​២០១៧ ជោគជ័យ។ ប៉ុន្តែ​ប្រសិន​បើ​ក្រសួង​កសិកម្ម ធ្វើ​មិន​ជោគជ័យ​ករណី​ពិនិត្យ​ស្រូវ​តាម​ឃ្លាំង​អង្ករ​នោះ​ទេ អង្ករ​កម្ពុជា នឹង​ប្រឈម​ការ​បញ្ជូន​ពី​ទីផ្សារ​អឺរ៉ុប មក​ឲ្យ​កម្ពុជា វិញ ដូច​ករណី​ទំនិញ​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​បញ្ជូន​ទៅ​ឲ្យ​វៀតណាម វិញ​ដូច្នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល