ពលរដ្ឋខ្មែររាប់លាននាក់ នឹងរអិលធ្លាក់ខ្លួនក្រវិញភ្លាម ដោយសារផលប៉ះពាល់សេដ្ឋកិច្ច ពេលអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប។ អង់គ្លេសគ្រោងនឹងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបនេះ នៅចុងខែមីនា ខាងមុខនេះ។
តាមរបាយការណ៍របស់វិទ្យាស្ថានអភិវឌ្ឍអាល្លឺម៉ង់ (DIE) ចេញផ្សាយនៅដើមខែកុម្ភៈនេះ ឱ្យដឹងថា នៅពេលអង់គ្លេស ដកខ្លួនពីសហភាពអឺរ៉ុបនេះ ប្រទេសកម្ពុជា នឹងរងគ្រោះខ្លាំងជាងគេ ក្នុងចំណោមប្រទេសសមាជិកអាស៊ានចំនួនបួន រួមមានឡាវ ភូមា ឬមីយ៉ាន់ម៉ា និង ទីម័រខាងកើត ដែលសុទ្ធតែទទួលផលពីការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីអង់គ្លេស ដោយសារតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំង ទៅលើទីផ្សារអង់គ្លេស សម្រាប់ការនាំទំនិញ និងផលិតផលរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងអនុគ្រោះពន្ធ EBA។
សព្វថ្ងៃទំនិញ និងផលិតផលរបស់កម្ពុជា នាំចេញទៅអង់គ្លេស មាន ៧.៧% នៃការនាំចេញសរុបទៅទីផ្សារអន្តរជាតិ។ របាយការណ៍ដដែលរកឃើញថា ការបាត់បង់ការអនុគ្រោះពន្ធ ក្នុងការនាំចេញទំនិញ និងផលិតផលរបស់កម្ពុជា ទៅអង់គ្លេសនេះ នឹងធ្វើឱ្យផលទុនក្នុងស្រុកសរុប ឬ GDP របស់កម្ពុជា នឹងធ្លាក់ចុះ ១%។
មិនតែប៉ុណ្ណោះ វិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា នឹងបាត់បង់ ៣% ក្នុងការនាំចេញទៅអង់គ្លេស។ ការនាំចេញចំណីអាហារ ក៏នឹងធ្លាក់ចុះ ៤.១៤%។
ធនាគារពិភពលោក ធ្លាប់បានព្រមានប្រទេសកម្ពុជា ថា ចំនួនប្រជាពលរដ្ឋខ្មែរ ដែលងើបផុតយ៉ាងប្រផុតប្រផើយពីភាពក្រីក្រ ឬប៊ិះក្រនោះ ងាយនឹងរអិលធ្លាក់ទៅរកភាពក្រីក្រវិញ ដោយគ្រាន់តែជួបបញ្ហាសេដ្ឋកិច្ច ឬបញ្ហាវិបត្តិអ្វីផ្សេង តែបន្តិចប៉ុណ្ណោះ។ ការបាត់បង់ការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ជាមួយអង់គ្លេសនេះ គឺអាចជាបញ្ហាសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យពលរដ្ឋខ្មែរប៊ិះក្រ ធ្លាក់ខ្លួនក្រវិញ រាប់លាន់នាក់។
បើតាមតួលេខរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៤ រកឃើញថា ពលរដ្ឋខ្មែរ ៤លានកន្លះ កំពុងស្ថិតក្នុងស្ថានភាពប៊ិះក្រ ដែលងាយនឹងធ្លាក់ខ្លួនក្រវិញភ្លាម បើវិបត្តិអ្វីតែបន្តិចបន្តួច។ ប៉ុន្តែ បើតាមការរកឃើញ របស់អង្គការអន្តរជាតិពីរផ្សេងទៀត រួមមានអង្គការ UNDP និង អង្គការ GIZ កាលពីឆ្នាំ២០១៨ កន្លងទៅ ដែលបានរកឃើញអត្រាភាពក្រីក្រនៅកម្ពុជា នៅមានចន្លោះពី ២០-៣៥% នៅឡើយនោះ បានន័យថា ពលរដ្ឋខ្មែររហូតដល់កន្លះប្រទេស ឬ ៨លាននាក់ អាចនឹងរអិលធ្លាក់ខ្លួនក្រវិញភ្លាម ក្នុងស្ថានភាពវិបត្តិបែបនេះ។
ប្រទេសអង់គ្លេសជាសមាជិកមួយ ក្នុងចំណោមសមាជិក ២៨ ប្រទេសនៃសហភាពអឺរ៉ុប។ ប៉ុន្តែ កាលពីខែមិថុនា ឆ្នាំ២០១៦ ពលរដ្ឋអង់គ្លេសជាង ៥០% (៥១.៩%) គាំទ្រការធ្វើប្រជាមតិ ឱ្យអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប។
កម្ពុជាទទួលបានផលប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែសព្វាវុធ ឬ EBA ពីអង់គ្លេសដោយសារតែ អង់គ្លេសនៅជាសមាជិករបស់សហភាពអឺរ៉ុប និង ជាប់កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
ពេលអង់គ្លេសដកខ្លួនពីសហភាពអឺរ៉ុប ប្រទេសនេះលែងជាប់កាតព្វកិច្ចនេះទៀតហើយ ហើយកម្ពុជានឹងបាត់បង់អត្ថប្រយោជន៍នៃប្រព័ន្ធអនុគ្រោះពន្ធនេះ។
ស្របពេលដែលកម្ពុជាប្រឈមនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយស្វ័យប្រវត្តិ ពេលអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប កម្ពុជាប្រឈមនឹងគ្រោះថ្នាក់មួយធំជាងនេះទៀត នៅពេលដែលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីរបបលោក ហ៊ុន សែន បាននៅឡើយទេ អំពីផលប៉ះពាល់នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់អះអាងជាប្រចាំថា កម្ពុជាមិនស្លាប់ទេ ទោះអត់មានការអនុគ្រោះពន្ធនេះ ក៏ដោយ៕