អាជ្ញាធរ​អប្សរា​ថា នឹង​កែ​លម្អ​តំបន់​អង្គរ​ឡើងវិញ នៅ​ឆ្នាំ​២០២០ បន្ទាប់ពី​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ខ្លាំង

ដោយ ហេង រស្មី
2020-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។
អ្នកទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។
RFA

អាជ្ញាធរ​អប្សរា​អះអាង​ថា នឹង​រៀបចំ​កែ​លម្អ​សោភ័ណភាព​បរិវេណ​ប្រាសាទអង្គរវត្ត និង​រៀបចំ​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច ដើម្បី​ផ្ដល់​សេវាកម្ម​ផ្សេងៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ នៅ​ឆ្នាំ២០២០​នេះ​។ ចំណែក​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ និង​ស្ថិរភាព​នយោបាយ​ឡើងវិញ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ ដែល​កំពុង​ធ្លាក់​ចុះ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី១ មករា​ថា អាជ្ញាធរ​អប្សរា គ្រោង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ទឹក​ដោយ​ស្វ័យប្រវត្តិ នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត ដោយ​ប្រើ​​ទឹក​ក្នុង​កសិណ​អង្គរ ដើម្បី​ស្រោចស្រព​ស្មៅ និង​រុក្ខជាតិ​នៅ​រដូវប្រាំង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ដាំ​ដើមឈើ និង​ដាំ​ស្មៅ​ឡើងវិញ នៅ​បរិវេណ​ប្រាសាទ​អង្គរ និង​កែលម្អ​សោភ័ណភាព ចំណតរថយន្ត​នៅខាងមុខ​អង្គរ ជាពិសេស​កសាង​ផ្លូវ និង​ជួសជុល​ផ្លួ​វ​មួយចំនួន នៅ​តំបន់​អង្គរ​ឱ្យ​ប្រសើរ​ឡើងវិញ​។ បន្ថែម​ពីនេះ អាជ្ញាធរ​អប្សរា នឹង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ បង្កើត​កញ្ចប់​សេវាកម្ម​ទេសចរ និង​គោលដៅ​ទេសចរ នៅ​ឆ្ងាយ​ពី​តំបន់​អង្គរ​៖ «យើង​ធ្វើការ​រួមគ្នា​ជាមួយ​ក្រសួង​ទេសចរ ដើម្បី​បង្កើត​សេវាកម្ម​កញ្ចប់​ទេសចរ​ដោយ គិត​ឱ្យ​ដំណើរការ​ទស្សនា​ហ្នឹង​លើស​ពី អ្វី​ដែល​មាន​ក្នុង​តំបន់​ប្រាសាទ​។ មានន័យថា គោលដៅ​ទេសចរ ឬ​សេវាកម្ម​ទេសចរ​ផ្សេងៗ​ទៀត ឱ្យ​ចេញ​ឆ្ងាយ​ពី​តំបន់​ប្រាសាទ​ដើម្បី​ឱ្យ​សេវាកម្ម​ទាំងអស់​ហ្នឹង​កាត់​តែ​មាន​ភាព​ទាក់ទាញ និង​ចម្រុះ លាយ​គេ​ហៅថា សំបូរ​បែប​។ នេះ​ហើយ​ជា ផែនការ​សកម្មភាព ប្រចាំ​ឆ្នាំ ដែល​យើង​នឹង​ត្រូវ​ធ្វើ»

ចំពោះ​សំណួរ​ដែល​សួរ​ថា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចាត់ទុកថា វិបត្តិ​នយោបាយ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ តើ​លោក​យល់​យ៉ាងណា​? អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​រូប​នេះ​ឆ្លើយ​ថា អាជ្ញាធរ​អប្សរា​ជា​មន្ត្រី​បច្ចេកទេស ដែល​ធ្វើ​កិច្ច​ការងារ​រឿង​បេតិកភណ្ឌ និង​វប្បធម៌ ពុំ​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ​ទេ​។ លោក​បញ្ជាក់​ថា អ្វី​ដែល​អាជ្ញាធរ​កំពុង​ធ្វើជា​ភារកិច្ច​ដែល​រដ្ឋាភិបាល​ប្រគល់​ជូន​។ លោក​អះអាង ចំពោះ​បញ្ហា​ផ្លូវថ្នល់ អាជ្ញាធរ​បាន​រៀបចំ​កែ​លម្អ និង​ស្ថាបនា ជា​រឿង​រាល់ថ្ងៃ ហើយ​នៅ​រដូវវស្សា​ឆ្នាំនេះ លោក​អះអាង​ថា នឹង​គ្មាន​ផ្លូវ​ណា មួយ​មាន​ទឹក​ដក់ និង​ជង្ហុក​ទៀត​ទេ​៖ «ខ្ញុំ​សូម​ធ្វើ​ការ​​អះអាង ជូន​លោក​ឱ្យ​បាន​ច្បាស់ ម៉ោង​ថ្មើរ​នេះ​គឺថា រឿង​ផ្លូវ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ គឺជា​ភារកិច្ច​ប្រចាំថ្ងៃ ដែល​ក្រុមការងារ​ជំនាញ​ខាង​ផ្នែក​ផ្លូវថ្នល់ អាជ្ញាធរ​អប្សរា​ហ្នឹង រៀបចំ​អនុវត្ត​ការ​ងារ​​បាន​យ៉ាង​ល្អជា​រៀងរាល់ថ្ងៃ​។ ការអនុវត្ត​កិច្ច​ការងារ ត្រូវ​មាន​គម្រោង ជំហាន របៀប​ដើរ និង​របៀប​ធ្វើ ទាំង​បច្ចេកទេស ទាំង​ធនធាន​ថវិកា​។ ស្ថានភាព​ផ្លូវថ្នល់​ក្នុង​រយៈពេល ១​ឆ្នាំ ២​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ធ្វើ​ច្រើន​ហើយ​។ ខ្ញុំ​ជឿជាក់​ថា នៅ​រដូវវស្សា​ឆ្នាំនេះ​គ្មាន​ទឹក​ដក់ ឬ​ជង្ហុក​ទៀត​ទេ»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ឱ្យ​ដឹង​ថា អំឡុង​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ២​លាន ២​សែន​នាក់ (.២០៥.៦៩៧) បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ទទួល​បាន​ចំណូល​ប្រមាណ ជិត ១០០​លាន​ដុល្លារ ( ៩៩.០៨៨.៨៩៤​ដុល្លារ​)​។ ទោះជា​យ៉ាងណា ចំនួន​អ្នកទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ មានការ​ថយ​ជិត ១៥​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នេះ រដ្ឋាភិបាល​ត្រូវ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ស្ដារ​​សន្តិសុខ​សង្គម និង​សេវាកម្ម​ភ្ញៀវ​ទេសចរ​ឡើង​វិញ​ ជាពិសេស ​រដ្ឋាភិបាល​ត្រូវ​ស្ដារ​ឡើងវិញ នូវ​វិបត្តិ​នយោបាយ​ជាតិ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​។ លោក​មើល​ឃើញ​ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន បាន​បង្ខំចិត្ត​បិទទ្វារ និង​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ដោយសារតែ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​។ លោក​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា ឱ្យ​អន្តរជាតិ​សម្លឹង​ឃើញ​ថា កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ៖ «វិបត្តិ​នយោបាយ បើសិនជា ភ្ញៀវ​ទេសចរ​មុន​មក​ប្រទេស​ណាមួយ គឺ​គេ​មើល​ស្ថិរភាព​នយោបាយ​ចម្បង​ជាងគេ បន្ទាប់មក​គេ​មើល​សេវាកម្ម​ទេសចរ​នៅ​ប្រទេស​ហ្នឹង បន្ទាប់មក​គេ​មើល​ស្ថានភាព​សន្តិសុខ​។ សូម​ឆ្នាំ​ថ្មី​នេះ សូម​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ស្តារ​ឡើងវិញ ធ្វើ​យ៉ាងណា​ឱ្យ​កំណែទម្រង់​វិស័យ​ទេសចរ ឱ្យ​ភ្ញៀវ​ទេសចរ​មាន​ទំនុក​ចិត្ត ធ្វើ​ឱ្យ​អ្នក​ទទួល​ផល​វិស័យ​ទេសចរ​ហ្នឹង​មាន​ក្តី​សង្ឃឹម​ឡើងវិញ ក្នុង​ឆ្នាំ​២០២០​នេះ​តទៅ»

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា នៅ​ខេត្ត​សៀមរាប មាន​សណ្ឋាគារ ឬ​កន្លែង​ផ្ដល់​សេវាកម្ម​ស្នាក់នៅ​ជាង ៥០០​កន្លែង និង​មាន​បន្ទប់​គេង​ចំនួន ២​ម៉ឺន​បន្ទប់​។ ក្រុម​មគ្គុទ្ទេសក៍​បង្ហើប​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​អឺរ៉ុប កូរ៉េ និង​ជប៉ុន ធ្លាក់​ចុះ​ច្រើន ជំនួស​ដោយ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​មាន​ភ្ញៀវ​ទេសចរ​ខ្លះ បាន​បង្វែរ​ទិសដៅ​ទៅ​ថៃ និង​វៀតណាម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល