សាលា​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ខែ​វិច្ឆិកា

អាស៊ីសេរី
2018-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១ ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។
ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១ ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។
Photo provided

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក អំបុក នឹង​ប្រារព្ធ​រៀបចំ​រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង។ ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​បើកឱកាស​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម កម្សាន្ត​សប្បាយ​រីករាយ និង​អបអរ​តាម​ប្រពៃណី​ជាតិ ដោយ​មាន​បណ្ដែត​ប្រទីប អុច​កាំជ្រួច និង សម្ដែង​សិល្បៈ​ធម្មតា​ទាំង ៣​ថ្ងៃ។

សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ​ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា បាន​ណែនាំ​ឲ្យ​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​-​អង្គភាព​ជំនាញ ត្រូវ​រៀបចំ​តុបតែង​តាម​ទម្រង់​នៃ​ពិធីបុណ្យ អុំទូក និង​ត្រូវ​ធ្វើ​ការ​ជូន​ដំណឹង​ដល់​មូលដ្ឋាន​ដែល​មាន​ទូកង និង​ទូក​មួង ឲ្យ​ធ្វើការ​ហ្វឹកហាត់​សាក ល្បង និង​ធ្វើ​ប្រវត្តិរូប​សង្ខេប​ទូក​នីមួយៗ និង​បញ្ជីរាយនាម​អ្នក​អុំ ដើម្បី​ដាក់​ជូន​ទៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

សាលា​រាជ​នី​ភ្នំពេញ ក៏​ស្នើ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​រៀបចំ​ផែនការ​ការពារ​សុវត្ថិភាព សន្តិសុខ និង​រៀបចំ សណ្ដាប់ធ្នាប់​សាធារណៈ​របៀបរៀបរយ និង​ចរាចរណ៍​មុន ក្នុង និង​ក្រោយ​ពេល​ព្រះរាជ​ពិធីបុណ្យ អុំទូក ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​អោយ​ប្រជាពលរដ្ឋ​ចូលរួម​បាន​ច្រើន​កុះករ។

ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​ជា មរតក​វប្បធម៌​ដូនតា​បាន​បន្សល់ទុក​តាំងពី​សម័យ​បុរាណ​យូរលង់​ណាស់​មក​ហើយ។ សព្វថ្ងៃ​ពិធី បុណ្យ​នេះ ត្រូវ​បាន​ពលរដ្ឋ​ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់ទុកថា​ជា​បុណ្យ​ប្រពៃណី​វប្បធម៌​ជាតិ​ដ៏ ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត។ ទោះយ៉ាងណា​ក្តី ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជា ពលរដ្ឋ​ហាក់​មិនសូវ​ចូលរួម​ច្រើន​កុះករ​ឡើយ ដោយសារតែ​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ផង និង​ជាពិសេស​គឺ​ខ្លាចរអា​រឿង​សុវត្ថិភាព និង​អសន្តិសុខ​ចោរលួច​ឆក់​ប្លន់ តែងតែ​កើតមាន​ជាច្រើន ករណី ប៉ុន្តែ​សមត្ថកិច្ច​គ្មាន​លទ្ធភាព​ទប់ស្កាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល