ព្រះសង្ឃ​និង​អ្នក​ភូមិ​បារម្ភ​ខ្លាច​មនុស្ស​១​ក្រុម​គំរាម​គាស់​យក​វត្ថុ​មាន​តម្លៃ​ក្នុង​វត្ត​ធម្មិស្សរារាម

ដោយ ហង្ស សាវយុត
2017-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី ក្នុង​ភូមិ​ដូនទាវ ឃុំ​រលួស នៃ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ព្រះភិក្ខុ ទូច សុខចន្ទ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧។
ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី ក្នុង​ភូមិ​ដូនទាវ ឃុំ​រលួស នៃ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ព្រះភិក្ខុ ទូច សុខចន្ទ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ជុំវិញ​វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី នាំ​គ្នា​ព្រួយ​បារម្ភ​ខ្លាច​គេ​មក​គាស់​យក​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​បរិវេណ​វត្ត យក​ទៅ​ជួញដូរ​ខុស​ច្បាប់​នៅ​ថ្ងៃ​ណា​មួយ។ ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​មាន​មនុស្ស​មួយ​ក្រុម​បាន​ចូល​ទៅ​ក្នុង​ទី​វត្ត​នោះ ហើយ​បញ្ចុះបញ្ចូល​គណៈកម្មការ​អាចារ្យ​វត្ត និង​ព្រះសង្ឃ សុំ​ជីក​កំណប់​ក្នុង​ដី​យក​វត្ថុ​មាន​តម្លៃ ដែល​គេ​ដឹង​ថា​មាន​នៅ​ក្នុង​បរិវេណ​វត្ត​នោះ។

តើ​វត្ថុ​មាន​តម្លៃ​ដែល​កប់​នៅ​ក្នុង​បរិវេណ​វត្ត​នោះ គឺ​ជា​អ្វី?

ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី ក្នុង​ភូមិ​ដូនទាវ ឃុំ​រលួស នៃ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា រយៈពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ៤​នាក់ តែង​មក​ជួប​ផ្ទាល់ និង​ទូរស័ព្ទ​ទាក់ទង​ផង ដើម្បី​សុំ​គាស់​យក​វត្ថុ​មាន​តម្លៃ​ដែល​គេ​អះអាង​ថា​មាន​កប់​ក្រោម​ដី​នៅ​ក្នុង​ទី​វត្ត​នោះ។

ការ​រំអុក​សុំ​គាស់​យក​កំណប់​ក្រោម​ដី​របស់​មនុស្ស​មួយ​ក្រុម​នោះ​ម្ដង​ហើយ​ម្ដង​ទៀត បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​នោះ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ព្រម​ទាំង​ភ័យ​ខ្លាច​ជន​ទាំងនោះ​នាំ​គ្នា​មក​គំរាម និង​គាស់​យក​វត្ថុ​ដែល​ពួក​គេ​ត្រូវការ​យក​ទៅ​បាត់ ដោយ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ការពារ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី គឺ​ព្រះភិក្ខុ ទូច សុខចន្ទ។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា កាល​ពី​សប្ដាហ៍​មុន មាន​មនុស្ស​មួយ​ក្រុម​ដែល​គេ​ប្រាប់​ថា​មក​ពី​ទីក្រុង​ភ្នំពេញ បាន​ចូល​មក​ក្នុង​វត្ត​របស់​ព្រះអង្គ ហើយ​សុំ​ធ្វើ​បុណ្យ​ផ្កា​ប្រាក់។ ជន​ទាំងនោះ​គ្រាន់​តែ​សុំ​គណៈកម្មការ​វត្ត​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ភ្លាម គឺ ៣​ថ្ងៃ​ក្រោយ​មក ស្រាប់​តែ​នាំ​គ្នា​បើក​ឡាន​ជាច្រើន​គ្រឿង​ចូល​មក​ក្នុង​ទី​វត្ត​តែ​ម្ដង ហើយ​យក​លុយ​ចំនួន ១​លាន​រៀល​មក​ប្រគេន​ព្រះសង្ឃ ហើយ​ថា​នេះ​ជា​បច្ច័យ​បុណ្យ​ផ្កា​ប្រាក់។

ព្រះភិក្ខុ ទូច សុខចន្ទ បញ្ជាក់​ទៀត​ថា ព្រះអង្គ​បាន​សង្ស័យ​ទៅ​លើ​សកម្មភាព​ជន​ទាំងនោះ ស្រាប់​តែ​ជន​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ប្រាប់​ថា គោល​បំណង​របស់​ពួក​គេ គឺ​មក​សុំ​ជីក​យក​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​ទី​វត្ត​នេះ។ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត មាន​ថេរ​ដីកា​ទៀត​ថា ព្រះអង្គ​បាន​ជំទាស់​នឹង​ការ​សុំ​ជីក​យក​កំណប់​នេះ ក៏ប៉ុន្តែ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ជន​នោះ​នៅ​តែ​ទូរស័ព្ទ​មក​រំអុក ប៉ុន្តែ​ព្រះអង្គ​មិន​ដឹង​ថា​វត្ថុ​មាន​តម្លៃ​ដែល​គេ​ចង់​បាន​នោះ​ជា​អ្វី​ទេ៖ «អាត្មា​សួរ​ដែរ​ថា របស់​នោះ​ជា​អ្វី? ប៉ុន្តែ​គេ​ឆ្លើយ​ថា​មិន​បាច់​ចង់​ដឹង​ថា​វត្ថុ​នោះ​ជា​អ្វី​ទេ គ្រាន់​តែ​ប្រាប់​ថា​វត្ថុ​នោះ គឺ​ជា​របស់​មាន​តម្លៃ​ដែល​ពួក​គេ​ចង់​បាន»

វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី ក្នុង​ភូមិ​ដូនទាវ ឃុំ​រលួស នៃ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth
វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី ក្នុង​ភូមិ​ដូនទាវ ឃុំ​រលួស នៃ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth Photo: RFA

អាស៊ីសេរី បាន​សួរ​រក​លេខ​ទូរស័ព្ទ​មនុស្ស​មួយ​ក្រុម​ដែល​ព្យាយាម​ទៅ​ជីក​កំណប់​នោះ ប៉ុន្តែ​ទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មិន​ស្គាល់​លេខ​ទូរស័ព្ទ​ជន​នោះ​ទេ ដោយ​គេ​និយាយ​ថា ជន​នោះ​ដូរ​លេខ​ទូរស័ព្ទ​ជាច្រើន ពីព្រោះ​ពេល​ហៅ​មក​ម្ដង​គេ​ដូរ​លេខ​ខុស​គ្នា​ទាំងអស់។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​រស់នៅ​ជុំវិញ​វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី បាន​ដឹង​រឿង​មនុស្ស​ដែល​គេ​មិន​ធ្លាប់​ស្គាល់​ចង់​ទៅ​ជីក​យក​កំណប់​ក្នុង​វត្ត គឺ​ពួក​គេ​សង្ស័យ​ថា ប្រហែល​ជា​ក្រុម​នោះ​ជា​ពួក​ជួញដូរ​វត្ថុ​បុរាណ។

អ្នក​ភូមិ​ដូនទាវ លោកស្រី ចៅ ទូច មាន​ប្រសាសន៍​ថា ប្ដី​របស់​លោកស្រី គឺ​ជា​គណៈកម្មការ​វត្ត​ថ្មី​នោះ ហើយ​មនុស្ស​មួយ​ក្រុម​ដែល​ចង់​ជីក​កំណប់ ក៏​ធ្លាប់​មក​ជួប​ប្ដី​របស់​គាត់​ដែរ ប៉ុន្តែ​គាត់​មិន​បាន​ថត​រូប​មនុស្ស​ទាំងនោះ​ទុក។ ស្ត្រី​ដដែល​បញ្ជាក់​ថា ជាច្រើន​លើក មនុស្ស​មួយ​ក្រុម​នោះ​តែង​ទូរស័ព្ទ​មក​ចរចា​ជាមួយ​ប្ដី​របស់​គាត់ ដោយ​គេ​ប្រាប់​ថា​គេ​មាន​ឋានៈ​ផ្កាយ​២ ប៉ុន្តែ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ៖ «ក្រុម​នោះ​ចេះ​តែ​ទូរស័ព្ទ​ទាក់ទង​មក​ប្ដី​របស់​ខ្ញុំ បើ​ទោះ​បី​ជា​ប្ដី​របស់​ខ្ញុំ​ប្រាប់​ថា អត់​ពាក់ព័ន្ធ​ក៏ដោយ ក៏​គេ​នៅ​តែ​ទូរស័ព្ទ​មក។ ក្រុម​នោះ​ថា​បើ​សិន​ជា​ឲ្យ​គេ​គាស់ គេ​នឹង​យក បើ​មិន​ឲ្យ​ក៏​គេ​នាំ​កម្លាំង​ទៅ​គាស់​យក​ដែរ»

អ្នក​ភូមិ​តាប្រាក់ នៃ​ឃុំ​មានជ័យ ម្នាក់​ទៀត​ដែល​ចេញ​ចូល​ទៅ​វត្ត​ជា​ញឹកញាប់ លោកស្រី ចៅ ថាវ មាន​ប្រសាសន៍​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រុម​អ្នក​រក​ស៊ី​ជួញដូរ​វត្ថុ​បុរាណ មក​គំរាម​កំហែង​គាស់​យក​វត្ថុ​មាន​តម្លៃ​ដែល​មាន​កប់​នៅ​ក្នុង​ទី​វត្ត​នោះ​នៅ​ពេល​ណា​មួយ។ ស្ត្រី​ដដែល​បញ្ជាក់​ថា តាំង​ពី​មាន​មនុស្ស​ចម្លែក​ចូល​មក​សុំ​គាស់​កំណប់​ក្នុង​វត្ត គឺ​គាត់​ភ័យ​ខ្លាច​បាត់បង់​វត្ថុ​មាន​តម្លៃ និង​វត្ថុ​បុរាណ​ទាំងឡាយ ហើយ​គាត់​ខំ​យក​ភ្លេង​ពិណពាទ្យ​ទៅ​បែរបន់​បួងសួង​នៅ​ត្រង់​ព្រះវិហារ​នៃ​វត្ត​នោះ​ផង។

លោកស្រី ចៅ ថាវ បញ្ជាក់​ថា ថ្វីត្បិតតែ​រូប​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​គាត់​ស្រឡាញ់​វត្ថុ​បុរាណ​ដែល​ជា​កេរ​ដំណែល​ដូនតា​ណាស់ ហើយ​ប្រសិន​បើ​ក្នុង​វត្ថុ​នេះ​មាន​កំណប់​វត្ថុ​បុរាណ​មែន បើ​ទោះ​បី​ជា​ជន​នោះ​ឲ្យ​លុយ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​សម្រាប់​ទិញ​ទឹក​ចិត្ត​ក៏ដោយ ក៏​អ្នក​ភូមិ​ដូច​គាត់​មិន​លក់​សម្បត្តិ​ជាតិ​ទេ៖ «បាន​អី​ទ្រទ្រង់​ទៀត បើ​អស់​វត្ថុ​បុរាណ​នៅ​ក្នុង​វត្ត​ហើយ ដូច្នេះ​ខ្ញុំ​ជា​ប្រជារាស្ត្រ ឧបាសិកា​នៅ​ក្នុង​វត្ត​ធម្មិស្សរារាម នេះ ដាច់ខាត​មិន​ឲ្យ​គាស់​យក​ទេ បើ​ទោះ​បី​ជា​អ្នក​ឯង​យក​អ្វី​មក​គំរាម​ក៏ដោយ»

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ​រលួស ព្រម​ទាំង​សមត្ថកិច្ច មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ជាដើម ជួយ​បញ្ជូន​កម្លាំង​ទៅ​ឃ្លាំ​មើល​សកម្មភាព​អ្នក​ដែល​ប៉ុនប៉ង​ជីក​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​ទី​វត្ត​នោះ​ផង។

អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង លោក មិន ចាន្ថា មាន​ប្រសាសន៍​ថា ជុំវិញ​រឿង​ដែល​ថា​មាន​អ្នក​ចង់​ទៅ​គាស់​កំណប់​នៅ​ក្នុង​ទី​វត្ត​ថ្មី​នោះ គឺ​លោក​គ្រាន់​តែ​បាន​ទទួល​ព័ត៌មាន​ជាច្រើន​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​វា​មិន​ទាន់​ឃើញ​លេច​ចេញ​ជា​សកម្មភាព​ពិត​ណា​មួយ​នៅ​ឡើយ​ទេ។ លោក​ហាក់​មិន​ជឿ​ថា សម័យ​នេះ​ទៅ​ហើយ​នៅ​មាន​មនុស្ស​ដើរ​រក​វត្ថុ​បុរាណ​យក​ទៅ​ជួញដូរ​ទៀត​ទេ គឺ​វា​ហួស​សម័យ​កាល​ទៅ​ហើយ៖ «ខ្ញុំ​ប្រាប់​មេ​ឃុំ​រលួស ព្រម​ទាំង​ប៉ូលិស​ប៉ុស្តិ៍​ហើយ ថា​ឲ្យ​ឃ្លាំ​មើល បើ​មាន​សភាព​មិន​ស្រួល ត្រូវ​រាយការណ៍​មក​ខ្ញុំ​ភ្លាម។ ប្រយ័ត្ន​ចាញ់​បោក! ខ្ញុំ​ខ្លាច​តែ​ក្រុម​មនុស្ស​ចូល​មក​បង្ក​ការ​អុកឡុក​ឲ្យ​ជ្រួលច្របល់​មុន​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ​ទេ»

វត្ត​ធម្មិស្សរារាម ហៅ​វត្ត​ថ្មី នៅ​ភូមិ​ដូនទាវ ឃុំ​រលួស គឺ​ជា​វត្ត​បុរាណ​មួយ​ក្នុង​ចំណោម​វត្ត​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្នុង​អតីត​រាជធានី​ហរិហរាល័យ ប៉ុន្តែ​ជាច្រើន​ជំនាន់​មក​ហើយ រហូត​មក​ដល់​ពេល​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ប្រាកដ​ថា នៅ​ក្នុង​បរិវេណ​នៃ​វត្ត​នោះ​នៅ​មាន​សេសសល់​វត្ថុ​បុរាណ​អ្វី​ខ្លះ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល