ចាស់ទុំ និងពលរដ្ឋមួយចំនួនរស់នៅខេត្តស្ទឹងត្រែង ព្រួយបារម្ភពីការថយចុះប្រពៃណីវប្បធម៌ខ្មែរ បន្សល់តាំងពីដើមមក ដែលគេនិយមលេងល្បែងប្រជាប្រិយដូចជា ទាញព្រ័ត្រ បោះអង្គញ់ និង ចោលឈូងជាដើម ស្របគ្នាទៅនឹងព្រឹត្តិការណ៍សង្ក្រាន្ត។ ពួកគេសង្កេតឃើញថា យុវជនភាគច្រើនតែងជួបជុំគ្នា ផឹកស៊ីតាមផ្ទះ និងដើរកម្សាន្តតាមរមណីយដ្ឋាននានា ហាក់មិនខ្វល់ លេងល្បែងប្រជាប្រិយខ្មែរ។
ចាស់ទុំ និងពលរដ្ឋមួយចំនួនរស់នៅខេត្តស្ទឹងត្រែងអំពាវនាវឲ្យយុវជន និងពលរដ្ឋខ្មែរ នាំគ្នាលេងល្បែងប្រជាប្រិយ ស្របគ្នាទៅនឹងព្រឹត្តិការណ៍សង្ក្រាន្ត ក្នុងបំណងអភិរក្ស ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យគង់វង្ស។ ការលើកឡើងនេះ បន្ទាប់ពីពួកគេសង្កេតឃើញថា យុវវ័យភាគច្រើនមិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយនៅតាមវត្តអារាម និងសាលារៀននោះទេ បែរជាជុំជួបគ្នាតាមផ្ទះសេពគ្រឿងស្រវឹង ដែលជាហេតុងាយនឹងកើតមានបាតុភាព គ្រោះថ្នាក់ចរាចរណ៍។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង លោក តែន ថន ឲ្យដឹងនៅថ្ងៃទី១៤ មេសាថា យុវជនរស់នៅក្រុងស្ទឹងត្រែងភាគច្រើន បាននាំគ្នាទៅ រាំធុងបាសនៅពេលយប់ និងដើរលេងកម្សាន្តតាមរមណីដ្ឋាននានា ក្នុងពិធីបុណ្យចូលខ្មែរ។ រីឯការលេងល្បែងប្រជាប្រិយ ហាក់ត្រូវបានពួកគេមើលរំលង និងមិនសូវចាប់អារម្មណ៍ទេ។ លោកថា ចលនាបំផុសការលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ និងវាយក្អមជាដើម របស់អាជ្ញាធរពាក់ព័ន្ធ ហាក់នៅមានកម្រិតទាបនៅឡើយ ដែលជាផ្នែកមួយ នាំឲ្យប្រពៃណីអត្តសញ្ញាណជាតិធ្លាក់ចុះ៖ «ថ្នាក់ដឹកនាំគាត់អត់បានគិតគូររឿងហ្នឹងទេ ល្បែងប្រជាប្រិយនឹងបាត់បង់ហើយ ឃើញតែមានរាំធុងបាស តែរហូត ធ្វើឲ្យយុវវ័យក្មេងៗ ជំនាន់ក្រោយ លែងស្គាល់ល្បែងប្រជាប្រិយអស់ហើយ។ ខ្ញុំមានការព្រួយបារម្ភតទៅថ្ងៃមុខ បើសិនជាចាស់ៗ មុនគាត់អត់បំផុសឲ្យក្មេងៗ ជំនាន់ក្រោយស្គាល់ល្បែងប្រជាប្រិយទេ យូរទៅខ្ញុំគិតថា នឹងបាត់បង់»។
ពលរដ្ឋម្នាក់ទៀត រស់នៅក្រុងស្ទឹងត្រែង លោក តឹក ភារម្យ ឲ្យដឹងថា នៅមុនបុណ្យចូលឆ្នាំខ្មែរ ក្រុមយុវជន សិស្សានុសិស្សមួយចំនួន បានរួមគ្នារៀបចំពិធីព្រឹត្តិការណ៍សង្ក្រាន្ត នៅតាមសាលារៀន និងតាមទីសាធារណៈមួយចំនួនដែរ ប៉ុន្តែពួកគេមិនសូវលេងល្បែងប្រជាប្រិយនោះទេទៀតសោត គឺនាំគ្នាលេងបាញ់ទឹក និងរាំធុងបាសជាដើម។ លោកគិតថា អាជ្ញាធរពាក់ព័ន្ធ និងយុវជន ដើរតួនាទីសំខាន់ បំផុសចលនា លេងល្បែងប្រជាប្រិយ ស្របនឹងព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីលើកស្ទួយប្រពៃណីវប្បធម៌ និងទាញអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន៖ «ការដែលពលរដ្ឋមួយចំនួនអត់សូវខ្វល់ខ្វាយ ចាប់អារម្មណ៍ការលេងប្រជាប្រិយខ្មែរ ការរក្សា ជួយជំរុញ ការលេង ការបង្ហាញពីប្រពៃណីវប្បធម៌ ការលេងល្បែងប្រជាប្រិយហ្នឹង។ គាត់តែងជួបជុំគ្នា លើកកែវស្រាផឹក វាពិបាកណាស់ ហើយប្រឈមមួយទៀត ពេលដែលគាត់ផឹកស៊ីស្រវឹងបើកបរ ប្រឈមមួយទៀតពេលដែលគាត់ធ្វើចរាចរណ៍»។
មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននាំគ្នាទិញសម្ភារៈ ប្រើប្រាស់ នំចំណី អាហារ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ដែលប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។ រីឯអាជីវករលក់ដូរនៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង មានភាពមមាញឹកលក់ទំនិញ ខណៈដែលពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ប្រមាណ ៤០ភាគរយ បាននាំគ្នាចេញទៅស្រុកកំណើត។
អាជ្ញាធរខេត្តស្ទឹងត្រែង បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអបអរបុណ្យចូលឆ្នាំខ្មែរ នៅមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង និងតាំងពិព័រណ៍ លក់សម្ភារៈអនុស្សាវរីយ៍។ ចំណែកនៅតាមវត្តអារាមនានា មានចាក់ធុងបាស រាំកម្សាន្តពេលរាត្រី និងបណ្ដែតប្រទីបជាដើម។
ក្នុងពេលកន្លងទៅអាជ្ញាធរខេត្តស្ទឹងត្រែង បានលើកទឹកចិត្តឲ្យយុវជន និងពលរដ្ឋ នាំគ្នា លេងល្បែងប្រជាប្រិយ បំណងរក្សាប្រពៃណីខ្មែរ បុណ្យចូលឆ្នាំឲ្យកាន់តែប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរនិងលើកស្ទួយវប្បធម៌ បង្កើនភាពសប្បាយរីករាយ និងសាមគ្គីភាពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។