ការ​បំពេញ​កាតព្វកិច្ច​បួស​របស់​សាសនិក​ឥស្លាម​ក្នុង​ខែ​រ៉ាម៉ាដន

ដោយ ទីន ហ្សាការីយ៉ា
2017-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចាម ជួប​ជុំ​គ្នា​នៅ​ក្នុង​ពិធី​ស្រាយ​បួស នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ RFA/Tin Zakariya
ជនជាតិ​ចាម ជួប​ជុំ​គ្នា​នៅ​ក្នុង​ពិធី​ស្រាយ​បួស នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ RFA/Tin Zakariya
RFA/Tin Zakariya

សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​បាន​បំពេញ​កាតព្វកិច្ច​បួស​នៅ​ក្នុង​ខែ​ដ៏​ពិសិដ្ឋ គឺ​ខែ​រ៉ាម៉ាដន (Ramadan) ដែល​ជា​ខែ​តម​ចំណី​អាហារ ឬ​ហៅ​ថា បួស។ ការ​តម​ចំណី​អាហារ​របស់​សាសនិក​ឥស្លាម ឬ​បួស គឺ​ធ្វើ​ពេញ​មួយ​ថ្ងៃ​ក្នុង​រយៈពេល​មួយ​ខែ។ សម្រាប់​នៅ​កម្ពុជា ជនជាតិ​ចាម ឬ​អ្នក​កាន់​សាសនា​ឥស្លាម បាន​ចាប់​ផ្ដើម​បួស​តាំង​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ឧសភា មក។

នៅ​ក្នុង​ខែ​បួស​នេះ សាសនិក​ឥស្លាម​មិន​ត្រឹម​តែ​បួស​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពួកគាត់​បាន​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត ដោយ​មាន​ជំនឿ​ថា ទង្វើ​ល្អ​នៅ​ក្នុង​ខែ​នេះ នឹង​ទទួល​បាន​ការ​តបស្នង​ផល​បុណ្យ​ដ៏​ច្រើន​លើសលប់​ពី​ព្រះ​អល់ឡោះ។

​តើ​សាសនិក​ឥស្លាម​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ខែ​រ៉ាម៉ាដន ឬ​ខែ​បួស​នេះ?

​ការ​តម​ចំណី​អាហារ ឬ​បួស​នៅ​ពេល​ថ្ងៃ គឺ​ជា​កាតព្វកិច្ច​របស់​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ដែល​បួស​មាន​លក្ខណៈ​ដូចគ្នា​ទាំង​អស់ ពីព្រោះ​ថា ការ​បួស​នេះ​ជា​កាតព្វកិច្ច​ទី​៤ នៅ​ក្នុង​មូលដ្ឋានគ្រឹះ​ទាំង​៥ របស់​សាសនា​ឥស្លាម។ សម្រាប់​នៅ​កម្ពុជា សាសនិក​ឥស្លាម​បាន​បំពេញ​កាតព្វកិច្ច​បួស​មាន​រយៈពេល​ជិត ៣០​ថ្ងៃ​ហើយ​មក​ទល់​ពេល​នេះ។

មនុស្ស​ទូទៅ នៅ​ពេល​ឮ​ថា​បួស​តាម​ក្បួន​ច្បាប់​ឥស្លាម ប្រាកដ​ជា​ពោល​ពាក្យ​ថា លំបាក ឬ​មិន​អាច​ធ្វើ​បាន​ចំពោះ​ការ​តមចំណី​អាហារ​ពេល​ថ្ងៃ​សូម្បី​តែ​ទឹក។ ក៏ប៉ុន្តែ​ចំពោះ​អ្នក​ប្រកាន់​សាសនា​ឥស្លាម​វិញ ពួកគាត់​មាន​ក្ដី​រំភើប​ទទួល​ស្វាគមន៍​ខែ​នេះ​មក​ដល់​យ៉ាង​សប្បាយ​រីករាយ​ឥត​រួញរា ដោយសារ​តែ​គេ​យល់​ថា ខែ​នេះ​ជា​ខែ​ដ៏​ពិសិដ្ឋ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង ដែល​ជា​ខែ​ទី​៩ នៃ​មហាម៉ាត់​សករាជ។ ការ​តម​អាហារ​ក្នុង​ខែ​រ៉ាម៉ាដន ត្រូវ​បាន​ច្បាប់​ឥស្លាម បង្គាប់​ប្រើ​ដល់​អ្នក​កាន់​សាសនា​ឥស្លាម គ្រប់​ស្រទាប់​វណ្ណៈ ត្រូវ​តែ​អនុវត្ត​មិន​គិត​អំពី​អ្នក​មាន ឬ​អ្នកក្រ​នោះ​ទេ។

ការ​តម​ចំណី​អាហារ ឬ​បួស​នេះ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​របស់​សាសនិក​ឥស្លាម​ចំពោះ​ព្រះ​អល់ឡោះ ជា​ម្ចាស់ ហើយ​ព្រះ​អល់ឡោះ បាន​ដាក់​កាតព្វកិច្ច​បួស​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់ ដើម្បី​ជា​ការ​ដាស់តឿន​ដល់​មនុស្ស​គ្រប់​រូប​ឲ្យ​ដឹង​អំពី​រសជាតិ​នៃ​ការ​អត់ឃ្លាន និង​ជា​ការ​ផ្សារ​ភ្ជាប់​សុខ​ទុក្ខ​គ្នា​រវាង​អ្នក​មាន និង​អ្នក​ក្រ ហើយ​របៀប​របប​នៃ​ការ​តម​ចំណី​អាហារ​របស់​សាសនិក​ឥស្លាម ក្នុង​ខែ​រ៉ាម៉ាដន នេះ គឺ​តម​អាហារ​នៅ​ពេល​ថ្ងៃ ចាប់​ពី​ពេល​សេតារុណ​រះ​រហូត​ទល់​ថ្ងៃ​លិច។

អល់ឡោះ បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​បួស​នោះ គឺ​ទី​១ អ្នក​កាន់​សាសនា​ឥស្លាម ហើយ​បើ​សិន​ជា​អ្នក​មិន​មែន​ឥស្លាម​ទេ សូម្បី​គាត់​សុំ​បួស​ក៏​សាសនា​មិន​ទទួល​ស្គាល់​ដែរ។ ទី​២ អ្នក​ដែល​មាន​កម្លាំង​ពេញ ពិសេស​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង។ ទី​៣ មាន​បញ្ញាញាណ​គ្រប់គ្រាន់​គេ​ហៅ​ថា មិន​មែន​អ្នក​វិកលចរិត ឬ​ក៏​អ្នក​ឆ្កួត​ទេ និង​ទី​៤ អ្នក​ដែល​មាន​លទ្ធភាព។ លទ្ធភាព​បាន​ន័យ​ថា មិន​មែន​អ្នក​ឈឺ មិន​មែន​អ្នក​របួស មិន​មែន​អ្នក​កំពុង​មាន​ឈាមរដូវ មិន​មែន​អ្នក​ឆ្លង​ទន្លេ មិន​មែន​អ្នក​បំបៅ​កូន ពោល​គឺ​អ្នក​ដែល​អាច​អត់ទ្រាំ ឬ​បួស​បាន​ដល់​ល្ងាច ឬ​ថ្ងៃ​លិច។ ចំពោះ​អ្នក​នោះ​ធ្វើ​ដំណើរ​ឆ្ងាយ​មិន​អាច​បួស​បាន​ទេ ព្រះ​អនុគ្រោះ​ឲ្យ​ដាច់​បួស​បាន តែ​ត្រូវ​បំពេញ​វិញ​នៅ​ខែ​បន្ទាប់ ឬ​នៅ​ពេល​មាន​លទ្ធភាព។

​ព្យាការី ឬ​អ្នក​នាំ​សារ​មហាម៉ាត់​មាន​ប្រសាសន៍​ថា “នរណា​បួស​ខែ​រ៉ាម៉ាដន ដោយ​យក​ចិត្ត មាន​ជំនឿ​ប្រាថ្នា​ចង់​បាន​ផល​បុណ្យ គឺ​អល់ឡោះ នឹង​អភ័យទោស​ដល់​អ្នក​នោះ​នូវ​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ហួស”។

ម្យ៉ាង​វិញ​ទៀត ព្រះ​អល់ឡោះ មាន​បន្ទូល​នៅ​ក្នុង​គម្ពីរ​អាល់គួរអាន​ថា (Al Quran) (សំឡេង​សូត្រ គួរ​អាន...) មាន​ន័យ​ថា “ឱ! ពួក​អ្នក​មាន​ជំនឿ​ទាំង​ឡាយ គេ​បាន​ដាក់​កាតព្វកិច្ច​បួស​ទៅ​លើ​ពួក​អ្នក​ដូច​ដែល​គេ​បាន​ដាក់​កាតព្វកិច្ច​នេះ​ទៅ​លើ​មនុស្ស​ជំនាន់​មុន​ដែរ​សង្ឃឹម​ថា ពួក​អ្នក​នឹង​កោត​ខ្លាច”

នៅ​ក្នុង​ខែ​រ៉ាម៉ាដន​នេះ ឋានសួគ៌​ទាំង​ឡាយ​ត្រូវ​បាន​បើកចំហ និង​ឋាននរក​ត្រូវ​បាន​បិទ​ជិត ថែមទាំង​ព្រាយ​បិសាច​ត្រូវ​បាន​ឃុំឃាំង​ទាំង​អស់។ រី​ឯ​អំពើ​ល្អ​ដែល​គេ​បាន​សាង​នៅ​ក្នុង​ខែ​នេះ ត្រូវ​បាន​អល់ឡោះ​ប្រទាន​ជូន​ទ្វេដង បាបកម្ម​ទាំង​ឡាយ​ក៏​ត្រូវ​បាន​លើកលែង​ដែរ​។ លើស​ពី​នេះ​ទៀត រាល់​ទង្វើ​ល្អ​ទាំង​ឡាយ​ដែល​សាសនិក​ឥស្លាម​បាន​ធ្វើ គេ​នឹង​ទទួល​បាន​ផលប្រយោជន៍​ក្រោយ​ពី​គេ​ស្លាប់ និង​នៅ​ថ្ងៃ​បរលោក។ ចំពោះ​អ្នក​ដែល​បដិសេធ​ក្នុង​ការ​បួស​នោះ គឺ​ជា​ប្រការ​ដែល​ខុស​ឆ្គង​ជា​ទី​បំផុត។

លើស​ពី​នេះ​ទៀត សាសនិក​ឥស្លាម​តាំង​ពី​ជំនាន់​មិត្ត ភក្ដិ​របស់​អ្នក​នាំ​សារ​របស់​អល់ឡោះ គឺ​មហាម៉ាត់ និង​អ្នក​ដែល​បន្ទាប់​ពី​មិត្ត ភក្ដិ​របស់​មហាម៉ាត់​នោះ ពួកគេ​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​ខែ​រ៉ាម៉ាដន និង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ខែ​នេះ​បាន​ចូល​មក​ដល់។ ពួកគេ​ទាំង​នោះ​បាន​បួងសួង​ចំពោះ​អល់ឡោះ សុំ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ជួប​ខែ​ដ៏​ប្រពៃ​នេះ។ ម្យ៉ាង​ទៀត​ពួកគេ​ក៏​បួងសួង​សុំ​ចំពោះ​អល់ឡោះ សូម​ឲ្យ​ទ្រង់​ទទួល​យក​នូវ​អំពើ​ល្អ​របស់​ពួកគេ។ ពួកគេ​បាន​បំពេញ​កាតព្វកិច្ច​បួស​រៀងរាល់ថ្ងៃ​ក្នុង​ខែ​នេះ និង​ខំ​រក្សា​អំណត់​បួស​ដោយ​ចៀសវាង​ពី​ប្រការ​ដែល​នាំ​ឲ្យ​ខូច​បួស ដែល​ច្បាប់​ឥស្លាម​ហាម​ឃាត់ ដូចជា​ការ​និយាយ​ដើម​គេ ការ​ចាក់​រុក ការ​ភូត​កុហក ការ​កេងប្រវ័ញ្ច​គេ ការ​រួម​មេត្រី​ភាព​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ពេល​ថ្ងៃ និង​ហាម​មិន​ឲ្យ​បង្កជម្លោះ​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត។ បើសិនជា​អ្នកណា​មិន​អាច​ហាម​ខ្លួន​ឯង​បាន​ទេ ការ​តម​អាហារ​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​អសារបង់ ឬ​មិន​បាន​ផល​បុណ្យ​អ្វី​ពី​ព្រះ​អល់ឡោះ ទេ។

​ព្យាការី​មហាម៉ាត់ ឬ​អ្នក​នាំ​សារ​របស់​ព្រះ​អល់ឡោះ បញ្ជាក់​ថា បួស​គឺ​ជា​របាំង​មួយ​ដែល​ការពារ​អំពី​ភ្លើង​នរក ដូចជា​របាំង​របស់​ពួក​អ្នក​ដែល​ការពារ​ពួក​អ្នក​អំពី​សង្គ្រាម ហើយ​នៅ​ក្នុង​ឋានសួគ៌​មាន​ទ្វារ​មួយ​ដែល​មាន​ឈ្មោះ​ថា រ៉យ្យ៉ាន នា​ថ្ងៃ​បរលោក​ពួក​អ្នក​ដែល​បាន​បួស​គឺ​ចូល​ឋានសួគ៌​តាម​ច្រក​ទ្វារ​នោះ គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​ពួក​អ្នក​បួស​ចូល​ឡើយ។ ពេល​នោះ​គេ​បាន​អំពាវនាវ​រក​អ្នក​ដែល​បាន​បួស ហើយ​អ្នក​ដែល​បាន​បួស​នាំ​គ្នា​ក្រោក​ឈរ​ឡើង​នៅ​ពេល​ដែល​ពួកគេ​បាន​ចូល​រួច គេ​បាន​បិទ​ទ្វារ​នោះ​ជិត គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ក្រៅ​ពី​ពួក​អ្នកបួស​ចូល​ទេ​នៅ​ទ្វារ​នោះ។

ដោយសារ​តែ​ខែ​រ៉ាម៉ាដន ជា​ខែ​ពិសិដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ​អាល់គួរអាន ហើយ​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​បាន​ប្រតិបត្តិ​នោះ សម្រាប់​នៅ​កម្ពុជា​វិញ មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា ក៏​បាន​យកចិត្តទុកដាក់​លើ​ជនជាតិ​ចាម​កាន់​សាសនា​ឥស្លាម​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​ជូនពរ​ដល់​សាសនិក​ឥស្លាម​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ឱកាស​បួស​នៅ​ខែ​រ៉ាម៉ាដន ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧ ត្រូវ​នឹង​ឆ្នាំ​១៤៣៨ មហាម៉ាត់​សករាជ។ លោក ហ៊ុន សែន ជូនពរ​ឲ្យ​សាសនិក​ឥស្លាម​ទាំង​អស់​ទទួល​បាន​សេចក្ដី​សុខ​សប្បាយ ក្ដី​មេត្តា ករុណា​ពី​ព្រះ​អល់ឡោះ ជា​ម្ចាស់​គ្រប់ៗ​គ្នា ដោយ​ទទួល​យក​នូវ​កុសល​ទាំង​អស់​ដែល​សាសនិក​ឥស្លាម​បាន​សាង។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​រៀបចំ​ពិធី​ស្រាយ​បួស​ដល់​សាសនិក​ឥស្លាម​ដែល​ជា​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

រី​ឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ ក៏​បាន​ចេញ​សារ​ជូនពរ​សាសនិក​ឥស្លាម​ដែរ។ សារ​លិខិត​របស់​លោក កឹម សុខា សរសេរ​ថា ពេល​នេះ​គឺ​ជា​ខែ​រ៉ាម៉ាដន ដែល​ខែ​មួយ​មហា​វិសេសវិសាល​បំផុត​ក្នុង​ចំណោម​ខែ​ទាំង ១២ របស់​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​តាំង​ពី​សម័យ​ព្យាការី មហាម៉ាត់​មក។ នៅ​ក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នៃ​ខែ​រ៉ាម៉ាដន​នេះ តាង​នាម​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជូនពរ និង​បួង​សួង​ដល់​ព្រះ​អល់ឡោះ សូម​ទ្រង់​ប្រទាន​នូវ​សេចក្ដី​សុខ​សប្បាយ សេចក្ដី​ល្អ​ប្រកប​ដោយ​ធម៌ សេចក្ដី​អាណិត​ស្រលាញ់ និង​សុខភាព​បរិបូរណ៍ (សេចក្ដី សាឡាម៉ាត់ ពើរ៉កាត់ រ៉ោះម៉ាត់ និង​អាហ្វីយ៉ាត់) ជូន​ដល់​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក ជា​ពិសេស​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា ទាំង​អស់។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​រៀបចំ​ពិធី​ស្រាយ​បួស​នេះ ដល់​សាសនិក​ឥស្លាម​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ដែរ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា។

​ក្រៅពី​បួស​នេះ ព្រះ​អល់ឡោះ បាន​តម្រូវ​ឲ្យ​អ្នក​មាន​លទ្ធភាព​បរិច្ចាគ​ទាន ឬ​ការ​ផ្ដល់​ចំណី​អាហារ​ឲ្យ​បួស ឬ​អ្នក​ក្រីក្រ​នោះ ការ​សូត្រ​គម្ពីរ​អាល់គួរអាន និង​ការ​ថ្វាយបង្គំ​តារ៉វែស នៅ​ពេល​យប់ ព្រោះ​ថា អំពើ​ល្អ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ខែ​នេះ មាន​ផល​បុណ្យ​ច្រើន​ជាង​ខែ​ដទៃ​ទៀត។

​អ្នក​ជំនាញ​ខាង​ច្បាប់​ឥស្លាម​ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក ហ្គោសាលី សឡេះ បាន​ពន្យល់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​ថា នៅ​ក្នុង​ខែ​រ៉ាម៉ាដន នេះ សាសនិក​ឥស្លាម​ទាំង​ឡាយ​ត្រូវ​តែ​សូត្រ​គម្ពីរ​អាល់គួរអាន នៅ​ឲ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​អ្នក​ដែល​សូត្រ​អាល់គួរអាន អ្នក​នោះ​នឹង​មិន​វង្វេង​ទេ​នៅ​ថ្ងៃ​បរលោក៖ «ពីព្រោះ​ការសូត្រ​គួរ​អាន​នេះ​ផ្ដល់​នូវ​ពន្លឺ​រស្មី​មួយ​នៅ​លើ​ពិភព​ផែនដី​នេះ ហើយ​គេ​នឹង​រក្សា​ទុក​ឲ្យ​អ្នក​នូវ​ផល​បុណ្យ​ទៅ​ថ្ងៃ​ក្រោយ (បរលោក) អ៊ីចឹង​មាន​ន័យ​ថា អ្នក​ចងចាំ​គួរ​អាន អ្នក​សូត្រ​គួរ​អាន គឺ​នឹង​ទទួល​ពន្លឺ​រស្មី​ពី​អល់ឡោះ​ជា​ម្ចាស់»

​ចំពោះ​ការ​សឡាត ឬ​ថ្វាយ​បង្គំ​តារ៉វែស នៅ​ពេល​យប់​រយៈពេល​ពេញ​មួយ​ខែ​បួស​នេះ​វិញ គឺ​អ្នក​កាន់​សាសនា​ឥស្លាម ទាំង​អស់​ចង់​ជួប​យប់​មួយ​ឈ្មោះ​ថា  Layla Tul-Qadar ជា​យប់​មួយ​ដ៏​វិសេសវិសាល​បំផុត គ្មាន​យប់​ណា​ល្អ​ដូច​យប់​នេះ​ទេ ព្រោះ​អល់ឡោះ បាន​បញ្ជាក់​ថា នរណា​ហើយ​បាន​គោរព​សក្ការ​ទៅ​ចំពោះ​ទ្រង់​ចំ​នឹង​យប់ Layla Tul-Qadar មួយ​យប់​នោះ ស្មើ​នឹង​ការ​គោរព​សក្ការ​ចំនួន ១​ពាន់​ខែ បើ​គិត​ជា​ឆ្នាំ គឺ​ជាង ៨៣​ឆ្នាំ ហើយ​យប់​នេះ​ជា​យប់​ដែល​អល់ឡោះ បាន​បញ្ចុះ​គម្ពីរ​អាល់គួរអាន នៅ​ក្នុង​ខែ​បួស​នេះ​ដែ។

សំឡេង​សូត្រ​គួរអាន ដែល​មាន​ន័យ​ថា ពិតប្រាកដ​ណាស់​យើង​បាន​បញ្ចុះ​គម្ពីរ​អាល់គួរអាន នៅ​ក្នុង​យប់​អាល់កឌើរ៍ ហើយ​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា អាល់កឌើរ៍​ជា​អ្វី​នោះ? យប់​អាល់កឌើរ៍​នោះ គឺ​ប្រសើរ​ជាង ១​ពាន់​ខែ ម៉ាឡាអ៊ីកាត់​ជា​ច្រើន និង​ជី​ព្រអេល ចុះ​មក​ក្នុង​យប់​នោះ​ដែល​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​របស់​ពួកគេ​ដើម្បី​អនុវត្ត​រាល់​បទបញ្ជា​នៅ​ក្នុង​យប់​នោះ​ដែរ ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សន្តិភាព​រហូត​ដល់​ហ្វាជើរ​លិច​ឡើង។

​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ សាសនិក​ឥស្លាម​នៅ​កម្ពុជា បួស​បាន​ចំនួន ២៧​ថ្ងៃ​ហើយ គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កា​ត្រៀម​មើល​ខ្នើត​ខែ​ស្ហាវ៉ាល់ ដើម្បី​កំណត់​ថ្ងៃ​ចេញ​បួស​រ៉ាម៉ាដន ឆ្នាំ​២០១៧។ លិខិត​នេះ​បាន​ជូន​ដំណឹង​ដល់​អ៊ីមាំ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​ចាត់​តាំង​គណៈកម្មការ​សម្រាប់​ត្រៀម​មើល​ខ្នើត​ខែ​សា្ហវ៉ាល់ នៅ​សៅរ៍ ទី​២៤ ខែ​មិថុនា បើ​មើល​ឃើញ​ត្រូវ​កំណត់​យក​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ចេញ​បួស តែ​បើ​មើល​មិន​ឃើញ​ត្រូវ​កំណត់​យក​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​មិថុនា ជា​ថ្ងៃ​បញ្ចប់​បួស​ខែ​រ៉ាមាដន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល