បុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រចាំឆ្នាំធំជាងគេ ដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរនាំគ្នាឈប់សម្រាកលើសពី ៣ថ្ងៃទៅទៀត។ ឆ្នាំថ្មី ពលរដ្ឋប្រុសស្រីតែងមានជំនឿថា នឹងបានចាកផុកពីឧបទ្រពចង្រៃ និងភាពសៅហ្មងទាំងឡាយទាំងពួង កាលពីឆ្នាំចាស់ ផ្លាស់ចូលនូវសិរីសួស្ដីថ្មី ជោគជតារាសីថ្មី ដែលនឹងបានមកពីការប្រទានពរនៃទេវតាឆ្នាំថ្មី។ ក្នុងអំណរចំពោះរាសីថ្មី ពលរដ្ឋប្រុសស្រីតែងតែរៀបចំទទួលការមកដល់នៃទេវតាថ្មីនោះ។
ទេវតាឆ្នាំថ្មី ឆ្នាំកុរនេះ ទ្រង់ព្រះនាមថា ធុង្សៈទេវី។ ព្រះនាងសោយផ្លែឧទុម្ពរ (ផ្លែល្វា) ជាអាហារ និងទ្រង់អម្ពរពណ៌ក្រហម។
តើពលរដ្ឋខ្មែរប្រុសស្រីត្រូវរៀបចំដូចម្ដេចខ្លះ ដើម្បីទទួលទេវតាឆ្នាំថ្មី?
នៅមុនពិធីបុណ្យចូលឆ្នាំថ្មីនេះ លោក ជុន ច័ន្ទបុត្រ សូមជូនសេចក្ដីរាយការណ៍មួយ ជម្រាបជូនលោកអ្នកនាង អំពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ អំពីការរៀបចំរានទទួលទេវតាឆ្នាំថ្មី និងការប្រារព្ធពិធីផ្សេងៗ ទាំងបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។