ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ ស្នើ​ឱ្យ​អាជ្ញាធរ​រក្សា​ថ្ម​បុរាណ​ មាន​អាយុកាល​រាប់ពាន់​ឆ្នាំ

ដោយ សេក បណ្ឌិត
2020-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ថ្ម​ធម្មជាតិ ដែល​អ្នក​ភូមិ​ថា ជនជាតិ​វៀតណាម​លួច​គាស់​កកាយ​យក កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០១៩។
ទិដ្ឋភាព​ថ្ម​ធម្មជាតិ ដែល​អ្នក​ភូមិ​ថា ជនជាតិ​វៀតណាម​លួច​គាស់​កកាយ​យក កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ សហគមន៍​ផ្ដល់​ឱ្យ

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ ខេត្ត​មណ្ឌលគិរី​ អំពាវនាវ​ដល់​អាជ្ញាធរ​ជំនាញ ឱ្យ​អភិរក្សថ្ម​បុរាណ​ មាន​អាយុកាល​រាប់ពាន់​ឆ្នាំ ដែល​អ្នក​ភូមិ​ជឿ​ថា ស័ក្ដិសិទ្ធិ និង​ជា​វត្ថុបុរាណ​ធម្មជាតិ​មាន​តម្លៃ។ ការ​អំពាវនាវ​នេះ​ ក្រោយពី​សហគមន៍​ប្រទះ​ឃើញ​ទាហាន និង​ពលរដ្ឋ​ខ្មែរ បាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម ប្រមូល​យក​សសរ​ថ្ម​បុរាណ​ ២ដុំ​ ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ រស់នៅ​ភូមិ​ឡាំម៉េះ​ ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា ស្នើ​ឱ្យ​អាជ្ញាធរ​ អភិរក្ស​ថ្ម​បុរាណ​ធម្មជាតិ​រាប់​រយ​កំណាត់​ មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ ដុះ​នៅ​ចំណុច​អូរ​ស្រាល​ ក្នុង​ភូមិ​ឡាំ​ម៉េះ​ ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា មក​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ បម្រើ​វិស័យ​ទេសចរ​។ អ្នកភូមិ​ថា​ ផ្ទាំង​ថ្ម​ទាំង​នេះ​ ជា​តំបន់​គោរព​បូជា​ របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាច្រើន​ជំនាន់​មក​ហើយ​ ដែល​ពួកគេ​តែងតែ​មក​បន់ស្រន់​សុំ​សេចក្ដី​សុខ​ និង​សុំ​ឱ្យ​ជាសះស្បើយ​ពី​ជំ​ងឺ​ផ្សេង​ៗ ជាដើម​។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ខេត្ត​មណ្ឌលគិរី​ លោក គ្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧​ មករា​ថា​  ​ថ្ម​ធម្មជាតិ ពណ៌​ខ្មៅ ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ទាំង​នេះ​ អាច​នឹង​បាត់បង់ ​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​រូតរះ​អភិរក្ស​ឱ្យ​មានប្រសិទ្ធភាព​ទេ។ លោក​ថា​ កាលពី​សប្ដាហ៍​មុន​ អ្នក​ភូមិ​ប្រទះ​ឃើញ​ ជនជាតិ​វៀតណាម​ ៣នាក់​ ឃុបឃិត​ជាមួយ​មន្ត្រី​យោធា​ ៣នាក់​ មក​ពី​មូលដ្ឋាន​កងទ័ព "គ១" ក្នុង​ស្រុក​ពេជ្រាដា​ និង​ពលរដ្ឋ​ខ្មែរ​ ៣នាក់​ទៀត​ បាន​លួច​គាស់​យក​ថ្ម​ធម្មជាតិ​ ២ដុំ​ ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​កែច្នៃ​ធ្វើជា​វត្ថុបុរាណ​ មាន​តម្លៃ​រាប់ពាន់​ដុល្លារ៖ «ផែនការ​របស់​គេ គេ​នឹង​ធ្វើជាលក្ខណៈ​គ្រឿងចក្រ ដោយសារគេសាកល្បងដឹក គេ​សាក​ដឹក​ពីរ​ដុំ​សិន ហើយ​គេ​ជួល​គោយន្ត​ដឹក​ហ្នឹង តាម​ខ្ញុំ​ទទួលព័ត៌មានគេជួលអ្នកភូមិ តម្លៃថ្លៃ គ្រាន់​តែ​គេ​ដឹក​មួយ​​ដុំ មាន​តម្លៃ ៣ ទៅ ៤រយ​ដុល្លារ»។

លោក គ្រើង តុលា​ បន្ថែម​ថា​ កាលពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ អ្នក​ភូមិ​មួយ​ក្រុម​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ បាន​ចុះ​ដល់​ទី​តាំង​ថ្ម​បុរាណ​ ប្រទះ​ឃើញ​ស្លាកស្នាម​ថ្ម​មួយ​ចំនួន​ ត្រូវ​បាន​ជនជាតិ​វៀតណាម​ មន្ត្រី​យោធា និង​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ឃុបឃិត​គ្នា​គាស់​កកាយ​យក​ថ្ម​ ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ លោក​ថា​ ថ្ម​ធម្មជាតិ​ទាំងនោះ​ មានមុខ​កាត់​ចាប់ពី​ ៥តឹក​ ដល់​ ៦តឹក​ ប្រវែង​ ចាប់ពី​ ២ម៉ែត្រ​ដល់ ៤ម៉ែត្រ៖ «គោល​ការណ៍​ស្នើសុំ​ទី១ អភិរក្ស ទី២ ការពារ ទី៣ សុំ​ឱ្យ​ផ្សព្វផ្សាយ​ថា តំបន់​នោះ ជា​តំបន់​វប្បធម៌​មួយ​ដែរ ដើម្បី​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរ​អីចឹង​ណា​បង។ អាច​ថា វា​មាន​ព្រៃ​ជំនឿ អាច​ថា​ជា​បេតិកភណ្ឌ​វប្បធម៌​ក៏​អាច​ថា​បាន ដោយ​សារ​ពាក់ព័ន្ធ​ហ្នឹង ប្រពៃណី​ជំនឿ។ ថ្ម​ហ្នឹង​រាល់​ថ្ងៃ​បង​ប្អូន​ខ្ញុំ​គាត់​គោរព ជំនឿ​ថា ថ្ម​ហ្នឹង​អាច​ជួយ​គាត់​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ក៏​ដូច​ជា​រួច​ផុត​ពី​ជំងឺ​ផ្សេងៗ អ៊ីចឹង»

ប្រធានមន្ទីរ​បរិស្ថាន​ ខេត្ត​មណ្ឌលគិរី​ លោក​ កែវ​ សុ​ភក្ត្រ​ មានប្រសាសន៍​ថា​ ការ​គាស់កកាយ​ថ្ម​ នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ ជា​អំពើ​ខុស​ច្បាប់​ ហើយ​មន្ត្រី​បរិស្ថាន​កំពុង​តាម​ដាម​រឿង​នេះ​ថា​ តើ​ព័ត៌មាន​ទាំង​នេះ​ ជា​រឿង​ពិត​ឬ​យ៉ាង​ណា។ លោក​ថា​ មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា​ ថ្ម​នោះ​មាន​លក្ខណៈ​បែប​ណា​នោះ​ទេ​ ព្រោះ​សហគមន៍​មិន​ទាន់​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន​៖ «សូម្បី​ថា បាត់​បង់​មាន​តែ​បាត់​បង់​តូចៗ ទេ បើ​អា​ធំ ប្រសិន​ជា​ពាក់ព័ន្ធ​អា​ធំ ទាក់​តែ​ប្រើ​មធ្យោបាយ បើ​គិត​ពី​មធ្យោបាយ​មិន​អាច​ទៅ​កន្លែង​ហ្នឹង​កើត​ទេ។ ថ្ម​មួយ​ដុំៗ យើង​មិន​អាច​ទាញ​ដោយ​មនុស្ស​បាន​ទេ។ ថ្ម​ហ្នឹង​យើង​អត់​ទាន់​បាន​សន្និដ្ឋាន​ថា ថ្ម​ហ្នឹង​វា​ជា​លក្ខណៈ​យ៉ាង​ម៉េច? លក្ខណៈ​ធម្មជាតិ ឬ​ក៏​ជា​លក្ខណៈ​ដែល​កើត​ឡើង​ដោយ​មនុស្ស​ជំនាន់​ដើម យើង​ទាន់​ដឹង​ទេ​ពេល​ហ្នឹង»

លោក គ្រើង តុលា បន្ថែម​ថា​ ផ្ទាំង​ថ្ម​ទាំង​នោះ ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​ ដែល​ត្រូវ​អភិរក្ស និង​ថែរក្សា​ឱ្យ​គង់វង្ស មិន​គួរ​ធ្វេសប្រហែស​ ឱ្យ​មាន​ការ​លួច​គាស់​កាយ​ យក​មក​ធ្វើ​អាជីវកម្ម​នោះ​ទេ។ លោក​សង្ស័យ​ថា មូលហេតុ​ដែល​ជនជាតិ​វៀតណាម​ អាច​មក​គាស់​យក​ថ្ម​ទាំង​នេះ​បាន​ គឺ​ដោយសារ​មាន​ការ​បើក​ដៃ​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ៕