គណៈកម្មការ​ទូកង​ខ្មែរ​ក្រោម​ថា​សុខចិត្ត​ជំពាក់​គេ​​ព្រោះ​ចង់​រក្សា​អត្តសញ្ញាណ

ដោយ អាស៊ីសេរី
2017-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈកម្មការ និង​កីឡា​អុំទូក​របស់​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៧។
គណៈកម្មការ និង​កីឡា​អុំទូក​របស់​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៧។
រូបភាព របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម

ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ពួកគាត់​សុខចិត្ត​ខ្ចី​លុយ​គេដើម្បី​ទិញ​ទូកង​មួយ​ចូលរួម​ប្រណាំង​នៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ។ ការចូលរួម​ប្រណាំង​ទូក​នៅ​ឆ្នាំនេះ ពលរដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម​យល់ថា ដើម្បី​ចូលរួម​រក្សា​អត្តសញ្ញាណ​ខ្មែរ​ក្រោម គឺជា​ជនជាតិ​ខ្មែរ​ដើម និង​ចង់​ប្រាប់​ពិភពលោក​ថា ខ្មែរ​កម្ពុជា​ក្រោម នៅតែ​រក្សា​ប្រពៃណី​បាន​យ៉ាង​ល្អ។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាច្រើន នៅ​អម​តាម​មាត់​ទន្លេសាប ម្ដុំ​ព្រះបរមរាជវាំង ទូកង​ឈ្មោះ ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​បង្ហាញ​ខ្លួន បោះពួយ​យ៉ាង​ឡូយ​ក្នុង​ផ្ទៃ​ទឹក។ ឯកសណ្ឋាន​របស់​ទូក​ខ្មែរ​ក្រោម មាន​២​ពណ៌ គឺ​ម្ដុំ​ចំណុះ​ក្បាលទូក​ពណ៌​ខៀវ ចំណុះ​កណ្ដាល​ទូក​ពណ៌​លឿង និង​អ្នក​នៅ​ម្ដុំ​កន្ទុយ​ទូក​មាន​ឯកសណ្ឋាន​ពណ៌​ក្រហម។ នៅ​ឆ្នាំនេះ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​រចនា​ថ្មី ដោយ​ទិញ​ទូក​ថ្មី​មួយ​យ៉ាង​លឿន ដើម្បី​ប្រកួត ប្រាថ្នា​ជ័យជំនះ​លេខ​១​ នៅ​ឆ្នាំនេះ។

ប្រធាន​គណៈកម្មការ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺ​លោក ប៊ុន មុនី រៀបរាប់​ថា ដោយសារតែ​ទូកងខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​ ដែល​អុំ​រាល់​ឆ្នាំ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ពិបាក​ក្នុង​ការ​កែសម្រួល​យក​មក​អុំ​វិញ​បាន គណៈកម្មការ​ទូកបាន​សម្រេច​ទិញ​ទូក​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំនេះ សំដៅ​រក​លេខ​១។ លោក ប៊ុន មុនី អះអាង​ថា ទូកង​ដែល​ទិញ​ថ្មី​នេះ ថ្វីបើ​លឿន​ខ្លាំង​មែន ប៉ុន្តែ​គណៈកម្មការ​មិន​មាន​ថវិកា​សម្រាប់​ទិញ​ទូក​ទេ គឺ​ជំពាក់​គេ​ទាំងស្រុង។ ការ​ជំពាក់​ដែល​ត្រូវ​បែង​ចែក​ជា​ពីរ គឺ​មួយ​ជំពាក់​លុយ​របស់​គណៈកម្មការ​ទូក និង​ជំពាក់​ម្ចាស់​ទូក។ តែ​យ៉ាងណា លោក និង​គណៈកម្មការ​ទូក​សង្ឃឹមថា អាច​ធ្វើ​ឲ្យ​ខ្មែរ និង​បរទេស​នៅ​ទូទាំង​ពិភពលោក បាន​ដឹង​ថា ខ្មែរ​ក្រោម​គឺជា​ជនជាតិ​ខ្មែរ​ពី​បរម​បុរាណ​មក៖ «»។

ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺជា​ទូក​ខ្នាត​អន្តរជាតិ ដែល​មាន​ចំណុះ (កីឡា​អុំ) ២២​នាក់ ប្រវែង ​១៨​ម៉ែត្រ ធ្វើ​ពី​ដើម​គគីរ​ទាំងមូល ដោយ​លុង​ចូល​ក្នុង និង​មាន​ត​គែម​លើ​បន្តិច ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ចូល​ក្នុង​ទូក​នៅ​ពេល​ប្រើ​កម្លាំង​ខ្លាំង​ពេល​ប្រណាំង។

លោក ប៊ុន មុនី មើល​ឃើញ​ថា ទូកង​ថ្មី​របស់​ខ្មែរ​កម្ពុជា​ក្រោម​នេះ លឿន​ជាង​មុន និង​មាន​សង្ឃឹម​ខ្ពស់​ថា ទទួល​បាន​ជ័យ​លាភី​លេខ​១ ក្នុង​ឆ្នាំ​នេះ។ លោក​អះអាង​ថា ថ្វីបើ​ទូកង​នេះ ឈ្មោះ​ខ្មែរ​កម្ពុជា​ក្រោម និង​ទទួល​បាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពី​ខ្មែរ​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​ក្ដី ប៉ុន្តែ​កីឡាករ​អុំ​ទូកង​នេះ មិនមែន​សុទ្ធ​តែ​ជា​ខ្មែរ​ក្រោម​នោះ​ទេ គឺ​មាន​ទាំង​ជនជាតិ​ខ្មែរ​កើត​នៅ​ទឹកដី​កម្ពុជា និង​ជនជាតិ​ខ្មែរ​ឥស្លាម។

ខ្មែរឥស្លាម​ម្នាក់ គឺជា​កីឡាករ​ចំណុះ​ទូកង​ខ្មែរ​កម្ពុជា​មានជ័យ បង្ហាញ​ក្ដី​សប្បាយ​រីករាយ​នៅ​ពេល​សួរ​ថា តើ​យល់​បែប​ណា​ចំពោះ​ការ​អុំទូក​ឲ្យ​ទូកង​ខ្មែរ​ក្រោម។ បើ​ទោះ​យ៉ាង​ណា ខ្មែរ​ឥស្លាម​រូប​នេះ មាន​ផលវិបាក​តែមួយគត់ គឺ​ការ​បរិភោគ​អាហារ​ខុស​ពី​ជនជាតិ​ខ្មែរ​ដើម​កម្ពុជា​ក្រោម។

កីឡាករ​ម្នាក់ទៀត គឺជា​ជនជាតិ​ខ្មែរ ឈ្មោះ ប៉ាត នី គឺ​ជា​កីឡាករ​អុំ​នៅ​បន្ទាប់ពី​អ្នក​រាំ​ក្បាលទូក អះអាង​ថា លោក​ពេញចិត្ត​ក្នុង​ការ​ចូលរួម​អុំទូក​ជាមួយ​ខ្មែរ​ក្រោម​។ លោក ប៉ាត នី គឺជា​ជនជាតិ​ខ្មែរ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ អតីត​អ្នកនេសាទ​ដែនសមុទ្រ​រូប​នេះ បញ្ជាក់​ថា លោក​ធ្លាប់​មាន​បទពិសោធន៍​ប្រណាំង​ទូក​នៅ​សមុទ្រ ដែល​មាន​ចំណុះ ៤​នាក់ ក្នុង​មួយ​ទូក។ ប៉ុន្តែ ទោះជា​យ៉ាងណា លោក​ប្រាប់​ថា កីឡា​ទូក រួម​ទាំង​កីឡាករ​បម្រុង​មាន​ទាំងអស់ ​២៧​នាក់ បាន​ហ្វឹកហាត់​កន្លះ​ខែ​មុន​មក​ហើយ និង​មានការ​ស្ទាត់ជំនាញ​សម្រាប់​ការ​អុំ​ទូកង​ខ្នាត​អន្តរជាតិ​នេះ​ហើយ។

ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺជា​ទូក​របស់​វត្ត​សាមគ្គីរង្សីមានជ័យ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជា​ទូក និង​ជា​វត្ត​របស់​ជនជាតិ​ខ្មែរ​ដើម មកពី​ទឹកដី​កម្ពុជា​ក្រោម ឬ​បច្ចុប្បន្ន​ជា​ទឹកដី​ភាគ​ខាងត្បូង​របស់​ប្រទេស​វៀតណាម។

ប្រធាន​គណៈកម្មការ​ជ្រើសរើស​កីឡាករ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ លោក អ៊ុន ចាន់ ប្រាប់​ថា វិធីសាស្ត្រ​ក្នុង​ការ​រើស​កីឡាករ លោក​បាន​សម្រិតសម្រាំង​យ៉ាង​ខ្លាំង និង​ជ្រើសរើស​សុទ្ធតែ​កីឡាករ​ដែល​មាន​បទពិសោធន៍ និង​សន្ដាន​ចិត្ត​អាណិតអាសូរ​ខ្មែរ​ក្រោម។

ក្រុម​កីឡាករ​ចម្រុះ​ជាតិ​សាសន៍ នៃ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ នៅ​ពេល​យប់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អនុញ្ញាត​ឲ្យ​សម្រាក​នៅ​ក្នុង​រោង ប្រក់​ស័ង្កសី លើ​ដី​អភិវឌ្ឍន៍​តំបន់​ជ្រោយ​ចង្វារ របស់​ក្រុមហ៊ុន អូ​.ស៊ី.​អាយ.​ស៊ី (OCIC) ដូច​កីឡា​ទូកង​ដទៃ​ទៀត។ នៅ​ក្នុង​រោង​សម្រាក​របស់​កីឡាករ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ ក៏​មិន​ខុស​ពី​កីឡាករ​របស់​ទូកង​ដទៃ​ទៀត​ដែរ។ កីឡាករ​ចំណុះ​ទូក​ត្រូវ​បាន​គណៈកម្មការ​គ្រប់គ្រង​សាមី​ទូក ឲ្យ​ចូល​សម្រាក​តាំងពី​ពិសា​បាយ​ក្បាល​ព្រលប់​រួចរាល់។ កីឡាករ​ខ្លះ សម្រាន្ត​ក្នុង​មុង​ដែល​ដាក់​ពី​ផ្ទះ​ទៅ ឯ​កីឡាករ​ខ្លះ​ទៀត សម្រាន្ត​នៅ​លើ​ប៉ាវ​អ៊ី ឬ​ក្ដារ​រនាម​តុ​ពិសា​បាយ​ដាក់​តម្រៀប​គ្នា។ អ្នកខ្លះ​ក៏​មិន​មាន​មុង​សម្រាន្ត​ដែរ កីឡាករ​ខ្លះ​ទៀត សម្រាន្ត​នៅ​លើ​អង្រឹង​ដោយ​ប្រើ​ថ្នាំ​សម្លាប់​មូស​បាញ់​មូល ឬ​ដុត​ធូប​មូស។

ក្នុង​មួយថ្ងៃ កីឡាករ​ចំណុះ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ ទទួល​បាន​របប​អាហារ ៣​ពេល ដោយ​ចុងភៅ​នឹង​លៃលក​កែច្នៃ​ម្ហូប​មិន​ឲ្យ​ជាន់គ្នា​នោះ​ទេ និង​ត្រូវ​បែងចែក​ម្ហូប​របស់​ខ្មែរឥស្លាម ផ្សេង​ពី​ម្ហូប​របស់​ជនជាតិ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម។ ប្រធាន​ចុងភៅនៃ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ អ្នកស្រី យ៉ាត ថា ម្ហូប​អាហារ​ដែល​ផ្គត់​ផ្គង​សម្រាប់​កីឡាករ​ទូកង​ខ្មែរ​ក្រោម បាន​មក​ពី​ការ​ជួយ​របស់​សប្បុរសជន​នានា ពិសេស​អ្នកភូមិ​ខ្មែរ​ក្រោម ក្នុង​ភូមិ​ខ្មែរ​សាមគ្គី៖ «»។

ប្រធាន​គណៈកម្មការ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ លោក ប៊ុន មុនី អះអាង​ថា ទូកង​ខ្មែរ​កម្ពុជា​ក្រោម​នេះ មិន​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​មន្ត្រី​ធំៗ ឬ​ឥស្សរជន​ណា​ឡើយ។ ប៉ុន្តែ អ្វី​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ ទាំង​ថវិកា និង​ម្ហូបអាហារ គឺ​បាន​មក​ពី​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក។ បើ​ទោះ​បែបនេះ​ក្ដី លោក ប៊ុន មុនី អះអាង​ថា ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ មិន​ប្រកែក​ក្នុង​ការ​ទទួលយក​ជំនួយ​ពី​មន្ត្រី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ណា​ឡើយ គឺ​មានតែ​ការ​ស្នើ​សុំ។ លោក​ថា កន្លងមក​គណៈកម្មការ​ទូកង​ខ្មែរ​ក្រោម ក៏​ធ្លាប់​ធ្វើ​លិខិត​ដើម្បី​ស្នើ​សុំ​ថវិកា​ខ្លះ​ពី​មន្ត្រី​ធំៗ​ដែរ ប៉ុន្តែ ក្រោយ​ការ​ស្នើសុំ​មិន​មាន​ឆ្លើយតប​វិញ គណៈកម្មការ​ទូក មានតែ​សង្ឃឹមលើ​ជនជាតិ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស៖ «»។

នៅ​ឯ​មាត់​ទន្លេសាប​ឯណោះ​វិញ ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ នៅ​ពេល​យប់ ត្រូវ​បាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ នៅ​ថែរក្សា​រាល់​យប់។ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ មាន​ព្រះ​ថេរដីកា បន្ទាប់ពី​ធ្វើ​ពិធី​សាសនា​នៅ​លើ​ទូក​រួចរាល់​ថា រាល់​ទូកង​ទាំងអស់​សុទ្ធ​តែ​មាន​បារមី​កាន់កាប់។ ព្រះអង្គ​នៅ​សិង​​រាល់​យប់​ដើម្បី​ដាស់​ព្រលឹង​ទូក និង​ជួយ​ខ្មែរ​ក្រោម​តាម​បែប​សាសនា។ ព្រះអង្គ​យល់ថា អ្វី​ដែល​ព្រះអង្គ​ជួយ​បាន គឺ​ការចូលរួម​តាមរយៈ​សាសនា ដើម្បី​ជួយ​ថែរក្សា​ទូកងខ្មែរ​កម្ពុជា​ក្រោម ក្នុង​បំណង​ឲ្យ​អន្តរជាតិ និង​ជនជាតិ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា បញ្ឈប់​ការរើសអើង​ខ្មែរ​ក្រោម និង​យល់​ថា​ខ្មែរ​ក្រោម​គឺជា​ជនជាតិ​ខ្មែរ៖ «»។

បើ​ទោះ​ជាទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ បាន​ឈ្នះ ឬ​មិន​បាន​ឈ្នះ​ក៏ដោយ ប្រធាន​គណៈកម្មការ​ទូកង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ លោក ប៊ុន មុនី នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា វត្តមាន​ទូក​ខ្មែរ​កម្ពុជា​ក្រោម គឺជា​បង្ហាញ​ពី​ស្មារតី​រួបរួម​របស់​ជនជាតិ​ខ្មែរ និង​គឺជា​មោទនភាព​របស់​ខ្មែរ​ក្រោម​ក្នុង​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ក្រោម។ គណៈកម្មការ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ នៅតែ​បារម្ភ​អំពី​ការ​ខ្វះខាត​ថវិកា ថ្លៃ​ទូកង ដែល​មាន​តម្លៃ ​៤.៥០០​ដុល្លារ។ លោក ប៊ុន មុនី បង្ហើប​ថា ប្រសិនបើនៅ​ក្រោយ​ពិធីបុណ្យ​អុំទូក​នេះ នៅ​មិនទាន់​ទទួល​បាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​សង​ថ្លៃ​ទូក គណៈកម្មការ​ទូក​អាច​នឹង​ស្នើសុំ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ធ្វើបុណ្យ​សាមគ្គី​មួយ​ដើម្បី​រ៉ៃ​បច្ច័យ​យក​ទៅ​សង​ថ្លៃ​ទូកង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល