ឥណ្ឌា​និង​ចិន​​រៀបចំ​គម្រោង​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​កោះកេរ

ដោយ ហង្ស សាវយុត
2017-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

សហប្រធាន​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ មាន​ឥណ្ឌា និង​ចិន កំពុង​រួមគ្នា​រៀបចំ​គម្រោង​បច្ចេកទេស និង​ថវិកា ដើម្បី​ចំណាយ​ទៅ​លើ​ការ​ជួសជុល ព្រម​ទាំង​អភិរក្ស​ប្រាសាទ​ព្រះវិហារ ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

ប្រាសាទ​បុរាណ​ព្រះវិហារ នៅ​លើ​កំពូលភ្នំ​ដងរែក នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជិត​ព្រំដែន​ខ្មែរ-​ថៃ បង្កើយ​នោះ បាន​ទទួល​រង​ការ​បាក់បែក​ខ្លាំង ដោយសារ​តែ​ធម្មជាតិ​បំផ្លាញ​ផង និង​ដោយសារ​តែ​គ្រាប់​កាំភ្លើង ក្នុង​ពេល​ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ថៃ​ផង កាល​ពី​ឆ្នាំ​២០០៨។

ក្រុម​អ្នក​ជំនាញ​ខាង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ចម្រុះ​ជាតិ​សាសន៍ ព្រមទាំង​អង្គការ​យូណេស្កូ (UNESCO) បាន​ជួប​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ (ICC) នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​មីនា។

កិច្ច​ប្រជុំ​ដែល​មាន​ចិន និង​ឥណ្ឌា ធ្វើ​ជា​សហ​ប្រធាន​នោះ បាន​ជជែក​អំពី​ការ​រៀបចំ​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ប្រាសាទ​បុរាណ​កោះកេរ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ដែរ​នោះ គឺ​លោក ផៃ ស៊ីផាន។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​មីនា ថា​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ លើក​ទី​៣​នេះ គឺ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ នឹង​ពិនិត្យ​មើល​របាយការណ៍​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កន្លង​ទៅ ព្រម​ទាំង​រៀបចំ​គម្រោង​ជា​ច្រើន​ទៀត សម្រាប់​ឈាន​ទៅ​រក​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​បុរាណ​កោះកេរ នៅ​ពេល​ខាង​មុខ។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ គឺ​តំណាង​គណៈកម្មាធិការ​កម្ពុជា បាន​ទាមទារ​ឱ្យ​សហប្រធាន​នៃ​កិច្ចប្រជុំ​គឺ​ចិន និង​ឥណ្ឌា ធ្វើ​ការងារ​ការពារ និង​ថែរក្សា​ជា​បន្ទាន់​ឆ្លើយ​តប​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះកេរ ដែល​មាន​សភាព​បាក់បែក​ទ្រុឌទ្រោម​កាន់​តែ​ខ្លាំង​ទៅ​ហើយ​នោះ៖ «ប្រាសាទ​ព្រះវិហារ ធ្លាប់​មាន​វិវាទ​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​២០០៨ រវាង​កម្ពុជា ហើយ​និង​ថៃ ក៏ប៉ុន្តែ​ប្រាសាទ​ព្រះវិហារ ដើរ​តួ​យ៉ាង​សំខាន់​លើ​ការ​សម្របសម្រួល​ទំនាស់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ»

ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេតារា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេតារា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​ដែល​ត្រូវ​ជួសជុល និង​ការពារ​ប្រាសាទ​ព្រះវិហារ ជា​បន្ទាន់ គឺ​មាន​ច្រើន ដូចជា​បញ្ហា​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ បញ្ហា​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី ដែល​គំរាមកំហែង​ប្រាសាទ និង​បញ្ហា​ការពារ​ព្រៃឈើ​ជាដើម។

ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេតារា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អាទិភាព ៣​ចំណុច ដើម្បី​ឱ្យ​ដំណើរការ​អភិរក្ស និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​មុខ​បាន៖ «បញ្ហា​ដែល​យើង​ត្រូវ​តែ​ធ្វើ​ហ្នឹង​ទី​១ ធនធាន​មនុស្ស និង​ការ​បណ្ដុះបណ្ដាល ទី​២ គឺ​បញ្ហា​បរិស្ថាន និង​ព្រៃឈើ។ ព្រៃ​ឈើ​នៅ​ព្រះវិហារ សំខាន់​ណាស់ ព្រោះ​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ»

លោក គឹម សេតារា បញ្ជាក់​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ​នេះ គឺ​សហប្រធាន​ចិន និង​ឥណ្ឌា បាន​ចាប់​ផ្ដើម​រៀបចំ​ផែនការ​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះកេរ ក៏​ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​ប្រាកដ​ថា ដំណើរ​ការ​ជួសជុល​នឹង​ចាប់ផ្ដើម​នៅ​ពេល​ណា ហើយ​ត្រូវ​ចំណាយ​ថវិកា​លើ​គម្រោង​ជួសជុល​ប្រាសាទ​ទាំង​ពីរ​នោះ អស់​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល