អ្នក​ជំនាញ​ជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​ជួសជុល​និង​អភិវឌ្ឍន៍​ប្រាសាទ​​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2017-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​របស់​​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ជួសជុល និង​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ (ICC) លើក​ទី​២៨ នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
កិច្ច​ប្រជុំ​របស់​​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ជួសជុល និង​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ (ICC) លើក​ទី​២៨ នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ប្រទេស​ចិន និង​ឥណ្ឌា មាន​គម្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​អប្សរា ស្ដីពី​ការ​កំណត់​ទិសដៅ​នៃ​ការ​ជួសជុល និង​ការ​អភិរក្ស ព្រម​ទាំង​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ​ឱ្យ​មាន​និរន្តរភាព​ត​ទៅ​មុខ​ទៀត។

ពិធី​ចុះហត្ថលេខា​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​​បញ្ចប់​កិច្ចប្រជុំ​ផ្នែក​បច្ចេកទេស​ជួសជុល និង​អភិវឌ្ឍន៍​អង្គរ លើក​ទី​២៨ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ ដែល​ហៅ​កាត់​ថា (ICC)។

អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ជួសជុល និង​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ បាន​ជួប​ប្រជុំ​បច្ចេកទេស​រយៈពេល ២​ថ្ងៃ នៅ​ឯ​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរា នា​ខេត្ត​សៀមរាប ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​មិថុនា។

កិច្ច​ប្រជុំ​ដែល​មាន​ជប៉ុន និង​បារាំង ធ្វើ​ជា​សហ​ប្រធាន បាន​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​របាយការណ៍​នានា ស្ដីពី​ការ​ជួសជុល​ប្រាសាទ​បុរាណ ព្រមទាំង​ចុះ​ទៅ​ពិនិត្យ​មើល​តាម​ការដ្ឋាន​ជួសជុល​ផ្ទាល់ ដើម្បី​ផ្ដល់​អនុសាសន៍​ផ្នែក​បច្ចេកទេស​ថ្មីៗ​ទៀត​ផង។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​ថ្លែង​ក្រោយ​ពី​សម្រាក​ពី​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​មិថុនា ថា អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​អភិរក្ស និង​ជួសជុល និង​អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ​ប្រកប​ដោយ​ចិរភាព មក​ជួប​ប្រជុំ​គ្នា​ពេល​នេះ​នឹង​ផ្ដល់​យោបល់​ទាំង​លក្ខណៈ​បច្ចេកទេស ទាំង​សម្ភារៈ ទៅ​ដល់​ក្រុម​ការងារ​ដែល​កំពុងតែ​អនុវត្តន៍​គម្រោង​ជួសជុល​ប្រាសាទ​បុរាណ​នានា។

លោក ឡុង កុសល បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ គឺ​មាន​គម្រោង​ជួសជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​ដែល​កំពុង​ដំណើរ​ការ ដូចជា​នៅ​ស្ពាន​ហាល​បុរាណ​នៃ​ប្រាសាទ​អង្គរវត្ត​គម្រោង​កំណាយ​នៅ​ប្រាសាទ​តាព្រហ្ម និង​គម្រោង​ជួសជុល​ប្រាសាទ​តាកែវ ជាដើម៖ «ការងារ​ទាំង​អស់​គឺ​ផ្ដោត​ទៅ​លើ​បច្ចេកទេស​ជាក់ស្ដែង​តាម​គម្រោង​នីមួយៗ ដូច្នេះ​មុន​នឹង​ចូល​កិច្ច​ប្រជុំ គឺ​អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​ជួសជុល និង​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ប្រាសាទ​បុរាណ បាន​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​នៅ​តាម​ការដ្ឋាន​ទាំង​នោះ​សម្រាប់​ផ្ដល់​អនុសាសន៍»

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​អង្គរ​ដែរ​នោះ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​បំផ្លាញ​ធម្មជាតិ​នៅ​លើ​ភ្នំ​គូលែន គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​នៃ​ឧទ្យានជាតិ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​គំរាមកំហែង​ដល់​រមណីយដ្ឋាន និង​ប្រាសាទ​បុរាណ​ជាង ៥០​កន្លែង​ទៀត​ផង។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​របស់​ក្រសួង​បរិស្ថាន លោក សេង សោត មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រុករាន​យក​ដី និង​ការ​ចូល​ទៅ​តាំង​ទី​លំនៅ​លើ​ខ្នង​ភ្នំ​គូលែន។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រសួង​បរិស្ថាន ព្រួយ​បារម្ភ​ចំពោះ​ការ​កាប់​ឈើ និង​ការ​ចូល​ទៅ​តាំង​ទី​លំនៅ​លើ​ខ្នង​ភ្នំ​គូលែន មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​របស់​ឧទ្យាន​ជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ ព្រម​ទាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាង ៥០​កន្លែង​ដែរ៖ «កាល​ណា​គាត់​ធ្វើ​ផ្ទះ​កាន់​តែ​ច្រើន​ទៅៗ វា​បង្ក​ការ​ប៉ះពាល់​ដល់​រមណីយដ្ឋាន​វា​កើត​សំរាម កើត​ទឹក​កខ្វក់។ ភ្នំ​គូលែន​ជា​តំបន់​សក្ដិសិទ្ធិ»

ក្រសួង​បរិស្ថាន ឱ្យ​ដឹង​ថា ដើម្បី​ការពារ​បរិស្ថាន និង​ជួយ​ដល់​រមណីយដ្ឋាន​បុរាណ​នៅ​លើ​ភ្នំ​គូលែន​នោះ គឺ​ក្រសួង​បាន​សុំ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​ការ​ធ្វើ​សម្បទាន​ដី​កសិ​ទេសចរណ៍​ពី​ក្រុមហ៊ុន​ឯកជន ហើយ​មាន​គម្រោង​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​គូលែន ឱ្យ​បាន​ល្អ​ស្អាត សម្រាប់​ទេសចរណ៍​ងាយស្រួល​ឡើង​ទៅ​កម្សាន្ត ក៏​ដូច​ក្រុម​អភិរក្ស​ងាយ​ស្រួល​ល្បាត​ការពារ​ព្រៃឈើ។ ម្យ៉ាង​ទៀត​ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​មាន​គម្រោង​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ដែល​កំពុងតែ​រស់​នៅ​តំបន់​ព្រះអង្គ​ធំ​លើ​ខ្នងភ្នំ​គូលែន​ដែរ។ ការ​ធ្វើ​ដូច​នេះ ក្នុង​បំណង​ការពារ​បរិស្ថាន​នៃ​ឧទ្យានជាតិ​ភ្នំ​គូលែន​ផង និង​ការពារ​អតីត​រាជធានី​បុរាណ​នៃ​អំឡុង​សតវត្ស​ទី​៨ ទី​៩ នៃ​គ្រិស្ត​សករាជ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល