ប្រទេស​ក្នុង​តំបន់​អាស៊ាន​រំពឹង​ថា​ការ​ភ្ជាប់​ទំនាក់ទំនង​វប្បធម៌​ជាមួយ​ចិន​អាច​ទាក់ទាញ​ទេសចរ

ដោយ ហង្ស សាវយុត
2016-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាំ​ខ្មែរ​ក្នុង​ឈុត​កូរ​សមុទ្រ​ទឹក​ដោះ ដែល​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្ជាប់​វប្បធម៌​អាស៊ាន-ចិន កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ RFA/Hang Savyouth
របាំ​ខ្មែរ​ក្នុង​ឈុត​កូរ​សមុទ្រ​ទឹក​ដោះ ដែល​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្ជាប់​វប្បធម៌​អាស៊ាន-ចិន កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ RFA/Hang Savyouth
RFA/Hang Savyouth

កម្ពុជា និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) សុទ្ធតែ​សម្លឹង​ឃើញ​ប្រទេស​ចិន​ថា ជា​សក្ដានុពល​នៃ​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រម​ទាំង​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​អនាគត។

តាម​រយៈ​ការ​សម្លឹង​នេះ កម្ពុជា​បាន​សុខ​ចិត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន ចំនួន ៩​ទៀត អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ចំណង​មិត្តភាព​កាន់តែ​ប្រសើរ តាម​រយៈ​ការ​តភ្ជាប់​ផ្នែក​វប្បធម៌​រួម​គ្នា​ក្នុង​បំណង​ឆ្ពោះ​ទៅ​រក​វិស័យ​មួយ​ទំនាក់ទំនង​មួយ។

ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន ចំនួន ១០ បាន​ចូលរួម​សម្ដែង​សិល្បៈ​ដោយ​បង្ហាញ​ពី​វប្បធម៌​ផ្សេងៗ​ពី​គ្នា​ជាមួយ​ប្រទេស​ចិន កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នៅ​មុខ​ប្រាសាទ​បាយ័ន​នៃ​បរិវេណ​អង្គរធំ​ក្នុង​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​នៃ​បណ្ដា​ប្រទេស​អាស៊ាន ជាមួយ​នឹង​ចិន បាន​បង្ហាញ​ពី​គោលបំណង​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ាន ជាមួយ​ចិន ទាំង​ផ្នែក​វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច ដើម្បី​កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​នៅ​ក្នុង​តំបន់។

ប្រទេស​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​វប្បធម៌​នោះ បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​មុន​គេ ហើយ​លើក​យក​ឈុត​កូរ​សមុទ្រ​ទឹក​ដោះ ដែល​មាន​យក្ស និង​ទេវ​ទាញព្រ័ត្រ ជា​សិល្បៈ​ដ៏​មាន​ព្រលឹង​នៅ​ជាប់ និង​អង្គរ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ដើម្បី​បង្ហាញ។

របាំ​របស់​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្ជាប់​វប្បធម៌​អាស៊ាន-​ចិន កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ RFA/Hang Savyouth
របាំ​របស់​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្ជាប់​វប្បធម៌​អាស៊ាន-​ចិន កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ RFA/Hang Savyouth RFA/Hang Savyouth

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ដែល​ជា​អធិបតី​នៃ​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​នោះ គឺ​លោក ថោង ខុន។ លោក​ថ្លែង​ថា បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់ និង​ចិន បាន​ឈរ​ជាមួយ​គ្នា ព្រមទាំង​ចែក​រំលែក​ប្រវត្តិសាស្ត្រ​វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​ជា​យូរ​មក​ហើយ។

លោក ថោង ខុន បញ្ជាក់​ថា ការ​សំដែង​អំពី​វប្បធម៌​រួម​គ្នា​នៅ​ពេល​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន បាន​ស្វែង​យល់​គ្នា​តាម​រយៈ​វប្បធម៌​ប៉ុណ្ណោះ​ទេ គឺ​នឹង​ធ្វើ​ឱ្យ​អាស៊ាន-​ចិន បាន​ផល​ចំណេញ​ពី​គ្នា​លើ​ច្រើន​វិស័យ៖ «ទស្សនៈ​វិស័យ​របស់​អាស៊ាន-​ចិន បាន​គ្រប​ដណ្ដប់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​នៅ​តាម​តំបន់​ជា​ច្រើន​ដែល​នឹង​ដុះ​ចេញ​មក​វិញ​នូវ​គោល​នយោបាយ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កំណើន​ភ្ញៀវ​ទេសចរ ហើយ​ប្រសើរ​បំផុត​គឺ​សង្គម​វប្បធម៌»

បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ក៏​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ។ លេខា​ទី​១ នៃ​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា លោក អូលីវើ ជីងមីងហាន (Oliver ChingMing Han) បាន​ថ្លែង​ថា ការ​សម្ដែង​បង្ហាញ​ពី​វប្បធម៌​ផ្សេងៗ​គ្នា​រវាង​អាស៊ាន-​ចិន ពេល​នេះ គឺ​ជា​សញ្ញា​នៃ​ការ​រីក​លូតលាស់​នូវ​ចំណង​មិត្តភាព​រវាង​អាស៊ាន និង​ចិន​នៅ​ក្នុង​តំបន់។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ខ្មែរ អ្នកស្រី សឿង រ័ត្នចាវី ដែល​បាន​ចូលរួម​ជា​អធិបតី​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​សិក្ខា​សាល​រួម​គ្នា​ផ្នែក​វប្បធម៌​រវាង​អាស៊ាន និង​ចិន យល់​ឃើញ​ថា ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​អាស៊ាន-​ចិន​លើក​នេះ មាន​សារសំខាន់​យ៉ាង​ខ្លាំង ដោយសារ​តែ​រដ្ឋាភិបាល​នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ចិន គឺ​ផ្ដោត​សារសំខាន់​ខ្លាំង ចង់​ឱ្យ​យុវជន​អាស៊ាន-​ចិន មាន​ទំនាក់ទំនង​ជាមួយ​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​វិស័យ​នៅ​ពេល​អនាគត៖ «មាន​ប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រទេស​អាស៊ាន និង​ចិន ហើយក៏​វា​សំខាន់​បំផុត​សម្រាប់​កម្ពុជា​យើង»

របាំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្ជាប់​វប្បធម៌​អាស៊ាន-​ចិន កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ RFA/Hang Savyouth
របាំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្ជាប់​វប្បធម៌​អាស៊ាន-​ចិន កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ RFA/Hang Savyouth RFA/Hang Savyouth

មន្ត្រី​ផ្នែក​វប្បធម៌​របស់​កម្ពុជា យល់​ឃើញ​ថា តាមរយៈ​ការ​ត​ភ្ជាប់​នៃ​វប្បធម៌​រវាង​អាស៊ាន-​ចិន ពេល​នេះ វា​អាច​ជា​ស្ពាន​នៃ​មេត្រីភាព​មួយ​ដែល​អាច​នាំ​ឱ្យ​ប្រជាជាតិ​អាស៊ាន និង​ចិន ស្គាល់​សុខទុក្ខ​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព។

អគ្គនាយក​បច្ចេកទេស​ផ្នែក​វប្បធម៌​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខ្មែរ លោក ហាប់ ទូច មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ឱកាស​សម្រាប់​ឱ្យ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជាមួយ​នឹង​ចិន បង្ហាញ​ពី​ភាព​សំបូរ​បែប​ផ្នែក​វប្បធម៌​ទៅ​កាន់​ពិភពលោក​ផង និង​ជា​ឱកាស​ឱ្យ​សិល្បករ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ជួប​គ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ស្គាល់​គ្នា​ផង៖ «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ឱកាស​ដែល​យើង​ជួប​ជុំ​គ្នា​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​និង​ភាគី​ដៃគូ​របស់​យើង​គឺ​ជា​ប្រទេស​ចិន»

ប្រទេស​ចិន ដែល​ជា​ប្រទេស​តែមួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា ខំ​ប្រឹងប្រែង​ភ្ជាប់​ទំនាក់ទំនង​វប្បធម៌​ជាមួយ​ប្រទេស​អាស៊ាន ចំនួន​១០ គឺ​បាន​សម្ដែង​របាំ​នេសាទ ដែល​មាន​លក្ខណ​ទន់ភ្លន់​នៅ​ក្នុង​ព្រឹត្តិការណ៍​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នោះ។

ភារធារី​ស្ដីទី​នៃ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា លោក តាន់ គី្វងសេង (Tan Quing Sheng) ថ្លែង​ថា កិច្ចសហការ និង​ការ​ផ្លាស់ប្ដូរ​ផ្នែក​វប្បធម៌​ពេល​នេះ គឺ​ជា​ការ​លើក​កម្ពស់​នៃ​ភាព​យោគយល់​គ្នា​រវាង​បណ្ដា​ប្រទេស​អាស៊ាន-​ចិន ព្រមទាំង​ជា​សញ្ញា​នៃ​វប្បធម៌​នៅ​ក្នុង​តំបន់៖ «វា​ពិត​ជា​សក្ដានុពល​ដ៏​មហិមា​មួយ​ដែល​ផុស​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​ចិន។ ប្រទេស​កម្ពុជា គឺ​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​ផល​ចំណេញ​ជា​ច្រើន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន តាម​រយៈ​អ្នក​វិនិយោគ​ទុន​របស់​ចិន ដែល​ចូល​មក​កម្ពុជា ជា​បន្តបន្ទាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១០»

​មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា យល់​ថា ប្រទេស​ចិន គឺ​ជា​ឃ្លាំង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​ប្រទេស​អាស៊ាន ជា​ច្រើន​អាច​ទទួល​បាន​ផលប្រយោជន៍​តាម​រយៈ​ការ​បណ្ដាក់​ទុក ព្រម​ទាំង​ការ​បម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍។ ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ អ្នក​ទេសចរណ៍​ជនជាតិ​ចិន ចំនួន ២០​លាន​នាក់ បាន​មក​លេង​កម្សាន្ត​នៅ​តំបន់​អាស៊ាន ហើយ​កម្ពុជា រំពឹង​ថា នៅ​ឆ្នាំ​២០២០ ខាង​មុខ គឺ​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បទេស​ចំនួន ៧​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ចំនួន ២​លាន​នាក់​ផ្សេង​ទៀត​មក​កម្សាន្ត​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល