អាជ្ញាធរ​អប្សរា​បើក​ឱ្យ​ទេសចរ​ដើរ​ឆ្លង​ស្ពាន​អណ្ដែត​ទឹក​ទៅ​ទស្សនា​អង្គរវត្ត​ជំនួស​ស្ពាន​ចាស់

ដោយ ហង្ស សាវយុត
2017-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ចម្រុះ​របស់​រដ្ឋាភិបាល​​នាំ​គ្នា​ដើរ​ឆ្លង​ស្ពាន​​អណ្ដែត​ទឹក​ឆ្លង​ទៅ​ប្រាសាទ​អង្គរវត្ត សាកល្បង បន្ទាប់​ពី​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth
មន្ត្រី​ចម្រុះ​របស់​រដ្ឋាភិបាល​​នាំ​គ្នា​ដើរ​ឆ្លង​ស្ពាន​​អណ្ដែត​ទឹក​ឆ្លង​ទៅ​ប្រាសាទ​អង្គរវត្ត សាកល្បង បន្ទាប់​ពី​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ស្ពាន​ហាល​បុរាណ​ប៉ែក​ខាងលិច ដែល​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​តែង​ដើរ​ឆ្លង​ទឹក​កស្សិណ​ទៅ​ទស្សនា​អង្គរវត្ត ជា​ប្រចាំ​ថ្ងៃ​នោះ កំពុង​ពុក​ផុយ និង​ទ្រុឌទ្រោម​ជា​ខ្លាំង ដែល​ទាមទារ​ឱ្យ​អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា ត្រូវ​រៀបចំ​គម្រោង​ជួសជុល​ឡើង​វិញ។ ស្រប​នឹង​គម្រោង​ជួសជុល​ស្ពាន​បុរាណ​ធ្វើ​អំពី​ថ្ម​មួយ​នេះ អាជ្ញាធរ​អប្សរា​ក៏​បាន​ចំណាយ​ពេល ៥​ខែ​ ដើម្បី​សាងសង់​ស្ពាន​អណ្ដែត​ទឹក​ធ្វើ​ពី​ពោង​ជ័រ​ប្លាស្ទិក​មួយ សម្រាប់​ទុក​ឱ្យ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ដើរ​ឆ្លង​ទឹក​ទៅ​ទស្សនា​អង្គរវត្ត ជា​បណ្ដោះអាសន្ន​មួយ​រយៈ​សិន។

មន្ត្រី​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ការពារ​ប្រាសាទ​បុរាណ ព្រមទាំង​អ្នក​ជំនាញ​បុរាណវិទ្យា​ជា​ច្រើន​រយ​នាក់ បាន​ធ្វើ​ពិធី​បើក​សម្ពោធ​ស្ពាន​អណ្ដែត​ទឹក​ដែល​សង់​ពី​ពោង​ជ័រ​ប្លាស្ទិក ដាក់​ឱ្យ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍ បាន​ដើរ​ឆ្លង​ទឹក​កស្សិណ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​បណ្ដោះអាសន្ន មួយ​រយៈ​សិន។

ការ​បើក​សម្ពោធ​ស្ពាន​ជ័រ​នេះ ក៏​ជា​ការ​ប្រកាស​បិទ​ស្ពាន​ហាល​បុរាណ ដែល​ធ្វើ​អំពី​ថ្ម នៅ​ប៉ែក​ខាង​លិច​អង្គរ ឈប់​ឱ្យ​ទេសចរ​ដើរ​ឆ្លង​កាត់​ដែរ ដើម្បី​ទុក​ឱ្យ​អ្នក​ជំនាញ​រៀបចំ​គម្រោង​ជួសជុល​តាម​កន្លែង​ពុក​ផុយ និង​កន្លែង​បែក​បាក់​នានា ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

ការ​បើក​សម្ពោធ​ស្ពាន​ជ័រ​អណ្ដែត​ទឹក​នេះ ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ឧសភា ដោយ​មាន​ព្រះសង្ឃ​ស្វាធ្យាយន៍​ជយន្តោ ព្រម​ទាំង​មាន​របាំ​ជូនពរ​ផង។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ស៊ុំ ម៉ាប់។ លោក​ថ្លែង​នៅ​ក្នុង​ពេល​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ថា ស្ពាន​ជ័រ​អណ្ដែត​ទឹក​មាន​បណ្ដោយ​ប្រវែង ១៧០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ ជា​ប្រភេទ​ពោង​ជ័រ ប៉ូលីទីឡែន (Poly Tylen) បាន​សង់​នៅ​ប្រប​គ្នា​នឹង​ស្ពាន​ហាល​បុរាណ​របស់​អង្គរវត្ត សម្រាប់​ឱ្យ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍ ដើរ​ឆ្លង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ជា​បណ្ដោះអាសន្ន​សិន។

លោក​អគ្គនាយក​អាជ្ញាធរ​អប្សរា បញ្ជាក់​ទៀត​ថា ការ​សាងសង់​ស្ពាន​ជ័រ​អណ្ដែត​ទឹក​មួយ​នេះ​ឡើង គឺ​ធ្វើ​ទៅ​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​ការ​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC) អង្គរ៖ «ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​សាងសង់​ស្ពាន​អណ្ដែត​ទឹក​នេះ ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៧។ ស្ពាន​អណ្ដែត​ទឹក​នេះ​ប្រើ​ផ្ទៃ​ពោង​ជ័រ សរុប​ចំនួន ៦.៧២០​ដុំ ដែល​អាច​ផ្ទុក​ទម្ងន់​មនុស្ស​ឱ្យ​ឈរ​នៅ​ក្នុង​ពេល​តែមួយ​បាន​រហូត​ទៅ​ដល់ ១.៣៦០​នាក់»

​មន្ត្រី​អាជ្ញាធរ​អប្សរា ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា​រៀបចំ​គម្រោង​ជួសជុល​ស្ពាន​ហាល​បុរាណ ដែល​ចាស់​ទ្រុឌទ្រោម​នោះ គឺ​អ្នក​ជំនាញ​របស់​អាយ.ស៊ី.ស៊ី អង្គរ បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អាជ្ញាធរ​សង់​ស្ពាន​បណ្ដោះអាសន្ន ដោយ​ឱ្យ​រើស​យក​ការ​ធ្វើ​ស្ពាន​អំពី​ឫស្សី ធ្វើ​អំពី​ដែក​យោធា ស្ពាន​ឈើ ឬ​ស្ពាន​ថ្ម ។ល។ ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​រើស​យក​ស្ពាន​អណ្ដែត​ទឹក​ធ្វើ​ពី​ជ័រ​ប្លាស្ទិក​របស់​ក្រុមហ៊ុន​នៃ​ប្រទេស​កាណាដា (CANADA) នេះ​វិញ ដោយ​ផ្ដោត​ទៅ​លើ​តម្លៃ ការ​ថែទាំ ពេល​វេលា​នៃ​ការ​សាងសង់ ភាព​មិន​ប៉ះពាល់​ដល់​បុរាណដ្ឋាន​ក្រោម​ទឹក និង​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​ទេសភាព​វប្បធម៌​ធម្មជាតិ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា កាត់​ខ្សែបូ​បើក​សម្ពោធ​​​ស្ពាន​អណ្ដែត​ទឹក​សម្រាប់​ឆ្លង​ទៅ​ទស្សនា​អង្គរវត្ត ជំនួស​ស្ពាន​បុរាណ​ដែល​បិទ​មួយ​រយៈ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth
រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា កាត់​ខ្សែបូ​បើក​សម្ពោធ​​​ស្ពាន​អណ្ដែត​ទឹក​សម្រាប់​ឆ្លង​ទៅ​ទស្សនា​អង្គរវត្ត ជំនួស​ស្ពាន​បុរាណ​ដែល​បិទ​មួយ​រយៈ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា អ្នកស្រី ភឿង សកុណា ថ្លែង​ថា ក្នុង​ភារកិច្ច​ជា​អ្នក​ការពារ​សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ​របស់​ជាតិ នៅ​ពេល​ដែល​ឃើញ​ថា ស្ពាន​ហាល​បុរាណ ដែល​ឆ្លង​ទៅ​អង្គរវត្ត​មាន​ភាព​ទ្រុឌទ្រោម​ដូច្នេះ ហើយ​មាន​ដៃគូ​ខ្លះ​ដូចជា​ជប៉ុន និង​អាជ្ញាធរ​អប្សរា​ធ្វើ​ការ​រួមគ្នា​ផង រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ជួសជុល​លើក​នេះ ក្នុង​បំណង​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ អាច​ដើរ​ឆ្លង​ទៅ​មើល​ប្រាសាទ​អង្គរវត្ត បាន​រយៈពេល​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត។

អ្នកស្រី ភឿង សកុណា ថ្លែង​ទៀត​ថា ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប គឺ​សំបូរ​ដោយ​សម្បត្តិ​បេតិកភណ្ឌ និង​ប្រាសាទ​បុរាណ ដែល​ជា​មត៌ក​ដ៏​ថ្លៃថ្លា​របស់​ដូនតា ហើយ​បច្ចុប្បន្ន​សម្បត្តិ​ទាំង​នេះ​គឺ​ជា​កម្លាំង​ចលករ​ក្នុង​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ដូច្នេះ​ភាព​ទ្រុឌទ្រោម និង​បែកបាក់​របស់​ស្ពាន​ហាល​បុរាណ​ចូល​ទៅ​អង្គរវត្ត​នេះ គឺ​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជួសជុល​ឡើង​វិញ បើ​ទោះ​បី​ជា​ប្រើ​រយៈពេល​ច្រើន​ឆ្នាំ​ក៏ដោយ៖ «ខ្ញុំ​ចង់​ជម្រាប​ថា គម្រោង​ជួសជុល​ស្ពាន​ហាល​ខាង​លិច​នេះ គឺ​មាន​រយៈពេល​យូរ​រយៈពេល ៤​ឆ្នាំ ដូច្នេះ​យើង​ត្រូវ​បិទ​ស្ពាន​នេះ​ជា​ស្ថាពរ​តែម្ដង។ ថ្ងៃ​នេះ​យើង​ត្រូវ​ដើរ​ឆ្លង​ទី​១ មុន​គេ​ឆ្លង​កាត់​ស្ពាន​អណ្ដែត​ទឹក​នេះ ពីព្រោះ​យើង​អ្នក​សៀមរាប យើង​មាន​សំណាង​ឆ្លង​មុន​គេ»

​ស្ពាន​ហាល​បុរាណ​នៅ​ប៉ែក​ខាង​លិច​អង្គរវត្ត ធ្វើ​ពី​ថ្មបាយក្រៀម លាយ​ជាមួយ​នឹង​ថ្មភក់​ផង គឺ​កសាង​ឡើង​តាំង​ពី​អំឡុង​សតវត្ស​ទី​១២ នៃ​គ្រិស្ត​សករាជ។ រហូត​មក​ដល់​បច្ចុប្បន្ន ស្ពាន​បុរាណ​មួយ​នេះ​មាន​ការ​ពុក​ផុយ និង​ទ្រុឌទ្រោម​ខ្លាំង។

​ស្ពាន​ហាល​បុរាណ​ឆ្លង​ទៅ​អង្គរវត្ត មាន​ប្រវត្តិ​ធ្លាប់​ជួសជុល​ចំនួន ២​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៥៣-​១៩៦៦ បារាំង​បាន​ជួសជុល​នៅ​ប៉ែក​ខាងជើង ចំណុច​កណ្ដាល និង​ប៉ែក​ខាង​កើត ហើយ​នៅ​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ​២០០៧ គឺ​សកល​វិទ្យាល័យ​សូហ្វីយ៉ា (Sofia) ជប៉ុន ក៏​ធ្លាប់​ជួសជុល​ម្ដង​នៅ​ប៉ែក​ខាង​កើត​ដែរ។

​អ្នក​បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុម​ការងារ​ជួសជុល​ស្ពាន​ហាល ដែល​សហការ​ជាមួយ​សកល​វិទ្យាល័យ​សូហ្វីយ៉ា ដំណាក់កាល​ទី​២ លោក អន សុភាព មាន​ប្រសាសន៍​ថា រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ក្រុម​ការងារ​របស់​លោក​បាន​ជីក​ដី​ដើម្បី​សិក្សា​គ្រឹះ​របស់​ស្ពាន​បុរាណ​នេះ ហើយ​រក​ឃើញ​ថា ដុំ​ថ្ម​របស់​ស្ពាន​ខ្លះ​បាន​ពុក​ផុយ​ដល់​ទំហំ ៣០ ឬ​ក៏ ៤០​សង់ទីម៉ែត្រ ដោយសារ​ទឹក ចំណែក​ឯ​ស្ថានភាព​ដី​នៅ​ខាង​ក្នុង​គ្រឹះ​ស្ពាន​ទៀតសោត ក៏​មិន​សូវ​ល្អ​ដែរ ដោយសារ​ការ​ជួសជុល​នៅ​សម័យ​ក្រោយ​អង្គរ​ធ្វើ​មិន​បាន​ហ្មត់ចត់៖ «ការ​ជួសជុល​នៅ​មាន​ការ​ជជែក​ជាមួយ​អ្នក​ជំនាញ យូណេស្កូ ម្ដង​ទៀត យើង​អត់​ទាន់​សម្រេច​ថា តើ​ត្រូវ​ជួសជុល​យ៉ាង​ណា​ទេ ដោយសារ​ស្ពាន​ហាល​ដែល​យើង​នឹង​ធ្វើ​ការ​ជួសជុល​បញ្ចប់​នេះ គេ​ចង់​រក្សា​ស្លាកស្នាម​ដែល​ដូនតា​ខ្មែរ​បាន​ជួសជុល នៅ​ក្រោយ​សម័យ​អង្គរ»

អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា​បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​គម្រោង​ជួសជុល​របស់​ស្ពាន​ហាល​អង្គរវត្ត​នេះ បាន​កំណត់​រយៈពេល ៤​ឆ្នាំ​ក៏ដោយ ក៏​គេ​នៅ​មិនទាន់​ប្រាកដ​ថា តើ​គេ​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ពិត​ប្រាកដ ដើម្បី​ជួសជុល​ការ​ទ្រុឌទ្រោម​ទាំង​ឡាយ​ឱ្យ​ល្អ​ឡើងវិញ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល