អាមេរិក​ផ្ដល់​ថវិកា​សម្រាប់​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង

ដោយ សេក បណ្ឌិត
2017-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​អង្គុយ​គយគន់​ទេសភាព និង​ថត​ថ្ងៃ​រៀប​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំបាខែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​អង្គុយ​គយគន់​ទេសភាព និង​ថត​ថ្ងៃ​រៀប​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំបាខែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

រដ្ឋាភិបាល​សហរដ្ឋអាមេរិក ផ្ដល់​ថវិកា​ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) តាម​រយៈ​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិរក្ស​វប្បធម៌​ក្នុង​ដំណាក់កាល​ទី​៥ ដើម្បី​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង ដែល​មាន​ចំណាស់ ១០​ទសវត្ស​មក​ហើយ​នៅ​ក្នុង​ឧទ្យាន​អង្គរ។

មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​អភិរក្ស​វប្បធម៌ នៃ​សហរដ្ឋអាមេរិក និង​មូលនិធិ​ប្រាសាទ​ពិភពលោក បាន​ផ្ដល់​ជំនួយ​ប្រមាណ ៣៥​ម៉ឺន​ដុល្លារ​អាមេរិក (៣៥០.០០០) ដើម្បី​ជួសជុល និង​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង ក្នុង​តំបន់​ឧទ្យាន​អង្គរ ក្នុង​ខេត្ត​សៀមរាប។

​ជំនួយ​នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ នៅ​លើ​កំពូលភ្នំ​នៃ​ប្រាសាទ​បាខែង រវាង​លោក Martin Persuhler ប្រធាន​គម្រោង​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​អភិរក្ស​វប្បធម៌​សហរដ្ឋអាមេរិក និង​លោកស្រី Lisa Ackerman អនុ​ប្រធាន​ប្រតិបត្តិ​របស់​មូលនិធិ​ប្រាសាទ​ពិភពលោក ព្រម​ទាំង​មាន​មន្ត្រី​នៃ​អាជ្ញា​អប្សរា​ចូលរួម​ផង​ដែរ។

លោកស្រី Lasa Ackerman បាន​ថ្លែង​ឲ្យ​ដឹង​តាមរយៈ​អ្នកបកប្រែ​ថា ការ​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង នេះ​គឺ​ជា​គម្រោង​មួយ​ដែល​អនុវត្ត​ឲ្យ​ក្លាយ​ជា​គម្រោង​គំរូ​មួយ​ក្នុង​ចំណោម​គម្រោង​នានា​សម្រាប់​ការ​ជួសជុល និង​អភិរក្ស​ប្រាសាទ​នានា​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ភាព​ជោគជ័យ​ដែល​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជួសជុល​ប្រាសាទ​ភ្នំ​បាក់ខែង​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ​អប្សរា​ជាមួយ​មូលនិធិ​ប្រាសាទ​ពិភពលោក ដែល​ជា​មូលដ្ឋានគ្រឹះ​ចម្បង​មួយ»

​លោកស្រី​បាន​ថ្លែង​ថា បុគ្គលិក​ដែល​បម្រើ​ការងារ​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ហ្វឹកហាត់​បន្ថែម​ទៀត​ក្នុង​ការងារ​ជួសជុល​ប្រាសាទ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ហើយ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិរក្ស​វប្បធម៌​នេះ​មិន​ត្រឹមតែ​ចូលរួម​អភិរក្ស​ប្រាសាទ ឬ​ផ្លាស់ប្ដូរ​បទពិសោធន៍​នោះ​ទេ តែ​នឹង​ធ្វើ​ឲ្យ​ក្លាយ​ជា​មូលនិធិ​ថ្នាក់​តំបន់ និង​អន្តរជាតិ​ផង​ដែរ។

លោក Martin Persuhler បាន​ថ្លែង​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ដែរ​ថា គម្រោង​នេះ​មិន​ត្រឹមតែ​សម្រាប់​អភិរក្ស​ប្រាសាទ​វ័យ​ចំណាស់​នេះ​ទេ ប៉ុន្តែ​វា​បាន​ផ្ដល់​ផលប្រយោជន៍​ផ្សេងទៀត​ដូចជា​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ជួសជុល​ប្រាសាទ​ឲ្យ​កាន់​តែ​មាន​ជំនាញ​បន្ថែម​ទៀត និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយ​អ្នក​ជំនាញ​ផ្សេងៗ​ទៀត។

លោក​ថ្លែង​ថា ក្នុង​នោះ​ក៏​មាន​ការ​បណ្ដុះបណ្ដាល​ផង​ដែរ ដូចជា​ស្ថាបត្យករ បុរាណ​វិទូ និង​អ្នក​ជំនាញ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​អភិរក្ស​ប្រាសាទ​នេះ ហើយ​វា​ជា​ស្ពាន​មួយ​ដើម្បី​ផ្ដល់​លទ្ធភាព​អ្នក​ជំនាញ​ចូលរួម​បន្ថែម​ទៀត​ដើម្បី​អភិរក្ស​ប្រាសាទ​ជា​បន្ត​ទៀត៖ «នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា មិន​ត្រឹមតែ​ជា​ការ​ចូលរួម​ក្នុង​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ពី​ពលរដ្ឋ​អាមេរិក ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ដើម្បី​ថែរក្សា​ប្រាសាទ​ភ្នំ​បាក់ខែង​នេះ»

ជំនួយ​របស់​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិរក្ស​វប្បធម៌​នៅ​កម្ពុជា មាន​ចំនួន​ជាង ៤​លាន (៤២៧.២៤៦៥) ដែល​ក្នុង​ចំនួន​នេះ ជាង ៣​លាន ត្រូវ​បាន​ផ្ដល់​ឲ្យ​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិរក្ស​វប្បធម៌។

​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រសាទ​នៃ​ឧទ្យាន​អង្គរ លោក លី វណ្ណា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា គម្រោង​ដែល​បាន​ជំនួយ​ពី​សហរដ្ឋអាមេរិក នេះ​គឺ​បន្ត​ពី​គម្រោង​មុនៗ​តាំង​ពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ ហើយ​គម្រោង​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង នេះ​ជា​គម្រោង​ធំ​បំផុត​មួយ​ក្នុង​ចំណោម​គម្រោង​នានា​ក្នុង​តំបន់​ឧទ្យាន​អង្គរ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​នេះ មិន​ត្រឹមតែ​បាន​អភិរក្ស​ប្រាសាទ​ជា​បន្ត​ទៀត​ទេ ថែម​ទាំង​មន្ត្រី​ជំនាញ​នានា ជាង ១០០​នាក់​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អ្នក​ជំនាញ​ក្នុង​កម្មវិធី​ជួសជុល​អភិរក្ស​ប្រាសាទ​នេះ​ដែរ ហើយ​គម្រោង​ជួសជុល​ប្រាសាទ​ឡើង​វិញ​នេះ មិន​កំណត់​ពេល​បញ្ចប់​នោះ​ទេ ទោះបីជា​ការ​ជួសជុល​នេះ​បាន​រួចរាល់​ហើយក៏​ដោយ ព្រោះ​កិច្ចការ​បន្ត​ទៀត គឺ​ការ​តាមដាន និង​ថែរក្សា​ដើម្បី​ឲ្យ​ប្រាសាទ​បាន​នៅ​គងវង់​យូរ​អង្វែង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល