អ្នក​ជំនាញ​កំពុង​ប្រឹងប្រែង​ជួសជុល​ប្រាសាទ​គោកចក​ដែល​មាន​អាយុ​ជាង​១​ពាន់​ឆ្នាំ

ដោយ ហង្ស សាវយុត
2015-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា បោស​ជម្រះ​ដី​នៅ​តាម​ជញ្ជាំង​ប្រាសាទ​គោកចក និង​ឆ្កឹះ​បំណែក​ឥដ្ឋ​ពុក​ផុយ​ចេញ ព្រម​ទាំង​បាញ់​កាវ​ស្បែក​គោ​ប៉ះ​ឲ្យ​រឹងមាំ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា បោស​ជម្រះ​ដី​នៅ​តាម​ជញ្ជាំង​ប្រាសាទ​គោកចក និង​ឆ្កឹះ​បំណែក​ឥដ្ឋ​ពុក​ផុយ​ចេញ ព្រម​ទាំង​បាញ់​កាវ​ស្បែក​គោ​ប៉ះ​ឲ្យ​រឹងមាំ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hang Savyouth

ប្រាសាទ​គោកចក ដែល​សម័យ​បុរាណ​ហៅ​ឈ្មោះ​ថា​ជា​ព្រៃ​វិស្ណុគ្រាម ស្ថិត​នៅ​ក្នុង​សង្កាត់​គោកចក កណ្ដាល​ទីក្រុង​សៀមរាប គឺ​មាន​អាយុ​កាល​ជាង ១.១៣០​ឆ្នាំ​ហើយ គិត​មក​ដល់​ឆ្នាំ​២០១៥។

ប្រាសាទ​គោកចក ដែល​សាងសង់​ឡើង​ដោយ​ដី​ឥដ្ឋ​លាយ​ជាមួយ​នឹង​ថ្ម​ភក់​តិចតួច គឺ​កំពុង​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​ការ​បំផ្លាញ​ពី​រុក្ខជាតិ​ដុះ​ជ្រៀត ព្រម​ទាំង​ទឹក​ភ្លៀង​ជ្រាប​ចូល បណ្ដាល​ឲ្យ​ពុក​ផុយ ហើយ​ត្រូវ​ការ​ជួយ​សង្គ្រោះ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន។

អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា និង​អភិរក្ស​ប្រាសាទ​បុរាណ​របស់​អាជ្ញាធរ​អប្សរា​មួយ​ក្រុម កំពុង​ប្រឹងប្រែង​ប្រើ​ទេពកោសល្យ និង​ចំណេះ​ដឹង​របស់​ខ្លួន ដើម្បី​ជួសជុល​ប្រាសាទ​បុរាណ​គោកចក ដែល​បាក់​បែក​ទ្រុឌទ្រោម​ខ្លាំង​ទៅ​ហើយ ឲ្យ​មាន​ភាព​គង់វង្ស និង​ស្ថិត​នៅ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត។

អ្នក​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​សំណង់​បុរាណ និង​អ្នក​បុរាណវិទ្យា កំពុង​ចែក​គ្នា​ធ្វើ​ការងារ​យ៉ាង​មមាញឹក​ទៅ​លើ​ការ​ជីក​កកាយ​ដើម្បី​សិក្សា​គ្រឹះ​ប្រាសាទ ការ​កាត់​ឫស​ឈើ​ដែល​ដុះ​ជ្រៀត​ចេញ​ពី​ប្រាសាទ រួម​ទាំង​ការ​ផ្សំ​វត្ថុ​ធាតុ​បាយអ ដើម្បី​បិទ​ភ្ជាប់​ដុំ​ថ្ម និង​ឥដ្ឋ​ដែល​បែក​បាក់ ឲ្យ​ក្លាយ​ទៅ​ជា​រឹងមាំ​ឡើង​វិញ។

បុគ្គលិក​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំនាញ​ជាច្រើន​ទៀត ដែល​កំពុង​ធ្វើ​ការងារ​ជួសជុល​ប្រាសាទ​បុរាណ​គោកចក គឺ​អ្នកស្រី នេត្រ ស៊ីមន។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​ធ្នូ ថា ដោយសារ​ប្រាសាទ​គោកចក ភាគ​ច្រើន​ធ្វើ​អំពី​ឥដ្ឋ ហើយ​មាន​អាយុ​កាល​ជិត ១.២០០​ឆ្នាំ​ហើយ គឺ​វា​បាន​ខូចខាត​យ៉ាង​ច្រើន។ អ្នកស្រី នេត្រ ស៊ីមន បញ្ជាក់​ថា ប្រាសាទ​គោកចក ថ្វីត្បិតតែ​មាន​តួ​ប៉ម​តូចៗ​ចំនួន​ពីរ​មិន​សូវ​ល្អ​ស្អាត​ដូច​ប្រាសាទ​ដទៃ​ទៀត ក៏ប៉ុន្តែ​វា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ប្រវត្តិសាស្ត្រ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ដឹង​ពី​អតីតកាល៖ «ក្នុង​ប្រាសាទ​គោកចក ហ្នឹង មាន​សិលា​ចារិក​ពីរ។ សិលា​ចារិក​នៅ​តួ​ខាង​ជើង និយាយ​ពី​ការ​ប្រទាន​ដី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទៅ​ឲ្យ​កម្រង​តែង​អញ។ ហើយ​សិលា​ចារិក​នៅ​តួ​ខាង​ត្បូង និយាយ​អំពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ចូល​ចិត្ត​ទាក់​ដំរី និង​កសាង​ប្រាសាទ»

បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ និង​ឧទ្យាន​បង្ការ លោក ស្រ៊ុន តិច អធិប្បាយ​ថា ប្រាសាទ​បុរាណ​គោកចក ដែល​គេ​ហៅ​ថា​ព្រៃ​វិស្ណុគ្រាម គឺ​ជា​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​នាម​ជ័យវរ្ម័ន​ទី​៣ ដែល​សោយរាជ្យ​ចន្លោះ​ពី​ឆ្នាំ​៨៦៩ ទៅ​ដល់​ឆ្នាំ​៨៧៧ នៃ​គ្រិស្ដសករាជ។ លោក​ពន្យល់​ថា ប្រាសាទ​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែល​បាន​បង្ហាញ​អំពី​សត្វ​ដំរី និង​ព្រៃ​ព្រឹក្សា​លតា​វល្លិ ព្រម​ទាំង​បរិស្ថាន​ធម្មជាតិ។ ប្រាសាទ​គោកចក មាន​តួ​ប៉ម​ពីរ​តូចៗ​ធ្វើ​ពី​ដី​ឥដ្ឋ​លាយ​ជាមួយ​នឹង​ផ្ដែ​ទ្វារ ព្រម​ទាំង​សសរ​ពេជ្រ​ធ្វើ​អំពី​ថ្ម​ភក់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ ៩០​ម៉ែត្រ​គុណ​នឹង ១០០​ម៉ែត្រ។

អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ និង​ឧទ្យាន​បង្ការ ដែល​ជំនាញ​ខាង​ជួសជុល​ប្រាសាទ​ដី​ឥដ្ឋ លោក តាន់ សុផល មាន​ប្រសាសន៍​ថា ការងារ​ជួសជុល​ប្រាសាទ​នេះ គឺ​មាន​ការ​យល់ព្រម​ពី​ស្ថាប័ន​អន្តរជាតិ ដូចជា អង្គការ​យូណេស្កូ (UNESCO) ជាដើម ហើយ​អ្នក​ជំនាញ​នាំ​គ្នា​ធ្វើ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត៖ «គំនិត​ចម្បង​នៃ​ការងារ​ជួសជុល គឺ​យើង​រក្សា​ទម្រង់​ដើម​របស់​ប្រាសាទ។ យើង​គិត​ខ្លាំង​ទៅ​លើ​ប្រវត្តិ​របស់​ប្រាសាទ ការ​ប្រើប្រាស់​សំណង់ យើង​ត្រូវ​សិក្សា​អំពី​បច្ចេកទេស​បុរាណ»

អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា គេ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជួសជុល​ប្រាសាទ​គោកចក តាំង​ពី​អំឡុង​ឆ្នាំ​២០១៤ មក ហើយ​គេ​ត្រូវ​ការ​ពេល​ប្រហែល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ប្រាសាទ​នេះ​ឲ្យ​បាន​គង់វង្ស និង​យូរ​អង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល