ក្រសួង​វប្បធម៌​ស្នើ​អន្តរាគមន៍​កុំ​ឱ្យ​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង​នៅ​មុខ​សាលាខេត្ត​បាត់ដំបង

ដោយ ថន ថារ៉ូ
2019-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៤។
រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៤។
Photo: RFA

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​ស្នើសុំ​ការ​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី ឱ្យ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ស្ពានថ្ម​ចាស់​សម័យ​បារាំង នៅមុខ​សាលាខេត្ត​បាត់ដំបង ដើម្បី​រក្សា​ទុកជា​បេតិកភណ្ឌ និង​ស្នើសុំ​កុំ​ឱ្យ​វាយកម្ទេច​ចោល រួច​ធ្វើ​ស្ពាន​ថ្មី នៅ​លើ​ទីតាំង​ចាស់​នោះ​។ អ្នកឃ្លាំមើល​សង្គម​នៅ​ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា ស្ពានថ្ម អាយុ​ជាង ១០០​ឆ្នាំនេះ បាន​ទាក់ទាញ​ទេសចរណ៍​ច្រើន សម្រាប់​ខេត្ត​បាត់ដំបង។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ជំនាញ​មិន​ទាន់​បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ស្ពានថ្ម នៅមុខ​សាលាខេត្ត​បាត់ដំបង​នៅឡើយ​ទេ ដោយ​សារ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ដែនដី​។ អ្នកស្រី​ថ្លែង​ថា ក្រសួង​វប្បធម៌​មាន​គោលបំណង​រក្សា​ស្ពានថ្ម​សម័យ​បារាំង ទុកជា​បេតិកភណ្ឌ តែ​គ្មាន​ជំនាញ​ខាង​ភូមិសាស្ត្រ ទើប​ត្រូវ​ស្នើសុំ​ការ​បញ្ជាក់​ពី​ខាង​អ្នក​ជំនាញ នៃ​ក្រសួង​ដែនដី៖ «យើង​ដឹង​ថា ខេត្ត​បាន​ផ្អាក​ចរាចរណ៍​ឆ្លងកាត់ ដោយសារ​ស្ពាន​វា​មាន​បញ្ហា​លំបាក​ណា អ៊ីចឹង​ពួក​ខ្ញុំ​ចង់​ទៅ​មើល​ដែរ។ វា​ពាក់ព័ន្ធ​នឹង​គម្រោង​មើល​បេតិកភណ្ឌ​ដែរ​។ តាមពិត​ខាង​ខ្ញុំ មិនសូវ​ដឹង​អំពី​គម្រោង​នគរូបនីយកម្ម ប្លង់​មេ​ទេ អ៊ីចឹង បាន​យើង​សុំ​អន្តរាគមន៍​មើល»

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ដែនដី កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ដើម្បី​ស្នើសុំ​ឱ្យ​អ្នក​ជំនាញ​ចុះ​ពិនិត្យមើល​ស្ពានថ្ម​ចាស់​សល់​ពី​សម័យ​បារាំង​មួយ ស្ថិត​នៅមុខ​សាលា​ខេត្ត​​បាត់ដំបង ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ។ អ្នកស្រី ភឿង សកុណា បញ្ជាក់​ក្នុង​លិខិត​ថា រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ស្នើសុំ​គោលការណ៍ ដើម្បី​អនុញ្ញាត​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង​នោះ ប៉ុន្តែ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ យល់ឃើញ​ថា ពុំគួរ​រុះរើ​ឡើយ ដោយសារ​ស្ពាន​នេះ មាន​អាយុកាល​ចំណាស់​ជាង ១០០ឆ្នាំ កសាង​ក្នុង​សម័យ​អាណានិគម​បារាំង និង​ជា​សំណង់​បេតិកភណ្ឌ​​ទីក្រុង នៅ​សេសសល់ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និង​បរិស្ថាន​។ ក្រសួង​វប្បធម៌ ផ្ដល់​យោបល់​ថា ស្ពានថ្ម​ចាស់​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​មរតក​ដ៏​កម្រ បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង ម្ល៉ោះហើយ​ស្ពាន​នេះ គួរ​ត្រូវ​បាន​ថែរក្សា​ទុក និង​ជួសជុល​ឡើងវិញ សម្រាប់​ប្រើប្រាស់​ជា​ស្ពាន​ថ្មើរជើង។

សំណើសុំ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ដែល​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​ជូនដំណឹង​ហាម​អ្នកដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត ដើម្បី​បង្ការ​គ្រោះថ្នាក់ ជាយថាហេតុ​​​​ពី​ការ​ពុក​ផុយ​បាក់​ស្រុត នៃ​ស្ពានថ្ម​ចាស់​នេះ។ ស្ពានថ្ម​ចាស់ នៅមុខ​សាលាខេត្ត​បាត់ដំបង បាន​កសាង​នៅ​ឆ្នាំ​១៩១៦ ក្នុង​សម័យ​អាណានិគម​បារាំង។ មក​ដល់​បច្ចុប្បន្ន ស្ពាន​នេះ​មាន​អាយុកាល ១០៣ឆ្នាំ។ អាជ្ញាធរ​ខេត្ត​បាត់ដំបង អះអាង​ក្នុង​លិខិត​ជូនដំណឹង​ថា រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​សភាព​ទ្រុឌទ្រោម​របស់​ស្ពាន ហើយ​គ្រោង​ជួសជុល​ឡើងវិញ ក្នុង​បំណង​ថែរក្សា​ស្ពាន​នេះ ឱ្យ​គង់វង្ស​យូរអង្វែង​សម្រាប់​ទុកជា​មរតក​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង តែ​ដោយ​សារ​ស្ថានភាព​អាយុកាល​បេតុង និង​ការ​ប្រើប្រាស់​​មិន​ត្រឹមត្រូវ ក្នុង​សម័យ​សង្គ្រាម ដែល​មាន​រថយន្ត​ធន់​ធ្ងន់ និង​រថក្រោះ​ឆ្លងកាត់​ផង​នោះ ទើប​បណ្ដាល​ឱ្យ​ស្ពាន​នេះ ខូចខាត​ស្ទើរ​ទាំងស្រុង ទាំង​តួ​ស្ពាន និង​សសរ​គ្រឹះ ពុំ​អាច​ជួសជុល ថែទាំ​ឡើងវិញ​បាន​ឡើយ។

ទោះ​យ៉ាងណា លិខិត​ជូនដំណឹង​អាជ្ញាធរ​ខេត្ត​បាត់ដំបង មិន​បាន​បញ្ជាក់​ទេ​ថា នឹង​មាន​ចំណាត់ការ​បែប​ណា ចំពោះ​ស្ពានថ្ម​ចាស់​នេះ​ឡើយ​។ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក​ខ្លះ បាន​ចុះផ្សាយ​ថា អាជ្ញាធរ​គ្រោង​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង​មួយ​នេះ ហើយ​កសាង​ស្ពាន​ថ្មី លើ​ទីតាំង​ចាស់ និង​យក​រចនាបថ​ស្ពាន​ចាស់​ដដែល​។ អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ តាម​ទូរស័ព្ទ​ច្រើនដង នៅ​ថ្ងៃ​ទី​១៩ ធ្នូ តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ក៏​ទទួល​ដំណឹង​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង ចង់​សង់​ស្ពានថ្ម​ថ្មី ជំនួស​ស្ពានថ្ម​ចាស់​សម័យ​បារាំង​នេះ​ដែរ។ លោក ឱ្យ​ដឹង​ថា ស្ពានថ្ម​ចាស់ និង​អគារ​សាលាខេត្ត ត្រូវ​បាន​កសាង​នៅ​សម័យ​បារាំង​ជាមួយគ្នា ហើយ​ស្ថានភាព​ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត ពិត​ជា​មាន​ស្នាម​ប្រេះ​ពិតមែន។ តែ​លោក​មិន​គាំទ្រ​ឱ្យ​មានការ​វាយកម្ទេច​ស្ពាន​បុរាណ ហើយ​ទៅ​កសាង​ស្ពាន​ថ្មី​ឡើយ​។ លោក​ថា បច្ចុប្បន្ន​មាន​ស្ពានថ្ម​ថ្មី ចំនួន​៣ ឆ្លងកាត់​ស្ទឹង​សង្កែ នៅ​ម្ដុំ​សាលាខេត្ត​បាត់ដំបង​រួចហើយ ដូច្នេះ មិន​ចាំបាច់​វាយ​ស្ពាន​ចាស់ ទៅ​កសាង​ស្ពាន​ថ្មី​ឡើយ ដោយ​គ្រាន់តែ​រក្សាទុក​ស្ពាន​ចាស់ កុំ​ឱ្យ​មានការ​ឆ្លងកាត់ ហើយ​ទុក​ឱ្យ​នៅ ដដែល ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល