ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ចំណាន គឺព្រឹទ្ធភារម្យវោហារ ប្រាជ្ញ ឈួន បានលាចាកលោកទៅដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ និងកេរដំណែលអប់រំយ៉ាងច្រើនសម្រាប់ពលរដ្ឋខ្មែរ។ មរណភាពរបស់លោកកាលពីចុងសប្ដាហ៍មុន បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន នាំគ្នាសោកសង្រេង នឹកស្ដាយស្រណោះចំពោះការបាត់បង់មត៌កមនុស្សរស់របស់ជាតិខ្មែររូបនេះ។ តែយ៉ាងណា ពលរដ្ឋខ្មែរខ្លះទំនងជាមិនបានដឹងឡើយអំពីកង្វល់នៅក្នុងចិត្ត និងពាក្យផ្ដែផ្ដាំរបស់ព្រឹទ្ធាចារ្យរូបនេះ នៅដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកនោះទេ។
ជាបន្តទៅទៀតនេះ លោក មួង ណារ៉េត សូមជូនសេចក្ដីរាយការណ៍មួយ រំឭកឡើងវិញអំពីបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យដ៏មានទេពកោសល្យរូបនេះដូចតទៅ៖
បន្ទាប់ពីចូលនិវត្តន៍ពីការងារជាមន្ត្រីរាជការក្នុងក្រសួងព័ត៌មានកាលពីឆ្នាំ២០០០មក ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានវិលទៅរស់នៅស្រុកកំណើតរបស់លោក ក្នុងភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវវិញ។ គេហដ្ឋានរបស់លោក ស្ថិតនៅទីតាំងឆ្ងាយដាច់ស្រយាល ចុះពីផ្លូវជាតិ ចូលតាមផ្លូវលំជាច្រើនដំណាក់។
ក្រុមការងារអាស៊ីសេរី ធ្លាប់បានចុះទៅជួបសម្ភាសផ្ទាល់ជាមួយលោកព្រឹទ្ធាចារ្យ កាលពីឆ្នាំមុន នៅពេលដែលសុខភាពរបស់លោក ចាប់ផ្ដើមចុះខ្សោយខ្លាំង និងនិយាយលែងច្បាស់ដូចពីមុន។ លោកព្រឹទ្ធាចារ្យបានមានប្រសាសន៍ថា ថ្វីដ្បិតតែចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិតមែន ប៉ុន្តែលោកនៅតែបារម្ភថា សិល្បៈចាប៉ីដងវែងនេះ អាចនឹងបាត់បង់នៅថ្ងៃណាមួយ ដោយសារតែពេលបច្ចុប្បន្ននេះ មានអ្នកចេះចាប៉ីដងវែងមិនច្រើនឡើយ បើប្រៀបធៀបនឹងកាលពីសម័យមុន៖ «អ្វីដែលកើតមកហើយ អ្វីនោះវាតែងតែវិនាសទៅ។ ចាប៉ីហ្នឹង វាមានយូរហើយ ដូច្នេះវានៅជាព្រលឹងរបស់ខ្មែរ។ ប្រហែលជាមិនបាត់អីទេ ព្រោះមានអ្នកតូចអ្នកធំគេគាំទ្រខ្លាំងណាស់ដែរ។ បើអ៊ីចឹង បាត់ក៏មិនបាត់ ហើយក៏គ្រាន់តែមិនចម្រើនទេ ប្រហែលជាក្មេងៗគេមិនសូវត្រូវការ»។
ព្រឹទ្ធវីរៈសិល្បៈ នេត្រ ប៉េ ដែលជាសិស្សរបស់លោកតា ប្រាជ្ញ ឈួន បានអះអាងថា សព្វថ្ងៃនេះអ្នកចម្រៀងចាប៉ីដងវែង មានប្រហែល ៦០នាក់នៅទូទាំងប្រទេស។ លោកបញ្ជាក់ថា អ្នកចម្រៀងចាប៉ី ភាគច្រើនមិនមានជីវភាពធូរធារនោះទេ ហើយពួកគាត់ច្រើនតែជាជនពិការ មានវ័យចំណាស់ និងបន្តរស់នៅក្នុងជីវភាពខ្វះមុខខ្វះក្រោយ នៅតាមទីជនបទ ហើយនៅសម័យបច្ចុប្បន្ននេះ សិល្បៈបុរាណមួយនេះ ហាក់រសាត់បន្តិចៗម្តង ចេញពីចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរទៅហើយ។
ទោះជាយ៉ាងណា ចម្រៀងចាប៉ីនេះ ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំពលរដ្ឋខ្មែរ ឱ្យស្វែងរកភាពរីកចម្រើន និងប្រកបដោយសីលធម៌ល្អក្នុងសង្គម។ អ្នកចម្រៀងចាប៉ីបានស្រែកច្រៀងរំលឹកពីក្បួនសាស្ត្រា នៃពាក្យប្រៀនប្រដៅ របស់បុព្វបុរសអំពីសីលធម៌ក្នុងការរស់នៅ ពីសុភាសិត ពាក្យស្លោក ឬរៀបរាប់ពីរឿងនិទានផ្សេងៗជាដើម។
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ត្រូវបានទទួលស្គាល់ថា ជាអ្នកចម្រៀងចាប៉ីដងវែង ដ៏មានទេពកោសល្យ ហើយមានអ្នកខ្លះទៀត បានចាត់ទុកលោកថា ជាអច្ឆរិយបុគ្គល ទៀតផង ដោយសារលោកមានការចងចាំខ្ពស់ និងមានភាពរហ័សរហួន ក្នុងការតាក់តែងបទថ្មីច្រៀងភ្លាមៗ។ លោកច្រើនលើកកក្រមច្បាប់ពីបូរាណ ដែលមានលក្ខណៈជាការអប់រំ យកមកច្រៀងប្រគំ ទូន្មានជនប្រុសស្រី ដោយមានលាយឡំនឹងឃ្លោងឃ្លា ជួនរណ្ដំណែងណងគួរឱ្យចង់ស្ដាប់។ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ធ្លាប់មានប្រសាសន៍ថា ការច្រៀងប្រគំចាប៉ីដងវែងឱ្យល្អទៅបាន លុះត្រាតែមានកម្លាំងពេញបរិបូរ និងមានការតាំងចិត្តខ្ពស់ ហើយចាប៉ីដងវែងអាចយកទៅច្រៀងរៀបរាប់គ្រប់រឿង គ្រប់រសជាតិបានទាំងអស់៖ «ចាប៉ី (ដងវែង) វាជួយទាំងអស់។ ចាប៉ី បើច្រៀងពីនយោបាយ ភូមិសាស្ត្រ ប្រវត្តិវិទ្យា ច្រៀងអំពីនយោបាយស្រុកទេស និយាយពីរឿងរាប់អាន រឿងកសិកម្ម ចាប៉ីហ្នឹងដើរតួទាំងអស់។ អាចច្រៀងបានទាំងអស់ច្បាប់ ក្រម ច្បាប់បូរាណ សាសនា ចាប៉ីហ្នឹងអាចដើរតួបាន។ រឿងព្រេងព្រឹទ្ធ អតីតកាលអី ចាប៉ីហ្នឹងវាដើរតួបានទាំងអស់»។
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ប្រសូតក្នុងឆ្នាំ១៩៣៦ ក្នុងត្រកូលកសិករក្រីក្រមួយ មានឪពុកឈ្មោះ ប្រាជ្ញ អូន និងម្ដាយឈ្មោះ ច្រឹង ភា មានបងប្អូនសរុប ៦នាក់។ លោកព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនពិការភ្នែកនៅអាយុ ១២ឆ្នាំ ដោយសារកើតជំងឺកញ្ជ្រឹល។
ក្មួយប្រុសរបស់លោកម្នាក់ ឈ្មោះ អ៊ុំ ចាន់ ដែលមានវ័យក្មេងជាងលោក ១០ឆ្នាំ បានប្រាប់អាស៊ីសេរីថា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានរៀនវិជ្ជាចាប៉ីដងវែងនេះ ពីបងប្រុសរបស់លោកម្នាក់ឈ្មោះ ប្រាជ្ញ ដោក និងឪពុកមារបស់លោកម្នាក់ទៀត គឺព្រឹទ្ធាចារ្យ ប៉ែត ឌុក ហៅ “ចង្កូមប្រាំបី” ដែលជាអ្នកចម្រៀងចាប៉ីដ៏ល្បីល្បាញ កាលពីជំនាន់ដើម។ លោកបញ្ជាក់ទៀតថា ពូរបស់លោកក៏បានរៀនវិជ្ជារឿងព្រេង និងអក្សរសិល្ប៍ពីចាស់ស្រុកម្នាក់ឈ្មោះ ប៉ែន ជុំ និងបានសិក្សាវិជ្ជាកំណាព្យកាព្យឃ្លោង ពីគ្រូម្នាក់ទៀតឈ្មោះ ខៀវ កែវ ដែលជាចាស់ស្រុកម្នាក់ ជំនាញខាងកំណាព្យ។ ចំណែកពាក្យរាជស័ព្ទ សង្ឃស័ព្ទ បាលី និងសំស្ក្រឹត លោករៀនសូត្រចេះចាំ ពីព្រះសង្ឃមួយអង្គព្រះនាម កុយ សែម។
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានប្រឡងជាប់លេខ១ ខាងចម្រៀងចាប៉ីនៅឆ្នាំ១៩៦២ និងបានបម្រើការនៅវិទ្យុជាតិរហូតដល់ឆ្នាំ១៩៧៥។ ក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច លោកត្រូវបានគេជម្លៀសឱ្យទៅនៅស្រុកកំណើតនៅខេត្តតាកែវវិញ ហើយក្នុងរបបនោះលោកត្រូវបានគេឱ្យដេរស្លឹក។ ក្រោយរបបខ្មែរក្រហមដួលរលំ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានទៅបម្រើការនៅវិទ្យុជាតិម្តងទៀតនៅឆ្នាំ១៩៨២ ហើយបន្តរហូតដល់លោកចូលនិវត្តន៍នៅឆ្នាំ២០០០។
លោក អ៊ុំ ចាន់ បានឱ្យដឹងទៀតថា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន មិនមែនចេះតែចាប៉ីដងវែងតែមួយមុខនោះទេ គឺគាត់អាចលេងឧបករណ៍ភ្លេងជាច្រើនមុខផ្សេងទៀត។ លោករៀបរាប់បន្តថា បើនិយាយពីសមត្ថភាពនៃការចងចាំវិញ គឺសឹងតែរកមនុស្សដូចពូរបស់លោកមិនមានឡើយ ព្រោះលោកស្ដាប់តែម្ដងប៉ុណ្ណោះ រួចក៏ចេះចាំយកទៅប្រគំបានភ្លាម៖ «កម្រិតយល់ដឹងហ្នឹង គ្មានពីរទេ។ បើគាត់ចង់ច្រៀងអ្វីមួយ ដូចជារឿង ឯណាបុស្បា អ៊ីចឹង ខ្ញុំមើលឱ្យគាត់ (ស្ដាប់) មួយត្រួសទេ គាត់ច្រៀងកើតថតដាក់វិទ្យុជាតិ។ បើចង់ច្រៀងរឿង នគរកាយ យើងមើលឱ្យគាត់ស្ដាប់មួយចប់ គាត់ច្រៀងកើត។ ចង់និយាយពីការកសាងផ្លូវរថភ្លើងឡើងវិញអ៊ីចឹង យើងគ្រាន់តែប្រាប់គាត់ថា តា! សូមជួយរៀបរាប់ពីការអភិវឌ្ឍផ្លូវរថភ្លើងហ្នឹងឡើងវិញ ពីភ្នំពេញទៅក្រុងព្រះសីហនុយ៉ាងម៉េច? គ្រាន់តែប្រាប់គាត់ប៉ុណ្ណឹង គាត់ច្រៀងទៅ អត់ឱ្យខុស អត់ឱ្យចាកប្រធានពីហ្នឹងទេ។ ខ្ញុំថាតម្រិះគាត់ ខួរក្បាលគាត់ពេញល្អណាស់។ យើងគ្រប់គ្នានេះធ្វើមិនដូចទេ»។
លោកបានថ្លែងថា មរណភាពរបស់ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺជាការបាត់បង់សមាជិកគ្រួសារដ៏ល្អម្នាក់ និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិ៖ «ការបាត់បង់គាត់ដូចបាត់បង់អ្នកប្រាជ្ញម្នាក់ដែរ។ ខ្ញុំក៏មានការស្ដាយស្រណោះដែរ ព្រោះគាត់ធ្លាប់ទូន្មានប្រៀនប្រដៅកូនចៅហ្នឹង មិនឱ្យប្រព្រឹត្តអំពើពាលាអាវាសែគ្រប់បែបគ្រប់យ៉ាង។ អំពើណាដែលខុស អំពើណាជាអកុសលហ្នឹង គាត់មិនដែលបង្រៀន មិនដែលប្រាប់ទេ។ គាត់ឱ្យតែកូនចៅ កូនក្មួយហ្នឹង សាងតែអំពើល្អ សុចរិត យុត្តិធម៌អ៊ីចឹង»។
ក្ដីបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺចង់ឱ្យចាប៉ីដងវែងនេះ នៅស្ថិតស្ថេរយូរអង្វែងក្នុងសង្គមខ្មែរតទៅថ្ងៃមុខទៀត។ លោកព្រឹទ្ធាចារ្យ កាលលោកនៅមានជីវិត បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធ និងមហាជនជួយលើកស្ទួយសិល្បៈចាប៉ីដងវែងនេះ ឱ្យបានគង់វង្សទៅថ្ងៃអនាគត ដ្បិតសិល្បៈបុរាណមួយនេះបានស្ថិតនៅ និងរួមរស់ជាមួយជាតិខ្មែររាប់ពាន់ឆ្នាំមកហើយ៖ «ខ្ញុំត្រេកអរណាស់ដែលបានគេដាក់ (ចាប៉ីដងវែង) ចូលជាបេតិកភណ្ឌហ្នឹង។ ឥលូវទន្ទឹមគ្នានឹងចូលហ្នឹង សូមឱ្យអស់លោកទាំងឡាយចាប់អារម្មណ៍ជួយលើកស្ទួយគ្នា ពីព្រោះព្រលឹងរបស់ខ្មែរយើងទេ មិនមែនរបស់ជាតិសាសន៍ណាទេ។ ប្រសិនបើវប្បធម៌រលត់ ជាតិក៏រលាយដែរ ដូច្នេះជាវប្បធម៌ទៅហើយ ខ្ញុំសូមផ្តាំអ្នកទាំងអស់គ្នាតាំងចិត្តឱ្យមែនទែន ថែរក្សាប្រពៃណី ព្រលឹងរបស់ជាតិយើង កុំឱ្យបាត់បង់ទៅណា។ សូមជម្រាបលា!»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។