បទ​វិភាគ៖ តើ​ពេល​ណា​សមស្រប ដែល​លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​ខ្មែរ​វិញ?

ដោយ មួង​ ណារ៉េត
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (រូប​ឆ្វេង​ទី៣) ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ និង​អ្នកគាំទ្រ​ខ្លួន ពេល​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (រូប​ឆ្វេង​ទី៣) ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ និង​អ្នកគាំទ្រ​ខ្លួន ពេល​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

ស្រប​ពេល​ដែល​អ្នកគាំទ្រ​របស់​បក្ស​ប្រឆាំង កំពុង​ត្រៀមខ្លួន និង​ទន្ទឹង​រង់ចាំ​ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ​វិញ​ឆាប់ៗ របប​លោក ហ៊ុន សែន ធ្វើ​យុទ្ធនាការ​បង្អើល​លោក សម រង្ស៊ី កុំ​ឱ្យ​វិល​មកវិញ ដោយ​បន្ត​ចាប់​សកម្មជន​បក្ស​នេះ​ដាក់​ពន្ធនាគារ គំរាម​ងើប​មួយ​វ៉ៃ​មួយ និង ចេញ​ដីកា​តាម​ចាប់​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ៨​រូប​បន្ថែម​ទៀត រូប​ទាំង​លោក សម រង្ស៊ី​ផង។ ប៉ុន្តែ លោក សម រុស្ស៊ី ឯណោះ​វិញ មិន​រាថយ​ទេ ដោយ​ចុង​ក្រោយនេះ ធ្វើដំណើរ​ទៅ​ដឹកនាំ​បាតុកម្ម​ភ្លើង​ទៀន នៅ​ប្រទេស​កូរ៉េ ដែល​កាន់តែ​កៀក​កម្ពុជា ហើយ​ប្ដេជ្ញា​ថា​នឹង​វិលត្រឡប់​ទៅ ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​២០១៩ នេះ​ឱ្យ​ខាងតែ​បាន ទោះ​លោក ហ៊ុន សែន គំរាម​ប្រើ​កាំភ្លើងយន្ត​បាញ់រះ នៅ​តាម​ព្រំដែន​ក៏ដោយ។

តើ​លោក សម រង្ស៊ី អាច​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ តាម​ការសន្យា​របស់​គាត់​ដែរ​ឬ​យ៉ាងណា​?

ថ្ងៃ​ឱសានវាទ​នៃ​ការ​ភ្នាល់​គ្នា រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​កន្លង​ផុត​ជិត​ពីរ​ខែ​ហើយ​។ នៅ​ក្នុង​ការ​ភ្នាល់​គ្នា​នោះ លោក សម រង្ស៊ី ភ្នាល់​ថា លោក​សុខចិត្ត វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ បើ​ទោះ​បី​ជា​ត្រូវ​ចាប់ខ្លួន បើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ពេញលេញ​វិញ នៅ​ត្រឹម​ថ្ងៃទី៣ ខែ​មីនា។ ចំណែក​ឯ​លោក ហ៊ុន សែន ឯណោះ​វិញ អះអាង​ថា រឿង​ដោះលែង​លោក កឹម សុខា គឺ​ចាំ​ទាល់តែ​សេះ​ដុះ​ស្នែង​។ មានន័យថា អត់​ដោះលែង​រហូត​។ លោក​ភ្នាល់​ថា បើ​លោក​ដោះលែង លោក កឹម សុខា នោះ​លោក​នឹង​សុខចិត្ត​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ភ្លាម។

ទោះជា​យ៉ាង​នេះ​ក្តី ការ​ភ្នាល់​គ្នា​នេះ គ្មាន​លក្ខណៈ​ផ្លូវការ ឬ​ទទួលស្គាល់ ពី​ស្ថាប័ន​ណាមួយ ក្រៅពី​បុគ្គល​ទាំងពីរ​រូប​នេះ នោះ​ឡើយ។

ទោះ​ក្រៅផ្លូវការ​យ៉ាង​ណាក្តី ទាំង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី សុទ្ធតែ​ត្រៀម​ជើង​ព្រួល​ដូចគ្នា​។ ខាង​លោក ហ៊ុន សែន ត្រៀម​កម្លាំង​ស្វាគមន៍​លោក សម រង្ស៊ី។ ប៉ុន្តែ មិនមែន​ស្វាគមន៍​ដោយ​ក្តី​ស្មោះសរ ក្នុង​ន័យ​ត្រេកអរ ចង់​ឃើញ​វត្តមាន​លោក សម រង្ស៊ី វិល​មក​ស្រុក​ខ្មែរ​វិញ​ទេ។លោក​ស្វាគមន៍​ចាំ​ចាប់​ដាក់គុក៖ «អ្នក​ដែល​បាន​ត្រៀមខ្លួន​ចូល​ស្រុក ខ្ញុំ​ក៏បាន​ត្រៀម​ខ្នោះ និង​គុក​រួចហើយ​ដែរ​។ សូម​អញ្ជើញ​អ្នកក្លាហាន មកកាន់​ទឹកដី​កម្ពុជា បន្ទាប់ពី​ឱសានវាទ​នៃ​ការ​ភ្នាល់​គ្នា​។ បើ​មិន​មក អ្នកឯង​មិនមែន​ជា​មនុស្ស​ទេ គឺជា​សត្វ​តិរច្ឆាន​! ព្រៃ​ស​ចាំ ឬ​ត្រពាំង​ផ្លុង ឬ ព្រះវិហារ ឬ​ឧត្តរមានជ័យ ឬ កន្លែង​ណា everywhere! បើ​សិន​អ្នកឯង​មិន​មក គឺ​អ្នកឯង​ជា​សត្វ​ឆ្កែ​សុទ្ធ»

លោក ហ៊ុន សែន ខំប្រឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​គួរ​ឱ្យ​ព្រឺ​ខ្លាច ដោយ​លោក​ឱ្យ​មន្ត្រី​នាំពាក្យ​របប​លោក និង ស្ថាប័ន​តុលាការ ដែល​រង​ការរិះគន់ ថា​ជា​ឧបករណ៍​នយោបាយ​របស់​លោក និង កងកម្លាំង​សមត្ថកិច្ច​ផង បញ្ចេញ​សារ​ព្រមៗ​គ្នា ថា​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី មាន​ក្នុង​ដៃ​រួច​ស្រាប់ និង ថា​កម្លាំង​ត្រៀម​ចាំ​អស់ហើយ​។ មន្ត្រី​នាំ​ពាក្យ​នៃ​របប​នេះ ថែមទាំង​ព្រលយ​ពាក្យ​ថា នឹង​ចូល​ទៅ​ចាប់​លោក សម រង្ស៊ី នៅ​ព្រលាន​យន្តហោះ​ស្ងាត់ៗ ដោយ​មិន​ឱ្យ​អ្នកគាំទ្រ​លោក សម រង្ស៊ី ដឹង​ជាមុន​ផង​។

មិនតែប៉ុណ្ណោះ ដើម្បី​កុំ​ឱ្យ​សមត្ថកិច្ច​ពិបាក​សុំ​យោបល់​យូរ លោក ហ៊ុន សែន ថែមទាំង​បើកភ្លើង​ខៀវ ថា​ឱ្យ​ចាត់ការ​ភ្លាមៗ​ទៅលើ​លោក សម រង្ស៊ី ដោយ​មិនបាច់​សួរ​លោក​ទេ៖ «ហើយ​មិន​ចាំបាច់​មាន​បទបញ្ជា​ទេ ដីកា​តុលាការ គេ​តាម​ឱ្យ​ចាប់ខ្លួន​អាណា តាម​ចាប់​អាហ្នឹង​ទៅ​! មិន​ចាំបាច់​ថា​វា​នៅឯណា មក​ឯណា អី​ឯណា​ទេ​! ចុះ​សួរ​ធ្វើ​អី​ទៀត បើ​ដីកា​តុលាការ​គេ​ចេញ​បញ្ជា ឱ្យ​តាម​ចាប់​ក្បាល​អាណា​នោះ ចាប់​អា​ហ្នឹង​ទៅ កុំ​ខ្វល់​វា»

រឹតតែ​ធ្វើ​ឱ្យ​សារ​របស់​លោក​ស្ដាប់​ទៅ​ព្រឺ​ខ្លាច​បន្ថែម​ទៀត​នោះ លោក ហ៊ុន សែន កាលពី​ចុងខែ មីនា កន្លងទៅ​ថ្មីៗ​នេះ ព្រមាន​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ ដែល​ដាក់​នៅ​តាម​ព្រំដែន ដើម្បី​កម្ទេច​លោក សម រង្ស៊ី ថែម​ទៀត​ផង៖ «ហើយ​បើ​មក​តាម​ទល់ដែន អាហ្នឹង​ល្អមើល​តើ​! អញ​អត់​ដឹង​ទេ​! ឯង​ត្រូវ​ដឹង ទល់ដែន​គេ​ធ្វើ​ម៉េច​? គេ​ដាក់​ត្រង់​សេ ហើយ​គេ​មាន​កាំភ្លើងយន្ត​នៅ​ទីនោះ​! ប៉ុន្តែ ឯង​ត្រូវ​ដឹង បើ​មក​តាម​ទល់ដែន​គឺ​រឿង​ធំ​ហើយ»

ការ​ត្រៀម​ជើង​ព្រួល​របស់​លោក ហ៊ុន សែន នេះ បើ​តាម​មើល​ទៅ ហាក់​ដូច​ជា​មាំទាំ​ខ្លាំង​ណាស់​។ នេះ​អាច​មិនមែន​លោក​ចង់​ចាប់​លោក សម រង្ស៊ី ទេ តែ​អាច​ចង់​បង្អើល​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​មក​ស្រុក​វិញ​ជាង​។ មិន​ត្រឹមតែ​គំរាម​ចាំ​ចាប់​លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ លោក ហ៊ុន សែន ត្រៀម​មនុស្ស​ចាំ​ធ្វើបាប អ្នក​ដែល​ហ៊ាន​មក​ទទួល​ដំណើរ​លោក សម រង្ស៊ី ថែម​ទៀត​ផង៖ «បើ​បានជា​ជ្រុល​អ៊ីចឹង​ទៅ​ហើយ គឺថា លេង​ម៉ា​អស់ដៃ។ គោលដៅ​របស់​យើង គឺ​មិន​អាច​លើកលែង​ឱ្យ​អ្នកណា​ក៏ដោយ ដែល​មាន​ការប៉ុនប៉ង​ដើម្បី​ធ្វើជា​ឈ្នាន់​សម្រាប់​ការ​ចូល​មក​របស់ សម រង្ស៊ី ដើម្បី​ចូល​ស្រុក»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ហ៊ុន សែន បារម្ភ​ខ្លាច​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ​នេះ​។ កាលពី​ខែ តុលា ឆ្នាំ ២០១៦ ធ្លាប់​ចេញ​បញ្ជា​ឱ្យ​ហាម​ជើង​យន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ កុំ​ដឹក​លោក សម រង្ស៊ី ទៅ​កម្ពុជា​ឱ្យ​សោះ​។ បើ​យន្តហោះ​ណាមួយ​ហ៊ាន​ដឹក ត្រូវ​បង្វែរ​ជើង​ហោះហើរ​នោះ ទៅកាន់​កន្លែង​ដើម​វិញ។

ទោះជា​យ៉ាង​នេះ​ក្តី ខាង​លោក សម រង្ស៊ី ឯណោះ ក៏បាន​ត្រៀម​ជើង​ព្រួល​ហូរហែ​មក​ហើយ​ដែរ​។ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​របប​លោក ហ៊ុន សែន បិទ​ចោល អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យក​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដូចជា​ហ្វេសប៊ុក (Facebook) និង យូ​ធូប (YouTube) ដើម្បី​បង្ហោះ​សារ​គាំទ្រ​ដំណើរ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ របស់​លោក សម រង្ស៊ី​នេះ​។ ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េ និង ប្រទេស​ជប៉ុន បាន​ប្រមូល​ផ្តុំគ្នា ផ្ញើ​សារ​គាំទ្រ​លោក សម រង្ស៊ី។ ចំណែក​ឯ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បាន​ធ្វើ​យុទ្ធនាការ​កៀរគរ រក​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​ដំណើរ​នេះ។

លោក សម រង្ស៊ី ហៅ​សារ​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​គំរាម​ចាប់ខ្លួន​លោក និង​ធ្វើបាប​អ្នក​អម​ដំណើរ​លោក ថា​ជា​សារ​របស់​ជន​ចិត្ត​មិន​សឿង ព្រោះ​ខ្លាច​វត្តមាន​របស់​លោក៖ «ហ៊ុន សែន ឯង​ជន​កំសាក។ បើ ហ៊ុន សែន ឯង​គ្រាន់បើ កុំ​ខ្លាច​ខ្ញុំ។ ឥឡូវ​យើង​តទល់​គ្នា មួយ​ទល់នឹង​មួយ។ តទល់​តែ​ពីរ​នាក់។ ហ្នឹង​បាន​ហៅថា ក្លាហាន បាន​ថ្លៃថ្នូរ។ ប៉ុន្តែ ត្រៀម​កងទ័ព ប៉ូលិស ទាហាន គុក ខ្នោះ ត្រៀម​ចាំ​មក​ទទួល​ខ្ញុំ។ ហ៊ុន សែន ឯង​កំសាក ដោយសារ​មិន​ហ៊ាន​តទល់​ជាមួយ​ខ្ញុំ។ ឥឡូវ​គ្រាន់បើ យើង​ឱ្យ​ប្រជារាស្ត្រ​ធ្វើជា​សាក្សី​! ឱ្យ​ប្រជារាស្ត្រ​មើល យើង​តទល់​គ្នា មួយ​ទល់នឹង​មួយ»

ប៉ុន្តែ កាលពី​ថ្ងៃទី២០ ខែ​កុម្ភៈ លោក សម រង្ស៊ី សរសេរ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក ហ៊ុន សែន បាន​ដក​ខ្លួន ពី​ការ​ភ្នាល់​គ្នា​ជាមួយ​លោក​ទៅ​ហើយ ដោយ​លោក ហ៊ុន សែន បាន​កែប្រែ​លក្ខខណ្ឌ នៃ​ការ​ភ្នាល់​គ្នា​នោះ តាមតែ​ចិត្ត​។ លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន បាន​ក្រឡាស់​ពាក្យ​សម្តី ដោយ​ដាក់បញ្ចូល​លក្ខខណ្ឌ​ថ្មី​មួយ គឺ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ដែល​លក្ខខណ្ឌ​នេះ មិន​មាន​ចែង​នៅ​ក្នុង​ការ​ភ្នាល់​គ្នា ពី​ដើមទី​ឡើយ។ លោក​លើកឡើង​ថា ការ​កែប្រែ​លក្ខខណ្ឌ​ជា​ឯកតោភាគី ពី​សំណាក់​ភាគី​មួយ ក្នុង​ការ​ភ្នាល់​គ្នា​ណាមួយ ធ្វើ​ឱ្យ​ការ​ភ្នាល់​គ្នា​នោះ ក្លាយទៅជា​មោឃៈ។

ពេល​ឃើញ​សារ​នេះ លោក ហ៊ុន សែន ឯណោះ ចាត់ទុកថា​លោក សម រង្ស៊ី ថា បាន​បោះបង់​ការ​ភ្នាល់​នេះ​ហើយ​។ ទោះបី​លោក​ប្រកាស​ជាច្រើនលើក​ច្រើនគ្រា ថា​លែង​ជ្រលក់​រក​លោក សម រង្ស៊ី និង​ផ្ដាំ​ឱ្យ​មន្ត្រី​នាំពាក្យ និង មន្ត្រី​ឯទៀត ឈប់​ឆ្លើយឆ្លង​រឿង​លោក សម រង្ស៊ី ក៏​លោក​នៅតែ​ឆ្លៀត​ឌឺដង​ឡង​សម្ដី តាមរយៈ​ទំនុកច្រៀង​ថ្មី យក​លំនាំ​បទ​ចាស់ ទទា​យំ​ឆ្លង៖ «ទទា​យំ​ឆ្លង​មាន​ពីរ​ឈុត​ណា៎​!​។ អា​ទទា​យំ​ឆ្លង​បង​ណ្ហើយ​អត់​ឆ្លើយ អាហ្នឹង​មួយ​! អា​បទ​ចុង​ក្រោយនេះ ម្ភៃ​នាទី​ទាំង​សរសេរ ទាំង​បង្ហោះ​ហ្វេសប៊ុក តែ​ម្ភៃ​នាទី​គ្រប់គ្រាន់ ព្រោះ​ជំនាញ​ខាង​និពន្ធ ឱ្យ​តែ​មាន​ដឹង​ថា​ភ្លេង​គេ​ស្រាប់ មាន​អញ​ដាក់​ទៅតាម​ហ្នឹង​! ទទា​យំ​ឆ្លង​ត្រ​យ៉ង​បង​ណ្ហើយ​រត់​ហើយ សង្សារ​បង​ណ្ហើយ រត់​អី​លឿន​ម្ល៉េះ

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​យក​បទ​នេះ ទៅ​ច្រៀង​សម្រាប់​រាំវង់ កាល​ពី​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ ដែល​ទើបតែ​កន្លង​ផុត​ទៅ​ថ្មី​នេះ​ទៀត​ផង។

តាមពិត មិន​ចាំបាច់ ដល់​ចូលឆ្នាំ​ឯណា អ្នកចម្រៀង​មួយ​ក្រុម នៃ​កម្មវិធី​ដែល ដែល​គេ​ដាក់​ថា “​ចម្រៀង​គ្រួសារ​ខ្មែរ​” ដែល​តាមពិត​បើ​ហៅថា​“​ចម្រៀង​គ្រួសារ​ត្រកូល​ហ៊ុន​” ដូចជា​ទំនង​ជាង​នោះ ត្រូវ​លោក ហ៊ុន សែន បង្គាប់​ឱ្យ​ច្រៀង ចាក់​ផ្សាយ​តាំងពី​មុន​ចូលឆ្នាំ​ទៅទៀត៖ «ទទា​យំ​ឆ្លង ត្រ​យ៉ង​បង​ណ្ហើយ​រត់​ហើយ សង្សារ​បង​ណ្ហើយ រត់​អី​លឿន​ម្ល៉េះ​

មាន​ចម្ងល់​ជាច្រើន បាន​ផុស​ចេញពី​ស្រទាប់​មហាជន​ទូទៅ រួម​ទាំង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ផង ថា​ចុះ​លោក សម រង្ស៊ី ឯណោះ​វិញ បោះបង់​គម្រោង​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​នេះ ហើយ​ឬអ្វី បើ​តាម​រយៈ​សារ​របស់​លោក កាលពី​ថ្ងៃទី២០ ខែ​កុម្ភៈ​នោះ?

ចចម្លើយ​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថា​មិន​បោះបង់​ទេ​។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខ​ហួរ ចេញមុខ​មក​ស្រាយ​បំភ្លឺ​ភ្លាមៗ ថា​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ដដែល៖ «ការ​ត្រឡប់​ទៅវិញ​របស់​លោក​ប្រធាន​ស្តីទី សម រង្ស៊ី អត់​មាន​ផ្លាស់ប្ដូរ​អ្វី​ទាល់តែសោះ​។ សូម​បងប្អូន​ជ្រាប​ថា អ្នក​ដែល​ផ្តល់​ព័ត៌មាន​ថា លោក សម រង្ស៊ី ផ្អាក​ការ​វិលត្រឡប់​ទៅវិញ​នេះ គឺ​ចេញពី​ព័ត៌មាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ឱ្យ​ឃើញ​ថា ជា​ព័ត៌មាន​មិន​ពិត ក្លែងក្លាយ ដោយ​ខ្លាច​ការ​វិលត្រឡប់​ទៅវិញ​របស់​លោក ប្រធាន​ស្តីទី សម រង្ស៊ី ប៉ុណ្ណោះ»

លោក សម រង្ស៊ី ធ្លាប់​បាន​បញ្ជាក់​កាលពី​ចុង​ឆ្នាំ២០១៨ ថា​លោក​នឹង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ ក្នុង​ឆ្នាំ ២០១៩ នេះ​។ កាលពី​ថ្ងៃ​ទី១៥ ខែ កុម្ភៈ លោក​បាន​បញ្ជាក់​ជំហរ​នេះ​ម្តង​ទៀត៖ «ខ្ញុំ​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​នេះ មិនមែន​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្ញុំ​ងាយ​ៗ​ទេ​។ ខ្ញុំ​នឹង​ជំរុញ​ប្រជាពលរដ្ឋ​រាប់​សែន រាប់​លាន​នាក់ ទៅ​ចាប់​លោក ហ៊ុន សែន វិញ។ យើង​ត្រូវ​បញ្ចប់​របប​ផ្ដាច់ការ របប​ឃោរឃៅ ដែល​លោក ហ៊ុន សែន ដឹកនាំ​ជាង ៣០​ឆ្នាំ​មក​ហើយ​។ ឆ្នាំ​២០១៩ ជា​ឱកាស​មាស ជា​ឱកាស​ប្រវត្តិសាស្ត្រ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី ផ្លាស់ប្ដូរ​តាម​បែប​បទ​ប្រជាធិបតេយ្យ ដែល​ប្រជារាស្ត្រ​ចង់បាន ដែល​ប្រជារាស្ត្រ​រង់ចាំ​យូរ​ណាស់​មក​ហើយ»

លោក សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​ដាច់ខាត​នេះ សាជាថ្មី​ទៀត កាលពី​ថ្ងៃ​ទី២០ ខែ​មេសា ពី​ទីក្រុង​ក្វាងយូ (Qwangju) ប្រទេស​កូរ៉េខាងត្បូង ពេល​លោក​ចូលរួម​ដឹកនាំ​មហា​បាតុកម្ម​ភ្លើង​ទៀន ដែល​មាន​មនុស្ស​ចូលរួម​ជិត​មួយ​ម៉ឺន​នាក់ ភាគច្រើន​ជា​ពលករ​ខ្មែរ។ លោក​បញ្ជាក់​ថា លោក​កំពុង​កេណ្ឌ​មនុស្ស​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​សម្រេច​គោលបំណង​នេះ៖ «តែ​សូម​បញ្ជាក់​ថា ការ​វិលត្រឡប់​ទៅវិញ​នេះ គឺ​មិនមែន​ឱ្យ ហ៊ុន សែន ចាប់​ខ្ញុំ​ដូច​ចាប់ កឹម សុខា ទេ។ ខ្ញុំ​វិលត្រឡប់ ទៅ​ស្រុក​ខ្មែរ​វិញ​ឆ្នាំនេះ គឺ​មិនមែន​ឱ្យ ហ៊ុន សែន លួច​សម្លាប់​ខ្ញុំ​ដូច​គាត់​លួច​សម្លាប់ កែម ឡី ទេ។ ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​វិញ គឺ​ខ្ញុំ​ប្រមូល​កម្លាំង ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​កូរ៉េ ពី​ប្រទេស​ម៉ាឡេស៊ី ពី​ប្រទេស​ថៃ ហើយ​មក​តាំងពី​អាមេរិក អូស្ត្រាលី​និង បារាំង​ជាដើម គឺ​នៅ​ពេល​ហ្នឹង​យើង​ទៅ​រួមគ្នា។ យើង​បុក​សម្រុកចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​លើកទឹកចិត្ត យើង​បំផុស​ប្រជាពលរដ្ឋ ឱ្យ​ងើបឈរ»

ទោះបីជា​លោក សម រង្ស៊ី កំណត់​យក​ឆ្នាំ​២០១៩ នេះ ជា​ពេល​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ក៏ដោយ ក៏​លោក​នៅតែ​មិនបាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​បានទេ ដោយ​លោក​អះអាងថា តាម​ក្បួន​យុទ្ធសាស្ត្រ លោក​មិន​ត្រូវ​ប្រាប់​ឱ្យ​លោក ហ៊ុន សែន ដឹង​មុន​អំពី​ពេលវេលា​កំណត់​ជាក់លាក់​នេះ​ទេ ដើម្បី​សុវត្ថិភាព​លោក​ផង និង ដើម្បី​សុវត្ថិភាព របស់​អ្នក​អម​ដំណើរ​លោក​ផង​។ ប៉ុន្តែ លោក​បង្ហើប​ថា ពលរដ្ឋ​ខ្មែរ​គង់តែ​នឹង​ដឹង​ព័ត៌មាន​នេះ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ជាក់​ជាមិនខាន។

ការណ៍​ដែល​លោក សម រង្ស៊ី ប្រកាស​អំពី​គម្រោង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​នេះ អាច​មាន​គោលដៅ ធំៗ​ពីរ ទី​មួយ គឺ​ដើម្បី​ផ្ដល់​ក្តី​សង្ឃឹម​ដល់​មន្ត្រី និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន ដែល​កំពុង​កំព្រា​រងា ដោយសារតែ​ប្រធាន​គណបក្ស​លោក កឹម សុខា នៅតែ​ស្ថិត​ក្នុង​ការ​ឃុំឃាំង គ្មាន​សេរីភាព ក្នុង​ជីវភាព​នយោបាយ និង មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន​មួយ​រូប​ឈ្មោះ ថានន់ នៅ​ភ្នំពេញ បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង ឱ្យ​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ ព្រោះ​សកម្មជន​មូលដ្ឋាន កំពុង​រង​ភាព​រងា ខ្វះ​ភាព​កក់ក្ដៅ ដោយសារតែ​លោក សម រង្ស៊ី ត្រូវ​និទ្ទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចោល​ពួកគាត់​៖ «ពួក​ខ្ញុំ​ហ៊ាន​ស្លាប់ ដើម្បី​ផ្លាស់ប្ដូរ​ប្រទេស ដើម្បី​ទទួល​ប្រជាធិបតេយ្យ​ឡើងវិញ​។ ពួក​ខ្ញុំ​ហ៊ាន​លះបង់​។ វា​គ្រប់គ្រាន់​ហើយ ក្នុង​ការ​ជិះជាន់​គ្រប់សព្វ​បែបយ៉ាង​នេះ​។ ពួក​ខ្ញុំ​រងា​ណាស់»

ទី​ពីរ គឺជា​ការ​ធ្វើ​តេស្ត​ស្ទង់​កម្លាំង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ស្ថានភាព​ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ ពី​គណបក្ស​កាន់អំណាច។

សារ​នេះ ក៏​អាច​ជា​ការ​ដាក់​សម្ពាធ​ឱ្យ​លោក ហ៊ុន សែន ប្រញាប់​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​នោះ​ដែរ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវការ​ឱ្យ​មាន​មេដឹកនាំ ដែល​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ដឹកនាំ​បក្ស​។

ការ​អូសបន្លាយ​ពេល​កាន់តែ​យូរ កាន់តែ​ធ្វើ​ឱ្យ​សកម្មជន នៅ​មូលដ្ឋាន​កាន់តែ​រងា និង​អស់​សង្ឃឹម​។ ទោះបីជា​អ្នក​ទាំងនោះ មិន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​យ៉ាង​ណាក្តី ក៏​ភាព​អសកម្ម​យូរ​ទៅ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ទាំង​ឯកជន និង​រដ្ឋ ដើម្បី​បំពង​សំឡេង​តែ​ម្ខាង និង​គណបក្ស​ប្រឆាំង​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បែបនេះ យូរៗ​ទៅ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​កម្លាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ជាក់​ជាមិនខាន។

រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ដាច់ខាត​ត្រូវតែ​មាន​ម្នាក់ មាន​សេរីភាព​ធ្វើ​នយោបាយ ដោយ​ពេញលេញ​នៅ​កម្ពុជា។ ការបោះឆ្នោត​ឃុំ​-​សង្កាត់​ខែ មិថុនា ឆ្នាំ ២០១៧​កន្លងទៅ នៅ​មាន​វត្ត​មានតែ​លោក កឹម សុខា ដឹកនាំ​បក្ស គណបក្ស​សង្គ្រោះជាតិ​បាន​សំឡេងឆ្នោត​គាំទ្រ​ជាង​បី​លាន​សំឡេង​។ តែ​ការ​បាន​សំឡេង​គាំទ្រ​ច្រើន​ជិត​ពាក់​កណ្តាល​នគរ​បែបនេះ បើ​ទោះ​បី​គ្មាន​វត្តមាន​លោក សម រង្ស៊ី នេះ ក៏​ដោយសារតែ​អ្នក​ទាំងពីរ បង្ហាញ​ភាពជា​មនុស្ស​តែមួយ​នោះ​ដែរ។

ដូច្នេះ និមិត្តរូប​នៃ​ការ​រួបរួម​គ្នា រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី គឺជា​ចំណុចខ្លាំង របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស អាច​មិន​ចាំ​បាច់​ទេ ប្រសិនបើ​លោក កឹម សុខា មាន​សេរីភាព​អាច​ដឹកនាំ​បក្ស​ដោយ​ផ្ទាល់​បាន។ ប្រសិនបើ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា មុន​ខែ​កក្កដា ខាងមុខនេះ នោះ​ដំណើរ​វិលត្រឡប់ ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី អាច​មិនទាន់​សំខាន់។

ខែ​កក្កដា គឺជា​ថ្ងៃ​ផុត​កំណត់​ដំណាក់កាល​ទី​មួយ នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​។ ក្នុង​ដំណាក់កាល​ប្រាំ​មួយ​ខែ ចាប់ពី​ខែ កុម្ភៈ ដល់​ខែ​កក្កដា​នោះ សហភាព​អឺរ៉ុប ពិនិត្យ​តាមដាន និង​វាយតម្លៃ​ស៊ីជម្រៅ ថា​តើ​កម្ពុជា​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​អាក្រក់​បច្ចុប្បន្ន​។ សហភាព​អឺរ៉ុប ផ្តល់ឱកាស​ឱ្យ​កម្ពុជា ក្នុង​ការចរចា និង​ចូលរួម​សហការ ក្នុងការ​ប្រមូល​ព័ត៌មាន​ចាំបាច់​។ ក្រោយ​ខែ កក្កដា​នេះ ពោល​គឺ បី​ខែ​បន្ទាប់ រាប់​ពី​ខែ សីហា ដល់​ខែ​តុលា គឺជា​ពេលវេលា​សរសេរ​របាយការណ៍ សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាមដាន​ប្រាំ​មួយ​ខែ​ដំបូង​នោះ។

ជាង​មួយ​ខែ ក្រោយ​ដាក់​ចេញ​នូវ​រយៈពេល​កំណត់ ជុំវិញ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA តំណាង​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ​នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​សហភាព​អឺរ៉ុប លោកស្រី ផៅ​ឡា ផែ​ម​ផា​ឡូ​នី (Paola Pampaloni) បាន​ចុះទៅ​ស្រុក​ខ្មែរ ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី១៩ និង ២០ ខែ មីនា​កន្លងទៅ ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ចំណុច​សំខាន់​មួយ ដែល​សហភាព​អឺរ៉ុប​ទាមទារ ឱ្យ​របប​លោក ហ៊ុន សែន ស្តារ​ឡើងវិញ គឺ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ​។ ហើយ​បើ​តាម​ប្រសាសន៍​របស់​លោក សម រង្ស៊ី ការ​វិល​ត្រលប់​ចូល​កម្ពុជា​វិញ​របស់​លោក ផ្អែក​ភាគច្រើន​សម្ពាធ​អន្តរជាតិ ជាពិសេស​គឺ​ភ្ជាប់​ទៅ​នឹង​ដំណាក់កាល​ផ្សេងៗ នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នេះ ៖ «ដូច្នេះ​យើង​ត្រូវ​រង់ចាំ ឱ្យ​មាន​ទណ្ឌកម្ម​អន្តរជាតិ កាន់តែ​ខ្លាំង ឱ្យ​អន្តរជាតិ​សំពង ហ៊ុន សែន ឱ្យ​អន្តរជាតិ​ខោក​ក្បាល ហ៊ុន សែន ឱ្យ ហ៊ុន សែន ទ្រម ឱ្យ​ទន់​មែនទែន។ ពេលនោះ បាន​យើង​ចូល​ទៅ ចាប់ ហ៊ុន សែន ទៅ​កាត់ទោស»

ក្នុង​ករណី​នេះ លោក ហ៊ុន សែន អាច​ដោះលែង​លោក កឹម សុខា នៅ​មុន​ខែ​កក្កដា ដើម្បី​បន្ទន់ចិត្ត​សហភាព​អឺរ៉ុប​មួយ​ផ្នែក​សិន មុននឹង​គណៈកម្មការ​អឺរ៉ុប ចេញ​របាយការណ៍ បិទ​បញ្ចប់​ដំណាក់កាល​ប្រាំ​មួយ​ខែ​ដំបូង​នោះ។

ក៏ប៉ុន្តែ ប្រសិនបើ​លោក ហ៊ុន សែន ប្រថុយ​ទុក​លោក កឹម សុខា នៅ​ក្នុង​ឃុំ រហូត​ហួស​ខែ​កក្កដា លោក សម រង្ស៊ី អាច​នឹង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ ចុង​ឆ្នាំ​២០១៩ ឬ​មិន​ហួស​ដើម​ឆ្នាំ​២០២០។ ក្នុង​ខែ​ទាំងនេះ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ទី​បី ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្តី​សម្រេច​ស្ថាពរ​មួយ ថា​តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ។

ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ចុង​ឆ្នាំ ២០១៩ ឬ ដើម​ឆ្នាំ ២០២០ អាច​ចំណេញ​យុទ្ធសាស្ត្រ​នយោបាយ​បក្ស​ប្រឆាំង និង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ប្រឈមមុខ​នឹង​ទ្វេ​គ្រោះ។ គ្រោះ​ទី​មួយ បើ​លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​ខាង​អំពើ​ហិង្សា​នេះ មិន​ចាប់​លោក សម រង្ស៊ី លោក​ជា​មនុស្ស​កំសាក ព្រោះ​ជ្រុល​ប្រកាស​ក្ដែងៗ ថា ចាប់​ទៅ​ហើយ។ គ្រោះ​ទី​ពីរ បើ​ចាប់​លោក សម រង្ស៊ី កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង នឹង​ក្រោក​តវ៉ា​កក្រើក អាច​កើតជា​អំពើ​ហិង្សា ដែល​ធ្វើ​ឱ្យ​សភាពការណ៍ ពិបាក​គ្រប់គ្រង​។ ការ​ចាប់ខ្លួន ឬ បង្ក្រាប​នេះ គឺ​មិន​ខុស​អ្វី ពី​យក​សាំង​ទៅ​ចាក់​បន្ថែម​លើ​ភ្លើង ព្រោះ​សហភាព​អឺរ៉ុប កំពុងតែ​មិន​ពេញចិត្ត ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ស្រាប់​ផង ស្រាប់តែ​ឥឡូវ បន្ថែម​ចាប់​លោក សម រង្ស៊ី ឬ អាច​ចាប់​អ្នកគាំទ្រ​បក្ស​នេះ​ជាច្រើន ញាត់​គុក​បន្ថែម ដែល​ប្រការ​នេះ នឹង​រឹតតែ​ធ្វើ​ឱ្យ​ការសម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ កាន់តែ​ងាយស្រួល។ នេះ​មិនទាន់​រាប់​ដល់ ការដែល​របប​នេះ មិន​អាច​ការពារ​សុវត្ថិភាព​អាយុជីវិត របស់​លោក សម រង្ស៊ី បាន​នោះ​ផង។

លោក ហ៊ុន សែន អាច​យល់ថា លោក សម រង្ស៊ី ចាញ់​ការ​ភ្នាល់​គ្នា​នេះ ព្រោះ​លោក សម រង្ស៊ី មិន​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ វិញ​នៅ​ត្រឹម​ថ្ងៃទី៣ ខែ មីនា​កន្លង​ទៅ​នោះ ទោះ​លោក ហ៊ុន សែន មិន​ដោះលែង​លោក កឹម សុខា ត្រឹម​ថ្ងៃ​នោះ​ក៏ដោយ។

ប្រហែល​នៅ​មិនទាន់​អស់ចិត្ត នឹង​ការ​ឌឺដង​ឡង​សម្ដី​ដាក់​លោក សម រង្ស៊ី ពីរ​ថ្ងៃ មុន​ផុត​ថ្ងៃ​ឱសានវាទ នៃ​ការ​ភ្នាល់​គ្នា​នេះ លោក ហ៊ុន សែន ប្រកាស​តែង​ចម្រៀង​មួយ​បទ​ថែមទៀត៖ «ហើយ​ខ្ញុំ​កំពុង​ចង់​ត្រៀម​ចេញ​មួយ​វ៉ុល​ទៀត គឺ​បង​ជា​ទន្សាយ រត់​បាន​ឆ្ងាយ ដោយសារ​ចាញ់​ភ្នាល់»

ក៏ប៉ុន្តែ ការ​ភ្នាល់​នេះ មិនបាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ឈ្នះ ឬ​ចំណេញ​អ្វី​ទាំងអស់​។ គ្មាន​ចំណុច​ត្រង់ណា ដែល​ថា​លោក សម រង្ស៊ី ត្រូវតែ​វិល​ទៅ​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃទី​៣ ខែ​មីនា​នោះ ទើប​ស្របតាម​លក្ខខណ្ឌ​ភ្នាល់​នោះ​ដែរ​។ ឱ្យ​តែ​លោក​វិល​ទៅវិញ នៅ​ពេល​ណាមួយ​ក៏បាន ក្រោយ​ថ្ងៃ​ទី៣ ខែ​មីនា​នេះ គឺ​មិន​ខុស​ពី​លក្ខខណ្ឌ នៃ​ការ​ភ្នាល់​គ្នា​នោះ​ទេ​។ មិនតែប៉ុណ្ណោះ ការ​លង់​ក្នុង​ល្បែងភ្នាល់​នេះ រឹតតែ​បង្ហាញ​ឱ្យ​ឃើញ លោក ហ៊ុន សែន ខ្វះ​ភាព​ចាស់ទុំ​ក្នុង​រឿង​នយោបាយ ដោយ​សុខចិត្ត​លេងល្បែង​ភ្នាល់​បែបនេះ។

លោក សម រង្ស៊ី ក៏​មិន​ចំណេញ​ផ្នែក​គុណធម៌​នោះ​ដែរ ក្នុង​ការ​ភ្នាល់​គ្នា​នេះ​។ លោក​រង​ការរិះគន់​យ៉ាង​ខ្លាំង​ថា យក​សេរីភាព​របស់​លោក កឹម សុខា ទៅ​ភ្នាល់​គ្នា​លេង​បែបនេះ​។ ទោះជា​យ៉ាង​នេះ​ក្តី លោក សម រង្ស៊ី បង្ហាញ​ឱ្យ​ឃើញ ចំណុចខ្សោយ​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់​លោត​តាម​ការ​ញាក់​របស់​លោក​រាល់ដង ហើយ​ធ្លោយ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​ការ​ប្រើ​អំណាច​ផ្ដាច់ការ ក្នុង​ការ​ដឹកនាំ​ប្រទេស ដែល​យក​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​បម្រើ​នយោបាយ​ក្រាញ​អំណាច​របស់​លោក​យ៉ាង​ចំហ​ទៀត​ផង។

ទោះបីជា​លោក ហ៊ុន សែន មិន​បង្អន់​ដៃ ក្នុង​ការ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ដល់​មន្ត្រី និង សកម្មជន​គណបក្សប្រឆាំង ដើម្បី​កំញើញ និង​បំបាក់​ស្មារតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំងក្លា​យ៉ាង​ណាក្តី ក៏​កម្លាំង​គាំទ្រ​គណបក្សប្រឆាំង​នេះ រឹត​តែ​មាន​សន្ទុះ និង​ក្លៀវក្លា​ជាង​មុន​ទៅទៀត​។ ជាក់ស្ដែង មហា​បាតុកម្ម​ភ្លើង​ទៀន នៅ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃទី​២០ ខែ​មេសា ដែល​មាន​វត្តមាន​លោក សម រង្ស៊ី ដែរ​នោះ មាន​យុវ​ពលករ​ខ្មែរ​ជិត​មួយ​ម៉ឺន​នាក់ ដែល​អាច​ជា​ការ​លើក​ទឹកចិត្ត​បន្ថែម ដល់​លោក សម រង្ស៊ី ក្នុង​ការ​វិលត្រឡប់​ទៅ​កម្ពុជា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា និង ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល