បទ​វិភាគ៖ តើ​ការ​វិនិយោគ​និង​អភិវឌ្ឍន៍​របស់​ចិន​នឹង​ធ្វើ​ឱ្យ​កម្ពុជា​រីក​ចម្រើន​ឬ​យ៉ាងណា?

ដោយ ទីន ហ្សាការីយ៉ា
2018-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។
នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។
Photo courtesy of SPM Facebook's Page

នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ពឹងផ្អែក​សំខាន់​លើ​កម្ចី និង​ជំនួយ​ពី​បរទេស ពិសេស​ជំនួយ និង​កម្ចី​ចិន​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​អំពី​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី នៅ​ស្រុក​កណ្ដាលស្ទឹង ខែត្រ​កណ្ដាល ដែល​មាន​ទឹកប្រាក់​វិនិយោគ​ជាង​១​ពាន់​លាន​ដុល្លារ ដែល​ស្ទើរតែ​ទាំងអស់ ជា​ប្រាក់​វិនិយោគ​របស់​ចិន។

ក្រៅ​ពី​នេះ​ទៀត ទាក់ទង​នឹង​ការអភិវឌ្ឍន៍​លើ​គម្រោង​ផ្សេងៗ​ទៀត គឺ​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​និង​កម្ចី​របស់​ចិន​ស្ទើរតែ​ទាំងស្រុង។ តើ​ចិន​ដាក់​ទុន​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ពិតជា​ធ្វើ​ឲ្យ​កម្ពុជា​រីក​ចំរើន​សេដ្ឋកិច្ច​ឬ​យ៉ាងណា?

នៅ​ស្រប​ពេល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​លោក​ខាង​លិច​ថ្កោលទោស និង​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច មក​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ លោក ហ៊ុន សែន ហាក់បីដូចជា​មិន​ខ្វល់ និង​កាន់តែ​មាន​ឱកាស​ចាប់​យក​ចិន​ជា​ខ្នងបង្អែក​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត។

នៅ​ក្រោយ​កិច្ចប្រជុំ​ឡានឆាង​ទន្លេមេគង្គ នាយករដ្ឋមន្ត្រី​ចិន លី ឃឺឈាង និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រម​ចំនួន​១៩​ថែមទៀត លើ​គម្រោង​វិនិយោគ​ផ្សេងៗ ដែល​មាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ឥទ្ធិពល​ចិន បាន​សាយភាយ​កាន់​តែ​ខ្លាំង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​បង្ហាញ​ពី​ភាព​ជិត​ស្និត​រវាង​រដ្ឋាភិបាល​ទាំងពីរ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ចិន​ថែមទាំង ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទៀត​ផង។ បន្ថែម​ពី​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ចេញ​ព័ត៌មាន​មួយទៀត កាលពីដើម​ខែ​មករា​នេះ គឺ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយទៀត​នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ខែត្រ​កណ្ដាល ដែល​ភាគច្រើន​ជា​ប្រាក់​វិនិយោគ​របស់​ចិន ក្នុង​ចំនួន​ទឹក​ប្រាប់​សរុប ១​ពាន់ ៥០០​រយ​លាន​ដុល្លារ​អាមេរិក​នោះ។

ឥទ្ធិពល​កុម្មុយនិស្ត​ផ្ដាច់ការ​បាន​វិល​ត្រលប់​មក​ជាន់​ឈ្លី​កម្ពុជា ងើបឡើង​វិញ នៅ​ក្រោយ​ពី​លោក ហ៊ុន សែន រំលាយ​គណបក្សប្រឆាំង និង​យក​ប្រទេស​ទាំងមូល​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់​មុខ របស់​ក្រុម​គ្រួសារ​និង​បក្ខពួក​របស់​ចិន​ដែល​រង់ចាំ​យក​ចំណេញ​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​បង្អង់​ឲ្យ​ឱកាស​មាស​នេះ កន្លង​ហួស​ឡើយ ចិន​បាន​បង្ហាញ ការ​យកចិត្តទុកដាក់​មក​លើ​រដ្ឋាភិបាល​កម្ពុជា​សព្វ​បែប​យ៉ាង ដើម្បី​ពង្រឹង​អំណាច​កុម្មុយនិស្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

បើ​ក្រឡេក​មើល​ពី​កត្តា​ប្រវត្តិសាស្ត្រ​វិញ គឺ​ប្រវត្តិ​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​កើត​មាន​ជាច្រើន​សតវត្ស​មក​ហើយ ទំនាក់ទំនង​នេះ បន្ត​មកដល់​រដ្ឋាភិបាល​បច្ចុប្បន្ន។ ចិន​បាន​ផ្ដល់​ជំនួយ និង​កម្ចី​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ទល់ និង​ការ​សាយភាយ​នៃ​ឥទ្ធិពល​លោក​ខាងលិច គឺ​លទ្ធិ​ប្រជា​ប្រជាធិបតេយ្យ​ជាដើម។

អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ទៅទៀត​នោះ គឺ​ចិន​មាន​គោលនយោបាយ​មួយ គឺ​ចាប់​យក​អ្នកឈ្នះ រដ្ឋាភិបាល​ចិន​មិន​ស្មោះត្រង់​និង​ដៃគូ​ណាមួយ ឬ​មិន​ចាប់​យក​អ្នក​ចាញ់​ឡើយ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៧ ចិន​បាន​ចង​សម្ព័ន្ធ​មិត្ត​ដ៏​រឹងមាំ​ជាមួយ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ព្រោះថា ចិន​ក៏​ធ្លាប់​មាន​ទំនាក់ទំនង ដ៏​ស្មោះស្ម័គ្រ​ជាមួយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​បាន​បន្ត​ទំនាក់ទំនង​នេះ ជាមួយ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​វិញ​ម្ដង គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​នាយករដ្ឋមន្ត្រី​ទី​១ផង​កាលណោះ។

ក៏ប៉ុន្តែ​ក្រោយ​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឆ្នាំ​១៩៩៧​មក ចិន​មិន​ស្មោះត្រង់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៀត​ឡើយ គឺ​ចិន​សម្លឹង​មើល​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា អាច​បន្ត​អំណាច​ទៅ​មុខ​ទៀត​បាន ដោយ​មិន​បង្អង់​យូរ គឺ​ចិន​ចាប់​យក លោក ហ៊ុន សែន ជា​ដៃគូ​ជួយ​គ្នា​ទៅវិញទៅមក​ភ្លាម​តាំងពី​ពេលនោះ​មក ក្នុង​រូបភាព​ជួយ​អភិវឌ្ឍន៍។ ទោះបីជា​បែបនេះ​ក្ដី នៅ​ត្រង់​ចំណុច​នេះ មិន​សន្មត​ថា ចិន​ចាប់​យក​លោក ហ៊ុន សែន ឬ​ស្មោះស្ម័គ្រ​ជា​អមត​ឡើយ ពីព្រោះ​ថា ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ហើយ​ថា ចិន​តែងតែ​ផ្លាស់​ផ្លូវ​យុទ្ធសាស្ត្រ​របស់​ខ្លួន ទៅ​ចាប់ដៃ​ជាមួយ​បុគ្គល ឬ​ក្រុម​ផ្សេង​ថ្មី​មួយទៀត​ដែល​មាន​ឱកាស​ដឹកនាំ​កម្ពុជា នៅ​អំឡុង​ស្ថានការណ៍​នយោបាយ​មានការ​ប្រែប្រួល។ នៅ​ពេល​អនាគត ចិន​ក៏​នឹង​ចាប់​យក​គណបក្សប្រឆាំង​ជា​ដៃគូ​វិញ​ក៏​ថា​បាន បើសិនជា​គណបក្សប្រឆាំង​ឬ​បក្ស​ណា​ផ្សេងទៀត​ឈ្នះ​ឆ្នោត ដឹកនាំ​រដ្ឋាភិបាល។

នៅ​ក្រោយ​ពេល​ចិន ងាក​មក​ចាប់​លោក ហ៊ុន សែន ហើយ​ដោះដៃ​ចេញពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ ក្រៅ​ពី​បាត់បង់​អាសនៈ​នៅ​ក្នុង​សភា ក៏​ក្លាយ​ជា​គណបក្ស ធ្វើ​អាជីវកម្ម​លក់ដូរ​ទីស្នាក់ការ​គណបក្ស​ពី​មួយ​ទៅ​មួយ ហើយ​ថែមទាំង​បែកបាក់​ផ្ទៃក្នុង​បក្ស​ខ្ទេចខ្ទី​អស់។ នៅ​ទីបំផុត​គណបក្ស​រាជានិយម​មួយ​នេះ ដែល​ជា​គណបក្ស​មានអំណាច និង​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ មាន​ទីស្នាក់ការ​ធំធេង​នៅ​ទីក្រុង​ភ្នំពេញ បាន​ក្លាយ​ជា​គណបក្ស​ក្រីក្រ​ទៅវិញ ហើយ​ប្រកាស​សុំ​ជំនួយ​ពី​ចិន​ជាថ្មី​ម្ដងទៀត នេះ​បើ​យោង​តាម​ត្អូញត្អែរ​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧។

ទន្ទឹម​នឹង​នេះ តាម​មើល​ទៅ ដោយសារតែ​គណបក្ស​រាជានិយម​មួយ​នេះ ធ្លាក់ខ្លួន​ក្លាយទៅជា​គណបក្ស​ក្រីក្រ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្លាយទៅជា​កូនជឹង​របស់​លោក ហ៊ុន សែន ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ សុខចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស ធ្វើ​ឲ្យ​រាជវង្សានុវង្ស​អាប់ឱន ក្នុង​ការ​ចេញមុខ​ធ្វើជា​ដើមបណ្ដឹង ប្ដឹង​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល ទោះជា​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ និង​រំលោភ​រដ្ឋធម្មនុញ្ញ​ក្ដី ក៏​ទ្រង់​រណឫទ្ធិ​ហ៊ាន​ធ្វើ​ដែរ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន និង​ដើម្បី​ផ្គាប់ចិត្ត​លោក ហ៊ុន សែន ដែល​ធ្លាប់​ជា​សត្រូវ​ស្លាប់​រស់​របស់​ព្រះអង្គ នៅ​ក្នុង​សង្វៀន​នយោបាយ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩៣​នោះ។

ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប គ្មាន​ប្រទេស​ណា​ដែល​លេច​ត្រដែត និង​រីក​កាន់តែ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ប្រទេស​ចិន​នោះ​ទេ។ ទីក្រុង​ប៉េកាំង មកដល់ពេលនេះ នៅតែ​រក្សា​បាន​នូវ​ការ​សាយភាយ​ឥទ្ធិពល មក​លើ​ប្រទេស​ក្រីក្រ​កម្ពុជា ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ចិន រាប់​ចា​ប់តាំង​ពី​ការ​ជះឥទ្ធិពល​មនោគមវិជ្ជា ការ​គាំទ្រ​ក្រុម​ខ្មែរ​​ក្រហម ចលនា​បដិវត្តន៍​រ៉ាឌីកាល់ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ការ​ផ្ដល់​ទី​ស្នាក់នៅ​សម្រាប់​ការ​ភៀស​ព្រះ​កាយ​នៃ​ក្សត្រ​ដែល​ត្រូវ​គេ​ទម្លាក់​ពី​តំណែង រហូតដល់​ការ​បោះ​ទុន​វិនិយោគ និង​ការ​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ របស់​លោក ហ៊ុន សែន សព្វថ្ងៃ​ជាដើម។

ប្រទេស​ជិត​ខាង​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន មើល​ឃើញ​ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ជា​ដៃជើង​របស់​ទីក្រុង​ប៉េកាំង ពិសេស​ជំហរ​របស់​កម្ពុជា ដែល​ឈរ​ខាង​ប្រទេស​ចិន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​សមាជិក​អាស៊ាន​មួយ​ចំនួន ជាមួយ​ចិន។ លោក ហ៊ុន សែន ហាក់​ដូច​ជា​ងាក​ចេញពី​បងធំ​ទី​២​របស់​ខ្លួន គឺ​វៀតណាម ដែល​ជា​សត្រូវ​នឹង​ចិន​ទាក់ទង​នឹង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​នោះ ទំនងជា​វៀតណាម​មិន​ឲ្យ​លោក ហ៊ុន សែន សើយ​សុខ​និង​ចិន​ឡើយ។

ក៏ប៉ុន្តែ លោក ហ៊ុន សែន ហាក់​ប្រើប្រាស់​ភាព​វៃ​ឆ្លាត​របស់​ខ្លួន លោក​ក៏​ត្រូវតែ​យកចិត្ត​វៀតណាម​ដែរ ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន ពោល​គឺ លោក ហ៊ុន សែន មិនសូវ​យកចិត្តទុកដាក់ លើ​ការ​ឈ្លានពាន​ទឹកដី ប៉ែក​ខាងកើត ជាប់​ព្រំប្រទល់​វៀតណាម ដែល​វៀតណាម​រំលោភ​ដីស្រែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​មួយ​ចំនួន ដូចជា​នៅ​ខែត្រ​ស្វាយរៀង តំបន់​ថ្ម​បី​ដុំ នៅ​ខែត្រ​ត្បូងឃ្មុំ ក្នុង​តំបន់​ភូមិសាស្ត្រ​ទឹកដី​កំណើត​របស់​ប្រធាន​សភា​លោក ហេង សំរិន ជាដើម។

ក្រៅ​ពី​នេះ​ទៀត អ្វី​ដែល លោក ហ៊ុន សែន ផ្គាប់ចិត្ត​វៀតណាម​កាន់​តែ​ខ្លាំង​នោះ​គឺ មេដឹកនាំ​វៀតណាម បាន​មក​ជួប​លោក ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លោក ហ៊ុន សែន សន្យា​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ វៀតណាម​រស់នៅ​លើទឹក​ដី​កម្ពុជា។ នេះ​ស​បញ្ជាក់​ថា លោក ហ៊ុន សែន ចាប់​យក​ចិន​ផង និង​ចាប់​យក​វៀតណាម​ផង ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​របស់​លោក។

ចំពោះ​ទំនាក់ទំនង​ចិន​វិញ គឺ​ទីក្រុង​ប៉េកាំង បាន​ដាក់​ឥទ្ធិពល និង​បន្ត​កើន​ឡើង​ឥទ្ធិពល​របស់​ខ្លួន មក​លើ​ប្រទេស​កម្ពុជា ពី​ជំនួយ​យោធា ដល់​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្ម​រុករក​រ៉ែ និង​ការ​កាប់​ព្រៃឈើ រហូតដល់​លំហូរ​ជនជាតិ​ចិន​មក​កម្ពុជា តំបន់​មួយ​ចំនួន​ស្ទើរតែ​ក្លាយទៅជា​ក្រុង​របស់​ចិន​ទៅ​ហើយ ដូចជា​នៅ​ក្រុងព្រះសីហនុ នៅ​ខែត្រ​កោះកុង ដែល​ចិន​មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ធ្វើ​ទីក្រុង​រណប​របស់​ខ្លួន​លើ​ផ្ទៃ​រាប់​រយ​ហិកតារ​នៅ​ស្រុក​បទុម​សាគរ និង​គិរីសាគរ ដែល​ក្រុមហ៊ុន​ចិន​ទាំងនោះ បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​បង្ខំ ដុត​ផ្ទះសម្បែង​ពួកគាត់​ចោល ហើយ​ថែមទាំង​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ប្រដាប់​ដោយ​អាវុធ ការពារ​ក្រុមហ៊ុន​ចិន​ទាំងនោះ​ទៀត​ផង។

រដ្ឋាភិបាល​ចិន ក្នុង​ការ​ទិញ​ទឹកចិត្ត​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ផ្ដល់​ជំនួយ​ដល់​លោក ក្រោម​ល្បិច​ថ្ពិន​ភ្នែក​ថា​ជា​ជំនួយ​គ្មាន​លក្ខខណ្ឌ បាន​អនុញ្ញាត​អោយ​លោក ហ៊ុន សែន មាន​ឱកាស​បាន​អួតអាង​ពី​សមិទ្ធផល​សាងសង់ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទំនើប​មួយ​ចំនួន។ សម្រាប់​លោក ហ៊ុន សែន ទីក្រុង​ប៉េកាំង ជា​ខ្នងបង្អែក​ដ៏​សំខាន់​របស់​លោក ក្នុង​ការ​ជួយ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ការទូត​ដល់​លោក នៅ​ពេល​ប្រទេស​លោក​ខាង​លិច រិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុងតែ​គំរាមកំហែង​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​នោះ។

គម្រោង​វិនិយោគ និង​ជំនួយ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ គឺ​ក្រុមហ៊ុន​ចិន​ជា​អ្នក​ទទួល​សិទ្ធិ​វិនិយោគ និង​មាន​អ្នកគ្រប់គ្រង និង​កម្មករ​ជំនាញ​ជា​ជន​ជាតិ​ចិន​ដដែល ខ្មែរ​បាន​ត្រឹមតែ​ជា​កម្មករ​ធម្មតា ដែល​ធ្វើ​ឲ្យ​ចរន្ត​ថវិកា​ទាំងនោះ ភាគច្រើន​វិល​ទៅ​ជួយ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ចិន​វិញ​ដដែល។ ហើយ​សំណង់​ភាគច្រើន ដូចជា​ផ្លូវថ្នល់ ជា​ជំនួយ​ឬ​កម្ចី​របស់​ចិន​សាងសង់​គ្មាន​គុណភាព​ឡើង បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ខ្លួនឯង និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ទទួល​ស្គាល់ និង​រិះគន់​ដែរ។

ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​ស្ដីពី​ជំនួយ​អភិវឌ្ឍន៍​ពី​បរទេស​បង្ហាញ​ថា ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយនេះ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន នៅ​កម្ពុជា មាន​ចំនួន​សរុប ៥៧​គម្រោង ក្នុង​នោះ​មាន ៤៧​គម្រោង គឺជា​ប្រភេទ​ប្រាក់កម្ចី​មាន​ទឹកប្រាក់​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រភេទ​ជំនួយ​ឥត​សំណង​មាន​ចំនួន​ត្រឹម ១០​គម្រោង​ប៉ុណ្ណោះ ដែល​មាន​ទឹកប្រាក់​សរុប​ជិត ១៨០​លាន​ដុល្លារ​អាមេរិក។

ក្នុងចំណោម​គម្រោង​ទាំង​១០ នោះ មាន​គម្រោង​មួយ​ដែល​មាន​ទឹកប្រាក់​ធំធេង​លើស​គម្រោង​ដទៃ​ទៀត ជាហេតុ​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា អាច​មិនមែន​ជា​ជំនួយ​ឥត​សំណង​ទេ តែ​អាច​ជា​ប្រាក់កម្ចី​ទៅវិញ។ នោះ គឺ​ជំនួយ​ជាង ១៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​រដ្ឋាភិបាល​ចិន ផ្ដល់​ជូន​កម្ពុជា សម្រាប់​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រៀម​សម្រាប់​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (SEA Game) ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​កីឡា​លំដាប់​អន្តរជាតិ​ដទៃ​ទៀត។

ជា​សរុប​សេចក្ដី​ទៅ ទំនាក់ទំនង ចិន និង​កម្ពុជា កាន់តែ​យូរៗ​ទៅ បំណុល​របស់​កម្ពុជា​ជំពាក់​ចិន​ក៏​កាន់​តែ​ច្រើន ដូច​ពាក្យចាស់​ពោល​ថា ខ្មែរ​ចេះតែ​កិន ចិន​ចេះតែ​កត់ កត់​ចុះ កត់​ឡើង ដោះ​មិន​ចេញ ហើយ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំពាក់​ចិន​ត​ជំនាន់ ក្រោម​រូបភាព​វិនិយោគ និង​ការអភិវឌ្ឍន៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល