ក្រសួង​អប់រំ​មិន​ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​គ្រឹះស្ថាន​អប់រំ

ក្រសួង​អប់រំ​យុវជន និង​កីឡា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ថ្មី​ៗ​នេះ​បាន​ជំរុញ​ឲ្យ​នាយក​សាលា លោក​គ្រូ អ្នក​គ្រូ​នៅ​ក្នុង​សាលា​រៀន​ទាំង​អស់ ទាំង​រដ្ឋ និង​ឯកជន ឲ្យ​អនុវត្តន៍​គោលការណ៍​មួយ​ស្ដីពី​ការ​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិវេណ​សាលា​រៀន។
ដោយ កែវ​ពេជ្រ មេត្តា
2011-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​សេព​សុរា​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ គេ​សង្កេត​ឃើញ​មិន​មែន​មាន​តែ​នៅ​ក្នុង​ហាង​អាហារដ្ឋាន ឬ​ភោជនីយដ្ឋាន​ធំៗ ឬ​នៅ​ក្នុង​ពិធី​មង្គល​ការ​ទាំង​ឡាយ​នោះ​ទេ សូម្បី​តែ​នៅ​ក្នុង​សាលា​រៀន​មួយ​ចំនួន​ក៏​មាន​ការ​សេព​គ្រឿង​ស្រវឹង​នេះ​ដែរ។ ពិសេស គឺ​នៅ​ក្នុង​ពេល​មាន​ធ្វើ​ពិធី​អ្វី​ម្ដង​ៗ ដូច​ជា​ជប់​លៀង​ពេល​ចូល​ឆ្នាំ​ខ្មែរ ពេល​ចូល​ឆ្នាំ​សកល និង​ពេល​ជិត​វិស្សមកាល ឬ​ជិត​វ៉ាកង​ជា​ដើម។

បើ​ទោះ​បី​ជា​ការ​សេព​គ្រឿង​ស្រវឹង​នៅ​ក្នុង​សាលា​រៀន​មាន​ម្ដង​ម្កាល​ដូច​ពោល​បញ្ជាក់​មក​នេះ​ក៏​ដោយ ប៉ុន្តែ​ការ​ប្រព្រឹត្ត​នោះ គេ​បាន​ចាត់​ទុក​ថា​ជា​អំពើ​មិន​ល្អ ប៉ះពាល់​ដល់​គោល​ការណ៍​ច្បាប់​អប់រំ​សីលធម៌​ផ្សេងៗ របស់​សាលា​រៀន។ ម្យ៉ាង​ទៀត ការ​សេព​គ្រឿង​ស្រវឹង​នៅ​ទី​នោះ​អាច​ជា​ដើម​ចម​នាំ​ទៅ​រក​ការ​រីក​រាល​ដាល​ចូល​ទៅ​ក្នុង​ស្រទាប់​យុវវ័យ សិស្សានុសិស្ស។

ដោយ​បារម្ភ​ពី​បញ្ហា​នេះ ទើប​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់ ឬ​សេព​គ្រឿង​ស្រវឹង​ផង​ទាំង​ឡាយ​គ្រប់​ប្រភេទ​ទាំង​អស់ នៅ​ក្នុង​បរិវេណ​សាលា​រៀន ដើម្បី​ទប់​ស្កាត់ ឬ​បញ្ចៀស​កុំ​ឲ្យ​មាន​បាតុភាព​មិន​ល្អ​នៅ​ក្នុង​កន្លែង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង​នោះ។

លោក ប៉ែន សារឿន ប្រធាន​នាយកដ្ឋាន​សុខ​ភាព​សិក្សា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា។ លោក​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ណែនាំ​ហាម​ប្រាម​មិន​ឲ្យ​មាន​សកម្ម​ភាព​ប្រើប្រាស់​គ្រឿង​ស្រវឹង​ផង​ទាំង​ឡាយ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​នោះ ក៏​ដើម្បី​ពង្រឹង​ដល់​ការ​អនុវត្តន៍​ច្បាប់​វិន័យ​អប់រំ​របស់​ក្រសួង ហើយ​និង​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូ​បង្រៀន​ផង​ដែរ ៖ "ព្រោះ​គ្រូ​ខ្លះ​គាត់​តែង​តែ​និយម​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង ហើយ​គាត់​មក​បង្រៀន​សិស្ស​អី​អ៊ីចឹង ជួន​កាល​ខាត​បង់​ការ​បង្រៀន​ដោយ​គាត់​បង្រៀន​មិន​កើត ហើយ​ដូច​ជា​ពិធី​ផ្សេងៗ បុណ្យ​សកល ឬ​មួយ​ក៏​ចូល​ឆ្នាំ​តែង​ពិនិត្យ​ឃើញ​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហ្នឹង​វា​មិន​មាន​ប្រើ​តែ​គ្រូ​ទេ រហូត​ដល់​សិស្ស​ទៀត​ឯណោះ"

សេចក្ដី​ណែ​នាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្ដីពី​ការ​ហាម​ប្រាម​មិន​ឲ្យ​មាន​សកម្ម​ភាព​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ឬ​ការ​សេព​សុរា​នៅ​ក្នុង​បរិវេណ​សាលា​រៀន គឺ​គេ​ហាម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ឬ​លក់​ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ទី​នោះ។ មក​ដល់​ពេល​នេះ ក្រសួង​អប់រំ​កំពុង​តែ​ជំរុញ​ឲ្យ​នាយក​សាលា លោក​គ្រូ អ្នក​គ្រូ​នៅ​ក្នុង​សាលា​រៀន​ទាំង​អស់ ទាំង​រដ្ឋ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ឲ្យ​នាំ​គ្នា​អនុវត្ត​នូវ​គោល​ការណ៍​ណែ​នាំ​នេះ។

សេចក្ដី​ណែ​នាំ​នោះ គេ​ឃើញ​មាន​កិច្ច​សហការ​ពី​អង្គការ​សុខ​ភាព​ពិភព​លោក ដោយ​ធ្វើ​ទៅ​តាម​រយៈ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា។ ការ​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​ដោយ​សារ​តែ​គេ​យល់​ថា ការ​សេព​គ្រឿង​ស្រវឹង គឺ​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ផង ហើយ​និង​បង្ក​គ្រោះ​ថ្នាក់​ជា​ច្រើន​ទៀត​ដល់​អ្នក​ដ៏​ទៃ​ផង ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​សារ​អ្នក​បើក​បរ​សេព​គ្រឿង​ស្រវឹង ឬ​ក៏​កើត​មាន​អំពើ​ហិង្សា​ផ្សេងៗ ជា​ដើម។

លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ នាយក​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​អារម្មណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ចូល​រួម​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ហាម​ប្រាម​ប្រើ​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិវេណ​ស្ថាប័ន​សិក្សា​នានា​នោះ ពី​ព្រោះ​យល់​ថា នៅ​ទី​នោះ​គឺ​ជា​កន្លែង​មួយ​សម្រាប់​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ៖ "ហើយ​ដែល​សាលា​រៀន​ជា​ទូទៅ​គឺ​ជា​ថ្នាល​មួយ​បណ្ដុះ​បណ្ដាល​មិន​ត្រឹម​តែ​ចំណេះ​វិជ្ជា​ទេ ប៉ុន្តែ​បណ្ដុះ​បណ្ដាល​ផ្នែក​សីលធម៌​ទៀត។ អ៊ីចឹង​បើ​សិន​ជា​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ក្នុង​សាលា​ហ្នឹង​នាំ​ឲ្យ​សិស្ស​គិត​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង គឺ​ជា​រឿង​ល្អ​មួយ ព្រោះ​សាលា​បាន​ប្រើ​ដែរ"

ទាក់ទង​និង​ការ​ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ឬ​សេព​សុរា និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​និង​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិវេណ​សាលា​រៀន​នោះ គេ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ពី​សំណាក់​សិស្សានុសិស្ស ព្រម​ទាំង​គ្រូ​បង្រៀន ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ និង​ឯក​ជន​មួយ​ចំនួន នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ផ្សេងៗ។

ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​នោះ សកលវិទ្យាធិការ​នៃ​គ្រឹះ​ស្ថាន​សិក្សា​ឯក​ជន​មួយ​រូប សុំ​មិន​ប្រាប់​ឈ្មោះ​បាន​បញ្ជាក់​ថា ការ​ហាម​មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង​នៅ​ក្នុង​សាលា​រៀន​នេះ គឺ​ជា​វិធី​មួយ​បង្ហាញ​ពី​គំរូ​ល្អ​ដល់​យុវ​សិស្ស​គ្រប់​រូប ឲ្យ​ចេះ​ពិចារណា ថ្លឹង​ថ្លែង​ពី​ទុក្ខ​ទោស​នៃ​ការ​សេព​សុរា ឬ​សេព​គ្រឿង​ស្រវឹង។ ពី​ព្រោះ​បើ​កាល​ណា​គេ​សេព​គ្រឿង​ស្រវឹង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​សិក្សា ឬ​អាច​ឈាន​ទៅ​រក​ការ​បាត់​បង់​អនាគត​របស់​គេ។

ទាក់​ទង​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​សព្វ​ថ្ងៃ​នេះ ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ដូរ​គ្រឿង​ស្រវឹង​ជា​ដើម កំពុង​ទាក់​ទាញ​យុវវ័យ​ឲ្យ​ចង់​សាក​ល្បង ហើយ​ក្នុង​នោះ​គេ​ឃើញ​មាន​យុវជន​ខ្លះ​បាន​សេព​គ្រឿង​ស្រវឹង​នោះ ដូច​ជា​នៅ​តាម​ក្លឹប​កំសាន្ដ​ផ្សេងៗ និង​តាម​ភោជនីយដ្ឋាន។ល។

យុវ​និស្សិត​មួយ​រូប​ឈ្មោះ ង៉ោល គាន រៀន​នៅ​សកល​វិទ្យាល័យ​កម្ពុជា ដែល​ជា​គ្រឹះ​ស្ថាន​សិក្សា​ឯក​ជន​មួយ​នៅ​ភ្នំពេញ បាន​បញ្ជាក់​ថា បញ្ហា​សេព​សុរា​របស់​យុវជន​មួយ​ចំនួន​សព្វ​ថ្ងៃ​នោះ​បាន​ធ្វើ​ឲ្យ​គេ​ជួប​បញ្ហា​ជា​ច្រើន ដូច​ជា​ប៉ះ​ពាល់​សុខ​ភាព ប៉ះពាល់​ដល់​ការ​ចំណាយ​ថវិកា​របស់​គ្រួសារ​ក្នុង​ការ​ទិញ​គ្រឿង​ស្រវឹង។ ហើយ​ប្រការ​ដែល​សំខាន់​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។ យុវ​និស្សិត​រូប​នោះ​បាន​បន្ត​ថា ដូច្នេះ​ការ​ហាម​ប្រាម​មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិវេណ​សាលា​រៀន​បើ​ទោះ​ជា​ក្នុង​លក្ខណៈ​ជា​មួយ​ជ្រុង​ក៏​ដោយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​បម្រាម​នោះ​ក៏​អាច​ជួយ​ដាស់​តឿន​ក្រើន​រំលឹក​ដល់​យុវ​សិស្ស ឬ​យុវវ័យ​ឲ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន និង​នាំ​គ្នា​ចៀស​វាង​ការ​សេព​សុរា ឬ​គ្រឿង​ស្រវឹង​បាន​មួយ​កម្រិត​ដែរ ៖ "អ៊ីចឹង​យុវជន​ខ្លួន​ឯង​ហ្នឹង​ត្រូវ​មាន​ការ​គិត​ថា បើ​កាល​ណា​សេព​គ្រឿង​ស្រវឹង​ចូល​ក្នុង​ខ្លួន វា​ប៉ះពាល់​ដល់​សុខ​ភាព​ចំពោះ​ខ្លួន​ឯង វា​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណូល​របស់​យើង ធ្វើ​ឲ្យ​បាត់​បង់ ហើយ​វា​ប៉ះ​ពាល់​កិត្តិយស​ចំពោះ​គ្រួសារ​ខ្លួន​ឯង ហើយ​ទាក់​ទង​ហ្នឹង​ប្រទេស​ជាតិ គឺ​ប្រទេស​ជាតិ​ដែល​ពោរ​ពេញ​ទៅ​ដោយ​យុវជន​ដែល​មិន​មាន​សក្ដានុពល"

បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ លោក ចាន់ ថា នាយក​រង​សាលា​បឋម​សិក្សា​ឫស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។ លោក​បាន​មាន​ប្រសាសន៍​ថា ទាក់​ទង​និង​បញ្ហា​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង តាម​ពិត​ទៅ​នៅ​ក្នុង​សាលា​រៀន​របស់​លោក​តាំង​តែ​ពី​ដើម​មក​មិន​ធ្លាប់​ឲ្យ​មាន​ទេ សូម្បី​ក្នុង​ពិធី​ជប់​លៀង​អ្វី​ក៏​ដោយ ក៏​ហាម​មិន​ឲ្យ​នាំ​គ្រឿង​ស្រវឹង​ចូល​ទៅ​ក្នុង​សាលា​រៀន​ដែរ។

លោក​បាន​បន្ត​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង​នៅ​ក្នុង​សាលា​រៀន​ឫស្សី​ជ្រោយ​តាំង​ពី​មុន​ចេញ​សារាចរ​ណែ​នាំ​របស់​ក្រសួង​នោះ គឺ​ហាម​ទាំង​គ្រូ​បង្រៀន និង​ទាំង​សិស្សានុសិស្ស ៖ "កាល​ណា​យើង​ស្រវឹង​ទៅ​ជា​ធម្មតា វា​អាច​ជិះ​ម៉ូតូ វា​អាច​ជិះ​កង់​វា​លឿន​វា​អី​អ៊ីចឹង​ទៅ វា​នាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់"

បញ្ហា​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ឬ​ការ​សេព​សុរា លោក​វេជ្ជបណ្ឌិត ឆាយ គឹម​ប៉ាវ អ្នក​ឯកទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ និង​ពោះ​វៀន​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព ខ្មែរ-សូវៀត។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​សេព​សុរា ទោះ​ជា​ប្រភេទ​ស្រា​អ្វី​ក៏​ដោយ បើ​មនុស្ស​និយម​ប្រើ​ប្រាស់​នោះ គឺ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​ខ្លាំង​ណាស់ ដូច​ជា​នាំ​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម រលាក​លំពែង​រ៉ាំរ៉ៃ ឬ​ក៏​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។

មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ដោយ​បាន​ឃើញ​នូវ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ហើយ​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សង្គម​ផង​នោះ ទើប​ក្រសួង​អប់រំ​ដោយ​មាន​កិច្ច​សហការ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រឹង​ប្រែង​ជំរុញ​ឲ្យ​នាយក​សាលា លោក​គ្រូ អ្នក​គ្រូ​នៅ​ក្នុង​សាលា​រៀន​ទាំង​អស់ ទាំង​រដ្ឋ និង​ឯក​ជន​ឲ្យ​អនុវត្ត​គោល​ការណ៍​អប់រំ​ហាម​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ទាំង​អស់​នៅ​ក្នុង​បរិវេណ​សាលា​រៀន។

ក្រៅ​ពី​នេះ​ទៀត ក្រសួង​អប់រំ​យុវជន និង​កីឡា​កន្លង​មក​ក៏​បាន​បញ្ចូល​កម្មវិធី​អប់រំ​ស្ដី​អំពី​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​មេ​រៀន​ផង​ដែរ ដើម្បី​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​គ្រូ​បង្រៀន និង​សិស្សានុសិស្ស​ប្រព្រឹត្ត​គ្រឿង​ស្រវឹង។

មន្ត្រី​ដដែល​បាន​បន្ថែម​ថា សាលា​រៀន​នៅ​ទូទាំង​ប្រទេស​សព្វ​ថ្ងៃ​នេះ ទាំង​កម្រិត​បឋម​សិក្សា និង​មធ្យម​សិក្សា​មាន​ចំនួន​ជាង ៧០០០​សាលា។ ចំណែក​គ្រូ​បង្រៀន​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ ហើយ​និង​សិស្សានុសិស្ស​មាន​ចំនួន​ជាង ៣​លាន​នាក់៕

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

ក្នុងនាមជាអ្នកអប់រំគេបើចង់អោយគេគោរពលុះត្រាខ្លួនឯងធ្វើអោយបានខ្លួនឯងសិនហើយក្នុងនាមជាគ្រូបង្រៀនត្រូវមានលក្រមសីលធម៌វិជ្ជាជីវក្នុងខ្លួន

Jan 02, 2012 09:47 PM

អ្នក​អាន​អនាមិក

សង្គមមួយអ្នកដឹកនាំជាជនពាលនិងបាតផ្សារហើយមាននណាប្រដៅអ្នកណាបានទេ!!!

Dec 31, 2011 05:22 AM

អ្នក​អាន​អនាមិក

សង្គមមួយអ្នកដឹកនាំជាជនពាលនិងបាតផ្សារហើយមាននណាប្រដៅអ្នកណាបានទេ!!!

Dec 31, 2011 05:18 AM

អ្នក​អាន​អនាមិក

អ្នកដឹកនាំជាជនពាលនិងបាតផ្សារហើយមាននណាប្រដៅព្រះអង្គបាន!!!

Dec 31, 2011 05:18 AM

អ្នក​អាន​អនាមិក

អ្នកដឹកនាំជាជនពាលនិងបាតផ្សារហើយមាននណាប្រដៅព្រះអង្គបាន!!!

Dec 31, 2011 05:17 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល