ពលរដ្ឋ​នៅ​ស្រុក​រលាប្អៀរ ខែត្រ​កំពង់ឆ្នាំង តវ៉ា​ថា​អាជ្ញាធរ​បង្ខំ​ឲ្យ​ទិញ​ទង់​ជាតិ

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​អាជ្ញាធរ ភូមិ ឃុំ ថា បាន​បង្ខំ​ពួក​គាត់​ឲ្យ​ទិញ​ទង់​ជាតិ​ដើម្បី​បង្ហូត​ក្នុង​ឱកាស​បុណ្យ ៧ មករា ខាង​មុខ​នេះ។
ដោយ មណ្ឌលកែវ
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក សេង សុខុម ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​ក្រាំងលាវ មាន​ប្រសាសន៍​ថា ប្រធាន​ភូមិ​បាន​មក​បង្ខំ​ឲ្យ​គាត់​ទិញ​ទង់​ជាតិ​មួយ​តម្លៃ​៥៥០០​រៀល ហើយ​បើ​មិន​ទិញ​ទង់​ជាតិ​មក​ចង​ទេ​គឺ​ត្រូវ​ពិន័យ​១០០០០​រៀល​ពី​លើ​នេះ​ទៀត។

គាត់​បន្ត​ថា គាត់​មិន​ប្រឆាំង​ក្នុង​ការចង​ទង់​ជាតិ​ដើម្បី​អបអរ​សាទរ​បុណ្យ ៧ មករា នោះ​ទេ តែ​គ្រួសារ​គាត់​ក្រីក្រ​ខ្វះ​មុខ​ខ្វះ​ក្រោយ តើ​មាន​ប្រាក់​ឯណា​ដើម្បី​ទិញ​ទង់​ជាតិ​សម្រាប់​ចង​នោះ?។

លោក សេង សុខុម បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​ប្រកែក​ប្រណាំង​ទេ​រឿង​ចង តែ​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​លោក​មេ​ភូមិ​ហ្នឹង​យក​ទង់​ជាតិ​ហ្នឹង​មក​ចែក​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ទៅ ប្រជាពលរដ្ឋ​កំពុង​តែ​ក្រ​អត់​លុយ​ទេ»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ឈួរ សំអាត បន្ថែម ៖ «ខ្ញុំ​គិត​ថា​ជា​ទង្វើ​មួយ​ដែល​អយុត្តិធម៌​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ»

មេ​ភូមិ​ថ្មី លោក ប៉ុល ម៉ាក់ មាន​ប្រសាសន៍​ថា ភូមិ​អនុវត្ត​តាម​ផែនការ​ដែល​ថ្នាក់​លើ​ដាក់​ឲ្យ​ពុំ​មែន​ជា​គំនិត​ផ្ទាល់​របស់​អាជ្ញាធរ​ភូមិ​ទេ។

លោក ប៉ុល ម៉ាក់ បាន​បញ្ជាក់​ថា ៖ «យើង​ត្រូវ​ធ្វើ​អ៊ីចឹង បើ​មិន​ធ្វើ​អ៊ីចឹង​បង​ប្អូន​យើង​អត់​ព្រម​តាម​យើង យើង​ដាក់​ផែនការ​ឲ្យ​ធ្វើអី ដូច​ថា​ធ្វើ​ដង​ទង់​ជាតិ​ឬ​ទិញ​ទង់​ជាតិ​អ៊ីចឹង ដូច​នេះ​គឺ​អត់​ព្រម​ធ្វើ»

ពន្យល់​ចំពោះ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ អភិបាល​ស្រុក​រលាប្អៀរ លោក ពេជ្រ សម្បត្តិ មាន​ប្រសាសន៍​ថា នេះ​ជា​ផែនការ​រួម​ដើម្បី​អបអរ​សាទរ​បុណ្យ​ជាតិ តែ​លោក​ថា ពុំ​មាន​ការចាប់​បង្ខំ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ខ្វះខាត​ពិត​ប្រាកដ​នោះ​ឡើយ ហើយ​ក៏​ពុំ​មាន​ការផាក​ពិន័យ​អ្វី​ដែរ។

លោក ពេជ្រ សម្បត្តិ បាន​ថ្លែង​ថា ៖ «បង​ប្អូន​ណា​លោក​អត់​បាន​ទិញ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ លោក​ក្រ​លំបាក យើង​គិត​ថា​លោក​ក៏​ជា​ខ្មែរ​ដែរ​ណា៎។ ត្រូវ​យល់​អា​រឿង​ហ្នឹង រឿង​ការងារ​របស់​ជាតិ​យើង គ្មាន​នរណា​គេ​ទៅ​សង្កត់​សង្កិន​បង​ប្អូន​ក្រលំ​បាក​ទេ ឲ្យ​ពិត​ជា​ក្រ ប៉ុន្តែ​ឲ្យ​យល់​អំពី​ជាតិ​ជា​ធំ»

មន្ត្រី​សម្រប​សម្រួល​និង​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា មាន​ប្រសាសន៍​ថា ៖ «ប្រជាពលរដ្ឋ​គួរតែ​មាន​ទង់​ជាតិ​ដើម្បី​ដាក់ ពីព្រោះ​យើង​គោរព​ទង់​របស់​យើង​នៅ​ថ្ងៃ​បុណ្យទាន​ផ្សេងៗ​ម្ដងៗ​ហ្នឹង។ ហើយ​បើ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ហ្នឹង​រដ្ឋាភិបាល​ពិចារណា​ឬ​ផ្ដល់​ឲ្យ​គាត់​ដោយ​កុំ​គិត​កម្រៃ»

ថ្ងៃ​៧ មករា ត្រូវ​បាន​កំណត់​ជា​ពិធី​បុណ្យ​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ក៏​គឺ​ជា​ថ្ងៃ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ខាង​ផ្នែក​នយោបាយ។ អ្នក​នយោបាយ​ខ្លះ​ចាត់ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ប៉ុន្តែ​ក្រុម​អ្នក​ប្រឆាំង​បាន​ចាត់ទុក​ថ្ងៃ​នេះ​ជា​ការឈ្លានពាន​របស់​កងទ័ព​វៀតណាម​មក​លើ​កម្ពុជា​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា សម្រាប់​ខួប​លើក​ទី​៣០ នៃ​ពិធី​បុណ្យ ៧ មករា នឹង​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​ជាង​បណ្តា​ឆ្នាំ​មុនៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល