គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​នៅ​តាកែវ​ស្វែងរក​យុត្តិធម៌

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​ក្នុង​ពេល​ចូល​ទៅ​កាប់​ដើម​ប្រេង​ខ្យល់​និង​អាកាស្យា​នៅ​ខេត្ត​តាកែវ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​ខេត្ត​ចាត់​វិធានការ​វែក​មុខ​រក​ឃាតករ​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។
ដោយ ខែ សុណង
2009-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រពន្ធ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់ អ្នកស្រី ម៉ៅ ណៃ រស់​នៅ​ភូមិ​អង្គឃ្នា ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​អះអាង​ដោយ​ចោទ​ប្រកាន់​ថា ក្រុម​រដ្ឋបាល​ព្រៃ​ឈើ​ដែល​យាម​ល្បាត​ក្នុង​តំបន់​ព្រៃ​លើ​បាន​បាញ់​សម្លាប់​ប្តី​របស់​គាត់​ឈ្មោះ យ៉ែម ឃីម អាយុ ៣៤​ឆ្នាំ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​វិចិ្ឆកា​កន្លង​ទៅ ក្នុង​ខណៈ​ពេល​ដែល​ប្តី​របស់​គាត់​និង​អ្នក​ភូមិ​មួយចំនួន​ទៀត​ចូល​ទៅ​កាប់​ដើម​ប្រេង​ខ្យល់​និង​អាកាស្យា។

អ្នកស្រី​យល់​ថា ទោស​កាប់​ដើម​ឈើ​នោះ​មិន​សម​ដល់​ស្លាប់​នោះ​ទេ។ រហូត​មក​ដល់​ពេល​នេះ​អ្នកស្រី​ពុំ​ឃើញ​មាន​ការ​ស៊ើប​អង្កេត​វែក​មុខ​រក​ជន​ល្មើស​ដើម្បី​ផ្តន្ទា​ទោស​នោះ​នៅ​ឡើយ។

អ្នកស្រី ម៉ៅ ណៃ បាន​បញ្ជាក់​ថា ៖ «កូន​ចៅ​មេ​ព្រៃ​ហ្នឹង​ណា៎​បាញ់​សម្លាប់​ហ្នឹង។ ប្ដី​ខ្ញុំ​នាំ​គ្នា​ចូល​ទៅ​រក គេ​ដើរ​យាម​នៅ​ហ្នឹង ហើយ​កាប់​ឈើ​តែ​មួយ​ដើម បាញ់​សម្លាប់​ប្ដី​ខ្ញុំ! ទើប​តែ​ថ្ងៃ​ហ្នឹង​គេ​បបួល មិន​ដឹង​ហេង​ស៊យ​អី! រក​ដើម្បី​លក់​ទិញ​អង្ករ​ហូប​ហ្នឹង​ណា៎! មាន​អង្ករ​ឯ​ណា‌! ថ្ងៃ​ស្លាប់​មាន​អង្ករ​បី​កំប៉ុង​ហ្នឹង​ខ្ញុំ មិន​យ៉ាប់​អ៊ីចឹង ទៅ​លួច​គេ​ធ្វើ​អី! ខ្ញុំ​ប្ដឹង​ទៅ​ប៉ូលិស​ទៅ​អី​ដែរ ប៉ុន្តែ​ថា​ជួយ​ដោះស្រាយៗ​វែក​មុខ​ឃាតករ​ឲ្យ ចាប់​បាន​ឬ​មិន​បាន​អី​អត់!»

បុរស​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សែម ថុល ដែល​អះអាង​ថា ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ បាន​រៀបរាប់​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៥​នាក់​ទៀត​ដែល​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នោះ ពួក​គាត់​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​លើ​នោះ​ក្នុង​បំណង​ទៅ​កាប់​ដើម​ប្រេង​ខ្យល់​និង​អាកាស្យា​ម្នាក់​មួយ​ដើម ធ្វើ​ឧស​លក់​ដើម្បី​ទិញ​អង្ករ​ហូប ដោយសារ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ភូមិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ក្រីក្រ។

អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ខេត្ត​ដើម្បី​ចាត់​វិធានការ​ចំពោះ​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​នេះ។

លោក ស្រី បេន បាន​បញ្ជាក់​ថា ៖ «អា​ហ្នឹង​ខ្ញុំ​ឲ្យ​ប៉ូលិស​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​តើ! កសាង​សំណុំរឿង​ទៅ​តុលាការ​ហើយ​តើ! ខាង​តុលាការ​គេ​ចេញ​ដីកា​ចាប់​ខ្លួន​ហើយ​តើ! អា​ហ្នឹង​នីតិ​វិធី​តុលាការ...»

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​តាកែវ លោក មាស សុភ័ក្រ្ត មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ហើយ ៖ «មាន តាម​ការ​កំណត់​ចង្អុល​បង្ហាញ​ហ្នឹង គេ​មាន​បុគ្គល​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ ហើយ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​មក​ខាង​អយ្យការ​ខ្ញុំ​តាំង​ពី​ថ្ងៃ​៨ ខែ​១២ ប៉ុន្តែ​ខាង​រដ្ឋបាល​ខ្ញុំ​ចុះ​នៅ​ថ្ងៃ​២១ ខែ​១២។ ខ្ញុំ​ទើប​តែ​បាន​ចាត់តាំង​នៅ​ព្រឹក​មិញ​នេះ​ឯង។ នឹង​ដំណើរការ​នៅ​ពេល​បន្ត​ទៀត ព្រោះ​ខ្ញុំ​បាន​ចាត់តាំង​ឲ្យ​ព្រះរាជអាជ្ញា​រង​ទទួល​បន្ទុក​កិច្ចការ​នេះ»

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា តំបន់​ព្រៃ​លើ​មាន​ផ្ទៃ​ដី​ប្រមាណ ១២​គីឡូម៉ែត្រ​ការ៉េ មាន​ដាំ​សុទ្ធ​តែ​ដើម​ប្រេង​ខ្យល់​និង​អាកាស្យា ដែល​ពួក​គាត់​អះអាង​ថា ដំបូង​ជា​ដី​ព្រៃ​របស់​រដ្ឋ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ឯកជន​ដែល​ពួក​គាត់​ពុំ​បាន​ដឹង​ពិត​ប្រាកដ​នោះ​ទេ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

The khmer authoritie should stop to consider khmer people like animal.

Dec 29, 2009 07:25 AM

គេហទំព័រ​ទាំងមូល