សង្ខេប​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១២

ក្នុង​អំឡុង​ឆ្នាំ​២០១២ នេះ មាន​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​អតីត​ព្រះមហាក្សត្រ​សោយ​ទិវង្គត កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ គណបក្ស​ប្រឆាំង​២ បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​សកម្មជន​ដីធ្លី​ដាក់​ពន្ធនាគារ និង​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ។
ដោយ ម៉ៅ សុធានី
2012-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១២។
ប្រជាពលរដ្ឋ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១២។
RFA/Van Vichar

អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។ ព្រះ​បរម​សព​ព្រះអង្គ​បាន​ត្រូវ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ដង្ហែ​ពី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ហើយ​តម្កល់​នៅ​ព្រះ​បរម​រាជវាំង។ ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ គ្រោង​ប្រារព្ធ​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ។

នៅ​ទន្ទឹម​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នៅ​ក្នុង និង​ក្រៅ​ប្រទេស​សំដែង​ការ​សោកស្ដាយ​ជា​ពន់ពេក​នៃ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ និង​កិច្ច​ប្រជុំ​កំពូល​ផ្សេង​ទៀត នៅ​សប្ដាហ៍​ទី​៣ កាល​ពី​ខែ​វិច្ឆិកា ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) និង​មេដឹកនាំ​ពី​ប្រទេស​ជា​ច្រើន​ទៀត រួម​ទាំង​ប្រទេស​ជា​សមាជិក​អាស៊ាន ចូល​រួម​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សំដែង​មោទនភាព​ជា​ខ្លាំង​ដែល​កម្ពុជា ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ទាំង​នោះ។ ប៉ុន្តែ​លោក​មាន​ការ​សោកស្ដាយ​ជា​ទី​បំផុត​ដែល​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​ដោយ​មិន​បាន​ទត​ឃើញ​ស្នាដៃ​ចាត់ចែង​របស់​កម្ពុជា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដោយ​ក្ដី​ក្ដុកក្ដួល​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ទាំង​នោះ៖ «ទោះ​បី​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ជាប់​រវល់ តែ​ទូលបង្គំ​នៅ​តែ​នឹក​ឃើញ​ដល់​ព្រះអង្គ។ ខ្ញុំ​សូម​អភ័យ​ទោស​ដែល​ខ្ញុំ​មិន​អាច​ទប់ស្កាត់​បាន​នូវ​ការ​សម្រក់​ទឹក​ភ្នែក​របស់​ខ្ញុំ ព្រោះ​ថា អ្វី​ដែល​សម្ដេច​ឳ​របស់​យើង​ព្រះអង្គ​ចង់​បាន គឺ​កិត្តិយស​ជាតិ ឥឡូវ​កិត្តិយស​ជាតិ​កំពុង​តែ​បាន​ងើប​ស្ទុះ​ឡើង​ក្នុង​រយៈពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត ដែល​មិន​បាន​ឃើញ។ តែ​សង្ឃឹម​ថា ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​នឹង​បាន​ទត​ឃើញ​នូវ​អ្វី​ដែល​កូន​ចៅ​ព្រះអង្គ​បាន​ធ្វើ​នៅ​ពេល​នេះ»

ទោះ​បី​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក មក​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​ក៏​ដោយ ក៏​ពុំ​ឃើញ​មាន​លទ្ធផល​នៃ​ជំនួប​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ប្រភព​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ មាន​ភាព​តានតឹង ដោយសារ​រដ្ឋាភិបាល​អាមេរិក បាន​លើក​ឡើង​អំពី​អ្នក​ទោស​នយោបាយ ជំរុញ​ឲ្យ​កម្ពុជា ពង្រឹង​ប្រព័ន្ធ​តុលាការ ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ​ បំបាត់​អំពើ​ពុករលួយ និង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជា​ដើម។

ចម្លើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​វិញ​ថា កម្ពុជា​ពុំ​មាន​អ្នក​ទោស​នយោបាយ​ទេ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ។ ការ​ឆ្លើយ​តប​នេះ ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល មន្ត្រី​បក្ស​ប្រឆាំង ព្រម​ទាំង​ពលរដ្ឋ​ជា​ច្រើន​ជំទាស់​ថា មិន​ត្រឹមត្រូវ​ឡើយ ហើយ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ដែល​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​តែ​មួយ មាន​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​យក​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ គណបក្ស​ថ្មី​នេះ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​អនុ​ប្រធាន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។

ទោះ​បី​ជា​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ជា​ច្រើន រួម​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ប្រព័ន្ធ​បោះ​ឆ្នោត ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស បំបាត់​អំពើ​ពុករលួយ ស្វែង​រក​ដំណោះស្រាយ​សមរម្យ​ចំពោះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក សម​ រង្ស៊ី អាច​វិល​ត្រឡប់​មក​កម្ពុជា វិញ​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ និង​ការ​រីក​ចំរើន​ណា​មួយ​ឡើយ​ទេ។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី បាន​ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ថែម​ទៀត​ផង។

ក្នុង​អំឡុង​ឆ្នាំ​២០១២ នេះ​ដែរ របាយការណ៍​របស់​អង្គការ​អន្តរជាតិ ៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៤​សែន​នាក់​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ បញ្ហា​នេះ​បាន​ញ៉ាំង​ឲ្យ​មាន​ការ​តវ៉ា​របស់​ពលរដ្ឋ​ជា​ច្រើន​នៅ​តាម​សហគមន៍​មួយ​ចំនួន រួម​មាន​សហគមន៍​បឹងកក់ បុរីកីឡា ទំនាស់​ដីធ្លី​នៅ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ ដែល​រហូត​ដល់​មាន​ការ​ចាប់​ឃាត់​ខ្លួន​សកម្មជន​ការពារ​ដីធ្លី​ដាក់​ពន្ធនាគារ ដូចជា​លោក ម៉ម សូណង់ដូ នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ សកម្មជន​ដីធ្លី​ជា​ស្ត្រី​នៅ​បឹងកក់ បុរីកីឡា។

លោក ម៉ម សូណង់ដូ អាយុ ៧០​ឆ្នាំ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ពី​បទ​ធ្វើ​អបគមន៍ ញុះញង់​ឲ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​សមត្ថកិច្ច និង​បទ​ចោទ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​លោក សូណង់ដូ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

បន្ថែម​ពី​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី បាន​ត្រូវ​លោក អ៊ិន រតនា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាញ់​សម្លាប់ ខណៈ​ដែល​លោក​នាំ​អ្នក​កាសែត ២​នាក់ ទៅ​ថតរូប និង​បង្ហាញ​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​ចិន ឈ្មោះ ធីមប៊ឺ ហ្គ្រីន (Timber Green) នៅ​ខេត្ត​កោះកុង។

តុលាការ​ខេត្ត​កោះកុង បាន​បិទ​សំណុំ​រឿង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជា​ស្ថាពរ ដោយសារ​ជនល្មើស​ដែល​បាញ់​លោក​បាន​ស្លាប់​ទៅ​ហើយ។

កាល​ពី​ដើម​ខែ​ធ្នូ នេះ បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ទី​៨ នៅ​កម្ពុជា លោក​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ ដើម្បី​ពិភាក្សា​ឈាន​ទៅ​រក​ការ​កែ​លំអ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ថា លោក​គ្មាន​កាតព្វកិច្ច​ណា​មួយ​ដែល​ត្រូវ​ជួប​ជាមួយ​លោក សុរិយា ស៊ូប៊ែឌី ទេ។

លោក​ថា កម្ពុជា​ជា​រដ្ឋ​មាន​អធិបតេយ្យ​ពេញលេញ ដែល​មិន​ចាំបាច់​ស្ដាប់​ការ​ណែនាំ​ពី​ជន​បរទេស​ឡើយ៖ «ខ្ញុំ​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​អ្នក​ណា មក​ធ្វើ​របាយការណ៍​អ្វី​ទាំង​អស់ និយាយ​មួយ​ម៉ាត់​ឲ្យ​ខ្លី។ ខ្ញុំ​ក៏​អត់​មាន​ពេល​វេលា​ដើម្បី​ជួប​ស្ដាប់​អនុសាសន៍​អ្នក​ណា​តម្រូវ​ដែរ ខ្ញុំ​អត់​ពេល​ទេ។ ម៉េច​ខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​បរទេស? វា​អត់​ត្រូវ​នឹង​រដ្ឋ​ធម្មនុញ្ញ។ អ្នក​ឯង​ចង់​និយាយ​អ្វី​និយាយ​ទៅ ខ្ញុំ​ធ្វើ​សម្រាប់​ប្រទេស​ខ្ញុំ។ ឥឡូវ​ត្រូវ​អនុវត្ត​អនុសាសន៍​របស់​អ្នក​ដទៃ ឬ​អនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា?»

ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា លោក ស៊ូប៊ែឌី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​អនុវត្ត​អនុសាសន៍​របស់​លោក​កន្លង​មក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​នៅ​តែ​បន្ត​ព្រួយ​បារម្ភ​ពី​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ក្រុម​អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស​ប្រតិកម្ម​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​តុលាការ​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​លើកលែង​ការ​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជាប់​សង្ស័យ​ថា បាន​បាញ់​រះ​លើ​កម្មការិនី​បី​នាក់​អោយ​រង​របួស​នៅ​រោងចក្រ​កៅវ៉េ (Kaoway) កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល