ការ​បង្កើត​មុខ​របរ​តូចៗ​​ជា​ការ​​រួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ

ការ​បង្កើត​មុខ​របរ​ជា​លក្ខណៈ​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ បាន​ចូលរួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ ព្រោះ​ប្រជាជន​ច្រើន​លើសលប់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​របរ​តូចតាច​នេះ ដែល​អ្នក​ដែល​ពាក់ព័ន្ធ​មិន​ត្រូវ​មើល​រំលង​ឡើយ ។
ដោយ អាន ស៊ីថាវ
2011-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៦-មេសា-២០១១៖ ទិដ្ឋភាព​នៅ​ក្នុង​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ
១៦-មេសា-២០១១៖ ទិដ្ឋភាព​នៅ​ក្នុង​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ
RFA/Vohar Cheath

អ្នក​លក់​ដូរ​បន្តិចបន្តួច​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​នៅ​តាម​ផ្សារ​នានា និង​អ្នក​រត់​ម៉ូតូ​ឌុប​ជាដើម ជា​មុខ​របរ​មួយ​ដែល​រក​ចំណូល​បាន​គួរសម​ដែរ​សម្រាប់​ចិញ្ចឹម​ជីវិត​គ្រួសារ។
នាយក​សមាគម​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ​ លោក លួស សីហា មាន​ប្រសាសន៍​ថា អ្នក​លក់​ដូរ​តូចតាច​តាម​ផ្លូវ​ឬ​តាម​ផ្សារ អ្នក​រត់​ម៉ូតូ​ឌុប ម៉ូតូ​កង់​បី​ជាដើម គឺ​ជា​មុខ​របរ​មួយ​សំខាន់​សម្រាប់​ចំណូល​គ្រួសារ ហើយ​ពួកគាត់​ទាំង​អស់​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ផង​ដែរ​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ថែម​ទៀត​ថា ទូទាំង​ប្រទេស​ចំនួន​អ្នក​ដែល​រស់​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​មិន​ផ្លូវការ​មាន​ប្រមាណ ៨៣​%៖ «សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ បាន​បង្កើត​ការងារ​មួយ​យ៉ាង​ធំ បើ​តាម​ការ​ស្រាវជ្រាវ​របស់​យើង​  ឆ្នាំ​២០០៤ ២០០៥ ហ្នឹង គឺ ៨៣% ទូទាំង​ប្រទេស ដែល​ប្រកប​រក​ស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​មាន​គ្រប់​វិស័យ​ទាំង​អស់។ អ៊ីចឹង​មាន​តែ ១៥% ទេ​ដែល​ក្នុង​ប្រព័ន្ធ ១៥% ប្រែ​ថា រក​ស៊ី​បែប​ចុះ​បញ្ជី។ ឧទាហរណ៍​កម្មករ​ក្នុង​រោងចក្រ​អ៊ីចឹង អា​ហ្នឹង​ហៅ​ក្នុង​ប្រព័ន្ធ ដោយសារ​រោងចក្រ​គាត់​ហ្នឹង​មាន​ច្បាប់​ត្រឹមត្រូវ តាម​ច្បាប់​រដ្ឋ​យើង​ហ្នឹង»

លោក លួស សីហា មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពួកគាត់​ទាំង​អស់​នោះ​ចូល​រួម​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង។ ហើយ​លោក​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​គួរ​យកចិត្ត​ទុក​ដាក់​លើ​ពួកគាត់៖ «៨៣% គឺ​ចូល​រួម​បង្កើត​ការងារ​ដោយ​ខ្លួនឯង​ហ្នឹង គឺ​ធំធេង​មែន​ទែន ហើយ​បើ​និយាយ​អំពី​រដ្ឋាភិបាល​វិញ គាត់​ជាប់​ឆ្នោត​ដោយសារ​ប្រជារាស្ត្រ​បោះ​អោយ។ គាត់​សន្យា​ដូច្នេះ​ដោយ​មែនទែន ការ​យកចិត្ត​ទុកដាក់​របស់​គាត់​នេះ គួរ​តែ​មើល​អោយ​បាន​ច្រើន​មែនទែន ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពីព្រោះ​គាត់​អត់​បាន​រំខាន​ដល់​រដ្ឋាភិបាល​ទេ គាត់​ប្រឹង​ដោយ​ខ្លួន​ឯង»

ម៉្យាង​វិញ​ទៀត​អគ្គលេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ លោក ហេង សំអន មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ផ្លូវ​ការ​នៅ​មាន​កម្រិត​នៅ​ឡើយ​ដែល​មិន​អាច​ស្រូប​យក​ប្រជាជន​កម្ពុជា​បាន​ទេ ដូច្នេះ​ពួកគាត់​ទាំង​អស់​នោះ​ត្រូវ​តែ​ចាប់​យក​ការងារ​ផ្សេង​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​គាត់។

លោក ហេង សំអន៖ «សម្រាប់​ប្រទេស​យើង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង​គឺ​សំខាន់​បំផុត។ ដោយសារ​តែ​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រព័ន្ធ គាត់​អត់​ទាន់​រីក​ចំរើន អ៊ីចឹង​ការងារ​អត់​ទាន់​សំបូរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ។ ពូក​គាត់​ងាក​មក​ធ្វើ​មុខ​របរ​ដោយ​ខ្លួន​ឯង មុខ​របរ​តូចៗ ដើម្បី​ទ្រទ្រង់​ក្រុម​គ្រួសារ​របស់​គាត់។ អ៊ីចឹង​ក្រៅ​ពី​គាត់​ធ្វើ​ស្រែ នៅ​ពេល​ឆ្លៀត​ពេល​ទំនេរ គឺ​គាត់​អាច​មក​ប្រកប​មុខ​របរ​ជា​អ្នក​លក់​ដូរ ជា​អ្នក​រត់​ម៉ូតូ​ឌុប ដើម្បី​បង្គ្រប់​ជីវភាព​គ្រួសារ​របស់​ពួកគាត់។ អ៊ីចឹង​វា​សំខាន់​បំផុត​ទៅ​ដល់​សេដ្ឋកិច្ច​ជាតិ។ យើង​មើល​ទៅ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល បើ​យើង​និយាយ​អំពី​អ្នក​ការងារ​ប្រមាណ​ច្រើន​ជាង ៧០% គាត់​ធ្វើ​នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ មិន​មាន​វិស័យ​ហ្នឹង​ទេ សេដ្ឋកិច្ច​ជាតិ​មិន​អាច​ដំណើរ​ការ​បាន​ដែរ»

សម្រាប់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន អ្នក​វិភាគ​ខ្លះ​យល់​ឃើញ​ថា ការ​បង្កើត​អាជីវកម្ម​បែប​ផ្លូវការ មាន​ន័យ​ថា អាជីវកម្ម​ទាំង​អស់​នោះ​ត្រូវ​ចុះ​បញ្ជី​ដោយ​ច្បាប់ ហើយ​ត្រូវ​ចំណាយ​អស់​ច្រើន ដូចជា​ការ​ចំណាយ​លើ​ការ​ចុះ​បញ្ជី​កម្រៃ​ផ្សេង និង​ការ​ចំណាយ​ផ្សេងៗ​ទៀត ។ ដូច្នេះ​សម្រាប់​អ្នកលក់​នំ​បញ្ចុក លក់​នំគ្រក់ ឬ​លក់​អ្វី​កំប៉ិកកំប៉ុក​ផ្សេងៗ​ទៀត ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​រស់​បែប​ហ្នឹង។ សរុប​សេចក្ដី​មក​ការ​ធ្វើ​អាជីវកម្ម​បែប​មិន​ផ្លូវការ​គឺ​ប្រសើរ​ជាង។ ដូច្នេះ​ការ​ប្រកប​អាជីវកម្ម​កាន់​តែ​តូច និង​មិន​ផ្លូវ​ការ ពួក​គាត់​ទាំង​អស់​អាច​រួច​ផុត​ពី​ការ​ចំណាយ​ផ្សេងៗ​ទាំង​នោះ ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល តាម​រយៈ​ការ​ប្រមូល​ពន្ធ​ជាដើម។

ទីប្រឹក្សា​ផ្នែក​ធុរកិច្ច លោក ឌីន វីរៈ មាន​ប្រសាសន៍​ថា សម្រាប់​ស្ថានភាព​សព្វថ្ងៃ​នេះ ការ​ធ្វើ​អាជីវកម្ម​បែប​មិន​ផ្លូវ​ការ សក្ដិសម​សម្រាប់​កម្ពុជា​បច្ចុប្បន្ន។ លោក​បន្ថែម​ថា បើ​យើង​ធ្វើ​អាជីវកម្ម​ឲ្យ​ទៅ​ជា​ផ្លូវការ​នោះ យើង​នឹង​ចំណាយ​ច្រើន​តាម​រយៈ​ការ​ចំណាយ​ផ្សេងៗ ហើយ​បើ​ចុះ​បញ្ជី​ផ្លូវ​ការ​ត្រូវ​ចុះ​ទាំង​អស់​ដើម្បី​ជៀសវាង​ការ​ប្រកួតប្រជែង​មិន​ត្រឹមត្រូវ។

លោក ឌីន វីរៈ៖ «សម្រាប់​ស្ថានភាព​បរិយាកាស​អាជីវកម្ម (Business Environment ) ហ្នឹង នៅ​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន​យើង​ប្រើ  Informal Economic សេដ្ឋកិច្ច​មិន​ផ្លូវការ​ហ្នឹង​ប្រសើរ​ជាង​គេ។ ពីព្រោះ​ថា កាលណា​យើង Formalize យើង​ធ្វើ​ទៅ​ជា​ផ្លូវ​ការ​ចុះ​បញ្ជី ឫ​សុំ​ច្បាប់ បើ​ក្រុមហ៊ុន​ឯកជន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ឬ​ក៏ NGO យើង​សុំ​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ យើង​ចំណាយ​ច្រើន ពីព្រោះ​នៅ​ក្នុង​សង្គម​យើង​វា​មាន  Informal Payment ច្រើន។ ឧទាហរណ៍​ថា ចុះ​បញ្ជី​អ៊ីចឹង គេ​យក​តែ ១២០.០០០​​រៀល​អ៊ីចឹង តែ​ជាក់ស្ដែង​បង់​អស់ ២៥០ ដល់ ៣០០​ដុល្លារ ។ SMEs (អាជីវកម្ម​តូច និង​មធ្យម) ម៉េច​អាច​រស់​បាន បើ​សិន​ជា​យើង​ចំណាយ​ច្រើន​អ៊ីចឹង ហើយ​អ្នក​ផ្សេង​គេ​អត់​ចុះ​បញ្ជី បើ​ចុះ​ទាល់​តែ​យើង​ចុះ​ទាំង​អស់ ដូច​ថា មួយ​រក​ស៊ី​បង់​ព័ន្ធ មួយ​ទៀត​អត់​បង់​ព័ន្ធ។ យើង​អ្នក​បង់​ពន្ធ​ហ្នឹង​រក​ស៊ី​អត់​ប្រកួតប្រជែង អត់​អ្នក​ឈ្នះ​គេ​មិន​ផ្លូវការ​ណា យើង​ផ្លូវ​ការ​រក​ស៊ី​មិន​ឈ្នះ​គេ​មិន​ផ្លូវការ​ទេ»

លោក ឌីន វីរៈ ពន្យល់​ទៀត​ថា ក្នុង​ន័យ​សេដ្ឋកិច្ច បើ​អាជីវកម្ម​ពង្រីក​កាន់​តែ​ធំ​នោះ ចំណាយ​មធ្យម​នឹង​ថយ​ចុះ ប៉ុន្តែ​ដោយ​សម្រាប់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មាន​ន័យ​ថា កាលណា​ពង្រីក​អាជីវកម្ម​កាន់​តែ​ធំ យើង​ចំណាយ​កាន់​តែ​ច្រើន។៖ «បើ​នៅ​ក្នុង​សេដ្ឋកិច្ច​គេ​ហៅ​ថា សេដ្ឋកិច្ច​មាត្រដ្ឋាន អត់​មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន​មាន​ន័យ​ថា កាល​ណា​យើង​ពង្រីក​អាជីវកម្ម​អោយ​ធំ​ទៅ ចំណាយ​មធ្យម​យើង​ថយ​ចុះ។ តែ​ដល់​ពេល​ក្នុង​ស្ថានភាព​យើង យើង​ហ៊ាន​តែ​ពង្រីក។ ពង្រីក​បាន​ន័យ​ថា ក្លាយ​ទៅ​ជា Formal ពេល​ហ្នឹង​ចំណាយ​មធ្យម​យើង​កើន​ឡើង​វឹប​តែម្ដង»

លោក​បន្ថែម​ទៀត​ថា ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​អាជីវកម្ម​មិន​ផ្លូវ​ការ​នាំ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ការ​ប្រមូល​ពន្ធ។

យោង​តាម​ស្ថិតិ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ជំរុញ​មាន​ការ​ចុះ​បញ្ជី​ធ្វើ​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​បឋម​នៃ​ការ​អង្កេត​សាកល្បង​នៃ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១១ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន កាល​ពី​ឆ្នាំ​មុន​ថា នៅ​ឆ្នាំ​២០១០ ចំនួន​សហគ្រាស​សរុប​មាន​ជាង ៥៣​ម៉ឺន​សហគ្រាស និង​ចំនួន​អ្នក​ធ្វើ​ការ​ជិត ២​លាន​នាក់ ហើយ​ស្ថិតិ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ១៥% និង​ចំណូល​សរុប​ពី​ការ​លក់​របស់​សហគ្រាស​មាន​ជាង ១៤​ពាន់​លាន​ដុល្លារ។

ក្នុង​នោះ​សហគ្រាស​ដែល​មាន​កម្មករ​ពី ១០០​នាក់​ឡើង​ទៅ មាន​ចំណូល​សរុប​ប្រមាណ ៤.២​ពាន់​លាន​ដុល្លារ​ត្រូវ​ជា ២៩%។ បន្ទាប់​មក​សហគ្រាស​ដែល​មាន​កម្មករ​ពី ៥០ ទៅ ៩៩​នាក់ មាន​ប្រមាណ ១៧.៥% និង​កម្មករ​ពី ១០ ទៅ ៤៩​នាក់​មាន​ប្រមាណ​តែ ១០.២% ប៉ុណ្ណោះ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ការ​បង្កើត និង​កំណើន​សហគ្រាស​មធ្យម៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I agree with SME. There are so many genuine business people who want to invest in mediume interprise in Cambodia but the excessive of informal payment are just discourage them. Genuine business don't mine to pay taxes or whatever formalities required as long as they are declared and do as what they show. But the reality is there are endlessly hiden fee, and that just put those business down.

Dec 29, 2011 03:26 PM

គេហទំព័រ​ទាំងមូល