មេធាវី ជូង ជូងី បកស្រាយ​ចំពោះ​បណ្ដឹង​របស់​តុលាការ​ខេត្ត​កណ្ដាល

មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល បាន​ប្ដឹង​ចោទ​លោក​មេធាវី ជូង ជូងី ថា បាន​ជួយ​កូន​ក្ដី​របស់​គាត់​ឲ្យ​គេច​រួច​ផុត​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​វិជ្ជាជីវៈ។ ប៉ុន្តែ​លោក​មេធាវី ជូង ជូងី បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឡើយ។
ដោយ កែវ និមល
2011-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​មេធាវី ជូង ជូងី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ថា លោក​ពេញ​ចិត្ត​ជួប​និយាយ​ត​ទល់​ផ្ទាល់​ជាមួយ​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល ដើម្បី​បក​ស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​មាន​កំហុស​ក្នុង​ការ​ជួយ​កូន​ក្ដី​ខ្លួន​ឲ្យ​រួច​ផុត​ពី​ពន្ធនាគារ។

លោក​មេធាវី​ការពារ​ក្ដី​បាន​និយាយ​ថា លោក​បាន​ការពារ​កូន​ក្ដី​ដោយ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​បាន​កំណត់ ហើយ​កូន​ក្ដី​របស់​លោក​បាន​រួច​ផុត​ពី​ពន្ធនាគារ​ដោយសារ​ចៅក្រម​ស៊ើប​អង្កេត​របស់​តុលាការ​ខេត្ត​កណ្ដាល ចង់​ឃុំ​កូន​ក្ដី​របស់​លោក​ដោយ​មិន​មាន​ដីកា​ឃុំ​ខ្លួន​តាម​ច្បាប់​ត្រឹមត្រូវ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល មាន​កំហុស​ក្នុង​ការ​បំពេញ​នីតិវិធី​ការងារ ប៉ុន្តែ​បែរ​ជា​មក​រក​រឿង​ទំលាក់​កំហុស​មក​លើ​រូប​លោក​ដែល​បាន​បំពេញ​ភារកិច្ច​ត្រឹមត្រូវ​ក្នុង​ការ​ការពារ​កូន​ក្ដី​របស់​លោក​អោយ​រួច​ផុត​ពី​ការ​ឃុំឃាំង​មិន​ស្រប​ច្បាប់​ទៅ​វិញ។

កូន​ក្តី​របស់​លោក ជូង ជូងី គឺ​លោក មាស ប៉េង ។ លោក មាស ប៉េង ជា​ជំទប់​ទី​២ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដែល​មក​ពី​គណបក្ស សម រង្ស៊ី។ លោក​ត្រូវ​តុលាការ​ខេត្ត​កណ្តាល ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា​ប្រឆាំង​ម្ចាស់​ដី​ក្នុង​ជម្លោះ​ដី​មួយ​កន្លែង​នៅ​ខេត្ត​កណ្ដាល។

លោក មាស ប៉េង បាន​រៀបរាប់​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កណ្ដាល បាន​កោះ​ហៅ​លោក​ទៅ​សាកសួរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា កន្លង​ទៅ។ លុះ​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ចៅក្រម​តុលាការ​ខេត្ត​កណ្ដាល បាន​ចោទ​ប្រកាន់​លោក​ជា​ផ្លូវ​ការ និង​ដឹក​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដោយ​មិន​មាន​ដីកា​ឃុំ​ខ្លួន​ត្រឹមត្រូវ។

លោក មាស ប៉េង បាន​រៀបរាប់​អំពី​ការ​ធ្វើ​ដំណើរ​ចាកចេញ​ពី​មន្ទីរ​ឃុំឃាំង​របស់​លោក​ថា មិន​មាន​ការ​រំដោះ ឬ​ការ​ជួយ​ណា​មួយ​ដែល​មិន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ពី​លោក​មេធាវី ជូង ជូងី ឡើយ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​ការ​ជួយ​កូន​ក្តី​ក្នុង​នាម​មេធាវី​ត្រូវ​មាន​ទោស​នោះ មិន​មាន​មេធាវី​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ការពារ​កូន​ក្តី​ទៀត​ឡើយ។

ព្រះរាជអាជ្ញា​ខេត្ត​កណ្តាល លោក អុក គឹមសិទ្ធិ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ជូង ជូងី ថា លោក​ពុំ​មាន​កំហុស​ក្នុង​ការ​ជួយ​កូន​ក្តី​នោះ​ឡើយ។

ប៉ុន្តែ​លោក អុក គឹមសិទ្ធិ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ឈ្មោះ The Cambodia Daily ចេញ​ផ្សាយ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដក​ស្រង់​សំដី​ថា លោក​មេធាវី ជូង ជូងី ត្រូវ​តុលាការ​ចោទ​ប្រកាន់​ហើយ ពី​បទ​ផ្តល់​ជំនួយ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ឲ្យ​កូន​ក្តី​គាត់​ឈ្មោះ មាស ប៉េង រត់​គេច​ខ្លួន។ តុលាការ​អះអាង​ថា សកម្មភាព​ជួយ​នោះ​មិន​សម​ស្រប​ជាមួយ​វិជ្ជាជីវៈ​របស់​ខ្លួន​ឡើយ ដោយ​បញ្ជាក់​ថា សកម្មភាព​នោះ​គឺ​រំលោភ​លើ​បទ​ព្រហ្មទណ្ឌ។

លោក លឹម សុគន្ថា ជា​ចៅក្រម​តុលាការ​ខេត្ត​កណ្ដាល មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ ប៉ុន្តែ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ដក​ស្រង់​សំដី​របស់​លោក​ដែល​និយាយ​ថា លោក​មាន​សិទ្ធិ​ក្នុង​ការ​បញ្ជូន​លោក មាស ប៉េង ទៅ​ពន្ធនាគារ​ភ្លាមៗ បន្ទាប់​ពី​មាន​ការ​សួរ​ចម្លើយ ហើយ​ដីកា​ឃុំ​ខ្លួន​អាច​ចេញ​ភ្លាមៗ បន្ទាប់​ពី​នោះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា វា​មិន​លំបាក​ទេ​សម្រាប់​ចៅក្រម​ក្នុង​ការ​ចេញ​ដីកា​ឃុំ​ខ្លួន​នោះ។

លោក​មេធាវី សុក សំអឿន ជា​នាយក​អង្គការ​ច្បាប់​មួយ​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា រឿង​លោក ជូង ជូងី នេះ បើ​សិន​ជា​គាត់​បាន​ការពារ​ក្តី​ដោយ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​មែន ហើយ​បែរ​ជា​មាន​ការ​ចោទ​ប្រកាន់​ទៅ​វិញ​នោះ វា​ជា​គំរូ​មិន​ល្អ​ឡើយ​សម្រាប់​មេធាវី​ផ្សេង​ទៀត។

លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា លោក​នឹង​តប​ត​ជាមួយ​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ទាក់ទង​ការ​ចោទ​រូប​លោក​ពី​បទល្មើស​ព្រហ្មទណ្ឌ​នោះ។ លោក​បាន​រិះគន់​ថា ចៅក្រម​តុលាការ​ខេត្ត​កណ្តាល កំពុង​ដើរ​តួ​ជា​អ្នក​កាត់​ក្ដី​ផង និង​ជា​គូ​ទំនាស់​ផង​ក្នុង​ការ​ប្ដឹង​រូប​លោក​នោះ។

រឿង​ក្ដី​របស់​លោក មាស ប៉េង ជំទប់​ទី​២ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ នេះ បាន​ធ្វើ​ឲ្យ​លោក ចាន់ ចេង តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ត្រូវ​រដ្ឋ​សភា​ដក​អភ័យ​ឯក​សិទ្ធិ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ផង​ដែរ។ ប្រភព​មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​លោក ចាន់ ចេង បាន​ចាក​ចេញ​ពី​ប្រទេស​បាត់​ទៅ​ហើយ៕

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

ជាមួយខែ្មរគ្នាឯងមើលទៅ ដូចជាlogicណាស់​ ប៉ុនែ្តជាមួយវៀតណាម ស្ងាត់ដូចបិទមាត់។សម័យនេះ ក្រុមមន្រ្តីមួយក្តាប់តូច របស់គណបក្សCPP និងគណបក្សCPP គឺកំពុងសប្បាយប្រព្រឹត្តអំពើអាក្រក់ដើម្បីលាភរបស់ខ្លួន​និង បក្សពួកខ្លួន។

Dec 31, 2011 10:59 PM

អ្នក​អាន​អនាមិក

នេះហើយដែលហៅថាប៉ុលពតទីពីរ, មិនមែនតុលាកាច្បាប់គឺជាតុលាកាអំណាច ចង់ញាត់អ្នកណាក៏ញាត់ទៅ, នេះហើយដែលថាច្បាប់ព្រៃច្បាប់របស់ខ្មែរក្រហមដែលសេស្សសល់ក្នុងសង្គមខ្មែរសព្វថ្ងៃនេះ...។

Dec 29, 2011 08:36 AM

អ្នក​អាន​អនាមិក

អ្នកខ្លះថាកម្ពុជា ប្រកាន់ប្រជាធិបតេយ្យជាធំ តាមពិតគ្មាន
សោះ ពួកក្រុមចោរហារយ ពុំដែលឱ្យខ្មែរប្រើប្រាសម្ដងណា
ទេ ថែមទាំងបញ្ឆោតបរទេសឱ្យជឿទោះលើរបបគ្រប់គ្រង
ផ្ដាច់ការក្រុមរបស់វា។

Dec 29, 2011 08:15 AM

អ្នក​អាន​អនាមិក

ព្រឹកមិញនេះ សមត្ថកិច្ចចាប់លោក ជួង​ ជួងី ហើយ ប្រទេសនេះងាយចាប់មនុស្សណាស់ បើពួកគេចង់ធ្វើនោះ។
តើគួរអោយខ្លាចអត់ ប្រជាធិបតេយ្យស្អីទៅ?

Dec 28, 2011 11:23 PM

អ្នក​អាន​អនាមិក

Hun Sen destroyed Seun San Party, FUNCINPEC and now is Sam Rainsy. He wants only CPP dominate the National Assembly.

Dec 28, 2011 11:15 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល