ទស្សនៈ​របស់​អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​អំពី​ការ​អភិវឌ្ឍ​ជាតិ

អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​បញ្ចេញ​នូវ​ទស្សនៈ​ផ្សេង​ៗ​គ្នា ថា តើ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ នឹង​ប្រព្រឹត្ត​ទៅ​ចំ​ទិសដៅ ហើយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឬ​មួយ​យ៉ាង​ណា?
ដោយ អ៊ួន ឈិន
2008-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សម​រង្ស៊ី ហើយ​ក៏​ជា​អតីត​ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ អង្កេត បោស​សំអាត និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ចំនួន​ថវិកា​ជាតិ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។

ទោះ​យ៉ាង​ណា លោក យឹម សុវណ្ណ បាន​ថ្លែង​ថា រដ្ឋាភិបាល​នៅ​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ថវិកា​បាន​ច្រើន​ថែម​ទៀត​តាម​រយៈ​ការ​ប្រមូល​ពន្ធ ប្រសិន​បើ​ចំណុច​អសកម្ម​មួយ​ចំនួន​ត្រូវ​បាន​លុប​បំបាត់ ព្រោះ​ការ​កំណត់​ពន្ធ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្ពស់​ជាង​ពន្ធ​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង។

លោក យឹម សុវណ្ណ ថ្លែង​យ៉ាង​ដូច្នេះ ៖ «បើ​សិន​ជា​យើង​លុប​បំបាត់​ចោល​នូវ​អំពើ​ពុករលួយ យើង​រៀបចំ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់ ហើយ​យើង​អនុវត្ត​ច្បាប់​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​យើង​អាច​បង្កើន​ចំណូល​ថវិកា​ជាតិ​បន្ថែម​ទៀត»

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​នូវ​ថវិកា​ជាតិ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​នៅ​ថ្នាក់​មូលដ្ឋាន​ទេ ៖ «អ្វី​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ខ្លាំង គឺ​ផ្នែក​កង្វះ​ខាត​នៃ​សេវាកម្ម​ទី​១។ ទី​២ គឺ​កង្វះ​ខាត​ផ្នែក​ការពារ​សិទ្ធិ​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​និង​ភាព​ច្បាស់លាស់​របស់​អាជ្ញាធរ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​មើល​ឃើញ ជួន​កាល​មិនមែន​ជា..... អ្វី​ដែល​គាត់​មើល​ឃើញ​គឺ​ថ្នល់​ថ្មី សាលា​ថ្មី​ជា​ដើម។ មាន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​ដឹង​ថា ថ្នល់​ហ្នឹង​គឺ​មិនមែន​អ្វី​ដែល​គាត់​ចង់​បាន​ទាំង​ស្រុង​ទេ វា​គ្រាន់តែ​ថា​បើ​សិន​ជា​ការ​បំបាត់​អំពើ​ពុករលួយ​ខាង​ផ្នែក​សេវាកម្ម​ដែល​ឧទាហរណ៍​សុខភាព​និង​អប់រំ​ជា​ដើម ហ្នឹង​កូន​គាត់​បាន​ថ្នល់​ផង បាន​ថវិកា​សម្រាប់​សុខភាព​ផង បាន​ការ​ផ្ដល់​អប់រំ​ល្អ​សម្រាប់​កូន​គាត់​ផង»

ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ថវិកា​ជាតិ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ការ​អនុម័ត​មិន​ត្រូវ​បាន​បើក​ទូលាយ ហើយ​ពេល​វេលា​ទៀត​សោត​នៅ​មិន​ទាន់​សម​ល្មម​ដែរ ៖ «ខ្ញុំ​មិន​គាំទ្រ​ឲ្យ​មាន​ការ​ប្រញាប់​ប្រញាល់​អនុម័ត​ពេក​ទេ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ជជែក​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ​ទៅ​ទៀត។ បើ​នៅ​ប្រទេស​គេ​ជឿន​លឿន គេ​មាន​ការ​ជជែក​គ្នា​មួយ​អាទិត្យ ពីរ​អាទិត្យ មាន​ប្រទេស​ខ្លះ​ដល់ ៣​អាទិត្យ ដើម្បី​គេ​ពិនិត្យ​មើល​ថា កន្លែង​ណា​ដែល​ត្រូវ​ចាយ កន្លែង​ណា​ដែល​មិន​ត្រូវ  ហើយ​កន្លែង​ណា ដែល​ចាយ​ទៅ​មាន​ប្រសិទ្ធភាព កន្លែង​ណា​ដែល​អាច​យក​ទៅ​បំពេញ​សេចក្ដី​ត្រូវការ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន»

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​ លោក​ កាង​ បាន​សំដែង​នូវ​ចម្ងល់​អំពី​​ការ​ប្រើប្រាស់​នូវ​ថវិកា​ជាតិ​ ហើយ​លោក​ក៏​សូម​ឲ្យ​មាន​តម្លាភាព​ផង​ដែរ៖ «ខ្ញុំ​ឆ្ងល់​អ៊ីចេះ​ទេ​ថា ថវិកា​យើង​តម្រូវ​ទៅ​ស្ថាប័ន​ខាង​ក្រោមៗ​ហ្នឹង វា​មិន​ដឹង​ថា​តើ​រដ្ឋ​ហ្នឹង​បែងចែក​ប៉ុន្មាន​ទៅ​តាម​ខេត្ត​នោះ ដើម្បី​ឲ្យ​កសាង​អី​ខ្លះៗ ប៉ុន្តែ​បើ​តាម​ប្រសិទ្ធភាព​ទៅ​វិញ ការងារ​ធ្វើ​កន្លង​មក​ដើម្បី​នឹង​ជា​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​យើង ដូច​ថា​វា​តិច មិន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ភាគ​ច្រើន​ដូច​គិត​គូរ​តែ​ទៅ​លើ​គណបក្ស​ទេ គ្មាន​គិត​គូរ​ពី​រឿង​កសាង​ជាតិ។ ឧទាហរណ៍​ថា ប្រជាជន​យើង​សំខាន់​ត្រូវការ​ថ្នាំ មន្ទីរពេទ្យ បើ​មន្ទីរពេទ្យ បើ​មន្ទីរពេទ្យ​មាន​តែ​ផ្ទះ​ពេទ្យ ថ្នាំ​គ្មាន ហើយ​ពេទ្យ​ប្រាក់​ខែ​តិច​តួច​មិន​ធ្វើ​មិន​អី ប្រជាជន​រត់​ទៅ​ពេទ្យ​ឈ្នួល»

ជុំវិញ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​ លោក​ យឹម​ សុវណ្ណ​ បាន​មាន​ប្រសាសន៍​អំពី​កង្វះ​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ ៖ «សព្វ​ថ្ងៃ​នេះ គឺ​ថា​កា​រឹត​ត្បិត​ផ្នែក​ព័ត៌មាន គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​ទទួល​បាន​ព័ត៌មាន។ ខ្ញុំ​បាន​ទៅ​ប្រទេស​ហ្វ៊ីលីពិន ហើយ​ខ្ញុំ​ទៅ​ធ្វើ​កម្មសិក្សា​មួយ​នៅ​សាលា​ក្រុង​ម៉ានីល គឺ​ថា​រាល់​ចំណូល​ចំណាយ​របស់​រដ្ឋ គេ​តែងតែ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ជា​ប្រចាំ ជា​រៀង​រាល់​ខែ ជា​រៀង​រាល់​ឆ្នាំ គេ​រក​បាន​ពី​ណា ហើយ​គេ​ចាយ​ទៅ​លើ​អ្វី គេ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​គេ​ដឹង»

លោក អ៊ូ វីរៈ បាន​ថ្លែង​បញ្ជាក់​ពី​មូលហេតុ​នៃ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ៖ «យើង​ឃើញ​ថា មនុស្ស​ប្រហែល​ជា ៧០% ២​ភាគ​៣​នៃ​មនុស្ស​ដែល​យើង​ឃើញ ក្នុង​៣​នាក់​ដែល​យើង​ឃើញ​ហ្នឹង ២​នាក់​ហើយ​ដែល​ចាត់​ទុក​ថា​ក្រ​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ ដូច្នេះ​សង្គម​យើង​គឺ​មាន​គម្លាត​ខ្ពស់​ពេក អ៊ីចឹង​ឆ្លុះ​បញ្ចាំង​ថា យើង​គឺ​អ្នក​ក្រ​ខ្ពស់​ពេក ហើយ​អ្នក​កណ្ដាល​សឹង​តែ​អត់​មាន ហើយ​អ្នក​មាន​កំពូល។ ហើយ​អ្នក​មាន​កំពូល​នេះ​ក៏​ដោយសារ​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព និង​មាន​ខ្នង​មាន​អី»

ទាក់ទង​នឹង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​ការ​កាត់បន្ថយ​នូវ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ លោក យឹម សុវណ្ណ បាន​អះអាង​ថា លោក​សង្កេត​ឃើញ​មាន​ការ​អភិវឌ្ឍ​តិច​តួច ៖ «យើង​ពិនិត្យ​មើល​នៅ​ជនបទ យើង​ឃើញ​ថា​មាន​គម្លាត​ឆ្ងាយ ហើយ​អ្នក​ដែល​បាន​ផល​ប្រយោជន៍​មាន​តិច មាន​មួយ​ក្ដាប់​តូច​ទេ បាន​ច្រើន​លើស​លុប​ទៅ​ឧកញ៉ា មន្រ្តី​ខិលខូច មន្រ្តី​ពុក​រលួយ កើន​មែន រីក​ចម្រើន​មែន ទ្រព្យ​សម្បត្តិ​គាត់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កើន​លើស​លុប ក្លាយ​ទៅ​ជា​មហា​សេដ្ឋី មាន​អ្នក​ខ្លះ​មាន​លុយ​រាប់​រយ​លាន​ដុល្លារ​ដាក់​ក្នុង​ធនាគារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​មូលដ្ឋាន​មក​ដល់​ពេល​នេះ​គ្នា​រក​មួយ​ថ្ងៃ​បង្រ្គប់​ញ៉ាំ​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ»

លោក ប៊ុណ្ណាត ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ម្ចាស់​ជំនួយ​ដែល​បាន​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​តាម​ប្រទេស​ជិត​ខាង ហើយ​ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ថ្លែង​សរសើរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​ទាក់ទាញ​ជំនួយ​បរទេស​បាន​ច្រើន។

តែ​ទន្ទឹម​នឹង​នេះ លោក​បាន​ថ្លែង​រិះគន់​ថា មាន​អំពើ​ពុករលួយ​ដែល​បណ្ដាល​ឲ្យ​ថវិកា​មិន​ត្រូវ​បាន​ប្រើប្រាស់​ចំ​ទិសដៅ​និង​ដោយ​រលូន​ដើម្បី​ធ្វើ​ឲ្យ​សង្គមជាតិ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន​ដូច​បណ្ដា​ប្រទេស​ដទៃ។

លោក ប៊ុណ្ណាត ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ចង់​ជម្រាប​សួរ​ថា រដ្ឋ​សភា​មិន​អាច​អនុម័ត​ច្បាប់​អំពើ​ពុករលួយ​ហ្នឹង​ចេញ​នៅ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​ហ្នឹង​បាន ឬ​មួយ​យ៉ាង​ណា? ដើម្បី​ឲ្យ​ថវិកា​ជាតិ​យើង​ដើរ​ផ្លូវ​ត្រង់​ល្អ សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង»

ទាក់ទិន​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា អ្វី​ៗ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ច្បាប់​នេះ ៖ «ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​សំខាន់​ណាស់ សម្រាប់​ទប់ស្កាត់​កុំ​ឲ្យ​លុយ​ហូរ​ចូល​ទៅ​ក្នុង​ហោប៉ៅ​មន្រ្តី​ពុករលួយ ហើយ​និង​ឈ្មួញ​ខិលខូច អាហ្នឹង​និយាយ​ពាក្យ​សាមញ្ញ។ តាម​ខ្ញុំ​ដឹង​គឺ​តំណាងរាស្រ្ដ​មួយ​ចំនួន​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​សេចក្ដីព្រាង​ច្បាប់ ជា​ពិសេស គឺ​តំណាងរាស្រ្ដ​មក​ពី​គណបក្ស​ជំទាស់ គណបក្ស​សមរង្ស៊ី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើ​សេចក្ដីព្រាង​ច្បាប់​នេះ​ឲ្យ​លឿន ហើយ​សេចក្ដីព្រាង​ច្បាប់​នេះ មក​ទល់​ពេល​នេះ ១៣​ឆ្នាំ​ហើយ នៅ​តែ​ស្ថិត​នៅ​លើ​តុ​របស់​រដ្ឋាភិបាល របស់​គណបក្ស​កាន់​អំណាច គណបក្ស​ប្រជាជន​ហ្នឹង​ដដែល»

សូម​រំឭក​ជូន​ថា ថ្មី​ៗ​នេះ រដ្ឋសភា​បាន​អនុម័ត​តាម​សំណើ​របស់​រដ្ឋាភិបាល​នូវ​ថវិកា​ជាតិ​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០០៩ ដែល​មាន​ចំនួន​ជា​ទឹក​ប្រាក់​ជិត​ពីរ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បើ​ប្រៀបធៀប​ទៅ​នឹង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០០៨​កន្លង​ទៅ ឃើញ​ថា មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ ២៩%។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​ទទួល​បាន​នូវ​ប្រាក់​ជំនួយ​បរទេស​ចំនួន ៩៥១,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​២០០៩ ដែល​ចំនួន​នេះ បាន​ធ្វើ​ឲ្យ​សាធារណជន​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល