អង្គការ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ចំពោះ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ទីក្រុង

អង្គការ​សមាគម​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​លំនៅ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​៣០ ធ្នូ ២០០៩​នេះ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​សហគមន៍​ក្រីក្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ។
ដោយ មុំ សុផុន
2009-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​ប៉ូលិស​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​អំឡុង​ពេល​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដីក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ មករា ២០០៩។
កម្លាំង​ប៉ូលិស​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​អំឡុង​ពេល​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដីក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ មករា ២០០៩។
RFA Photo/Ouk Savborey

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ (HRTF) រួម​ជាមួយ​នឹង​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO Forum) បាន​សរសេរ​ថា បច្ចុប្បន្ន​នេះ​គឺ​មាន​សហគមន៍​ក្រីក្រ​ចំនួន​៤១០ និង​សហគមន៍​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​គឺ​មាន​ចំនួន​៧៤ ដែល​ពួកគាត់​បាន​ទទួល​នូវ​សេចក្តី​ជូន​ដំណឹង​ពី​អាជ្ញាធរ​រាជ​រដ្ឋាភិបាល​រួច​ហើយ។

ការ​ជូន​ដំណឹង​នោះ គឺ​ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​សម្បែង​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​ជាមួយ​នឹង​សំណង​ដ៏​តិចតួច ដែល​ពួកគាត់​មិន​អាច​ទៅ​រក​ទិញ​លំនៅ​ដើម្បី​ស្នាក់​នៅ​និង​សម្រួល​ដល់​ការ​ប្រកប​របរ​ទទួលទាន​និង​ការ​រៀនសូត្រ​របស់​កូន​គាត់​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​បាន​សរសេរ​ទៀត​ថា សាលា​រាធានី​ភ្នំពេញ តែងតែ​ប្រើប្រាស់​រូបភាព​អភិវឌ្ឍន៍​ក្នុង​ការ​បណ្តេញ​ចេញ​ប្រជាពលរដ្ឋ​ពី​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ក្នុង​ទីក្រុង​កាន់តែ​រង​ផល​ប៉ះពាល់​អវិជ្ជមាន​នោះ គឺ​វត្តមាន​នៃ​ច្បាប់​ស្តីពី​អស្សាមិករណ៍​ដែល​រដ្ឋ​សភា​បាន​អនុម័ត​ថ្មីៗ​នេះ។ ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​កម្មសិទ្ធិ​ឯកជន​លើ​អចលនវត្ថុ។

ការ​ព្រួយ​បារម្ភ​នេះ ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​អំពាវ​និង​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ចំនួន​៥​ចំណុច ក្នុង​នោះ​រួម​មាន​បញ្ឈប់​ការ​អនុវត្ត​ការ​បណ្តេញ​ចេញ​និង​ផ្អាក​ការ​បណ្តេញ​ចេញ លុះត្រា​តែ​រដ្ឋាភិបាល​បង្កើត​នូវ​គោលនយោបាយ​ដែល​ឈរ​លើ​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ជា​មុន​សិន។ ធានា​ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្តេញ​នោះ​ត្រូវ​ទទួល​បាន​សំណង​គ្រប់គ្រាន និង​ការ​ជ្រើសរើស​តាំង​ទី​លំនៅ។ ធានា​ឲ្យ​មាន​នូវ​សំណង​ដ៏​មាន​ប្រសិទ្ធភាព​សមរម្យ​តាម​ផ្លូវ​ច្បាប់។ ស្រប​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ រដ្ឋាភិបាល​ត្រូវ​ធានា​ថា គ្រប់​ភាគី​ស្រប​ច្បាប់​ទាំង​អស់​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដោយ​មិន​ប្រកាន់​ជីវប្រវត្តិ ឋានៈ​សង្គម ព្រទ្យ​សម្បត្តិ ឬ​សហគមន៍​ដែល​គេ​កំពុង​រស់​នៅ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល