មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​កំពង់ធំ​រង​ការ​ចោទ​ថា​បាញ់​ពលរដ្ឋ​​ឲ្យ​រង​របួស​ធ្ងន់

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ត្រូវ​គេ​ចោទ​ថា បាញ់​ពលរដ្ឋ​បរ​រទេះ​ដឹក​ឧស​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ ព្រោះ​មិន​មាន​ប្រាក់​បង់​ឲ្យ។
ដោយ ដែន អយុធ្យា
2009-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

យុវជន​មួយ​រូប​ឈ្មោះ ឌិន ប៊ុនធឿន ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីពេទ្យ​ត្រពាំងស្វាយ ស្ថិត​ក្នុង​ឃុំ​បល្ល័ង មាន​លំនៅ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា រូប​គេ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ ឈ្មោះ ឌី ណា បាញ់​ឲ្យ​មាន​របួស​កញ្ចឹង​ក​ធ្ងន់ធ្ងរ ដោយសារ​តែ​រូប​គេ​មិន​មាន​ប្រាក់​ចំនួន​១​ម៉ឺន​៥​ពាន់​រៀល​បង់​ឲ្យ​មន្ត្រី​រាជ​អាវុធហត្ថ​ដែល​ចាំ​ជំរិត​ទារ​ប្រាក់​ពី​រទេះ​ដឹក​ឧស​របស់​ខ្លួន។

យុវជន​រង​គ្រោះ​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធ៌ម​និង​ចាប់​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

យុវជន​ឈ្មោះ ឌិន ប៊ុនធឿន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នក​ដែល​មាន​អាវុធ​ចូល​ព្រៃ​ចូល​អី កុំ​ប្រើ​អំពើ​ហិង្សា​បាញ់​គំរាម​កំហែង​ប្រជាជន​ចូល​ទៅ​ព្រៃ​រក​ស៊ី។ សូម​រក​យុត្តិធម៌​ដល់​ប្រជាជន​ស្លូត​ត្រង់​ដែល​គ្នា​ខ្វះខាត​ចូល​ព្រៃ ឲ្យ​គ្នា​រក​ស៊ី​ផង​កុំ​ឲ្យ​គំរាម​កំហែង​ពី​អ្នក​មាន​សិទ្ធិ​អំណាច»

ជន​រង​គ្រោះ​ឈ្មោះ ឌិន ប៊ុនធឿន បាន​ចោទ​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ឈ្មោះ ឌី ណា ថា បាញ់​ឲ្យ​រង​របួស​កញ្ចឹង​ក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នៅ​តំបន់​ត្រពាំងក្រូច ស្ថិត​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក នៅ​គ្រា​ដែល​យុវជន​រូប​នេះ​ដឹក​ឧស​​​ត្រឡប់​ពី​ព្រៃ ប៉ុន្តែ​មិន​មាន​លុយ​បង់​គ្រប់​ចំនួន​ទៅ​ឲ្យ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​កាក់​ចាំ​យក​លុយ​នៅ​តាម​ផ្លូវ។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ឈ្មោះ ឌី ណា ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ដោយ​ទទួល​ស្គាល់​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ រូប​គេ​ពិត​ជា​បាន​ទារ​លុយ​និង​បាញ់​បុរស​ម្នាក់​ឲ្យ​រង​របួស​ពិតប្រាកដ​មែន ប៉ុន្តែ​ការ​បាញ់​នេះ​គឺ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក ឌី ណា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ដេញ​រទេះ​វា​មក។ ខ្ញុំ​និយាយ​ប្រាប់​ដោយ​ត្រង់​ទៅ​ចុះ យក​១៥.០០០​រៀល​ក្នុង​រទេះ​មួយ វា​ថា​អត់​លុយ វា​ឲ្យ​១​ម៉ឺន។ ពួក​វា​កំពុង​ផឹក​ស្រា​មាន​គ្នា​៣​នាក់ ដល់​ពេល​នេះ​ថា កាត់​ក្បាល​អ្ហែង​ចោល​ឥឡូវ ដល់​ខ្ញុំ​ស្ទុះ​ទៅ​វា​ទាញ​ពូថៅ​មក​រក​ខ្ញុំ គ្រាន់​លើក​ពូថៅ​មក​បាញ់​តែម្ដង»

មន្ត្រី​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ធំ លោក ញ៉ែម សារ៉ាត់ មាន​ប្រសាសន៍​ថា សមាគម​អាដហុក​បាន​ទទួល​ព័ត៌មាន​ពី​ការ​បាញ់​ប្រហារ​នេះ​រួច​ហើយ បច្ចុប្បន្ន​កំពុង​បើក​ការ​ស៊ើប​អង្កេត​និង​ជួយ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជូន​ជន​រង​គ្រោះ។

លោក ញ៉ែម សារ៉ាត់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ចុះ​ធ្វើការ​ស៊ើប​អង្កេត​និង​អន្តរាគមន៍​ឲ្យ​មាន​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ លោក ហង្ស ថុល មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​របាយ​​​​ការណ៍​ជុំវិញ​មន្ត្រី​របស់​លោក​បាញ់​ប្រជាពលរដ្ឋ​ឲ្យ​រង​របួស​ឡើយ ព្រោះ​ជាប់​រវល់​ប្រជុំ​នៅ​ភ្នំពេញ។ លោក​បន្ត​ថា ករណី​បាញ់​បោះ​សេរី​នេះ រូប​លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក ហង្ស ថុល មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​ទាន់​ទទួល​បាន​ទេ ព្រោះ​ខ្ញុំ​មក​ភ្នំពេញ​តាំង​ពី​ម្សិលមិញ។ ចាំ​មើល​ខ្ញុំ​សួរ​ទៅ​ក្រោម​សិន ព្រោះ​ខ្ញុំ​ជាប់​ប្រជុំ​នៅ​លើ»

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កំពង់ធំ បាន​អះអាង​ថា ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ធំ​កន្លង​មក​ធ្លាប់​កើត​មាន​ការ​បាញ់​និង​សម្លាប់​ជា​ច្រើន​ករណី ប្រព្រឹត្ត​ឡើង​ដោយ​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ជន​ល្មើស​មិន​ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណា​មួយ​ធ្វើ​ការ​ផ្តន្ទា​ទោស​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល