អ្នក​ភូមិ​៦២០​គ្រួសារ​នៅ​មណ្ឌលគិរី​តវ៉ា​ពី​បញ្ហា​ដីធ្លី

ប្រជាពលរដ្ឋ​ចំនួន​៦២០​គ្រួសារ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១.៧០០​គ្រួសារ បាន​តវ៉ា​នៅ​សាលា​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខែត្រ​មណ្ឌលគិរី នៅ​ថ្ងៃ​២៩ ធ្នូ ខណៈ​ដែល​អាជ្ញាធរ​ឃុំ​និង​ស្រុក​បាន​បង្ខំ​ឲ្យ​ពួកគេ​ផ្តិត​មេដៃ​ដើម្បី​យក​ដី​របស់​ពួកគេ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឫទ្ធីគិរីសីមា។
ដោយ ទីន ហ្សាការីយ៉ា
2009-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​ម្នាក់​ដែល​អះអាង​ជា​តំណាង​ប្រជាពលរដ្ឋ ឈ្មោះ បុត្រ ប៊ុនហុង បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មិន​ព្រម​ផ្តិត​មេដៃ​តាម​បញ្ជា​របស់​មេ​ឃុំ​និង​អភិបាល​ស្រុក​ទេ ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ឃុំ​ប្រឆាំង​នឹង​ការ​ឲ្យ​ផ្តិត​មេដៃ និង​ឲ្យ​អភិបាល​ស្រុក​រក​ដំណោះ​ស្រាយ​ជូន​ពួកគេ។

លោក បុត្រ ប៊ុនហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «អភិវឌ្ឍ​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទុក្ខ​កង្វល់ ដូច្នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​អ៊ីចឹង​វា​ពិបាក​ក្នុង​ការ​រស់​នៅ​របស់​គាត់ ហើយ​អ្នក​ខ្លះ​ក្រីក្រ»

អ្នក​ភូមិ​មួយ​រូប​ទៀត​បាន​ឲ្យ​ដឹង​ថា ពួក​លោក​បាន​ទៅ​រស់​នៅ​លើ​ដី​ក្នុង​ឃុំ​ស្រែខ្ទុំ តាំង​ពី​ឆ្នាំ​១៩៩៧​មក លុះ​មក​ដល់​ឆ្នាំ​២០០៦ អតីត​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ លោក អ៊ឹម ឈុនលឹម បាន​ទៅ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ដោយ​យោង​តាម​ស.ជ.ណ (សេចក្ដី​ជូន​ដំណឹង) របស់​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី​ថា រដ្ឋាភិបាល​បាន​កាត់​ដី​សង្គមកិច្ច​ជាង​១២.០០០​ហិកតារ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ។

អ្នក​ភូមិ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ដល់​ពេល​នេះ​បែរ​ជា​ដី​នេះ​ទៅ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ក្រុមហ៊ុន​ទៅ​វិញ អ៊ីចឹង​ប្រជាពលរដ្ឋ​លោក​ឆ្ងល់​មែន​ទែន​ថា ដី​រដ្ឋាភិបាល​កាត់​ចេញ​ពី​ក្រសួង​បរិស្ថាន​ដែល​គ្រប់គ្រង​ឲ្យ​ក្លាយ​ទៅ​ជា​ដី​សម្បទាន​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ឹម ឈុនលឹម បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ធ្នូ។ រី​ឯ​អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណាវុធ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ គឺ​លោក​បាន​ឲ្យ​អាជ្ញាធរ​ឃុំ​ស្រង់​ចុះ​ស្ថិតិ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ស្រែខ្ទុំ ដើម្បី​ងាយ​ស្រួល​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​ថា តើ​ដោះស្រាយ​ជូន​ពួកគេ​ដោយ​របៀប​ណា​អំពី​បញ្ហា​ដីធ្លី​នេះ ៖ «ដូច្នេះ​ហើយ​ក៏​មាន​ការ​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ​សម្រាប់​អភិវឌ្ឍ»

លោក​អភិបាល​ស្រុក​បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០០៩​នេះ រដ្ឋាភិបាល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឫទ្ធី​គិរី​សីមា​ចំនួន​៥​ពាន់​ហិកតារ​ដើម្បី​ដាំ​កៅស៊ូ​និង​បង្កើត​រោងចក្រ​ជាដើម។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នោះ​ពុំ​បាន​បង្ហាញ​លិខិត​ណា​មួយ​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្បទាន​ដី​នៅ​ក្នុង​ឃុំ​ស្រែខ្ទុំ​ឲ្យ​ទៅ​ក្រុមហ៊ុន​នោះ​ទេ។ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខែត្រ ស្រុក​និង​ឃុំ​ថា បាន​ឃុបឃិត​គ្នា​យក​ដី​ពួកគេ​ឲ្យ​ក្រុមហ៊ុន។

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា ពួក​គេ​មិន​ព្រម​ចាក​ចេញ​ពី​ដី​នោះ​ទេ ពីព្រោះ​ពួកគាត់​បាន​លក់​ដី​និង​ផ្ទះ​សម្បែង​អស់​ហើយ​នៅ​ឯ​ស្រុក​កំណើត ដើម្បី​យក​លុយ​ធ្វើ​ទុន​ដាំ​កៅស៊ូ​និង​សង់​ផ្ទះ​វិញ​នៅ​លើ​ដី​ក្នុង​ស្រុក​ស្រែខ្ទុំ​នោះ ហើយ​បច្ចុប្បន្ន​ពួកគេ​បាន​បង្កើត​ជា​ភូមិ​សាងសង់​សាលារៀន រួម​ទាំង​មាន​អគ្គិសនី​ប្រើប្រាស់​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល