ពលរដ្ឋ​ប្រមាណ​៦០០​នាក់​នៅ​កោះកុង​នាំ​គ្នា​តវ៉ា​ពី​បញ្ហា​តម្លៃ​ចរន្ត​អគ្គិសនី

ពលរដ្ឋ​ប្រមាណ​៦០០​នាក់​នៅ​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង បាន​នាំ​គ្នា​តវ៉ា​ថា តម្លៃ​ចរន្ត​អគ្គិសនី​នៅ​តំបន់​នោះ​នៅតែ​ថ្លៃ​ដដែល មិន​បាន​ចុះ​ថ្លៃ​ឲ្យ​បាន​ថោក​សមរម្យ​តាម​តម្លៃ​ប្រេង​នោះ​ឡើយ។
ដោយ សុខ សេរី
2008-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​ជាង​៦០០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​កោះស្តេច ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង បាន​សម្ដែង​ប្រតិកម្ម​តវ៉ា​ថា ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់​មុខ​មិន​បាន​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​តាម​ការទាមទារ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ទេ នៅ​គ្រា​ដែល​តម្លៃ​ប្រេ​ងឥន្ធនៈ​បាន​ចុះ​ថោក​ជាង​មុន ប៉ុនែ្ត​តម្លៃ​ភ្លើង​អគ្គិសនី​លក់​ឲ្យ​ប្រជាពលរដ្ឋ​មាន​តម្លៃ​ស្ទើរតែ​ដដែល​ឬ​បាន​ចុះ​តម្លៃ​តិចតួច​បំផុត​មិន​អាច​ទទួល​យក​បាន។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​៦០០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​កោះស្តេច ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​ចង់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់មុខ​នោះ​បញ្ចុះ​តមៃ្ល​មក​ត្រឹម​២០០០​រៀល​ឬ​២៥០០​រៀល​ក្នុង​មួយ​គីទ្បូវ៉ាត់​ម៉ោង​វិញ មិន​មែន​៣៥០០​រៀល​ក្នុង​មួយ​គីទ្បូវ៉ាត់​ម៉ោង​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។

ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ៖ «អា​ហ្នឹង​វា​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​នៅ​កោះស្ដេច​នេះ​សុទ្ធតែ​អ្នក​ក្រីក្រ ហើយ​ម្នាក់ៗ​ត្អូញ​ដាក់​គ្នា ហើយ​សុំ​ឲ្យ​ចុះ​ថោក​ដែរ ប៉ុន្តែ​គាត់​អត់​ចុះ​សោះ។ ម៉ាស៊ីន​ឯឝជន​គាត់​រកស៊ី​ផ្ដាច់​មុខ ប៉ុន្តែ​ក្រុមហ៊ុន​គេ​នេះ​ធ្វើ​ទឹក​កក​ផង»

ផែ្អក​តាម​ប្រភព​ប្រជាពលរដ្ឋ​តវ៉ា​នោះ​បាន​ឲ្យ​ដឹង​ថា កាលពី​មុន​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​ប្រមាណ​៥០០០​រៀល​ក្នុង​មួយ​លីត្រ ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់​មុខ​នោះ​បាន​លក់​ចរន្ត​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​៣៥០០​រៀល​ក្នុង​មួយ​គីទ្បូវ៉ាត់​ម៉ោង ប៉ុនែ្ត​នៅ​គ្រា​ដែល​ប្រេង​ម៉ាស៊ូត​បាន​ចុះ​ថៃ្ល​មក​ត្រឹម​១៥០០​រៀល​ក្នុង​មួយ​លីត្រ​តម្លៃ​លក់​ចរន្ត​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​គឺ​មាន​ចំនួន​ប្រមាណ​៣៥០០​រៀល​ឬ​បាន​ចុះ​មក​ត្រឹម​៣៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​តែ​ថ្លៃ​ដដែល​មិន​អាច​ទទួល​យក​បាន​ចំពោះ​គ្រួសារ​ក្រីក្រ​រស់​នៅ​ទី​នោះ។

ប្រតិកម្ម​ទៅ​នឹង​ការទាមទារ​ខាង​លើ​នេះ លោកស្រី អាន សាំទ្បាន ជា​ថៅកែ​ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់​មុខ​នៅ​ភូមិ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង​នោះ បាន​បំភ្លឺ​ជាមួយ​នឹង​ការត្អូញតែ្អរ​ថា ៖ «ដាច់​ខែ​យើង​ទៅ​ហើយ ថ្ងៃ​១​យើង​ចាប់ផ្ដើម​ហើយ។ ផ្ទះ​ប្រជាជន​មិន​ច្រើន​ប៉ុន្មាន​ផង ម៉ាស៊ីន​ខ្ញុំ​ធំ​ណាស់ ...២៤​ម៉ោង​អត់​មាន​រលត់​ទេ»

ទាក់ទង​នឹង​តម្លៃ​លក់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា មន្រ្តី​មួយ​រូប​នៃ​អគ្គិសនី​កម្ពុជា (EDC) នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ពន្យល់​អំពី​ការលក់​ចរន្ត​អគ្គិសនី​របស់ EDC ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​គឺ​មាន​តម្លៃ​ថោក​ជាង ប៉ុនែ្ត​លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទៅ​វិញ​ទេ​គឺ​ជា​អ្នក​កំណត់​នូវ​តម្លៃ​នៃ​ការលក់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «វា​មាន​៣៩០​រៀល ៦១០​រៀល និង​៧២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​តាម​ការប្រើប្រាស់។ សួរ​ទៅ​ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អា​ហ្នឹង​នៅ​ក្រោម​ការ​ឲ្យ​អាជ្ញាប័ណ្ណ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា»

មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ទេ​ចំពោះ​មន្រ្តី​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទាក់ទង​នឹង​ការតវ៉ា​របស់​តំណាង​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង​អំពី​តម្លៃ​ភ្លើង​អគ្គិសនី​នៃ​ក្រុមហ៊ុន​ឯកជន​នោះ។

សូម​រំឭក​ថា កាលពី​ពេល​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​ជា​ចំហ​ថា តម្លៃ​លក់​ចរន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​មួយចំនួន​នៅ​តែ​មាន​តម្លៃ​ថ្លៃ បើ​ទោះ​បី​ជា​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ប្រទេស​មួយចំនួន​នៅ​ក្នុង​ពិភពលោក​បាន​ចុះ​ថៃ្ល​ក៏​ដោយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល